ជំរុញការតភ្ជាប់៖ កូនសោរនៃកំណើននាំចេញកសិផល
(VOVWORLD) -ជំរុញការតភ្ជាប់ផលិតកម្ម ជាមួយការកែច្នៃ តាមសញ្ញាទីផ្សារ គឺជា ខ្លឹមសារសំខាន់មួយ ដែលត្រូវបានផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទកំពុងអនុវត្តន៍តាមសំណើររបស់នាយករដ្ឋមន្ត្រី។ គោលដៅនៃផ្នែកកសិកម្មវៀតណាមគឺខិតខំប្រឹងប្រែងទទួលបានតម្លៃប្រាក់នាំចេញ ៤៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។
ប្រជាកសិករវៀតណាមកំពុងប្រមូលផលការ៉ុត |
លទ្ធផលកំណើនរួមនៃផ្នែកកសិកម្មទាំងមូលក្នុងឆ្នាំទៅមិញ គឺមិនអាចខ្វះបាននូវការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរជន សហករណ៍ និងស្ថាប័នតាក់តែងគោលនយោបាយក្នុងការជំរុញផលិតកម្ម ដែលតភ្ជាប់នឹងការកែច្នៃលើគ្រប់វិស័យដូចជា៖ ការដាំដុះ ការចិញ្ចឹមសត្វ ជលផល និងការកែច្នៃកសិផល។ ជំនះលើរាល់ឧបសគ្គបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងស្ដង់ដាដ៏តឹងរឹងនៃទីផ្សារនាំចេញដូចជាសហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប (EU) នោះ តម្លៃប្រាក់នាំចេញកសិកម្មក្នុងឆ្នាំ ២០១៨ ទទួលបានកម្រិតជាកំណត់ត្រា ៤០,២ ពាន់លានដុល្លារអាមេរិក កើន ៣,១ ភាគរយ ដោយបន្តអះអាងនូវកិត្យានុភាព និងគុណភាពនៃកសិផលវៀតណាម ដែលជាប្រទេសននាំចេញកសិផលជួរមុខនៅលើពិភពលោក។
បណ្ដារូបគំរូតភ្ជាប់ផលិត លក់ដូរកសិផលប្រកបដោយជោគជ័យនារយៈពេលកន្លងទៅ មិនត្រឹមតែបើកឱកាសសហប្រតិបត្តិការជាច្រើនរវាងសហគ្រាសប៉ុណ្ណោះទេ ថែមទាំងបង្កើតទំនុកទុកចិត្ត ការចូលរួមយ៉ាងម្ចាស់ការរបស់ក្រុមគ្រួសារកសិករ សហករណ៍ នាំមកនូវប្រាក់ចំណូលខ្ពស់សម្រាប់កសិករ។ លោក Nguyen Duc Menh នាយកក្រុមហ៊ុនភាគហ៊ុនកែច្នៃកសិផល ចំណីអាហារ Tan Huong ឃុំ Cam Van ស្រុក Cam Giang ខេត្ត Hai Duong បានចែករំលែកថា៖ ជារៀងរាល់ឆ្នាំ សហគ្រាសបានប្រមូលទិញបន្លែ ផ្លែឈើ រាប់រយ រាប់ពាន់តោនរបស់កសិករ បម្រើការនាំចេញ និងលក់នៅក្នុងស្រុក ជាពិសេសគឺកសិផលមានវត្តមាននៅទីផ្សារជប៉ុន និង កូរ៉េខាងត្បូង។
“នាបច្ចុប្បន្ននេះ សហគ្រាសកំពុងតភ្ជាប់ជាមួយសមាជិកសហករណ៍ឃុំ ហើយ ត្រូវមានតំបន់វត្ថុធាតុដើមរបស់ខ្លួនផ្ទាល់ ដើម្បីចុះហត្ថលេខាលើកុងត្រាជាមួយដៃគូ ដោយម្ចាស់ការ។ នាដើមឆ្នាំ២០១៩ យើងខ្ញុំទទួលបានការបញ្ជាទិញប្រមាណ ៥០០ តោនរបស់ជប៉ុន និងជាង ១០០ តោនរបស់កូរ៉េខាងត្បូង។ ចំពោះ
កសិលផលនាំចេញ យើងខ្ញុំត្រូវធានាសុវត្ថិភាព និងគុណភាពចំណីអាហារយ៉ាងម៉ត់ចត់ តាមតម្រូវការរបស់ដៃគូ ទើបបាននាំចេញផងដែរ”។
