ខេត្ត Lao Cai អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព
Manh Phuong, Huyen -  
(VOVWORLD) - ខេត្ត Lao Cai គឺជាខេត្តព្រំដែណនៅតំបន់ព្រៃភ្នំភាគពាយ័ព្យវៀតណាម ដែលមានគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ ដូចជាអាកាសធាតុអំណោយផល ធនធានធម្មជាតិសម្បូរបែប និងអត្តសញ្ញាណវប្បធម៌វិសេសវិសាល។ Lao Cai បានស្វាគមន៍ភ្ញៀវទេសចរជាង ៣,៥ លាននាក់ ស្មើនឹង ៤១,៦% នៃផែនការឆ្នាំ។ សម្រេចបានលទ្ធផលនេះគឺដោយសារមានវិធីសាស្ត្រច្នៃប្រឌិត និងមានប្រសិទ្ធភាពរបស់អង្គភាពអាជីវកម្មទេសចរណ៍ ជាពិសេសសហគមន៍នៅក្នុងតំបន់។
ស្រុក Bac Ha ខេត្ត Lao Cai មានកន្លែងស្នាក់នៅចំនួនជាង ១០០ កន្លែង ដែលអាចទទួលភ្ញៀវបានប្រហែល ៣ ពាន់នាក់ក្នុងមួយថ្ងៃនិងយប់។
Homestay (ប្រភេទទេសចរណ៍ស្នាក់នៅក្នុងផ្ទះរបស់អ្នកស្រុក) របស់គ្រួសារលោក Vàng Văn Tân នៅភូមិ Na Lo ឃុំ Tà Chai ស្រុក Bac Ha មានបទពិសោធន៍ប្រតិបត្តិការជាច្រើនឆ្នាំ ជាមួយនឹងស្ថាបត្យកម្មផ្ទះឈើផុតពីដីប្រពៃណីរបស់ជនជាតិ Tay អាចទទួលភ្ញៀវប្រហែល ៦០នាក់។ ជាមួយនឹងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ Homestay នេះក៏បានរៀបចំសកម្មភាពវប្បធម៌ប្រពៃណីជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនអ្នក។ លោក Vàng Văn Tân បានឲ្យដឹងថា៖ “យើងបានបោះសម្អាតផ្ទះសម្បែង និងកែលម្អគ្រឿងសង្ហារឹមមួយចំនួន ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍កាន់តែល្អ។ ភ្ញៀវទេសចរណ៍មកទីនេះអាចទទួលបានបទពិសោធន៍វប្បធម៌ និងម្ហូបអាហារផងដែរ” ។
ស្រុក Bac Ha ខេត្ត Lao Cai មានកន្លែងស្នាក់នៅចំនួនជាង ១០០ កន្លែង ដែលអាចទទួលភ្ញៀវបានប្រហែល ៣ ពាន់នាក់ក្នុងមួយថ្ងៃនិងយប់។ រូបថត៖ VOV |
ដើម្បីទាក់ទាញភ្ញៀវទេសចរ មូលដ្ឋាននានាក្នុងខេត្ត Lao Cai បានរៀបចំសកម្មភាព និងព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យ និងទេសចរណ៍ប្លែកៗជាច្រើន។ ការងារជំរុញ និងផ្សព្វផ្សាយទេសចរណ៍ ត្រូវបានយកចិត្តទុកដាក់ ជាមួយនឹងគោលដៅនិងដំណោះស្រាយស៊ីសង្វាក់គ្នា។ លោក Bùi Văn Vinh ប្រធានមន្ទីរវប្បធម៌ និងព័ត៌មានស្រុក Bac Ha ខេត្ត Lao Cai បានឲ្យដឹងថា៖ “ទស្សនៈរបស់យើងគឺ ត្រូវស្វាគមន៍ភ្ញៀវដោយគុណភាព ទើបភ្ញៀវមកលេងម្តងហើយ នឹងមកលេងម្តងទៀត។ ដើម្បីស្វាគមន៍ភ្ញៀវ យើងខ្ញុំមានដំណោះស្រាយជាច្រើនដូចជា៖ លើកទឹកចិត្តឲ្យបណ្តាគ្រួសារដែលធ្វើ Homestay ជាពិសេសគ្រួសារដែលទើបធ្វើថ្មី ទៅសិក្សាស្វែងយល់អំពីគំរូនៅបណ្តាស្រុកជិតខាងទាំងក្នុង ឬក្រៅខេត្ត”។
