ខេត្ត Bac Ninh - ជាចំណុចភ្លឺស្វាងក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនៅ (FDI) ឆ្នាំ ២០២០
(VOVWORLD) - នៅឆ្នាំ ២០២០ មានតំបន់ជាច្រើននៅទូទាំងប្រទេស ជួបប្រទះនឹងការលំបាកជាច្រើនក្នុងការទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយ សារការរីករាលដាលនៃជំងឺ COVID-១៩ ។ ប៉ុន្តែដោយមានភាពអំណោយផល ជាច្រើននិងគោលនយោបាយទាក់ទាញការវិនិយោគដ៏ល្អៗ ខេត្ត Bac Ninh នៅតែគូសសញ្ញាសំគាល់ដ៏ល្អប្រពៃនៅពេលដែលទាក់ទាញទុនវិយោគ FDI រហូតដល់ ៧០០ លានដុល្លារអាមេរិក ដែលជាចំណុចលេចធ្លោរបស់វៀតណាមក្នុងការទាក់ទាញទុនវិនិយោគផងដែរ។
ទិដ្ឋភាពទូទៅមើលពីអាកាសនៅពេលយប់នៅរោងចក្រ Samsung ខេត្ត Bac Ninh (រូបថតៈ vietnamhoinhap.vn) |
ដោយមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីក្រុងហាណូយ ខេត្ត Bac Ninh ស្ថិតក្នុងក្រុមខេត្តភាគខាងជើងវៀតណាម ដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងមានតំបន់ឧស្សាហកម្មទំនើបៗបំផុត និងជាតំបន់មានកម្លាំងពលករ វ័យក្មេងដ៏ច្រើនសម្បូរបែបផងដែរ។ លើសពីនេះទៅទៀតវត្តមានរបស់សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសធំៗជាច្រើននៅលើពិភពលោកអស់រយៈពេល រាប់សិបឆ្នាំកន្លងមកដូចជា Samsung, Canon, Foxcon ជាដើម ក៏បាននិងកំពុងក្លាយទៅជាកត្តាសំខាន់ ដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងភាព ជំនាញវិជ្ជាជីវៈ។ ទោះបីជារងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ប៉ុន្តែដោយមានបរិយាកាសអាជីវកម្មបើកចំហ ទីតាំងធ្វើពាណិជ្ជកម្មអំណោយផល និងហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពប្រសើរឡើង ខេត្ត Bac Ninh នៅតែកំលាំងទាក់ទាញចំពោះវិនិយោគិននៅឆ្នាំ ២០២០ ។ លោក Nguyen Dinh Xuan ប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Bac Ninh បានអោយដឹងថា៖ « ក្នុងដំណាក់កាល ២០១០-២០១៥ យើងខ្ញុំបានទាក់ទាញទុនវិនិយោគ ៨,៨ ពាន់លានដុល្លារអាមេរិក ហើយនៅក្នុងដំណាក់កាល ២០១៦-២០២០ យើងខ្ញុំក៏បានទាក់ទាញទុនវិនិយោគ ៨,៣ ពាន់លានដុល្លារអាមេរិកដែរ។ សូម្បីតែនៅឆ្នាំ ២០២០ ដែលជាឆ្នាំដ៏លំបាកសម្រាប់ពិភពលោក ក៏ដូចជាសម្រាប់ប្រទេសវៀតណាមដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែ ខេត្ត Bac Ninh យើងខ្ញុំក៏បានអនុវត្តរាល់ដំណោះស្រាយទាំងអស់ ដែលអាចធ្វើបាន ហើយយើងខ្ញុំបានទាក់ទាញដើមទុនវិយោគជិត ១ ពាន់លានដុល្លារអាមេរិក។ អាចនិយាយបានថានេះគឺជាចំណុចភ្លឺស្វាងមួយនៃការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសរបស់ខេត្ត Bac Ninh ក្នុងរយៈពេលយូរអង្វែងផងដែរ»។
នាបច្ចុប្បន្ននេះ ខេត្ត Bac Ninh មានតំបន់ឧស្សាហកម្មសរុបចំនួន ១៦ ដែលត្រូវបានអនុម័តលើការកែសម្រួលនិងបំពេញបន្ថែមដោយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងនោះមានតំបន់ឧស្សាហកម្មចំនួន ១០ ត្រូវបានដាក់ឱ្យដំណើរការផងដែរ។ ចំនួនអង្គភាពអាជីវកម្មដែលកំពុងប្រតិបត្តិការនៅលើផ្ទៃដីនៅតំបន់ឧស្សាហកម្ម របស់ខេត្តសម្រេចបានលើសពី ៨០% ។ ម្យ៉ាងវិញទៀត រួមជាមួយក្រុមតំបន់ឧស្សាហកម្មចំនួន ២៦ ដែលមានវត្តមាននៅលើផ្ទៃដីសរុបជិត ៩០០ ហិកតា ខេត្ត Bac Ninh កំពុងតែជាតំបន់ដែលមានផលិតកម្មធំ ដើម្បីស្វាគមន៍វិនិយោគិនក្នុងស្រុកនិងអន្តរជាតិផងដែរ។ លោក Bui Hoang Mai ប្រធានគណៈគ្រប់គ្រងតំបន់ឧស្សាហកម្មនៃខេត្ត Bac Ninh បានមានប្រសាសន៍ថា៖ «គណៈគ្រប់គ្រងនៃតំបន់ឧស្សាហកម្មខេត្ត Bac Ninh មានកន្លែងទទួលភ្ញៀវ ហើយទី ២ គឺ ប្រអប់អ៊ីម៉ែលអេឡិចត្រូនិចទាំងមូលរបស់ប្រធាននិងអនុប្រធានគណៈគ្រប់គ្រងតំបន់ឧស្សាហកម្ម ក៏ត្រូវបានបើកជាប្រចាំផងដែរ។ ហេតុដូច្នេះ រាល់នីតិវិធីរដ្ឋបាល និងអ្វីៗដែលទាក់ទងនឹងពាក្យបណ្តឹងតវ៉ា ក៏ត្រូវបាន គណៈគ្រប់គ្រងដោះស្រាយទាន់ពេលវេលា ហើយវិនិយោគិនបានវាយតម្លៃខ្ពស់ចំពោះការងារនេះតែម្តង។ នៅឆ្នាំ ២០២០ យើងខ្ញុំបានដោះស្រាយនីតិវិធីរដ្ឋបាលបញ្ជរតែមួយប្រមាណ ៤.៦០០ ច្បាប់។ ក្នុងនោះ ភាគច្រើនដោះស្រាយរាល់បញ្ហាទាន់ពេលវេលា ប្រមាណ ២០% មុនថ្ងៃផុតកំណត់»។
ទិដ្ឋភាពនៃតំបន់ឧទ្យានឧស្សាហកម្ម Yen Phong ( ខេត្ត Bac Ninh) ដែលជាតំបន់ប្រមូលផ្តុំសហគ្រាសវិនិយោគផ្ទាល់ពីបរទេសជាច្រើន (រូបថត៖ dangcongsan.vn) |
