(VOVWORLD) -នាបច្ចុប្បន្ននេះ Vinamilk មិនត្រឹមតែជាក្រុមហ៊ុនទឹកដោះគោមួយ ដែលមានភាគហ៊ុនទីផ្សារធំបំផុតនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនឈានមុខគេក្នុងការកសាងផ្នែកទឹកដោះគោវៀតណាមទៀតផង។ ក្នុងសករាជបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នេះ ក្រុមហ៊ុន Vinamilk កំពុងវិនិយោគទុនយ៉ាងខ្លាំងក្លាទៅក្នុងបច្ចេកវិទ្យាផលិតទឹកដោះគោ រៀបចំប្រភពវត្ថុធាតុដើមដោយម្ចាស់ការ ឆ្លើយតបនឹងតម្រូវការទឹកដោះគោររបស់អតិថិជនវៀតណាម ព្រមទាំងពង្រីកទីផ្សារនាំចេញផងដែរ។
ខ្សែសង្វាក់ផលិតកម្មនៃក្រុមហ៊ុន Vinamilk វៀតណាម |
ការអភិវឌ្ឍតំបន់វត្ថុធាតុដើមទឹកដោះគោស្រស់ បម្រើផលិតកម្មឧស្សាហកម្ម គឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយ មិនថារបស់ក្រុមហ៊ុនទឹកដោះគោណាមួយឡើយ។ នៅវៀតណាម ក្រុមហ៊ុន Vinamilk គឺជាសហគ្រាសឈានមុខមួយ ដោយមានប្រព័ន្ធកសិដ្ឋានចិញ្ចឹមគោទឹកដោះលាតសន្ធឹងនៅគ្រប់តំបន់នៃប្រទេស។
តំបន់វត្ថុធាតុដើមរបស់ក្រុមហ៊ុន Vinamilk រួមមាន៖ បណ្ដាប្រព័ន្ធកសិដ្ឋានមានស្តង់ដារ Global GAP ដែលមានគោពូជនាំចូលពីអូស្ត្រាលី អាមេរិក និងនូវែលសេឡង់។ នាពេលថ្មីៗនេះក្រុមហ៊ុន Vinamilk បានសម្ពោធកសិដ្ឋានគោទឹកដោះ ធំបំផុតរបស់វៀតណាមនៅ ខេត្ត Tay Ninh ដោយមានសត្វគោ ចំនូន ៨ ពាន់ក្បាល ទុនវិនិយោគចំនួន ៥០ លានដុល្លារអាមេរិក។ លោក Trinh Quoc Dung នាយកប្រតិបត្តិទទួលបន្ទុកការអភិវឌ្ឍតំបន់វត្ថុធាតិដើម Vinamilk បានឲ្យដឹងថា៖
“យើងខ្ញុំមានប្រព័ន្ធកែច្នៃតាមរយៈកុំព្យូទ័រ ដើម្បីរៀបចំរូបមន្តផលិតចំណីសម្រាប់ គោ។ ទីពីរយើងខ្ញុំមានប្រព័ន្ធកសិដ្ឋានទំនើបៗ ដែលអាចគ្រប់គ្រង បាន សីតុណ្ហភាព និង សំណើមជាដើម។ លើសពីនេះទៅទៀត យើងខ្ញុំមាន ប្រព័ន្ធប្រមូលកាកសំណល់ដោយស្វ័យប្រវត្តិនៅតាមកសិដ្ឋានទៀតផង”។
នាបច្ចុប្បន្ននេះ ក្រុមហ៊ុន Vinamilk មានសត្វគោជាង ១២០ ពាន់ក្បាល ដោយ ទទួលបានបរិមាណទឹកដោះគោស្រស់ជាង ៩៥០ តោនក្នុងមួយថ្ងៃ ស្មើ នឹង ទឹកដោះគោប្រមាណ ៥,៥ លានប្រអប់ (ប្រអប់ ១៨០ml) ។ តាមគម្រោង ក្រុមហ៊ុន Vinamilk នឹងមានហ្វូងគោមានប្រមាណ ២ ម៉ឺនក្បាលនាឆ្នាំ ២០២០ ហើយបរិមាណទឹកដោះគោស្រស់នឹងកើនទ្វេដង។ លោកស្រី Mai Kieu Lien អគ្គនាយិការក្រុមហ៊ុន Vinamilk បានឲ្យដឹងថា៖
