ជំរុញដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - នារយៈពេលកន្លងទៅ ទោះបីជាសេដ្ឋកិច្ចពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ក៏ដោយ ប៉ុន្តែ GDP វៀតណាមនៅតែសម្រេចបានល្បឿនកំណើនដ៏ល្អបង្គួរ បណ្ដាតុល្យភាពត្រូវបានធានា; សន្ទស្សន៍បរិយាកាសធ្វើអាជីវកម្មកើនឡើង ១២% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីពេលផ្ទុះ ជំងឺរាតត្បាតកូវីដ ១៩ រលកទី ៤ មក។
ជំរុញដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1លោក Andrew Jeffries នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសវៀតណាម (រូបថត៖ VGP)

បណ្ដាអង្គការអន្តរជាតិបានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនៅឆ្នាំនេះនឹងសម្រេចបានចាប់ពី ៥,៣ ទៅ ៦,៥% ដែលជាកម្រិតទាបបើប្រៀបធៀបនឹងដំណាក់កាលមិនទាន់ផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែនៅតែជាសញ្ញាបញ្ជាក់ថា៖ សហគមន៍ធុរកិច្ចអន្តរជាតិមានជំនឿជាក់លើអនាគតសេដ្ឋកិច្ចរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃសកលលោកផងដែរ។

សម្ព័ន្ធក្រុមហ៊ុនកាត់ដេរ Dap Cau មានមូលដ្ឋាននៅខេត្ត Bac Ninh គឺជាសហគ្រាសកាត់ដេរដែលមានបរិមាណទំនិញប្រមាណ ៩៨% សម្រាប់នាំចេញទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក។ ក្នុងអំឡុងពេល ផ្ទុះជំងឺរាតត្បាតកូវីដ ១៩ រលកទី ៤ ក្រុមហ៊ុនត្រូវបញ្ឈប់ប្រតិបត្តិការដោយសារមានពលករជា F0។ យោងតាមការប៉ាន់ប្រមាណបានឲ្យដឹងថាការខូចខាតក្នុងអំឡុងពេលនោះគឺ ៦០០ ពាន់លានដុង។ លោក Nguyen Duc Thang នាយកប្រតិបត្តិក្រុមហ៊ុនកាត់ដេរ Dap Cau បានឲ្យដឹងថា៖ “ក្នុងពេលវេលាដ៏លំបាកបែបនេះ យើងខ្ញុំទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាល ខេត្ត និងក្រុង ដើម្បីធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ជាក់ស្ដែង ពលករ និងក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ពីសេចក្ដីសម្រេចចិត្តលេខ ៦៨ របស់រដ្ឋាភិបាល ហើយទទួលបានគោលនយោបាយធានារ៉ាប់រង។ នាបច្ចុប្បន្ននេះ  សហគ្រាសបានស្ដារផលិតកម្មអាជីវកម្ម ១០០ % ឡើងវិញ ហើយពលករបានទៅធ្វើការជាធម្មតាផងដែរ”។

យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា រដ្ឋាភិបាលចាំបាច់ត្រូវសិក្សាស្រាវជ្រាវ និងអនុវត្តន៍វិធានការទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ឲ្យបានឆាប់ៗ ដើម្បីស្តារឡើងវិញសកម្មភាពដោះដូរទំនិញជាមួយបណ្តាប្រទេសដែលមានសកម្មភាពពាណិជ្ជកម្មច្រើនជាមួយវៀតណាម។ លោក Andrew Jeffries នាយកប្រចាំប្រទេសវៀតណាមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកថា៖ ក្នុងរយៈពេលខ្លី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតគឺជាគោលដៅត្រូវធ្វើភ្លាមមួមរំពេច ហើយរដ្ឋាភិបាលវៀតណាមបន្តជំរុញខ្លាំងការបើកថវិកាចំណាយសម្រាប់គម្រោងវិនិយោគ សារធារណៈ ហើយទាក់ទាញការវិនិយោគពីវិស័យឯកជន។ ទន្ទឹមនឹងនេះ ត្រូវតែមានកញ្ចប់ជួយឧបត្ថម្ភសមស្របដើម្បីជួយសម្រួលសហគ្រាសស្ដារឡើងវិញ។

ជំរុញដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 2សេដ្ឋកិច្ចវិទូ លោក Nguyen Bich Lam អតីតប្រធានអគ្គនាយកដ្ឋានស្ថិតិ (រូបថត៖ VNA)

