សហរដ្ឋអាមេរិកនិងការខិតខំប្រឹងប្រែងដោយឯកតោភាគីក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃចុងខែសីហានេះ សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់បានក្លាយទៅ ជាប្រធានបទដែលទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិអន្តរជាតិ ជាថ្មីម្ដងទៀត។ មូលហេតុចម្បងមិនត្រឹមតែមកពីដំណើរទស្សនកិច្ចរបស់អគ្គ នាយកទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi មកកាន់អ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងមកពីយុទ្ធនាការបង្កើនសម្ពាធដោយ ឯកតោភាគីថ្មីរបស់អាមេរិកតម្រង់ទៅលើប្រទេសអ៊ីស្លាមនេះទៀតផង។
សហរដ្ឋអាមេរិកនិងការខិតខំប្រឹងប្រែងដោយឯកតោភាគីក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ថ្លែងនៅសន្និសីទសារព័ត៌មាននៅក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២០ សីហា។ (រូបថត៖ REUTERS)

ភាពតានតឹងបានឡើងដល់កំពូលនៅថ្ងៃទី២០ សីហា កន្លងទៅ ពេលដែល លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានទៅកាន់ទីស្នាក់ការអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក ដើម្បីផ្ញើរលិខិតដោយស្នើឲ្យក្រុមប្រឹក្សាសន្តិ សុខប្រើយន្តការ “Snapback” (ដំណើរការបញ្ច្រាស) សំដៅវិលត្រឡប់ទៅដាក់ទណ្ឌ កម្មរបស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ឡើងវិញ ដោយការចោទប្រកាន់ថា  តេអេរ៉ង់មិនគោរពតាមការសន្យានានាស្ដីពីបញ្ហានុយក្លេអ៊ែរ។ កាយវិការនេះអាច នាំទៅការដួលរលំទាំងស្រុងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថ លេខាកាលពីឆ្នាំ២០១៥រវាងអ៊ីរ៉ង់និងក្រុម P5+1 ដែលបានហៅថា ផែនការសកម្ម ភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។

យន្តការ “Snapback” និងការខិតខំប្រឹងប្រែងដោយឯកតោភាគីរបស់ អាមេរិក

“Snapback” ជាយន្តការដែលអនុញ្ញាតឲ្យប្រទេសណាក៏ដោយក្នុងក្រុម P5+1 (រួមមានប្រទេសសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.បទាំង៥និង អាល្លឺម៉ង់) អាចស្នើឲ្យអ.ស.បដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញ ប្រសិនបើ តេអេរ៉ង់មិនគោរពតាមការសន្យានានានៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ។ ក្រោយពីទទួលបានសំណើជាផ្លូវការ ប្រទេសសមាជិកផ្សេងៗទៀតនៅ ក្នុងក្រុមប្រឹក្សាសន្តិសុខមានរយៈពេល១០ថ្ងៃដើម្បីធ្វើការសម្រេចចិត្ត។ ប្រសិន បើគ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងក្នុងរយៈកាលកំណត់នេះទេ គឺបទ ដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់នឹងត្រូវបានដាក់ឲ្យដំណើរការឡើងវិញដោយស្វ័យប្រវត្តិក្រោយនោះ២០ថ្ងៃ ពោលគឺ៣០ថ្ងៃចាប់តាំងពីការលើកសំណើជាផ្លូវការ។ តាម មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា សេណារីយ៉ូនេះងាយនឹងកើតឡើងណាស់ ដោយសារអាមេរិកមានសិទ្ធិវេតូ ដែលអាចបដិសេធគ្រប់សេចក្ដីព្រាងនៃសេចក្ដី សម្រេចចិត្តណាមួយមិនតាមចេតនារបស់វ៉ាស៊ីនតោន។

អាមេរិកបានសម្រេចចិត្តដំណើរការវិធានការពោលខាងលើ ត្រឹមមួយ សប្ដាហ៍តែប៉ុណ្ណោះក្រោយពីបរាជ័យនៅក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១៤ សីហាដោយមិនអាចអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការពន្យាពេលបទដាក់ទណ្ឌកម្មអាវុធទៅលើអ៊ីរ៉ងបាននោះ។ ប្រការនេះសរឲ្យឃើញថាវ៉ាស៊ីនតោនកំពុងប្ដេជ្ញា ចិត្តយ៉ាងខ្លាំងដើម្បីអនុវត្តវិធានការដ៏តឹងរឹងទៅលើប្រទេសអ៊ីស្លាមនេះ។ ប៉ុន្តែ ការខិតខំប្រឹងប្រែងដោយឯកតោភាគីរបស់អាមេរិកក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បានដើរផ្ទុយទៅនឹងទស្សនៈរបស់ប្រទេសផ្សេងសឹងតែទាំងអស់ រួមទាំងប្រទេស ជាសម្ព័ន្ធមិត្តរបស់អាមេរិកទៀតផង។

