វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកបន្ថែមទៀតទៅក្នុងបញ្ហាជាសកល

(VOVWORLD) - លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទើបតែបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី និងសាធារណរដ្ឋប៉េរូ និងចូលរួមសប្ដាហ៍កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលលេចធ្លោជាច្រើន ហើយពូនជ្រុំទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយឈីលី និងប៉េរូ បើកឱកាសសហប្រតិបត្តិការថ្មីៗជាច្រើន។ ទន្ទឹមនឹងនោះ បន្តអះអាងនូវការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពហុភាគី APEC ផងដែរ។

វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកបន្ថែមទៀតទៅក្នុងបញ្ហាជាសកល - ảnh 1ប្រធានរដ្ឋវៀតណាមលោក Luong Cuong ចូលរួមកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤។
(រូបថត៖ TTXVN)

ទាំងឈីលីនិងប៉េរូបានផ្ដល់ការយកចិត្តទុកដាក់ពិសេសចំពោះវៀតណាម

ទាំងប្រទេសឈីលី និងប៉េរូបានផ្តល់ការទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ ឱឡារិក និងកក់ក្ដៅចំពោះប្រធានរដ្ឋនិងគណៈប្រតិភូវៀតណាម។ គួរឲ្យកត់សម្គាល់ថា ក្នុងបរិបទដែលប៉េរូកំពុងត្រៀមរៀបចំឲ្យសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ ដោយមានការចូលរួមពីគណៈប្រតិភូប្រមុខរដ្ឋ និងថ្នាក់ដឹកនាំប្រទេសជាច្រើននោះ ថ្នាក់ដឹកនាំប៉េរូនៅតែផ្ដល់ការយកចិត្តទុកដាក់ពិសេសចំពោះប្រធានរដ្ឋវៀតណាមលោក Luong Cuong។

ប៉េរូបានប្រគល់ជូនលោកប្រធានរដ្ឋ Luong Cuong នូវគ្រឿងឥស្សរិយយព្រះអាទិត្យប៉េរូថ្នាក់
មហាឈើឆ្កាង (Grand Cross) របស់រដ្ឋប៉េរូ និងកូនសោរកិត្តិយសនៃទីក្រុង Lima។ ទាំងនេះគឺជាពានរង្វាន់ដ៏ថ្លៃថ្លាបំផុតរបស់រដ្ឋ រដ្ឋសភា និងរដ្ឋធានី Lima របស់ប៉េរូសម្រាប់ប្រមុខរដ្ឋបរទេសមួយរូប។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ឯកសារសំខាន់ៗជាច្រើនត្រូវបានចុះហត្ថលេខាដោយបង្កើតមូលដ្ឋានសម្រាប់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយប្រទេសឈីលី និងប៉េរូ។ នោះគឺជាសេចក្តីថ្លែងការណ៍រួមវៀតណាម - ឈីលី សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគីវៀតណាម - ប៉េរូ និងឯកសារកិច្ចសហប្រតិបត្តិការជិត ១០ លើវិស័យការពារជាតិ កសិកម្ម វប្បធម៌ និងការជំរុញពាណិជ្ជកម្ម... តាមនោះបង្កើតមូលដ្ឋានធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ឈីលី និងទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យវៀតណាម-ប៉េរូ។

ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ ពង្រឹងទំនាក់ទំនងល្អប្រសើររវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់ឈីលី និងប៉េរូ។ លើសពីនេះ ដំណើរទស្សនៈកិច្ចបានបង្កើតសន្ទុះថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយឈីលី និងប៉េរូលើវិស័យប្រពៃណីជាច្រើន ហើយពង្រីកទៅកាន់វិស័យថ្មីដែលមានសក្ដានុពលខ្លាំងដូចជា៖ នវានុវត្តន៍ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការឆ្លើយតបទៅនឹងអាកាសធាតុ ថាមពល ប្រេងឧស្ម័ន ទូរគមនាគមន៍... ដោយឡែកសម្រាប់ប្រទេសប៉េរូ ភាគីទាំងពីរក៏នឹងពិភាក្សាយ៉ាងល្អិតល្អន់អំពីលទ្ធភាពនៃការបើកស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅរដ្ឋធានី Lima នាពេលខាងមុខ។

