ខេត្ត Binh Phuoc ពង្រឹងសកម្មភាពកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្លាស់ប្តូរវប្បធម៌
(VOVWORLD) - ក្នុងបរិបទដែលវៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនោះ កិច្ចការបរទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គមនិងស្ថិរភាពនយោបាយ ការពារជាតិ-សន្តិសុខរបស់តំបន់នីមួយៗ ដែលក្នុងនោះ ខេត្ត Binh Phuoc បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច លើកកម្ពស់ឋានៈរបស់ខេត្ត Binh Phuoc និយាយដោយឡែក និងវៀតណាមនិយាយរួមលើឆាកអន្តរជាតិ។
សូមស្តាប់សម្លេងនៅទីនេះ៖
ច្រកព្រំដែនអន្តរជាតិ Hoa Lu (ស្ថិតនៅស្រុក Loc Ninh) (ប្រភព៖ binnhphuoc.gov.vn) |
ជាខេត្តមួយដែលមានទីតាំងស្ថិតនៅតំបន់ណាមបូខាងកើត និងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងនៃប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាង ២៦០ គីឡូម៉ែត្រជាមួយព្រះរាជាណាចក្រកម្ពុជា, Binh Phuoc គឺជាច្រកចេញចូលនិងជាស្ពានតភ្ជាប់តំបន់ណាមបូខាងកើតជាមួយបណ្តាខេត្ត Tay Nguyen និងប្រទេសមិត្តកម្ពុជា។ ខេត្ត Binh Phuoc មានច្រកព្រំដែនអន្តរជាតិមួយគឺ Hoa Lu (ស្ថិតនៅស្រុក Loc Ninh); ច្រកព្រំដែនសំខាន់មួយគឺ Hoang Dieu (ស្ថិតនៅស្រុក Bu Dop); ច្រករបៀង ចំនួន ២ គឺ៖ Loc Thinh (Binh Phuoc) - ទន្លេ Cham (កំពង់ចាម) និង Tan Tien (Binh Phuoc) – Chay Kh’Leng (ខេត្តក្រចេះ)។ ដោយមានទីតាំងភូមិសាស្ត្រពិសេស ហេតុដូច្នេះ កិច្ចការបរទេសតែងតែបានថ្នាក់ដឹកនាំខេត្ត Binh Phuoc ផ្តោតការយកចិត្តទុកដាក់ខ្ពស់ផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការបរទេសនៅក្នុងខេត្ត តែងតែត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងមូលដ្ឋាន ផ្តោតការយកចិត្តទុកដាក់តាមរយៈការផ្សព្វផ្សាយក្នុងទម្រង់ផ្សេងៗគ្នា។ តាមរយៈសកម្មភាពកិច្ចការបរទេស ខេត្ត Binh Phuoc តែងតែលើកកម្ពស់នូវទស្សនៈអំពីអធិបតេយ្យភាពការពារ ឯករាជ្យភាពរបស់ប្រទេសជាតិ និងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន។
ទន្ទឹមជាមួយគ្នានោះ ខេត្ត Binh Phuoc ក៏តែងតែបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មក្នុងខេត្តចូលរួមរាល់សន្និសីទស្តីពីការអភិវឌ្ឍពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រទេសផ្សេងៗ និងពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិ។ ក្រៅពីនោះ ខេត្តក៏បានរៀបចំសិក្ខាសាលានានាដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្មនិងការលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយបណ្តាអង្គការបរទេស។ ហេតុដូច្នេះ ខេត្តបានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន។ លោក Bui Quoc Khanh អនុប្រធានមន្ទីរកិច្ចការបរទេស និងជាអនុប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពខេត្ត Binh Phuoc បានអោយដឹងថា៖ “ខេត្ត Binh Phuoc បានចូលរួមយ៉ាងសកម្មទៅក្នុងបណ្តាសកម្មភាពផ្សព្វផ្សាយ ដើម្បីជំរុញការវិនិយោគនិងពាណិជ្ជកម្មទេសចរណ៍ ជាពិសេស ពង្រីកទំហំសេដ្ឋកិច្ចរបស់ខេត្ត រួមទាំងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយខេត្តនិងទីក្រុងនានាទូទាំងប្រទេស ក៏ដូចជាប្រទេសភូមិផងរបងជាមួយ ដូចជាកម្ពុជា ឡាវ និងប្រទេសមួយចំនួននៅភាគអាស៊ីនិងបណ្តាប្រទេសអឺរ៉ុបទៀតផង។ គោលដៅចុងក្រោយគឺដើម្បីទាក់ទាញប្រភពដើមទុនក្នុងខេត្តនិងផ្សព្វផ្សាយអំពីរូបភាពប្រទេសជាតិនិងប្រជាជន Binh Phuoc ទៀតសោត។ ដោយឡែក នៅខេត្ត