ប្រតិកម្មដ៏តឹងរឹងរបស់ប្រទេសផ្សេងៗ

បន្ទាប់ពីអាមេរិកស្នើឲ្យប្រើយន្តការ “snapback” មក ប្រទេសជាច្រើនបាន ឡើងសម្លេងប្រឆាំងជំទាស់ភ្លាមមួយរំពិច។ ក្នុងលិខិតចំហដែលបានផ្ញើរជូនក្រុម ប្រឹក្សាសន្តិសុខនាថ្ងៃទី២០ សីហា ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវឲ្យ ប្រទេសសមាជិកទាំងឡាយប្រឆាំងជំទាស់នឹងសកម្មភាពរបស់អាមេរិក ហើយ សង្កត់ធ្ងន់ថា វ៉ាស៊ីនតោនមិនមានអំណាចអនុវត្តយន្តការដាក់ទណ្ឌកម្មទៅលើ អ៊ីរ៉ង់ឡើងវិញនោះឡើយ។

ជាពិសេសគឺ ប្រទេសជាសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក រួមមានអង់គ្លេស អាល្លឺម៉ង់ និងបារាំង នៅថ្ងៃដដែលបានចេញសេចក្ដីប្រកាសរួមដោយអះអាងថា នឹងមិនគាំទ្រចំពោះសំណើដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញរបស់អាមេរិកនោះឡើយ ព្រមទាំងចាត់ទុកថា វ៉ាស៊ីនតោនមិនមានសិទ្ធិគតិយុត្តិដើម្បីប្រើយន្តការ “snapback” នេះទេ ដោយសារប្រទេសនេះបានដកខ្លួនចេញពី JCPOA កាលពីឆ្នាំ ២០១៨រួចទៅហើយ។ ស្ថានភាពជាក់ស្ដែងនេះបានសរឲ្យឃើញថា អាមេរិកហាក់ដូច ជាមិនអាចបញ្ចុះបញ្ចូលឲ្យបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបគាំទ្រនិងចូលរួមក្នុងបទដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់បានឡើយ សូម្បីតែក្នុងករណីដែលយន្តការ “snapback” ត្រូវបានអនុវត្តក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឲ្យអឺរ៉ុបនិងអ៊ីរ៉ង់ខិតមក ជិតគ្នាជាងទៀត ដែលបំបែកផែនការដាក់អ៊ីរ៉ង់ឲ្យនៅដាច់ដោយឡែករបស់ វ៉ាស៊ីនតោន រួមជាមួយផលវិបាកផ្សេងៗជាច្រើនទៀតផង។

ប្រការនេះបានស្រាយបំភ្លឺថា ហេតុអ្វីដែលនៅក្នុងប្រទេសអាមេរិកក៏មានការ ប្រឆាំងជំទាស់នឹងវិធានការដោយឯកតោភាគីរបស់អាជ្ញាធរវ៉ាស៊ីនតោនក្នុង បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ដែរ។ លោកស្រី Wendy Sherman ប្រធានគណៈប្រតិភូ ចរចាអាមេរិកក្រោមអំណាចប្រធានាធិបតី Barack Obama បានព្រមានថា វ៉ាស៊ីនតោនអាចបណ្ដាលឲ្យអំណាចរបស់ខ្លួនចុះខ្សោយ ប្រសិនបើប្រទេសនេះ បន្តប្រកួតប្រជែងជាមួយមហាអំណាចផ្សេងៗទៀត រួមទាំងប្រទេសជាសម្ព័ន្ធមិត្ត ក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ។

ហេតុដូច្នេះហើយ ក្នុងសភាពការណ៍នាបច្ចុប្បន្ន អ្នកវិភាគជាច្រើនបាន ចាត់ទុកថា អឺរ៉ុបនិងប្រទេសនានានឹងបន្តរក្សាជំនួបចរចាជាមួយអ៊ីរ៉ង់ សំដៅធានា ឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥នឹងមិនត្រូវដួលរលំមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខនេះ ព្រមទាំងសង្ឃឹមថា គោល នយោបាយរបស់អាមេរិកស្ដីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នឹងមានការផ្លាស់ប្ដូរជាវិជ្ជមានក្រោយពីព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