អាស៊ាននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង

(VOVWORLD) - សប្ដាហ៍អាស៊ានរំលឹកខួបអនុស្សាវរីយ៍រយៈ៣០ឆ្នាំនៃកិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូងទើបនឹងបានបញ្ចប់នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះបានបង្កើតឡើងបរិយាកាស សប្បាយរីករាយដើម្បីឆ្ពោះទៅរកការរៀបចំប្រកប ដោយជោគជ័យនូវកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-កូរ៉េខាងត្បូងនៅទីក្រុងកំពង់ផែ Busan ភាគខាងត្បូង កូរ៉េខាងត្បូងនាខែវិច្ឆិកាខាងមុខ។
អាស៊ាននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង - ảnh 1 កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២០នៅប្រទេសសឹង្ហបុរីកាលពីខែវិច្ឆិកាឆ្នាំ២០១៨ (រូបថត៖ Cheong Wa Dae)

  ប្រជាជនទៅចូលរួមសប្ដាហ៍អាស៊ានលើកនេះគឺប្រជាជនកូរ៉េខាងត្បូង ប្រជាជនអាស៊ាន និងប្រជាជនសេអ៊ូល។ ព្រឹត្តិការណ៍នេះគឺជា “ដំណើរទេសចរណ៍របស់ប្រជាជនទៅកាន់អាស៊ាន” ដើម្បីទទួលទានចំណីអាហារ ទស្សនាកំសាន្តការសម្ដែងម៉ូដនិងសិល្បៈដ៏សម្បូរបែបរបស់ប្រទេសអាស៊ានទាំង១០។ នេះក៏ជាឱកាសដើម្បីចែករំលែកតម្លៃនានារបស់អាស៊ាន រួមចំណែកបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការរវាងកូរ៉េខាងត្បូងនិងអាស៊ាន។

       កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង

        អាស៊ានកំពុងជាដៃគូពាណិជ្ជកម្មធំទី២ ហើយជាទីផ្សារវិនិយោគធំទី៣របស់កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងកំពុងស្វែងរកវិធានការបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសអាស៊ាននានា ចាប់ពីកម្រិតឯកទគ្គកម្មចំនួន១៦០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៨ឡើងដល់ទៅ២០០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ទន្ទឹមនឹងនោះ អាស៊ានក៏ជាគោលដៅទេសចរណ៍ដែលទាក់ ទាញភ្ញៀវកូរ៉េខាងត្បូងយ៉ាងច្រើនកុះករផងដែរ។ នាឆ្នាំ២០១៨ បរិមាណភ្ញៀវទេសចររវាងភាគីទាំងពីរបានហួសពី១០លាននាក់។

        ក្នុងកិច្ចប្រជុំរវាងមន្ត្រីអាស៊ាននិងកូរ៉េខាងត្បូងនាពេលកន្លងទៅ ភាគីទាំងពីរបានសន្យាជំរុញទំនាក់ទំនងទ្វេភាគីអោយរីកចម្រើនកាន់តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដែលក្នុងនោះផ្ដោតទៅលើវិស័យសក្ដានុពលនានាដូចជាបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងការច្នៃប្រឌិតជាដើម។ កូរ៉េខាងត្បូងបានអះអាងថា នឹងគាំទ្រយ៉ាងសកម្មចំពោះគំនិតផ្ដួចផ្ដើមស្ដីពីបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន ក៏ដូចជាបង្កើនការចែករំលែកបទពិសោធន៍ជាមួយអាស៊ានអំពីការច្នៃប្រឌិត ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យាបៃតងជាដើម។ សប្ដាហ៍ចាប់ផ្ដើមអាជីវកម្មអាស៊ាន-កូរ៉េខាងត្បូង ត្រូវបានរៀបចំឡើងនៅខេត្ត Gyeonggi របស់កូរ៉េខាងត្បូង សំដៅជំរុញចលនាចាប់ផ្ដើមអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍នៅប្រទេសអាស៊ាននានា។ កូរ៉េខាងត្បូងបានបង្កើនមូលនិធិសហប្រតិបតិ្តការអាស៊ាន-កូរ៉េខាងត្បូងឡើងទ្វេដង ផ្ដល់ជំនួយប្រមាណ១០០លានដុល្លាអាមេរិកដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងលើកកំពស់សមត្ថភាពផ្នែក ឌីជីថលរបស់អាស៊ាន ក៏ដូចជាជួយឧបត្ថម្ភអាស៊ានក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងធានាសន្តិសុខបណ្ដាញ ផងដែរ។

        ការដែលកិច្ចប្រជុំកំពូលរវាងអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យនៅសឹង្ហបុរីនិងវៀតណាមនាឆ្នាំ២០១៨និងឆ្នាំ២០១៩នោះ បានជួយអោយអាស៊ានមានតួនាទីនិងឥទ្ធិពលខាងការទូតដ៏សកម្មក្នុងដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ។

       ទស្សនៈវិស័យដល់អនាគតនៃកិច្ចសហប្រតិបតិ្តការអាស៊ាន-កូរ៉េខាងត្បូង

        នាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន៣រួមមានប្រ៊ុយណេ ម៉ាឡេស៊ីនិងកម្ពុជា នាខែមីនាឆ្នាំ២០១៩ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអះអាងនូវតួនាទីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃតំបន់នេះ ព្រមទាំងសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងកូរ៉េខាងត្បូងជាមួយប្រទេសអាស៊ាននានា។ លោក Moon បានចាត់ទុកថា កិច្ចសហប្រតិបតិ្តការរវាងកូរ៉េខាងត្បូងនិងអាស៊ាននឹងរួមចំណែកយ៉ាងសកម្មទៅក្នុងគោលដៅបង្កើនការតភ្ជាប់ក្នុងតំបន់ ដែលអាស៊ានកំពុងដេញតាមរក។

        នាបច្ចុប្បន្នរដ្ឋអំណាចកូរ៉េខាងត្បូងកំពុងជំរុញគោលនយោបាយឆ្ពោះទៅទិសខាងកើតថ្មី ដែលជាគំនិតផ្ដួចផ្ដើមមួយរបស់ប្រធានាធិបតីលោក Moon Jae-in សំដៅបើកទូលាយទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូងជាមួយប្រទេសអាស៊ីជិតខាងនានា។ ប្រធានាធិបតីកូរ៉េខាងត្បូងជឿជាក់ថា ជាមួយគោលនយោបាយនេះ ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងអាស៊ាននឹងបន្តត្រូវបានពង្រីក ហើយភាគីទាំងពីរអាច “ទទួលបានសុភមង្គល វិបុលភាពនិងសុខសន្តិភាពដែលមិនធ្លាប់មានតាំងពីមុនមក”។

        ឆ្នាំ២០១៩បានគម្រប់រយៈ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាននិងកូរ៉េខាងត្បូង។ ដើម្បីរំលឹកខួបព្រឹត្តិការណ៍នេះ កូរ៉េខាងត្បូងមានផែនការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងនាខែវិច្ឆិកាខាងមុខ។ នេះនឹងជាឱកាសដើម្បីអោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរដាក់ចេញទស្សនៈវិស័យសម្រាប់អនាគត សំដៅប្រែក្លាយគោលដៅកសាងសហគមន៍មួយប្របកដោយសុខសន្តិភាពនិងវិបុលភាពដោយយកប្រជាជនជាមជ្ឈមណ្ឌល ទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