វៀតណាមនិងអាហ្សង់ទីន៖ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី

(VOVWORLD) - នាថ្ងៃទី ២៤ មេសា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាហ្សង់ទីនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមេសា តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបអាហ្សង់ទីនលោកស្រី Cecilia Moreau។ ប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាហ្សង់ទីន (១៩៧៣ - ២០២៣) ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពប្រពៃណីរវាងប្រទេសទាំងពីរ; បញ្ជាក់ថា អាហ្សង់ទីនជាដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាមនៅតំបន់អាមេរិកឡាទីន។ ដំណើរទស្សនកិច្ចនេះក៏បើកឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផង ដែរ។

ដៃគូសំខាន់របស់វៀតណាមនៅតំបន់អាមេរិកឡាទីន

ក្រោយរយៈពេល ៣៧ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ ២០១០ វៀតណាមនិងអាហ្សង់ទីនបានបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងពិចារណាលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅតាមវិស័យ ដែលដំបូងបង្អស់គឺវិស័យឧស្សាហកម្ម - កសិកម្ម និងថាមពល។

ក្នុងទិដ្ឋភាពទូទៅនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ ដោយមានដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Van An ក្នុងឆ្នាំ ២០០៦ និងអនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក្នុងឆ្នាំ ២០១៤ និងលោក Do Ba Ty ក្នុងឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ចទាំងនេះបានបង្កើនការយោគយល់គ្នារវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ចែករំលែកបទពិសោធន៍អំពីតួនាទីរបស់សភាក្នុងសកម្មភាពនីតិប្បញ្ញត្តិ និងឃ្លាំមើល ព្រមទាំងរួមចំណែកបង្កើតច្រករបៀងគតិយុត្តអំណោយផលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។

ក្នុងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដើរតួនាទីយ៉ាងសំខាន់ ដោយជាមូលដ្ឋានសម្រាប់ជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ពី ៣១៦ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០៧ ដល់ជិត ៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទី ៦ និងជាទីផ្សារនាំចេញធំទី
៥របស់អាហ្សង់ទីនលើពិភពលោក ខណៈដែលអាហ្សង់ទីនជាដៃគូពាណិជ្ជកម្មធំទី៣របស់វៀតណាមនៅអាមេរិកឡាទីន។

ដំណើរទស្សនកិច្ចបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាហ្សង់ទីនរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue គឺជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់អាហ្សង់ទីនចាប់តាំងពីឆ្នាំ ២០១០ មក។ ជាមួយគណៈប្រតិភូរួមមានថ្នាក់ដឹកនាំស្ថាប័ននានានៃរដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងបង្កើតសន្ទុះសម្រាប់ប្រទេសទាំងពីរ ឆ្លៀតយកសក្តានុពលរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ហើយនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍កាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

វាយតំលៃអំពីដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅវៀតណាម លោក Luis Pablo Maria Beltramino បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ដែលគូសសញ្ញាលើរបត់នៃទំនាក់ទំនងវៀតណាម-អាហ្សង់ទីន។

ចំណែកភាគីវៀតណាមវិញ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា៖ “តាមរយៈដំណើរទស្សនកិច្ចលើកនេះ វៀតណាមមានបំណងជំរុញការចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក MECOSUR សំដៅធ្វើពិពិធកម្មទីផ្សារក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាកជាច្រើននាពេលបច្ចុប្បន្ន។ ភាគីទាំងពីរក៏នឹងពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាហ្សង់ទីន ជាពិសេសនៅក្នុងវិស័យដែលអាហ្សង់ទីនមានប្រៀបខ្លាំងដូចជា៖ កសិកម្ម ឧស្សាហកម្មបម្រើការផលិតកសិកម្ម ក៏ដូចជាទំនិញ ផលិតផលថាមពលបៃតង និងថាមពលកកើតឡើងវិញផងដែរ”។

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាហ្សង់ទីនរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានអត្ថន័យសំខាន់ ក្នុងការនាំវៀតណាមឱ្យកាន់តែជិតស្និទ្ធជាមួយអាហ្សង់ទីននិយាយដោយឡែក និងបណ្តាប្រទេសអាមេរិកខាងត្បូងនិយាយរួម; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរស្ដីពីការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម លើកកំពស់ឋានៈរបស់វៀតណាមក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកល។ ទន្ទឹមនឹងនោះ បំពេញគោលបំណងរបស់ប្រទេសអាហ្សង់ទីនក្នុងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់អាស៊ី ដែលវៀតណាមត្រៀមខ្លួនជាស្រេចដើរតួជាស្ពានតភ្ជាប់ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