សៀវភៅសបញ្ជាក់នូវកិច្ចការពារនិងជំរុញសិទិ្ធមនុស្សនៅវៀតណាម
(VOVWORLD) - សៀវភៅសស្ដីពីសិទ្ធិមនុស្សក្រោមចំណងជើងថា “ការពារនិងជំរុញសិទ្ធិ មនុស្សនៅវៀតណាម” ដែលបានប្រកាសនាដើមឆ្នាំ២០១៨ ដោយក្រសួងការ បរទេសសាធារណៈរដ្ឋសង្គមនិយមវៀតណាម មិនត្រឹមតែលើកឡើងនូវសមិទ្ធិផល អំពីសិទ្ធិមនុស្សរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ចេញទស្សនៈ ការ យោគយល់ និងការងារដែលវៀតណាមបន្តអនុវត្តន៍នាពេលខាងមុខសំដៅទទួល បានលទ្ធផលធំជាងក្នុងការជំរុញសិទ្ធិមនុស្សទៀតផង។
សៀវភៅសស្ដីពីសិទ្ធិមនុស្សនៅវៀតណាមឆ្នាំ២០១៨ |
សមិទ្ធិអំពីសិទ្ធិមនុស្សដែលមិនអាចបដិសេធបានឡើយ
នាឆ្នាំ២០០៥ ក្រសួងការបរទេសវៀតណាមបានប្រកាសសៀវភៅ “សមិទ្ធិក្នុងកិច្ចការពារនិងអភិវឌ្ឍន៍សិទ្ធិមនុស្សនៅវៀតណាម”។ តាំងពីនោះមក សហគមន៍អន្តរជាតិបានឃើញរាល់សមិទ្ធិផលដ៏សំខាន់ៗរបស់វៀតណាមក្នុងវិស័យនេះ ពិសេសគឺការអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងធ្វើសុក្រិតប្រព័ន្ធច្បាប់ស្ដីពីសិទ្ធិមនុស្ស។ លើស្ថានភាពជាក់ស្ដែងគឺវៀតណាមទទួលបានលទ្ធផលជាច្រើនក្នុងការធានាសិទ្ធិរដ្ឋប្បវេណីនិងនយោបាយរបស់ប្រជាពលរដ្ឋរួមមាន៖សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះ និងចូលរួមគ្រប់គ្រងរដ្ឋនិងសង្គម សិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងផ្សព្វផ្សាយ សិទ្ធិសេរីភាពជួបប្រជុំនិងបង្កើតសមាគមន៍ សិទ្ធិសេរីភាពខាងជំនឿសាសនា សិទ្ធិរបស់ជនរួមជាតិជាជនជាតិភាគតិច សិទ្ធិរស់នៅ បានគោរពអំពីចរិយាសម្បត្តិនិងមិនអាចរំលោភលើរាងកាយ សិទ្ធិសេរីភាពធ្វើដំណើរនិងលំនៅដ្ឋាន។ វៀតណាមក៏អនុវត្តន៍យ៉ាងល្អសិទ្ធិមនុស្សស្ដីពីសេដ្ឋកិច្ច វប្បធម៌និងសង្គមរួមមាន៖ សិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន សិទ្ធិបានថែទាំសុខភាព។ វៀតណាមក៏ការធានាសិទ្ធិរបស់ក្រុមជនងាយរងគ្រោះក្នុងសង្គមដូចជាធានាសិទ្ធិរបស់ស្ត្រី លុបបំបាត់ការរើសអើងចំពោះនារីក្រោមគ្រប់រូបភាព ធានាសិទ្ធិកុមារ សិទ្ធិរបស់ជនពិការ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងសិទ្ធិរបស់ជនចាស់ជរា។ ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បកាលពីឆ្នាំ២០១៤ ដោយបរិមាណសម្លេងគាំទ្រខ្ពស់បំផុតនោះ គឺជាសក្ខីភាពសំរាប់ការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះសមិទ្ធិខាងសិទ្ធិមនុស្សរបស់វៀតណាម។
បង្ហាញជាសាធារណៈនូវអាទិភាពចំនួន៧របស់វៀតណាមក្នុងវិស័យសិទ្ធិមនុស្ស