យោងតាមលោក Nguyen Quoc Toan ប្រធានស្តីទីនាយកដ្ឋាន កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារកសិផល នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមថា ប្រសិនបើយើងវិនិយោគកសិកម្មតាមរបៀបរបបនោះ គឺអាចនាំមកនូវប្រសិទ្ធភាពខ្ពស់សម្រាប់សហគ្រាស។ ប្រការសំខាន់គឺត្រូវបង្កើតជំនឿទុកចិត្តសម្រាប់សហគ្រាសជាមួយបរិយាកាសវិនិយោគជ្រះស្រឡះ ក៏ដូចជាដោះស្រាយការលំបាក និងឧបសគ្គអំពីដីធ្លី ប្រភពទុន ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបន្តគាំទ្រតាមការបញ្ជាណែនាំរបស់រដ្ឋាភិបាលចូលរួមដំណើរការអភិវឌ្ឍន៍កសិផលនាំចេញ។ លោក Nguyen Quoc Toan បានឲ្យដឹងថា៖
"ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិលើវិស័យកសិកម្មនោះ យើងត្រូវរៀបចំផលិតកម្មតាមខ្សែសង្វាក់តម្លៃ។ ទន្ទឹមនឹងនេះ ត្រូវលើកកម្ពស់សមត្ថភាពកែច្នៃ និងលទ្ធភាពតភ្ជាប់របស់អង្គភាពនីមួយៗ។ ដើម្បីបង្កើនតម្លៃប្រាក់នាំចេញនោះ យើងត្រូវបន្តធ្វើបច្ចុប្បន្នកម្ម និងជូនដំណឹងដល់សហគមន៍ធុរជនអំពីបទបញ្ញត្តិ ឧបសគ្គខាងបច្ចេកទេសខាងពាណិជ្ជកម្មរបស់បណ្ដាប្រទេសនាំចូល ដើម្បីក្ដាប់ជាប់តម្រូវការ ក៏ដូចជាកសាងយុទ្ធសាស្ត្ររបស់សហគ្រាសដោយម្ចាស់ការផងដែរ"។
ចំណែកឯលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម Nguyen Xuan Cuong បានចាត់ទុកថា កសិករគប្បីជំរុញខ្លាំងការតភ្ជាប់ជាមួយសហគ្រាសប្រមូលទិញ និងកែច្នៃ កសិផលប្រកបដោយចីរភាព។
"ជំរុញការតភ្ជាប់ខ្សែសង្វាក់អាស្រ័យលើតំបន់នីមួយៗ ដើម្បីបង្កើតតំបន់ច្រកជំនាញ។ ប្រើប្រាស់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាឲ្យបានល្អបំផុតដើម្បីទទួលបានទិន្នផលខ្ពស់បំផុត ហើយមានតម្លៃទាបបំផុត។ ទន្ទឹមនឹងនេះ ត្រូវផលិតចេញវត្ថុធាតុដើមល្អ ប្រកបដោយអនាម័យ និងគុណភាព ហើយនេះជាមូលដ្ឋានសំដៅធ្វើអាជីវកម្មជាមួយសហគ្រាស និងសិប្បកម្មកែច្នៃ លក់ដូរ"។
ដោយមានការស្រុះចិត្តគំនិត និងច្នៃប្រឌិតរបស់កសិករ សហគ្រាស មូលដ្ឋានផលិត សហករណ៍ រួមជាមួយយន្តការលើកទឹកចិត្ត និងទាក់ទាញសហគ្រាសបោះទុនវិនិយោគ បង្កើនតម្លៃកសិផលនោះ ផ្នែកកសិកម្មវៀតណាមខិតខំប្រឹងប្រែងទទួលបានកំណើន ៣ % និងតម្លៃប្រាក់នាំចេញពី ៤២ ទៅ ៤៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។ លើសពីនេះទៅទៀត ផ្នែកកសិកម្មវៀតណាមខិតខំប្រឹងប្រែងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ និងស្ថិតនៅក្នុងក្រុមប្រទេសទាំង ១៥ ដែលមានខឿនកសិកម្មអភិវឌ្ឍន៍បំផុតទៀតផង៕