ដើម្បីលើកកំពស់គុណភាពទេសចរណ៍ នាពេលកន្លងទៅ គ្រប់កម្រិត និងគ្រប់ផ្នែកក្នុងខេត្ត Lao Cai បានជំរុញខ្លាំងការឃោសនា បង្កើនការយល់ដឹង និងគំនិតច្នៃប្រឌិតរបស់សហគមន៍ និងអង្គភាពអាជីវកម្មទេសចរណ៍ តាមទិសដៅអភិវឌ្ឍន៍ប្រកបដោយទំនួលខុសត្រូវ ការពារបរិស្ថានអេកូឡូស៊ី និងកសាងបរិស្ថានទេសចរណ៍ប្រកបដោយអរិយធម៌។ លោក Do Van Tan អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Sapa បានឲ្យដឹងថា៖ “ទីរួមស្រុក Sapa បានយល់ព្រមជាមួយសមាគមទេសចរណ៍ និងភ្នាក់ងារគ្រប់គ្រងក្នុងទីរួមស្រុក ដើម្បីរៀបចំលក្ខខណ្ឌសម្រាប់ការស្នាក់នៅ ម្ហូបអាហារ និងសន្តិសុខ។ ជាពិសេស ធានាសុវត្ថិភាពចរាចរណ៍ និងអនាម័យចំណីអាហារ”។
ព្រឹកព្រលឹមនៅទីរួមស្រុក Sa Pa ។ រូបថត៖ VOV |
ទេសចរណ៍ Lao Cai ក៏បានបង្កើនប្រសិទ្ធភាពតាមរយៈសកម្មភាពចងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ ដូចជាកម្មវិធីសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចនៃខេត្តក្រុងចំនួន ៥ គឺ ខេត្ត Lao Cai ទីក្រុងហាណូយ ទីក្រុង Hai Phong ខេត្ត Quang Ninh និងខេត្ត Yunnan (ចិន); កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តភាគពាយ័ព្យចំនួន ៨ និងទីក្រុងហូជីមិញ ; កម្មវិធីសហប្រតិបត្តិការជាមួយតំបន់ Nouvelle Aquitane (សាធារណរដ្ឋបារាំង)។ ជាមួយគ្នានោះ ខេត្ត Lao Cai កំពុងអនុវត្តផលិតផលទេសចរណ៍ថ្មីថ្មោងជាច្រើនដូចជា៖ គម្រោងសាងសង់តំបន់ទេសចរណ៍ឆ្នើមនៅភូមិ Nậm Rịa ឃុំ Hợp Thành ទីក្រុង Lao Cai; ភូមិ Seng Sui ឃុំ Lùng Thẩn ស្រុក Si Ma Cai; ភូមិ Lả Dì Thàng ឃុំ Tả Van Chư ស្រុក Bac Ha ...។ លោក Lại Vũ Hiệp អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Lao Cai បានឲ្យដឹងថា៖ “នាពេលខាងមុខនេះ យើងខ្ញុំនឹងរៀបចំសកម្មភាពជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នោះគឺស្រុក Bac Ha រៀបចំ Festival ខ្ពង់រាបពណ៌ស ហើយឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍នៅ Sapa, Y Ty, Bat Xat... ដោយធ្វើអាជីវកម្មលើកំពូលភ្នំនិងល្បាក់ទឹកធ្លាក់។ យើងបានផ្តល់ប្រឹក្សាឱ្យខេត្តកសាងទេសចរណ៍សហគមន៍ និងទេសចរណ៍បៃតងឆ្ពោះទៅរកការលើកកម្ពស់គុណភាពទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេស ។ ដំណោះស្រាយមួយទៀតគឺរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិនៅឆ្នាំ២០២៤ ដើម្បីតភ្ជាប់ទីផ្សារទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិមកកាន់ទីក្រុង Lao Cai”។
ឆ្នាំនេះ Lao Cai ខិតខំទទួលភ្ញៀវទេសចរណ៍ចំនួន ៨,៥លាននាក់ ជាមួយនឹងប្រាក់ចំណូលជាង ២៧ ពាន់ពាន់លានដុង (ជាង ១ ពាន់លានដុល្លារអាមេរិក)។ ដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ ខេត្ត Lao Cai ផ្តោតសំខាន់លើការលើកកំពស់គុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងកសាងផលិតផលថ្មីថ្មោង ខិតខំក្លាយជាគោលដៅគួរឲ្យទាក់ទាញនៅតំបន់ព្រៃភ្នំភាគខាងជើង ដែលជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតទាំង១០ របស់វៀតណាម៕
Manh Phuong, Huyen