ជារៀងរាល់ឆ្នាំ ខេត្ត Bac Ninh នៅតែមានការជួបជុំគ្នា និងការសន្ទនារវាងថ្នាក់ដឹកនាំខេត្តនិងសហគ្រាស ដោយមានការផ្លាស់ប្តូរថ្មីនូវវិធីសាស្រ្ត ទម្រង់ និងខ្លឹមសារនៃការងារជំរុញវិនិយោគ តាមទិសដៅផ្តោតសំខាន់លើការទាក់ទាញវិនិយោគ តភ្ជាប់ជាមួយនឹងការកសាងរូបភាពពិសេសៗរបស់ខេត្ត ដើម្បីទាក់ទាញគម្រោងធំៗ ហើយក៏បង្កើតការរីកសាយភាយទាក់ទាញគម្រោង «ផ្កាយរណបជំនួយ»ផ្សេងៗទៀតផងដែរ។ លោក Oh Jea Hyun នាយកក្រុមហ៊ុន Anyone Vina ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ៖ «សម្រាប់ក្រុមហ៊ុនឬអង្គភាពអាជីវកម្មបរទេសណាក៏ដោយ នៅពេល ដំបូង ឡើយក៏ជួបការលំបាកខ្លាំងដែរ ក៏ប៉ុន្តែយើងខ្ញុំទទួលបានការសហការនិងការគាំទ្រជាច្រើនពីស្ថាប័នពាក់ព័ន្ធនានារបស់ខេត្ត Bac Ninh ។ ហេតុដូច្នេះ នៅពេលក្រុមហ៊ុនរបស់យើងកំពុងដំណើរការ ប្រសិនបើមានចម្ងល់ឬការលំបាកណាមួយទាក់ទងនឹងការងារ យើងខ្ញុំតែងតែទាក់ទងនិងសាកសួរជាមួយស្ថាប័នរដ្ឋ ដូចជាស្ថាប័នទទួលបន្ទុកពន្ធដារ និងស្ថាប័នពាក់ព័ន្ធនានា ហើយក៏ ទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័ស ក៏ដជាជំនួយឧបត្ថម្ភយ៉ាងយកចិត្តទុកដាក់ផងដែរ»។
ជាមួយនឹងគោលនយោបាយនិងយន្តការច្នៃប្រឌិតថ្មី ខេត្ត Bac Ninh បានទាក់ទាញវិនិយោគិនជាច្រើនមកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៧ ដែលមានខឿនផលិតកម្មឧស្សាហកម្មទំនើបនិងវឌ្ឍនភាពដូចជា ជប៉ុន កូរ៉េខាងត្បូង អឺរ៉ុបនិងអាមេរិកជាដើម។ ក្នុងនោះឧស្សាហកម្មអេឡិចត្រូនិកគឺជាវិស័យមុខព្រួញដ៏សែនសំខាន់ដែលមានសមាមាត្រស្មើនឹងជាង ៨០% នៃតម្លៃផលិតកម្មនៃឧស្សាហកម្មទាំងមូល។ ដើម្បីបង្កើតការចាប់អារម្មណ៍ដោយឥតឈប់ឈរក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុកនិងបរទេស ខេត្ត Bac Ninh បន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែលម្អបរិយាកាសវិនិយោគតាមទិសមានអត្ថប្រយោជន៍ដល់វិនិយោគិន ប៉ុន្តែនៅតែសមស្របតាមបទប្បញ្ញត្តិនាបច្ចុប្បន្ននៃ ច្បាប់ និងផ្តល់អាទិភាពដល់គម្រោងដែលប្រើប្រាស់ដីធ្លីនិងកម្លាំងពលកម្មតិចជាដើមផងដែរ។
ពិតណាស់ថា ខេត្ត Bac Ninh សម្រេចបានសមិទ្ធិផលដ៏លេចធ្លោ មាន សន្ទស្សន៍សេដ្ឋកិច្ចសង្គមជាច្រើន ស្ថិតក្នុងក្រុមឈានមុខគេនៅទូទាំងប្រទេស ព្រមទាំងបង្កើតឡើងគំរូឆ្នើម ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ ខេត្ត Bac Ninh មានបំណងក្លាយទៅជាខេត្តមួយដែលមានបរិយាកាសធុរកិច្ចនិងវិនិយោគបើកចំហរកាន់តែខ្លាំងឡើង ហើយការប្រកួតប្រជែងថ្នាក់ខេត្តឈរនៅលំដាប់កំពូលនៃប្រទេសវៀតណាម និងជាចំណុចភ្លឺស្វាងក្នុងការទាក់ទាញវិនិយោគបរទេសផងដែរ៕