ខេត្ត Ninh Thuan ពន្លឿនវិនិយោគ បង្កើតកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
(VOVWORLD) - ខេត្ត Ninh Thuan គឺជាច្រកផ្លូវតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ណាមបូខាងកើត ជាមួយបណ្ដាខេត្តនៅតំបន់ Tay Nguyen និង តំបន់ភូមិភាគកណ្ដាលប៉ែកខាងត្បូងហើយត្រូវបានចាត់ទុកថា ជាតំបន់ដី ដែលមានសក្តានុពល និងឧត្តមភាពយ៉ាងច្រើន ព្រមទាំងត្រូវបានកំណត់ជាតំបន់សំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងមូល។
តំបន់សេដ្ឋកិច្ចឆ្នេរភាគខាងត្បូងនៃខេត្ត Ninh Thuan នឹងមានផ្ទៃដីសរុប ៤៣៩ គីឡូម៉ែត្រការ៉េ។ រូបថត៖ dautuvatinhdoanh.vn |
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ខេត្ត Ninh Thuan កំពុងខិតខំប្រឹងប្រែងអំពាវនាវ និងពន្លៀនការវិនិយោគ ដើម្បីនាំខេត្ត Ninh Thuan ឲ្យក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនទាំងជាតិ និងអន្តរជាតិ។
ដោយមានសក្ដានុពល និងប្រៀបខ្លាំងថ្មី អំពីថាមពលកកើតឡើងវិញ ទេសចរណ៍លំដាប់ខ្ពស់ សេដ្ឋកិច្ចសមុទ្រ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងអចលនទ្រព្យ ខេត្ត Ninh Thuan គឺជា "អាស័យដ្ឋានក្រហម" របស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ ដោយមានឧត្តមភាពជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់ភាគខាងត្បូងខេត្តកំពុងរៀបចំផែនការសាងសង់ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចជាប់សមុទ្ររបស់វៀតណាម ជាមួយគម្រោងសំខាន់ៗ ខេត្ត Ninh Thuan នឹងអភិវឌ្ឍន៍ បង្កើតនគរជាប់សមុទ្រចំនួន ៥ រួមមាន៖ Vinh Hy, Thanh Hai, Khanh Hai, Phan Rang - Thap Cham, Son Hai និង Ca Na។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan លោក Tran Quoc Nam បានឲ្យដឹងថា៖ “នារយៈពេលកន្លងទៅ ខេត្តបានរួមដំណើរជាមួយសហគមន៍ធុរកិច្ច មិនត្រឹមតែតាមរយៈសម្ដីនិយាយប៉ុណ្ណោះទេ ថែមទាំងធ្វើសកម្មភាពជាក់ស្ដែងជាច្រើនទៀតផង។ ពិតណាស់ថា យើងខ្ញុំនឹងធ្វើកំណែទម្រង់បែបបទវិនិយោគ និងយន្តការណ៍ គោលនយោបាយយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីបង្កើត ទំនុកចិត្តពិតប្រាកដដល់សហគមន៍ធុរកិច្ច និងវិនិយោគិន នៅពេលមកបណ្ដាក់ទុននៅខេត្ត Ninh Thuan ជាពិសេសគឺវិនិយោគិននឹងនរចិត្ត ហើយចាត់ទុកដូចជាកំពុងនៅផ្ទះរបស់ខ្លួនអញ្ចឹង ដើម្បីធ្វើការ អនុវត្តន៍គម្រោងសម្រាប់ខ្លួនឯង។ យើងខ្ញុំជឿជាក់ និងរំពឹងថា វិនិយោគិននឹងនរចិត្តនៅពេលមកខេត្ត Ninh Thuan ដើម្បីបង្កើតផលិតផល ដែលមានគុណភាពខ្ពស់សម្រាប់សហគ្រាស ក៏ដូចជាសម្រាប់ខេត្ត Ninh Thuan ផងដែរ"។
ដោយមានទស្សនវិស័យយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលខាងមុខគឺ "Ninh Thuan – តំបន់ដីប្រមូលផ្ដុំតម្លៃខុសប្លែក" ខេត្តមានគោលការណ៍ប្រមូលផ្ដុំផ្នែកដែលមានសក្តានុពល គុណសម្បត្តិប្រៀបធៀបរបស់ខេត្ត ហើយមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងផ្ដល់អាទិភាពអភិវឌ្ឍលើក្រុមផ្នែកចំនួន ៥ រួមមាន៖ ថាមពលកកើតឡើងវិញ និងថាមពលស្អាត; ទេសចរណ៍; ឧស្សាហកម្ម កែច្នៃ; កសិកម្មបច្ចេកវិទ្យាខ្ពស់; សំណង់ - អាជីវកម្មអចលនទ្រព្យ។ លោក Truong