ផ្នែកវាយនភ័ណ្ឌកាត់ដេរវៀតណាមបន្សាំទៅនឹងទីផ្សារដើម្បីកំណើន
(VOVWORLD) - ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានកំណើនទាប ទីផ្សារហិរញ្ញវត្ថុមានហានិភ័យជាច្រើនដែលនាំឱ្យមាននិន្នាការរឹតបន្តឹងលើការចំណាយរបស់អតិថិជន ដែលក្នុងនោះវាយនភ័ណ្ឌកាត់ដេរតែងតែស្ថិតក្នុងចំណោមមុខទំនិញទាំង ៥ ដែលត្រូវបានកាត់បន្ថយ។ ទន្ទឹមនឹងនោះ គឺតម្រូវការជាបន្តបន្ទាប់អំពីទំនិញនាំចេញទាក់ទង់នឹងបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច។ ធុរកិច្ចវាយនភ័ណ្ឌកាត់ដេរវៀតណាមបាននិងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាមទិសអភិវឌ្ឍន៍ប្រកបដោយចីរភាពផង បត់បែនឆ្លើយតបនឹងស្ថានភាពផ្លាស់ប្តូរនិងរៀបចំប្រភពធនធានសមស្របដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងនិងកំណើនឡើងវិញផងដែរ។
បច្ចុប្បន្ន ទំហំពាណិជ្ជកម្មនិងចំណែកទីផ្សារវាយនភ័ណ្ឌកាត់ដេររបស់វៀតណាមកំពុងធ្លាក់ចុះ ដោយសារស្ថានភាពអាប់អួរនៅក្នុងទីផ្សាររួម ជាមួយនឹងតម្រូវការកាន់តែតឹងរឹងរបស់ទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាឱកាសសម្រាប់សហគ្រាសវាយនភ័ណ្ឌកាត់ដេរវៀតណាមផ្លាស់ប្តូរដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងអំពីតម្លៃនិងគុណភាពផលិតផល។ លោក Cao Huu Hieu អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌកាត់ដេរវៀតណាមបានឲ្យដឹងថា៖ “ចំពោះការបញ្ជាទិញកាត់ដេរ នៅតែមានការប្រកួតប្រជែងក្នុងតម្លៃ ក៏ប៉ុន្តែចំនួនការបញ្ជាទិញនិងអ្នកបញ្ជាទិញបានកើនឡើង។ នេះមិនត្រឹមតែជាបញ្ហារបស់ទីផ្សារអាមេរិកប៉ុណ្ណោះទេ ពីព្រោះអាមេរិកជាទីផ្សារប្រើប្រាស់វាយនភណ្ឌធំបំផុតលើពិភពលោក នៅពេលដែលទីផ្សារអាមេរិកឡើងកំដៅ វានឹងជំរុញតម្រូវការរបស់ប្រព័ន្ធទាំងមូល។ ទីពីរ ទីផ្សារអំបោះកំពុងឆ្លងកាត់ការលំបាក់អស់រយៈពេល ១៨ ខែជាប់ៗគ្នា។ តាមរយៈរបាយការណ៍របស់អង្គភាពនានា ទីផ្សារអំបោះគឺអាប់អួរណាស់។ ចំពោះផ្នែកកាត់ដេរ បានបង្ហាញសញ្ញានៃការប្រសើរឡើងចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ និងខែមករានេះ”។
លោក Cao Huu Hieu អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌកាត់ដេរវៀតណាម។ រូបថត៖ TTXVN |
ដើម្បីកំណត់ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មនិងចំណែកទីផ្សារវាយនភ័ណ្ឌកាត់ដេររបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកវាយនភ័ណ្ឌកាត់ដេរវៀតណាមបានបង្កើនការវិនិយោគលើបច្ចេកវិទ្យានិងបច្ចេកទេសថ្មី ដើម្បីកែលម្អផលិតភាព សន្សំសំចៃការចំណាយ ឆ្លើយតបនឹងតម្រូវការថ្មីរបស់ទីផ្សារ។ ប្រការនេះបានជួយផ្នែកវាយនភ័ណ្ឌកាត់ដេរបង្កើនសមត្ថភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត។ លោក Nguyen Xuan Duong ប្រធានក្រុមប្រឹក្សាភិបាលនៃអគ្គក្រុមហ៊ុនកាត់ដេរ Hung Yen បានចែករំលែកថា៖ “ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ មានសហគ្រាសជាច្រើនបានតម្រង់ទិសវិនិយោគលើផ្នែកវាយនភ័ណ្ឌកាត់ដេរនិងអំបោះ។ ក្រៅពីការកសាងខ្សែសង្វាក់នៅក្នុងផ្នែកនេះ យើងខ្ញុំក៏កំពុងឆ្ពោះទៅរកខ្សែសង្វាក់ជាមួយសហគ្រាសបរទេសផងដែរ”។
វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាច្រើន ដោយតភ្ជាប់ខឿនសេដ្ឋកិច្ចធំៗភាគច្រើនលើពិភពលោក ក្នុងនោះមាន FTA ជំនាន់ថ្មីដូចជា៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) ទាំងនេះជាលក្ខខណ្ឌអំណោយផលដើម្បីពង្រីកទីផ្សារសម្រាប់សហគ្រាស ក្នុងនោះមានសហគ្រាសវាយនភ័ណ្ឌកាត់ដេរ។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា ទោះបីជាទីផ្សារនាំចេញនៅតែមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែការវាយតម្លៃជាទូទៅមានចំណុចវិជ្ជមានមួយ នោះគឺសហគ្រាសកំពុងឆ្លៀតយក FTA ដើម្បីរក្សាការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ៖ “នេះជាដំណាក់កាលដែលធុរកិច្ចក៏បន្តអនុវត្តបទពិសោធន៍ និងមេរៀន ដែលទទួលបានដើម្បីអាចដាក់ចេញនូវយុទ្ធសាស្ត្រនិងគោលការណ៍សមស្រប សម្រាប់សកម្មភាពអាជីវកម្មរបស់ខ្លួន ។ ក្នុងនោះ យកចិត្តទុកដាក់ជាពិសេសលើរបាំងពាណិជ្ជកម្មថ្មីៗ ដែលកើតមានឡើងដូចជា៖ វិធានការការពារពាណិជ្ជកម្ម វិធានការទាក់ទិនដល់ពលកម្ម និងបរិស្ថានជាដើម”។
រូបថត៖ Tran Viet/TTXVN |
យុទ្ធសាស្ត្រអភិវឌ្ឍន៍វាយនភ័ណ្ឌកាត់ដេរ និងស្បែកជើងរបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យឆ្នាំ ២០៣៥ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ផ្នែកវាយនភ័ណ្ឌកាត់ដេរគឺជាផ្នែកទំនិញនាំចេញសំខាន់មួយរបស់ប្រទេសជាតិ មានផលិតផលប្រកបដោយគុណភាព មានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក រក្សាឋានៈរបស់ខ្លួនក្នុងក្រុមប្រទេសផលិតនិងនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរឈានមុខគេនៅលើពិភពលោក។ លោក Vu Duc Giang ប្រធានសមាគមវាយនភ័ណ្ឌកាត់ដេរវៀតណាមបានមានប្រសាសន៍ថា៖ “ដើម្បីអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ ត្រូវវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធទឹកសំណល់ ដែលបំពេញតាមស្តង់ដារបរិស្ថាន ក៏ដូចជាលក្ខខណ្ឌនានារបស់អតិថិជន។ ប្រសិនបើគ្មានមណ្ឌលវាយនភ័ណ្ឌកាត់ដេរ និងជ្រលក់ពណ៌នោះទេ យើងនឹងពិបាកទាក់ទាញវិនិយោគិន។ ក្នុងបរិបទដែលទីផ្សាររចនាម៉ូដពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមានតម្រូវការតាមរដូវកាលនីមួយៗ យើងត្រូវឆ្លើយតបទៅនឹងការផ្លាស់ប្តូរតាមរដូវកាលនោះ។ នេះជាបញ្ហាពិបាកណាស់ ខ្ញុំគិតថា មិនអាចសម្រេចបានក្នុងពេលឆាប់ៗទេ ពិព្រោះការវិនិយោគលើវិស័យនេះទាមទារឱ្យមានកត្តាជាច្រើន”។
ផ្នែកវាយនភ័ណ្ឌកាត់ដេរកំពុងមានលក្ខខណ្ឌអំណោយផលក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វាយនភ័ណ្ឌកាត់ដេរ-ស្បែកជើងដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥ ។ តាមនោះ ផ្នែកវាយនភ័ណ្ឌបានដាក់ចេញគោលដៅនាំចេញក្នុងឆ្នាំនេះ ទទួលបានប្រមាណ ៤៤ ពាន់ លានដុល្លារអាមេរិក កើនឡើង ជាង ៩ % បើប្រៀបធៀបនឹងឆ្នាំមុន។ ហេតុដូច្នេះហើយ ជាមួយនឹងការឧបត្ថម្ភរបស់រដ្ឋ ដូចជា៖ ជួយតភ្ជាប់ទីផ្សារ កែទម្រង់បែបបទរដ្ឋបាល ការដែលអង្គភាពអាជីវកម្មយល់ច្បាស់អំពីបម្រែបម្រួលថ្មីនៃទីផ្សារ នឹងជួយអង្គភាពអាជីវកម្មមានកំណើនប្រកបដោយចីរភាព៕