រួមជាមួយការអះអាងនូវសមិទ្ធិនានាអំពីសិទ្ធិមនុស្ស សៀវភៅសឆ្នាំនេះរបស់វៀតណាមក៏បង្ហាញជាសាធារណៈនូវទិសដៅអាទិភាពចំនួន៧នាពេលខាងមុខ សំដៅអនុវត្តន៍ឲ្យបានល្អជាងកិច្ចការពារសិទ្ធិមនុស្សទៀតផង។ តាមនោះ វៀតណាមបន្តពង្រឹងប្រព័ន្ធច្បាប់ទាំងមូល ដើម្បីអនុវត្តន៍ឲ្យបានល្អជាងនូវសិទ្ធិសារវ័ន្តរបស់ប្រជាពលរដ្ឋដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងការសន្យាអន្តរជាតិផ្សេងៗរបស់វៀតណាម។ រដ្ឋាភិបាលក៏ជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅបម្រើការងារកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីសំរាប់ប្រជាជន។ រដ្ឋនឹងកែលំអគុណភាពអប់រំ ក្នុងនោះមានការអប់រំអំពីសិទ្ធិមនុស្ស។ វៀតណាមបន្តជំរុញសមភាពភេទដោយសារនេះជាកត្តាសំខាន់ដើម្បីកសាងឡើងប្រភពធនធានមនុស្សដ៏រឹងមាំ។ ការថែទាំសុខភាពសំរាប់សហគមន៍ ឆ្ពោះទៅ សង្គមមួយដែលមានសុខភាពល្អទាំងខាងរាងកាយនិងស្មារតី ក៏ត្រូវបានលាតត្រដាងអនុវត្តន៍ផងដែរ។ ជាទីចុងក្រោយ វៀតណាមបន្តបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសដទៃទាំងអស់ យន្តការនិងអង្គការជំនាញក្នុងតំបន់និងលើពិភពលោកដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
ទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមអំពីសិទ្ធិមនុស្ស
សៀវភៅសស្ដីពីសិទ្ធិមនុស្សឆ្នាំ២០១៨បានអះអាងយ៉ាងខ្លាំងក្លានូវទស្សនៈរបស់វៀតណាមស្ដីពីសិទ្ធិមនុស្ស។ តាមនោះ ការធានានិងជំរុញសិទ្ធិមនុស្ស មុនបង្អស់គឺជាការទទួលខុសត្រូវនិងសិទ្ធិអំណាចរបស់ប្រទេសនីមួយៗ។ ប្រទេសទាំងអស់មានការទទួលខុសត្រូវកសាងប្រព័ន្ធច្បាប់ផ្ទៃក្នុងឲ្យបានសមស្របនឹងគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិ ពិសេសគឺធម្មនុញ្ញអ.ស.ប ដោយគិតដល់ស្ថានភាពជាក់ស្ដែងនៃប្រទេសនីមួយៗ ដើម្បីធានាឲ្យប្រជាជនទទួលបានសិទ្ធិមនុស្សយ៉ាងល្អប្រសើរបំផុត។ វៀតណាមគាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសិទ្ធិមនុស្សដោយឈរលើមូលដ្ឋាននៃការសន្ទនាដោយសមភាព ស្ថាបនា គោរពនិងយោគយល់គ្នាទៅវិញទៅមក មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា ដើម្បីគោលដៅរួមគឺជំរុញនិងការពារសិទ្ធិមនុស្សឲ្យកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។
សៀវភៅសស្ដីពីសិទ្ធិមនុស្សរបស់វៀតណាមឆ្នាំ២០១៨ជាសម្លេងតបតវិញយ៉ាងខ្លាំងក្លាទៅនឹងល្បិចកលមូលបង្កាច់ទៅលើវៀតណាមក្នុងវិស័យសិទ្ធិមនុស្ស ព្រោះថា រាល់សមិទ្ធិផលដែលវៀតណាមទទួលបាន និងទស្សនៈស្ដីពីសិទ្ធិមនុស្សរបស់វៀតណាមគឺសមស្របទាំងស្រុងជាមួយនឹងគោលការណ៍ ខ្លឹមសារជាសារវ័ន្តនិងនិន្នការអភិវឌ្ឍន៍របស់ច្បាប់អន្តរជាតិលើវិស័យសិទ្ធិមនុស្ស៕