“នាងខ្ញុំ និងសមូហភាពកម្មាភិបាលនៃក្រុមហ៊ុន Vinamilk មានមោទនភាពអំពីផ្នែកឧស្សាហកម្មទឹកដោះគោវៀតណាម ដែលមិនចាញ់ប្រ ទេសណាមួយក្នុងតំបន់ឡើយ។
យើងខ្ញុំបានសម្រេចរួចរាល់ការកសាងប្រព័ន្ធចិញ្ចឹមគោទឹកដោះ ដែលប្រែក្លាយក្ដីសុបិនទៅជាការពិតជាក់ស្ដែង”។
លើសពីនេះទៅទៀត កសិដ្ឋានចិញ្ចឹមគោនេះ អាចតភ្ជាប់វិទ្យាសាស្ត្រជាមួយរោងចក្រកែច្នៃ ចំនួន ១០ របស់ក្រុមហ៊ុននៅទូទាំងប្រទេស។ ក្នុងនោះមានរោងចក្រទឹកដោះគោម្សៅ និងទឹកដោះគោចំនួន ២ ដែលមានទ្រង់ទ្រាយធំនៅខេត្ត Binh Dinh ហើយបានបំពាក់ បច្ចេកវិទ្យាទំនើបបំផុតនៅលើពិភពលោក។ នាពេលខាងមុខ ក្រុមហ៊ុន Vinamilk នឹងបំពាក់បច្ចេកវិទ្យា និងខ្សែសង្វាក់ផលិតកម្មទំនើបៗដោយព្រមៗគ្នានៅតាមរោងចក្រទឹកដោះគោនានា។ លោកស្រី Mai Kieu Lien អគ្គនាយិការក្រុមហ៊ុន Vinamilk បានឲ្យដឹងថា៖
“ក្រុមហ៊ុន Vinamilk បានអនុវត្តបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាបណ្ដើរៗហើយ។ រោងចក្រទាំងនេះបានប្រតិបត្តិដោយស្វ័យប្រវត្តិ តាមរយៈការប្រើប្រាស់ បញ្ញាសិប្បនិម្មិត ដើម្បីធានាប្រភពវត្ថុធាតុដើម ព្រមទាំងគ្រប់គ្រងផលិតផលលក់ចេញទៀតផង។ ម៉ាស៊ីនទាំងអស់ត្រូវបានបំពាក់នូវបន្ទះឈីប ដើម្បីតាមដានផលិត្តកម្ម។ ហេតុដូច្នេះហើយ ផលិតផលត្រូវបានធានាគុណភាពផងដែរ”។
នាបច្ចុប្បន្ននេះ ក្រុមហ៊ុន Vinamilk បានបន្តវិនិយោគទុន និងផ្លាស់ប្ដូរថ្មីដោយឥតឈប់ឈរ ដើម្បីនាំមកនូវផលិតផលដែលមានស្តង់ដារគុណភាពខ្ពស់បំផុតលើពិភពលោក។ នាពេលខាងមុខ ក្រុមហ៊ុន Vinamilk បន្តវិនិយោគទុនទៅក្នុងប្រព័ន្ធអភិវឌ្ឍន៍តំបន់វត្ថុធាតុដើម ដែលមានស្ដង់ដារអន្តរជាតិ និងពង្រីករោងចក្រដែលមានស្រាប់ ក៏ដូចជាវិនិយោគរោងចក្រថ្មីផងដែរ។
ដោយមានការខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុន Vinamilk មិនត្រឹមតែរក្សាបានឋានៈជាក្រុមហ៊ុនទឹកដោះគោរៀបចំណាក់ថ្នាក់ ទី ១ នៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងខិតមកជិតបំណងប្រាថ្នាក្លាយទៅជាក្រុមហ៊ុនទឹកដោះគោ ១ ក្នុងចំណោមក្រុមហ៊ុនទឹកដោះឈានមុខទាំង ៥០ នៅលើពិភពលោក ដែលទទួលបានប្រាក់ចំណូលជាំង ៣,៥ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២១ ទៀតផង៕