ទីក្រុងហាណូយ – សក្តានុពល និងឱកាសទាក់ទាញការវិនិយោគក្នុងឧស្សាហកម្ម semiconductor
(VOVWORLD) - ឧស្សាហកម្ម semiconductor គឺជាទិសដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសជាច្រើន រួមទាំងវៀតណាមផងដែរ ព្រោះនេះជាឧស្សាហកម្មសំខាន់ និងមានតម្លៃសេដ្ឋកិច្ចខ្ពស់។ រដ្ឋធានីហាណូយដែលមានទីតាំងយុទ្ធសាស្ត្រ និងគុណសម្បត្តិជាក់ស្តែងជាច្រើន ត្រូវបានមជ្ឈដ្ឋានអ្នកជំនាញវាយតម្លៃថា មានសក្តានុពលនិងឱកាសដ៏អស្ចារ្យ ដើម្បីអភិវឌ្ឍន៍និងទាក់ទាញការវិនិយោគលើវិស័យបច្ចេកវិទ្យា រួមទាំងឧស្សាហកម្ម semiconductor ផងដែរ។
ផែនការរបស់រដ្ឋធានីហាណូយ ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ បានផ្តល់អាទិភាពលើការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប semiconductor និងបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេក្នុងការអភិវឌ្ឍផ្នែកឧស្សាហកម្មថ្មី ស្របតាមនិន្នាការបច្ចេកវិទ្យារបស់ពិភពលោក។ ទន្ទឹមនឹងនោះ កសាងទីក្រុងហាណូឲ្យក្លាយយទៅជាមជ្ឈមណ្ឌលឈានមុខគេក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ អភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្សារភ្ជាប់ជាមួយប្រព័ន្ធនវានុវត្តន៍នៃតំបន់ដីសណ្ដទន្លេក្រហមនិងទូទាំងប្រទេស; ជាមជ្ឈមណ្ឌលរចនានិងផ្គត់ផ្គង់ផលិតផល semiconductor និងបញ្ញាសិប្បនិម្មិតឈានមុខគេនៅទូទាំងប្រទេស ដើរទន្ទឹមនឹងបណ្តាប្រទេសក្នុងតំបន់និងលើពិភពលោកក្នុងវិស័យមួយចំនួន។ លោក Nguyen Viet Hung ប្រធានមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយ បានឲ្យដឹងថា៖ “នៅក្នុងផែនការមេរដ្ឋធានី យើងក៏បានលើកឡើងពីផែនការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម semiconductor ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលនិយាយរួម និងឧស្សាហកម្មបន្ទះឈីបនិយាយដោយឡែកនៅរដ្ឋធានីហាណូយ។ ជាឧទាហរណ៍ មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Hoa Lac នឹងកំណត់ទីតាំងរបស់ទីក្រុងមួយនៅភាគខាងលិចរដ្ឋធានីហាណូយ។ បើនិយាយពីភូមិសាស្ត្រ ចរាចរណ៍ និងធនធានមនុស្ស ទីក្រុងហាណូយមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតបន្ទះឈីបនៅវៀតណាម”។
សហគ្រាសផ្លាស់ប្តូរព័ត៌មានអំុពីការអភិវឌ្ឍផលិតផល នៅទិវាបុណ្យតភ្ជាប់ការវិនិយោគបច្ចេកវិទ្យា Semiconductor ទីក្រុងហាណូយឆ្នាំ ២០២៤។ រូបថត៖ Hoai Nam/ kinhtedothi.vn |
បច្ចុប្បន្ននេះ ទីក្រុងមណ្ឌលឧស្សាហកម្មប្រមាណ ១១ ដែលបានបញ្ចប់ការសាងសង់និងកំពុងដំណើរការ ជាមួយនឹងផ្ទៃដីសរុបចំនួន ២.៩៣០ ហិកតា។ នៅក្នុងមណ្ឌលឧស្សាហកម្មទាំងនេះ ម៉ាកយីហោធំៗជាច្រើនមកពីមហាអំណាចឧស្សាហកម្មបានបណ្តាក់ទុនរាប់ពាន់លានដុល្លារអាមេរិក ហើយផលិតផលជាច្រើនបានចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល។ ក្នុងនោះ មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Hoa Lac មានផ្ទៃដីជិត ១.៦០០ហិកតា ហើយបច្ចុប្បន្នមានគម្រោងវិនិយោគចំនួន ១១ ជាមួយទុនវិនិយោគចុះបញ្ជីសរុបជាង ១១១.៥០០ ពាន់លានដុង។ ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នាពេលកន្លងទៅ ទីក្រុងហាណូយបានបន្តកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម ត្រួតពិនិត្យយ៉ាងសកម្មនូវនីតិវិធីរដ្ឋបាល កែសម្រួលនិងពន្លឿនការទទួល និងដោះស្រាយនីតិវិធី បង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយគាំទ្រអង្គភាពអាជីវកម្ម រៀបចំសកម្មភាពជំរុញការវិនិយោគ កិច្ចសន្ទនាធុរកិច្ច ដោះស្រាយបញ្ហាលំបាកនិងឧបសគ្គជាច្រើនសម្រាប់សហគ្រាសក្នុងដំណើរការផលិតកម្មនិងអាជីវកម្ម។ លោកបណ្ឌិត Vo Xuan Hoai នាយករងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម (NIC) ក្រសួងផែនការ និងវិនិយោគបានចាត់ទុកថា៖ “បច្ចុប្បន្ននេះ ទីក្រុងហាណូយមានលក្ខខណ្ឌចាំបាច់ជាច្រើនដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor។ ជាពិសេស ទាក់ទងនឹងស្ថាប័នគោលនយោបាយ ច្បាប់រដ្ឋធានីដែលទើបបានរដ្ឋសភាអនុម័ត និងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ជាមួយនឹងយន្តការគោលនយោបាយអនុគ្រោះជាក់លាក់ជាច្រើនសម្រាប់ឧស្សាហកម្ម semiconductor ក៏ដូចជាបញ្ញាសិប្បនិម្មិត។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធវិញ យើងបានសម្រេចជាស្ថាពរហើយ។ បច្ចុប្បន្ន ទីក្រុងហាណូយមានមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Hoa Lac ដែលមានសហគ្រាសបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាសាជីវកម្មបច្ចេកវិទ្យាធំៗដូចជា FPT, Viettel... និងសាកលវិទ្យាល័យធំៗដូចជា សាកលវិទ្យាល័យជាតិហាណូយ មហាវិទ្យាល័យ FPT និងវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង (VKIST) ក៏ដូចជាមជ្ឈមណ្ឌលនវានុវត្តន័ជាតិផងដែរ”។
ដើម្បីអភិវឌ្ឍឧស្សាហកម្ម semiconductor កត្តាសំខាន់មួយ និងមិនអាចខ្វះបានគឺធនធានមនុស្សដែលមានគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ទីក្រុងហាណូយមានសាកលវិទ្យាល័យឈានមុខគេជាច្រើនក្នុងផ្នែកបច្ចេកវិទ្យាដូចជា៖ សាកលវិទ្យាល័ពហុបច្ចេកទេសហាណូយ; មហាវិទ្យាល័យបច្ចេកវិទ្យា (សាកលវិទ្យាល័យជាតិហាណូយ); មហាវិទ្យាល័យ FPT... ជាមួយនឹងកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅលើបច្ចេកទេសនិងបច្ចេកវិទ្យា semiconductor ។ លោក សាស្ត្រាចារ្យបណ្ឌិត Nguyen Dinh Duc ប្រធានក្រុមប្រឹក្សាមហាវិទ្យាល័យបច្ចេកវិទ្យា សកលវិទ្យាល័យជាតិហាណូយ បានឲ្យដឹងថា៖ “នាប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុងហាណូយមានដំណោះស្រាយវិនិយោគជាច្រើនសម្រាប់សាកលវិទ្យាល័យមួយចំនួន ហើយបានអនុវត្តគម្រោងសហប្រតិបត្តិការ ក្នុងនោះមានសាកលវិទ្យាល័យជាតិហាណូយ និងសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ ... ប្រការនេះបានបង្ហាញថា ទីក្រុងហាណូយមានធនធានយ៉ាងខ្លាំង ក្នុងការផ្លាស់ប្តូរឌីជីថលនិងអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor”។
លោក Nguyen Viet Hung ប្រធានមន្ទីរព័ត៌មាន និងផ្សព្វផ្សាយទីក្រុងហាណូយបានចែករំលែកអំពីសក្តានុពល និងគុណសម្បត្តិនៃគោលនយោបាយទាក់ទាញការវិនិយោគ និងអភិវឌ្ឍឧស្សាហកម្ម semiconductor របស់ទីក្រុងហាណូយ។ រូបថត៖ VnEconomy |
ដោយមានលក្ខខណ្ឌអំណោយផល ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយរហូតដល់ប្រជាជន យោងតាមមជ្ឈដ្ឋានអ្នកជំនាញ ទីក្រុងហាណូយមានកត្តាទាំងអស់ដើម្បីក្លាយជាគោលដៅទាក់ទាញវិនិយោគិនក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យា semiconductor។ នេះគឺជាឧត្តមភាពដ៏ធំធេងសម្រាប់ ដើម្បីទាក់ទាញវិនិយោគិនជាយុទ្ធសាស្ត្រ។ លោក Tran Dang Hoa ប្រធានក្រុមហ៊ុនកម្កាត់ FPT IS និងជាប្រធានក្រុមហ៊ុនភាគហ៊ុន Semiconductor FPT (FPT Semiconductor) បានធ្វើអត្ថាធិប្បាយថា៖ “បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden មកកាន់វៀតណាម បានបើកចេញឱកាសដ៏ធំធេង សម្រាប់វៀតណាមក្នុងការចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្ម semiconductor ជាមួយនឹងទំហំទឹកប្រាក់ ៦០០ ពាន់លានដុល្លារអាមេរិក។ ហើយទីក្រុងហាណូយនឹងក្លាយជាកត្តាដែលមិនអាចខ្វះបាននៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor របស់វៀតណាម”។
ឧស្សាហកម្ម semiconductor ត្រូវបានព្យាករណ៍ថា នឹងមានតម្លៃប្រាក់ចំណូលលើសពី ១.០០០ ពាន់លានដុល្លារអាមេរិក។ សម្រាប់ទីក្រុងហាណូយ នេះគឺជាឧស្សាហកម្មដែលសន្យាថានឹងនាំមកនូវតម្លៃនាំចេញរាប់ពាន់លានដុល្លា; ទន្ទឹមនឹងនោះ បង្កើតបុព្វបទដើម្បីជំរុញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរដ្ឋធានី។ ច្បាប់រដ្ឋធានីឆ្នាំ ២០២៤ ក៏ដូចជាផែនការមេរដ្ឋធានីហាណូយនាពេលអនាគត សុទ្ធតែកំណត់អាទិភាពលើការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប semiconductor និងបញ្ញាសិប្បនិម្មិត។ នេះជាមូលដ្ឋានគ្រឹះនិងជាកម្លាំងចលករដើម្បីក្រុងហាណូយក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម semiconductor នាពេលអនាគត៕