ខេត្ត Quang Ninh រក្សាស្ថិរភាព និងអភិវឌ្ឍន៍ផលិតកម្មឧស្សាហកម្មក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ដើម្បីរក្សាយ៉ាងរឹងមាំសន្ទុះកំណើននៃវិស័យឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងផលិតកម្ម សំដៅធ្វើជាកម្លាំងចលករស្នូលនៃកំណើនសេដ្ឋកិច្ចមូលដ្ឋាននោះ នារយៈពេលកន្លងទៅ ខេត្ត Quang Ninh បានអនុវត្តន៍ដំណោះស្រាយជាច្រើនដោយផ្តោតសំខាន់លើការរក្សាស្ថិរភាព និងអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម ធ្វើអាជីវកម្ម ក៏ដូចជាបង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាពិសេស នៅតាមមណ្ឌលឧស្សាហកម្មនៅមូលដ្ឋានខេត្តផងដែរ។
សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ |
ដើម្បីធានាសុវត្ថិភាពជូនកម្មករជាង ២៨ ពាន់នាក់ ដែលកំពុងធ្វើការនៅមណ្ឌល ឧស្សាហកម្មចំនួន ៤ នៅមូលដ្ឋាននោះ ខេត្ត Quang Ninh បានបន្ត ណែនាំ បង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងដោះស្រាយការលំបាកជូនសហគ្រាសដោយផ្ទាល់។ មណ្ឌលឧស្សាហកម្មនីមួយៗសុទ្ធតែបានបង្កើតគណៈកម្មការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ហើយបានរៀបចំផែនការឆ្លើយតបនឹងរាល់ស្ថានភាពជំងឺរាតត្បាត ដែលកើតមានឡើង។
ជារៀងរាល់សប្តាហ៍ បណ្ដាសហគ្រាសបានធ្វើតេស្តិដោយចៃដន្យរកវីរុស SARS-CoV-2 លើពលករ និងអ្នកផ្តល់សេវាកម្មដល់អង្គភាព ចំនួន ២០% ។ ទន្ទឹមនឹងនេះអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់រដ្ឋាភិបាល។ អ្នកស្រី Luu Thi Hue កម្មការិនីផលិតសម្លៀកបំពាក់នាំចេញនៅមណ្ឌលឧស្សាហកម្ម Viet Hung បានឲ្យដឹងថា៖ “នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ ក្នុងនាមជាពលករចំណាក់ស្រុក យើងខ្ញុំបានរួមដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ យើងខ្ញុំមិនត្រឹមតែមានការងារធ្វើប្រកបដោយស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់ពីភាគីសហជីពទៀតផង។ ដូច្នេះហើយយើងខ្ញុំពិតជាមានអារម្មណ៍នឹងនរចិត្តណាស់”។
នៅខេត្ត Quang Ninh កម្មករ ពលករអ្នកជំនាញបរទេសនៅតាមមណ្ឌលឧស្សាហកម្មសុទ្ធតែទទួលបានការចាក់វាក់សាំងបង្ការកូវីដ ១៩ ដូសទី ១ រួចរាល់ ហើយកំពុងបន្តទទួលបានការចាក់វ៉ាក់សាំងដូស ទី ២ ទៀតបានជួយពលករមានអារម្មណ៍នឹងនរចិត្ត ហើយសហគ្រាសនានាអាចប្រតិការជាប់លាប់ ចៀសវាងការកាត់ផ្ដាច់ខ្សែសង្វាក់ផលិតកម្ម។ លោក Park Hyo Gyun ប្រធានក្រុមហ៊ុន Bumjin Electronic នៅមណ្ឌលឧស្សាហកម្ម Dong Mai បានអះអាងថា៖ “យើងខ្ញុំទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដោយឥតគិតថ្លៃ។ រហូតមកដល់បច្ចុប្បន្ននេះ មានកម្មករចំនួន ៩០% ទទួលបានការចាក់វ៉ាក់សាំងដូសទី ២ ហើយ។ នេះគឺជាក្ដីសប្បាយរីយរាយដ៏អស្ចារ្យ។ នាបច្ចុប្បន្ននេះ Quang Ninh គឺជាខេត្តមួយ ដែលរក្សាបានបរិយាកាសសុវត្ថិភាព ជួយក្រុមហ៊ុនបន្តផលិតកម្ម និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាព។ យើងបានចាប់ផ្តើមនាំចេញកញ្ចប់ទំនិញដំបូង កាលពីឆ្នាំមុន ហើយនាបច្ចុប្បន្ននេះ នៅតែបន្តពង្រីកទ្រង់ទ្រាយ ក៏ដូចជាបង្កើនផលិតភាពផងដែរ”។
សកម្មភាពនៅផ្នែកផលិតនិងកែច្នៃនៅខេត្ត Quang Ninh ( រូបថត៖ VOV) |
ដើម្បីជំនះពុះពារលើផលវិបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ ចាប់តាំងពីដើមឆ្នាំមក សន្ទស្សន៍អភិវឌ្ឍន៍ឧស្សាហកម្មរបស់ខេត្ត Quang Ninh បានកើនឡើង ៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វិស័យឧស្សាហកម្មកែច្នៃ និងផលិតកម្មនៅតែជាចំណុចភ្លឺ ខណៈពេលដែលបានកើនឡើង ៣៤,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ហើយនេះគឺជាកម្លាំងកំណើនស្នូល។ ដើម្បីរក្សាយ៉ាងរឹងមាំសសរស្តម្ភផលិតកម្មឧស្សាហកម្មនោះ ខេត្ត Quang Ninh បានផ្ដោតសំខាន់លើការអនុវត្តន៍វិធានការជាច្រើន ជាពិសេសគឺធានាការធ្វើចរាចរណ៍ ដឹកជញ្ជូន និងផ្គត់ផ្គង់សម្ភារៈពីមូលដ្ឋានផ្សេងៗ និងទំនិញនាំចេញចំពោះសហគ្រាសនៅមណ្ឌលឧស្សាហកម្ម។ លោក Hoang Quang Hai ប្រធានមន្ទីរគមនាគមន៍ និងដឹកជញ្ជូនខេត្ត Quang Ninh បានអោយដឹងថា៖ “នាបច្ចុប្បន្ន ខេត្ត Quang Ninh មានប៉ុស្កិ៍ត្រួតពិនិត្យយានយន្តចេញចូលចំនួន ១០ កន្លែង។ ដើម្បីជួយសម្រួលដល់សហគ្រាសដឹកជញ្ជូននោះ យើងខ្ញុំបានអនុវត្តន៍វិធានការ “ ផ្លូវសុវត្ថិភាព” ដោយបានផ្ដល់អាជ្ញាប័ណ្ណ សម្រាប់មធ្យោបាយដឹកជញ្ជូនជាង ១ ៨០០ ដែលបានប្រតិបត្តិការតាមផ្លូវសុវត្ថិភាពនេះ”។
ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ខេត្ត Quang Ninh នឹងដាក់ឲ្យដំណើរការគម្រោងកែច្នៃ និងផលិតកម្មចំនួន ៩ ហើយពន្លឿនការវិនិយោគ សំណង់ជាមូលដ្ឋាន និង ដំឡើងគ្រឿងម៉ាស៊ីន ឧបករណ៍សម្រាប់គម្រោងចំនួន ៧។ ទន្ទឹមនឹងនេះផ្ដោតសំខាន់លើការដោះស្រាយការលំបាក និងបង្កលក្ខណៈងាយស្រួល បង្កើនទិន្នផលជាអតិបរមាសម្រាប់គម្រោងឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ លើលពីនេះទៅទៀត ពន្លឿនការចាក់វ៉ាក់សាំង ជួយថែទាំជីវភាពរស់នៅជូនកម្មករ ពលករ ក៏ដូចជារក្សាស្ថិរភាព និងអភិវឌ្ឍន៍ផលិតកម្មក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តអូសបន្លាយផងដែរ៕