ចំណុចភ្លឺក្នុងវិស័យនាំចេញរបស់វៀតណាមឆ្នាំ២០១៧

(VOVWORLD) - បើទោះបីជាត្រូវប្រឈមមុខជាមួយការលំបាកជាច្រើនអំពីគ្រោះធម្មជាតិនិងទីផ្សារប្រើប្រាស់ក្ដី ប៉ុន្តែ ឆ្នាំ២០១៧ត្រូវបានចាត់ទុកថា ជាឆ្នាំជោគជ័យចំពោះវិស័យនាំចេញរបស់វៀតណាម។
ចំណុចភ្លឺក្នុងវិស័យនាំចេញរបស់វៀតណាមឆ្នាំ២០១៧ - ảnh 1រោងចក្រកែច្នៃជលផលនាំចេញ (រូបថត៖ congnghieptieudung.vn) 

ក្រសួងឧស្សាហពាណិជ្ជកម្មព្យាករណ៍ថា ទំហំនាំចេញក្នុងឆ្នាំនេះគ្រោងឡើងដល់២០០ ពាន់លានដុល្លាអាមេរិក កើនជាង១៣%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញនិងហួសពីផែនការដែលត្រូវបានដាក់ចេញ។ ជាពិសេសក្នុងឆ្នាំ២០១៧ ការនាំចេញរបស់វៀតណាមមានចំណុចលេចធ្លោជាច្រើនថែមទៀត។

     តាមការវាយតំលៃរបស់ក្រសួងឧស្សាហពាណិជ្ជកម្មថា ប្រភេទទំនិញដែលរួមវិភាគទានយ៉ាងធំបំផុតទៅក្នុងទំហំនាំចេញនៃឆ្នាំនេះគឺ៖ ទូរស័ព្ទនិងគ្រឿងបន្លាស់នាំមកនូវប្រាក់ចំនួន៣៩ពាន់លានដុល្លា ទំនិញតម្បាញកាត់ដេរនាំមកនូវ២៥ពាន់លានដុល្លា ហើយទំនិញអេឡិចត្រូនិក កុំព្យូទ័រនិងគ្រឿងបន្លាស់ក៏នាំមកនូវ២២ពាន់លានដុល្លាផងដែរ។

     ដើម្បីទទួលបានលទ្ធផលសកម្មក្នុងការនាំចេញនោះ ចាប់ពីដើមឆ្នាំមក វៀត ណាមបានឆ្លៀតយកឧត្តមភាពរបស់ខ្លួនដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែងនៅទី ផ្សារជាច្រើន។ ឧទាហរណ៍គឺ ខណៈដែលគ្រឿងឈើរបស់ចិនត្រូវអាមេរិកដាក់ពន្ធប្រឆាំងការលក់បង្ខូចថ្លៃនោះ បណ្ដាលឲ្យការបញ្ជាទិញគ្រឿងឈើរបស់អាមេរិក ផ្លាស់ប្ដូរជាបណ្ដើៗទៅតំបន់អាស៊ាន ក្នុងនោះមានវៀតណាមផង។ សហគ្រាសនាំចេញឈើក្នុងប្រទេសបានក្ដាប់ជាប់ឧកាសនេះ ហើយទទួលបានចំណូលចំនួន៣,៦៦ពាន់លានដុល្លាក្នុងឆមាសទី១ឆ្នាំ២០១៧។ លោក Nguyen Ton Quyen ប្រធានសមាគមន៍ឈើនិងរុក្ខផលវៀតណាម បានចែករំលែកថា៖

     “យើងខ្ញុំគ្រោងនឹងទទួលបានចំណូលចំនួន៧,៥ពាន់លានដុល្លាក្នុងឆ្នាំនេះ កើន១៥%បើប្រៀបនឹងឆ្នាំទៅមិញ។ លទ្ធផលនេះគឺដោយសារទទួលបានកំណើននៅទីផ្សារស្នូលនានាដូចជាអាមេរិកនិងកូរ៉េខាងត្បូង។ ចំពោះទីផ្សារថ្មីថ្មោងដូចជាឥណ្ឌា កាណាដា រុស្ស៊ីនិងតំបន់មជ្ឈឹមបូព៌ា គឺសុទ្ធតែមានសញ្ញាគួរឲ្យសុទិដ្ឋិនិយមដែរ”។