Binh Phuoc សព្វថ្ងៃ យើងក៏បានបង្កើតទំនាក់ទំនងការទូតពិសេសជាមួយខេត្តប្រទេសមិត្តជាប់ព្រំដែន។ យើងមានព្រំដែន ២៦០ គីឡូម៉ែត្រជាមួយប្រទេសកម្ពុជា។ ក្នុងនោះ មានខេត្តចំនួន ៣ ដែលយើងខ្ញុំបានចងសម្ព័ន្ធមិត្តគឺខេត្តមណ្ឌលគីរី ខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ។ យើងខ្ញុំក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តជាប់គ្នា ចំនួន ៣ ទៀត សរុបទៅគឺ Binh Phuoc បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តចំនួន ៦ របស់កម្ពុជា។ គោលដៅគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការវិនិយោគនិងការជួយឧបត្ថម្ភសម្រាប់ប្រជាជនវៀតណាមនៅកម្ពុជាផងដែរ”។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc លោក Nguyen Van Tram (ខាងស្តាំ) និងអភិបាលរងខេត្តក្រចេះលោក Hoeu Siyem (ឆ្វេង) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើឱ្យប្រសើរនូវច្រករបៀងTan Tien (Binh Phuoc) – Chay Kh’Leng (ខេត្តក្រចេះ) នៅថ្ងៃទី ៦ កក្កដា ឆ្នាំ ២០១៦ (ប្រភព៖ binnhphuoc.gov.vn) |
ទន្ទឹមជាមួយគ្នានោះ គណៈប្រតិភូជាច្រើនរបស់ Binh Phuoc បានធ្វើទស្សនកិច្ចមិត្តភាពនៅបណ្តាខេត្តជិតខាង ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនិងផ្សព្វផ្សាយអំពីរូបភាពនិងប្រជាជន Binh Phuoc ទៅកាន់មិត្តភក្តិអន្តរជាតិ។ ពោលគឺ ខេត្តបានធ្វើទស្សនៈកិច្ចទៅកាន់បណ្តាខេត្តដូចជា ខេត្ត Savanakhet, Champasak, Salavan, Attapeu (នៃប្រទេសឡាវ); ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង (នៃប្រទេសកម្ពុជា)។ លើសពីនេះទៅទៀត ជារៀងរាល់ឆ្នាំ ខេត្តតែងតែរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីដល់អាជ្ញាធរនិងប្រជាជនកម្ពុជានិងឡាវផងដែរ។ លោក Bui Quoc Khanh បានបន្ថែមទៀតថា៖ “យោងតាមផែនការដែលបានដាក់ចេញសម្រាប់ត្រីមាសទី៣នៃឆ្នាំនេះ គឺគណៈកម្មាធិការបក្សខេត្តបានអនុវត្តសារាចរណែនាំលេខ ៣០ របស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីកិច្ចការបរទេស យើងក៏បានត្រៀមកម្មវិធីសម្រាប់គណៈកម្មាធិការបក្សខេត្តដើម្បីចុះហត្ថលេខាជាមួយគណបក្សនយោបាយដែលកំពុងកាន់អំណាចនៅតាមខេត្តនានានៃព្រះ រាជាណាចក្រកម្ពុជាហើយបានចុះហត្ថលេខាជាមួយគណៈកម្មាធិការបក្សនៃបណ្តាខេត្តរបស់ភាគីឡាវ។ តាមរយៈសកម្មភាពនេះ គណៈកម្មាធិការបក្សខេត្ត និងខេត្តជាប់ព្រំដែននានា ពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងអាជីវកម្ម ទាំងក្នុងការទំនុកបំរុងជួយគ្នាទៅវិញទៅមក ទាំងជួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្រៅពីនោះ យើងក៏បានអនុវត្តន៍ល្អរាល់ការសម្របសម្រួលជាមួយនាយកដ្ឋានផ្សេងទៀត ដើម្បីអំពាវនាវឱ្យមានការលើកកម្ពស់ការវិនិយោគទៀតផង”។
អាចនិយាយបានថា កិច្ចការបរទេសនៃខេត្ត Binh Phuoc បានចូលរួមចំណែករឹតចំណងមិត្តភាព ធ្វើឱ្យដៃគូយល់កាន់តែច្បាស់ថែមទៀតអំពីគោលនយោបាយការបរទេសរបស់វៀតណាម ក៏ដូចជាសុឆន្ទៈរបស់ខេត្ត Binh Phuoc ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ជាពិសេសពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា និងចំណងមិត្តភាពរវាងខេត្ត Binh Phuoc និងខេត្តភូមិផងរបងជាមួយផង។ តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌សិល្បៈនិងកីឡា បានរួមចំណែកពង្រឹងសាមគ្គីភាព មិត្តភាពនិងការយោគយល់គ្នារវាងប្រជាជនខេត្ត Binh Phuoc និយាយដោយឡែកនិងប្រជាជនវៀតណាមនិយាយរួម ជាមួយប្រទេសនៃបណ្តាប្រទេសក្នុងតំបន់និងជុំវិញពិភព លោក៕