Van Tien អនុប្រធានមន្ទីរផែនការ និងវិនិយោគខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ខេត្ត Ninh Thuan កំពុងពន្លឿនការសាងសង់កំពង់ផែ Ca Na ហើយនេះ គឺជាកំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាពអាចទទួលនាវាចំណុះ ៣០ ម៉ឺនតោន។ ទន្ទឹមនឹងនេះ ពន្លឿនគម្រោងសំខាន់ៗនៅតំបន់ភាគខាងត្បូងដូចជា៖ មជ្ឈមណ្ឌលអគ្គិសនី LNG Ca Na ដែលមានទ្រង់ទ្រាយ ១,៥០០ MGA; ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម; ឃ្លាំងផ្ទុកប្រេងសាំង; កែច្នៃ។ ពន្លឿនល្បឿនហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ជាពិសេសគឺខ្សែផ្លូវគមនាគមន៍តភ្ជាប់ជាមួយមណ្ឌលឧស្សាហកម្មCa Na និងកំពង់ផែសមុទ្រ Ca Na ។ ខេត្តក៏ផ្តោតលើការទាក់ទាញការវិនិយោគលើវិស័យថាមពលផងដែរ។ អំពីវិស័យកសិកម្ម និងជលផល ខេត្តបានផ្តល់អាទិភាពលើគម្រោងផលិតពូជជលផល អនុវត្តន៍បច្ចេកវិទ្យាខ្ពស់ក្នុងការផលិត បង្គាពូជ។ ទន្ទឹមនឹងនេះ វិស័យឧស្សាហកម្មកែច្នៃ មេកានិកនឹងដើរតាមទិសដៅបច្ចេកវិទ្យាស្អាតផងដែរ”។
Ninh Thuan កំពុងសាងសង់កំពង់ផែ Ca Na។ រូបថត៖ Doan Si/VOV |
ក្នុងដំណាក់កាល ២០២១-២០៣០ ខេត្ត Ninh Thuan ដាក់ចេញគោលដៅសម្រេចឲ្យបានល្បឿនកំណើនសេដ្ឋកិច្ចជាមធ្យមដល់ ១០,៨៤% ក្នុងមួយឆ្នាំ។ ដល់ឆ្នាំ ២០៣០ ផលិតផលក្នុងតំបន់សរុប (GRDP) ក្នុងមនុស្សម្នាក់នឹងសម្រេចបានជាង ៨០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចសមុទ្រស្រូបយកពី ៤៥-៤៦% នៃ GRDP; សេដ្ឋកិច្ចនគរស្រូកយក ៧០% នៃ GRDP ។ ដើម្បីអនុវត្តន៍គោលដៅដូចពោលខាងលើ ខេត្ត Ninh Thuan បន្តជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្លាស់ប្ដូរថ្មីគំរូកំណើនយ៉ាងស៊ីជម្រៅ ប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញនវានុវត្តភាព ផ្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល លើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ លោក Su Dinh Vinh ប្រធានក្រុមប្រឹក្សាគ្រប់គ្រងបណ្ដាមណ្ឌលឧស្សាហកម្មខេត្ត Ninh Thuan បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន របបអនុគ្រោះនានាសម្រាប់វិនិយោគិនរបស់ខេត្ត Ninh Thuan គឺល្អបំផុតនៅទូទាំងប្រទេស។ លើសពីនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តគឺអំណោយផលណាស់។ ផ្លូវជាតិ និងផ្លូវដែកបានឆ្លងកាត់មណ្ឌលឧស្សាហកម្មទាំងអស់។ នៅភូមិភាគខាងជើងមានកំពង់ផែ Cam Ranh (ខេត្ត Khanh Hoa) ហើយនៅភូមិភាគខាងត្បូងមានកំពង់ផែទឹកជ្រៅ Ca Na។ ក្រៅពីនោះ ខេត្តជិតខាងទាំង ៣ របស់ខេត្ត Ninh Thuan សុទ្ធតែមានព្រលានយន្តហោះផងដែរ”។
ខេត្ត Ninh Thuan កំពុងកៀរគប្រភពធនធានជាអតិបរមា ដើម្បីវិនិយោគសុក្រិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដោយព្រមៗគ្នា ទំនើប ពហុគោលបំណង មានលក្ខណៈតភ្ជាប់ខ្ពស់ ពង្រីកសក្កានុពល ឧត្តមភាព បង្កើតកម្លាំងចលកររីកសាយភាយ ជំរុញការអភិវឌ្ឍ។ ខេត្ត Ninh Thuan កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីក្លាយទៅជាខេត្តនាំមុខក្នុងការទាក់ទាញទុនវិនិយោគរបស់វៀតណាម ហើយជាគោលដៅមកដល់ប្រកបដោយជោគជ័យសម្រាប់វិនិយោគិនទាំងជាតិ និងអន្តរជាតិផងដែរ៕