ចំណុចភ្លឺក្នុងវិស័យនាំចេញរបស់វៀតណាមឆ្នាំ២០១៧ - ảnh 2ផ្លែស្រកានាគរបស់វៀតណាមត្រូវបានទីផ្សារពិភពលោកនិយមចូលចិត្ត (រូបថត៖ congnghieptieudung.vn)

     ទន្ទឹមនឹងនោះ ក្នុងឆ្នាំ២០១៧ មុខទំនិញកសិផលរបស់វៀតណាមបានឆ្លៀតចូលក្នុងទីផ្សារដោយបទដ្ឋានខ្ពង់ខ្ពស់ដូចជាអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីជាដើម។ គិតដល់ខែវិច្ឆិកា ទំហំនាំចេញបន្លែផ្លែឈើទទួលបាន៣,១៦ពាន់លានដុល្លា ហួសឆ្ងាយពីមុខទំនិញសំខាន់ផ្សេងទៀតដូចជាអង្ក កៅស៊ូនិងតែ។ មិនធ្លាប់មានពេលណាដែលទំនិញបន្លែផ្លែឈើរបស់វៀតណាមត្រូវបានទីផ្សារនាំចូលវាយតំលៃខ្ពស់ដូចឆ្នាំនេះទេ។ លោក Tang Xuan Truong នាយកក្រុមហ៊ុនHung Viet នៅខេត្ត Hai Duong ឲ្យដឹងថា៖

     “បរិមាណការបញ្ជាទិញគឺច្រើនណាស់ ជួលកាលហួសពីលទ្ធភាពផ្គត់ផ្គង់របស់យើងខ្ញុំ ហើយគុណភាពរបស់ទំនិញនាំចេញក៏ត្រូវបានវាយតំលៃខ្ពស់ដែរ”។

     រួមជាមួយការបោះជំហានអភិវឌ្ឍន៍ក្នុងការនាំចេញបន្លែផ្លែឈើ គឺត្រូវនិយាយដល់ការនាំចេញជលផលទៀតផង។ ប្រសិនបើនាដើមឆ្នាំនេះ ផ្នែកជលផលដាក់គោលដៅទំហំនាំចេញចំនួន៧,៤ពាន់លានដុល្លា គឺក្នុងប៉ុន្មានខែចុងឆ្នាំអាចឡើងដល់កំរិត៨ពាន់លានដុល្លា។ តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទថា ល្បឿនកំណើន GDP របស់ផ្នែកកសិកម្មក្នុងឆ្នាំនេះ គឺប្រហែល៣%។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuongបានអះអាងថា៖

     “ឆ្នាំនេះវិស័យកសិកម្មបន្តអភិវឌ្ឍន៍ ដោយនាំមកនូវចំណូលឡើងដល់៣៥ ពាន់លានដុល្លា។ យើងប្ដេជ្ញាចិត្តរៀបចំការធ្វើផលិតកម្មតាមខ្សែសង្វាក់ កែច្នៃឲ្យ បានល្អ ហើយបើកទូលាយទីផ្សារនាំចេញថែមទៀត។ គុណភាពកសិផលត្រូវឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារផ្ទៃក្នុងជាមួយមនុស្សចំនួន៩២លាននាក់និងទីផ្សារនាំចេញជាមួយមនុស្សចំនួន៧ពាន់លាននាក់លើទូទាំងពិភពលោក”។

     រាល់ចំណុចភ្លឺក្នុងការនាំចេញកសិផលអះអាងថា កសិកម្មបន្តជាសសរទ្រង់សំខាន់ និងនាំមកនូវតំលៃធំធេងសំរាប់ខឿនសេដ្ឋកិច្ចជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