ការរួមចំណែករបស់វៀតណាមចំពោះ APEC ត្រូវបានវាយតម្លៃខ្ពស់

ក្នុងរយៈពេលជាង ២ ថ្ងៃធ្វើការនៅសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC លោកប្រធានរដ្ឋវៀតណាម បានចូលរួមរាល់សកម្មភាពទាំងអស់របស់ថ្នាក់ដឹកនាំ APEC និងបានជួបសន្ទនាទ្វេភាគីជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃដៃគូសំខាន់ៗរបស់វៀតណាម ក៏ដូចជាជួបប្រាស្រ័យជាមួយប្រធាន/CEO នៃសម្ព័ន្ធក្រុមហ៊ុនធំៗផងដែរ។

ប្រធានរដ្ឋវៀតណាមក៏បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហគ្រាសឈានមុខគេក្នុងតំបន់ និងពិភពលោកជាង ១០០០ នាក់។ ក្រៅពីការលើកឡើងសំណើប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ និងរបកគំហើញ សំដៅលើកកំពស់ថែមទៀតនូវតួនាទី និងឋានៈរបស់ APEC ក្នុងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានោះ លោកប្រធានរដ្ឋ Luong Cuong ក៏បានបង្ហាញសារដ៏ខ្លាំងក្លាអំពីប្រទេសវៀតណាមដែលកំពុងឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ អំពីប្រទេសវៀតណាមមួយប្រកបដោយភាពស្វាហាប់ នវានុវត្តន៍ និងជាគោលដៅឈានមុខគេសម្រាប់វិនិយោគិនអន្តរជាតិ។ លោកប្រធានរដ្ឋ Luong Cuong អញ្ជើញមានប្រសាសន៍ថា៖

“ជោគជ័យដ៏ធំធេងដែលសេដ្ឋកិច្ចវៀតណាមសម្រេចបាននោះ មួយផ្នែកដ៏សំខាន់គឺអាស្រ័យដោយការជឿទុកចិត្តដែលសហគ្រាសនិងវិនិយោគិនអន្តរជាតិដាក់លើប្រទេសរបស់យើងខ្ញុំ។ ខ្ញុំសង្ឃឹមថា អ្នកនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរនាពេលខាងមុខ។ ខ្ញុំក៏អះអាងដែរថា ការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាមនឹងបើកឱកាសថ្មីជាច្រើនសម្រាប់សហគ្រាសក្នុងស្រុក និងអន្តរជាតិលើវិស័យនានា ចាប់ពីពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ រហូតដល់ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ទីផ្សារវៀតណាមកំពុងហើយនឹងបន្តនាំមកនូវផលប្រយោជន៍ និងប្រៀបជាច្រើនសម្រាប់សហគ្រាសនិងវិនិយោគិន ដែលកម្រមាននៅទីកន្លែងផ្សេងទៀត”។

ប្រធានរដ្ឋវៀតណាមក៏បានអះអាងថា ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះនៃ APEC ២០២៧ និងជាសមាជិកនៃក្រុមកសាងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធថ្មីរបស់ APEC សម្រាប់ដំណាក់កាល ២០២៦-២០៣០ នោះ វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវទិសដៅ និងចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ APEC៖

“ក្នុងនាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិក APEC ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវទិសដៅ និងចក្ខុវិស័យរបស់ APEC។ ដោយឈរលើសមិទ្ធិផលនៃឆ្នាំ APEC កន្លងទៅ វៀតណាមនឹងត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ឆ្នាំ APEC ២០២៧ ឆ្ពោះទៅរកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសន្តិភាព វិបុលភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន”។

ការចូលរួមក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ និងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី និងសាធារណៈរដ្ឋប៉េរូរបស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong គឺជាជំហានសំខាន់ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសដ៏ឥតងាករេ របស់វៀតណាម បង្កើតកម្លាំងចលករដើម្បីនាំមកនូវទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមជាមួយឈីលី និងប៉េរូ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលមានប្រសិទ្ធភាពជាងមុន។ ទន្ទឹមនឹងនោះ ក៏អះអាងនូវតួនាទី និងឋានៈថ្មីរបស់វៀតណាមក្នុងវេទិកាសហប្រតិបត្តិការពហុភាគី ជាពិសេសគឺ APEC រួមជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិកដទៃទៀត សម្រេចបាននូវគំនិតផ្តួចផ្តើមសំខាន់ៗរបស់ APEC នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