វៀតណាមនិងហូឡង់ឆ្ពោះទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុុងជ្រោយ

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានសភាជាន់ទាបព្រះរាជាណាចក្រហូឡង់លោកស្រី Khadija Arib គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមដឹកនាំដោយ លោកស្រីប្រធាន Nguyen Thi Kim Ngan បាន បំពេញទស្សនកិច្ចជាផ្លូវការទៅ ហូឡង់ចាប់ពីថ្ងៃទី២៦ដល់ទី២៩ មីនា។
វៀតណាមនិងហូឡង់ឆ្ពោះទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុុងជ្រោយ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងគ្រប់គ្រងទឹកហូឡង់លោកស្រី  Cora Van Nieuwenhuizen 


ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយហូឡង់ ក្នុងកាលៈទេសៈដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០១៨។

        នាខែមេសា ឆ្នាំ១៩៧៣ ហូឡង់ជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដើមដំបូងដែលបង្កើតទំនាក់ទំនងការទូតជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

        សមិទ្ធិផលលេចធ្លោ

        ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបតិ្តការរវងវៀតណាមនិងហូឡង់ បានអភិវឌ្ឍន៍ដោយឥតឈប់ឈរលើគ្រប់វិស័យ។ ប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសំខាន់មួយចំនួន នោះគឺវិស័យបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រងទឹក និងវិស័យសន្តិសុខស្បៀងអាហារនិងកសិកម្មចីរភាព។ រាល់សមិទ្ធិក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង

ពីរនាពេលកន្លងទៅ គឺជាការបន្តនៃទំនាក់ទំនងដែលបានបង្កើតឡើងមុននេះ៤០០ឆ្នាំ នាពេលក្រុមនាវាពាណិជ្ជកម្មរបស់ហូឡង់ចូលចតនៅកំពង់ផែ Hoi An របស់វៀតណាម ដើម្បីជួញដូរស្រូវអង្ករនិងម្រេច តាមនោះចាប់ផ្ដើមការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ វាយតំលៃអំពីការរួមវិភាគទានរបស់សហគ្រាសហូឡង់ចំពោះការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងទ្វេភាគី នៅហូឡង់ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖

        “ស្មារតីដ៏ស្វាហាប់របស់ពាណិជ្ជករហូឡង់បន្តបានពង្រីកក្នុងសម័យកាលថ្មីនាពេលហូឡង់កំពុងអះអាងនូវឋានៈជាដៃគូអឺរ៉ុបជួរមុខក្នុងវិស័យវិនិយោគនិងពាណិជ្ជកម្មនៅវៀតណាម ដោយពាណិជ្ជសញ្ញាធំៗដូចជា៖ Heineken Damen Unilever និង Philips ជាដើម។ រួមជាមួយដៃគូវៀតណាម សហគ្រាសហូឡង់បាននិងកំពុងរួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើ សមាហរណកម្មអន្តរជាតិរបស់វៀតណាម ក៏ដូចជាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ”។

        ហូឡង់ជាទីផ្សារនាំចេញទំនិញធំបំផុតរបស់វៀតណាមនៅ EU។ រហូតដល់ដំណាច់ឆ្នាំ២០១៧ ទំហំនាំចេញនាំចូលរវាងប្រទេសទាំងពីរទទួលបាន៧,៨ពាន់លានដុល្លាអាមេរិក។ ដើមទុនរបស់ហូឡង់ដែលបានវិនិយោគចូលមកវៀតណាមក៏ឈរលំដាប់ទី១ក្នុងប្លុក EU ផងដែរ។

វៀតណាមនិងហូឡង់ឆ្ពោះទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុុងជ្រោយ - ảnh 2 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួូលជួបថ្នាក់ដឹកនាំសភាពាណិជ្ជកម្មឧស្សាហកម្មហូឡង់

        យថាទស្សន៍សហប្រតិបតិ្តការ

        ដោយឈរលើគ្រឹះស្ថាននៃទំនាក់ទំនងជាមិត្តភក្តិគួរឲ្យជឿទុកចិត្ត មានការប្ដេជ្ញាចិត្តខាងនយោបាយដូចគ្នា មានសក្ដានុពលនិងតម្រូវការសហប្រតិបតិ្តការមានផលប្រយោជន៍ស្រដៀងគ្នានិងសេដ្ឋកិច្ចឧបត្ថម្ភគ្នាទៅវិញទៅមក ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍។

        នៅបណ្ដាជំនួបទ្វេភាគីក្នុងដំណើរទស្សនកិច្ចនៅហូឡង់ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ក៏ដូចជាបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាមដែរ។

        ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ លោកស្រី Nguyen Thi Kim Ngan នឹងផ្លាស់ប្ដូរបទពិសោធន៍ក្នុងសកម្មភាពសភានៃប្រទេសនីមួយៗ ជំរុញកិច្ចសហប្រតិបតិ្តការនៅវេទិកាសភាពហុភាគីដែលរដ្ឋសភានៃប្រទេសទាំងពីរជាសមាជិកដូចជា IPU ASEP ជាដើម។

        ទំនាក់ទំនងរវាងវៀតណាមនិងហូឡង់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងរួមចំណែកជំរុញដំណើរការតម្លើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