សេដ្ឋកិច្ចវិទូ លោក Nguyen Bich Lam អតីតប្រធានអគ្គនាយកដ្ឋានស្ថិតិបានចាត់ទុកថា នេះជាគោលដៅវិជ្ជមាន ប៉ុន្តែតម្រូវឲ្យខឿនសេដ្ឋកិច្ចទាំងមូលខិតខំប្រឹងប្រែងលើគ្រប់ជ្រុងជ្រោយ ជាពិសេសគឺខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាល។ ជាក់ស្ដែង រដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយការលំបាក និងឧបសគ្គអំពីយន្តការ និងគោលនយោបាយ និងនីតិវិធីរដ្ឋបាល ពិនិត្យ និងលុបចោលបទប្បញ្ញត្តិដែលមិនសមស្រប ហើយត្រូវ ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់; តម្លាភាព និងកាត់បន្ថយដំណើរការពាណិជ្ជកម្ម ម្ចាស់ការប្រភពវត្ថុធាតុដើម ការបង្កើនលក្ខណៈឯករាជ្យ និងស្វ័យភាពនៃខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ សហគមន៍ធុរកិច្ចចាំបាច់ត្រូវរៀបចំ លក្ខខណ្ឌគ្រប់គ្រាន់ ជំរុញផលិតកម្ម និងធ្វើអាជីវកម្ម ធានាប្រភពផ្គត់ផ្គង់ និងការធ្វើចរាចរទំនិញ។ ស្របតាមទស្សនៈនេះ លោក Phan Duc Hieu សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភាបានឲ្យដឹងថា៖ “សេដ្ឋកិច្ចវិទូទាំងជាតិ និងអន្តរជាតិសុទ្ធតែមានការព្យាករណ៍ស្រដៀងគ្នា និងមិនស្រដៀងគ្នា ប៉ុន្តែមានសុទិដ្ឋិនិយមជាក់ស្ដែង។ ខ្ញុំគិតថាការព្យាករណ៍នៅតែជាការព្យាករណ៍តែប៉ុណ្ណោះ ដោយមានគុណសម្បត្តិជាច្រើន ប៉ុន្តែនៅតែមានហានិភ័យដែលអាចកើតមានដែលយើងមិនអាចដឹង ប៉ុន្តែក៏មានហានិភ័យដែលបានកំណត់ដូចជាតម្លៃវត្ថុធាតុដើម អតិផរណា ជម្លោះអន្តរជាតិ។ ទោះយ៉ាងណាក៏ដោយយើងក៏មានសក្ដានុពលដើម្បីអភិវឌ្ឍន៍ឲ្យបានល្អប្រសើរជាង។ កំណើន ឬការអភិវឌ្ឍ គឺអាស្រ័យលើការខិតខំប្រឹងប្រែង និង របៀបដែលយើងធ្វើនាពេលអនាគតផងដែរ”។

លោក Francois Painchaud ប្រធានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា ចាំបាច់ត្រូវអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ វៀតណាមចាំបាច់ត្រូវមានគោលនយោបាយអាទិភាព ក្នុងនោះមានការជំរុញការស្ដារឡើងវិញ រក្សាទីផ្សារហិរញ្ញវត្ថុ និងគោលនយោបាយជាបន្ទាន់ដើម្បីជួយឧបត្ថម្ភដល់មុខសញ្ញាដែលជួបការលំបាកនិងងាយរងគ្រោះឲ្យទាន់ពេលវេលា។

ទស្សនៈ និងអនុសាសន៍របស់សេដ្ឋកិច្ចវិទូទាំងជាតិ និងអន្តរជាតិបានសរឲ្យឃើញថា ការស្ដារផលិកម្មនិងធ្វើអាជីវកម្ម - ការស្ដារកំណើនខឿនសេដ្ឋកិច្ចទាំងមូលឡើងវិញចាំបាច់ត្រូវចាត់ទុកថាជាអាទិភាពចម្បង។ ទោះជាយ៉ាងណាក៏ដោយចាំបាច់ត្រូវផ្ដោតសំខាន់លើការសិក្សាស្រាវជ្រាវ ពិនិត្យ និងកំណត់ដំណោះស្រាយទាំងនេះ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ នៅពេលដែលដំណោះស្រាយ និងគោលដៅរយៈពេលខ្លីត្រូវបានអនុវត្តន៍យ៉ាងល្អ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការពន្លឿន និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទាំងមូលនាពេលអនាគត ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចថ្មីដែលមានការវិវឌ្ឍយ៉ាងស្មុគស្មាញដូចដំណាក់កាលបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