ផលវិជ្ជមាននៃកិច្ចព្រមព្រៀង EVFTA ចំពោះការនាំចេញជលផលរបស់វៀតណាម
(VOVWORLD) - ថ្ងៃទី ១ ខែសីហាកន្លងទៅ គឺជាថ្ងៃគម្រប់ខួប ១ ឆ្នាំ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA)បានចូលជាធរមានជាផ្លូវការ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ វិស័យ និងផ្នែកជាច្រើននៃខឿនសេដ្ឋកិច្ចបានទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះយ៉ាងល្អប្រសើរ ក្នុងនោះមានការនាំចេញជលផលផងដែរ។
ឆមាសទី ១ ឆ្នាំ ២០២១ ការនាំចេញជលផលទៅកាន់ទីផ្សារ EU សម្រេចបានជាង ៤៨៦ លានដុល្លារអាមេរិក កើន ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ (រូបថត៖ VASEP) |
យោងតាមសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) បានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២១ ការនាំចេញជលផលទៅកាន់ទីផ្សារ EU សម្រេចបានជាង ៤៨៦ លានដុល្លារអាមេរិក កើន ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ក្នុងនោះ ការនាំចេញជលផលពីការនេសាទបានកើន ២៤ % ស្មើនឹង ១៥៤ លានដុល្លារអាមេរិក ជលផលចិញ្ចឹមកើន ១៨% ស្មើនឹង ៣៣៣ លានដុល្លារអាមេរិក។ អាស្រ័យហេតុនេះ នាបច្ចុប្បន្ន EU បានក្លាយទៅជាទីផ្សារនាំចេញជលផលធំទី ៤ របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន និងចិន ដែលស្រូបយកសមាមាត្រជាង ១១%។ លោក Luong Hoang Thai ប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគី នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖ “ជលផលគឺជាផ្នែកមួយ ដែលមានតម្លៃបន្ថែមខ្ពស់ ហើយជាផ្នែកដែលជួយយើងផ្លាស់ប្តូររចនាសម្ព័ន្ធនាំចេញ។ ក្នុងឆមាសទី ១ ឆ្នាំដើមដំបូង ដែលបានអនុវត្តន៍កិច្ចព្រមព្រៀង EVFTA នោះ ផ្នែកនេះបានទាញយកឱកាស ដើម្បីសម្រេចបានជាង ៧០% នៃតម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ EU ហើយនេះគឺជាតួរលេខគួរឲ្យចាប់អារម្មណ៍ផងដែរ”។
ស្របតាមទស្សនៈនេះ លោក Nguyen Hoai Nam អគ្គលេខាធិការរង VASEP បានសង្កត់ធ្ងន់ថា ក្នុងបរិបទ ដែល កាតលឿង IUU របស់អឺរ៉ុបមិនទាន់ត្រូវបានដកចេញ ព្រមទាំងរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតកូវីដ ១៩ នោះ ការនាំចេញជលផលទៅកាន់អឺរ៉ុបនៅតែកើនឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេលកម្លងទៅ គឺផ្អែកលើការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA។ និយាយម្យ៉ាងទៀតគឺ EVFTA បានជះឥទ្ធិពលវិជ្ជមានលើវិស័យនេះ។ លោក Nguyen Hoai Nam បានចាត់ទុកថា៖ “ពីតណាស់ថា កិច្ចព្រមព្រៀង EVFTA មានឥទ្ធិពលយ៉ាងខ្លាំងក្លាណាស់ ព្រោះថា មុខទំនិញសំខាន់ៗភាគច្រើនរបស់យើងគឺសុទ្ធតែទទួលបានពន្ធ 0% ដូចជា ផលិតផលបង្គារ ត្រីធូណា និងត្រីមឹកជាដើម នៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន។ ប្រការទាំងនេះបានជួយទ្រទ្រង់វិស័យជលផល ក្នុងបរិបទដ៏លំបាកនាបច្ចុប្បន្ននេះ ពោលគឺ រងផលប៉ះពាល់ដោយសារ “ កាតលឿង” របស់អឺរ៉ុបទៅលើគ្រឿងសមុទ្រនេសាទរបស់យើង និងការវិវឌ្ឍយ៉ាង ស្មុគស្មាញនៃជំងឺកូវីដ ១៩ ផងដែរ។
លោក Nguyen Hoai Nam អគ្គលេខាធិការរង VASEP (រូបថត៖ VASEP) |
ក្រៅពីនេះ លោក Nguyen Hoai Nam បានអះអាងថា កិច្ចព្រមព្រៀង EVFTA បានជួយបង្កើនគុណសម្បត្តិប្រកួតប្រជែងរបស់ផ្នែកនាំចេញជលផលវៀតណាមចំពោះប្រទេសគូប្រជែងដទៃទៀត។ ទោះយ៉ាងណាក៏ដោយ ដើម្បីទទួលបានគុណសម្បត្តិទាំងនេះ វៀតណាមបានឆ្លងកាត់ដំណើរការខិតខំប្រឹងប្រែងធ្វើសមាហរណកម្មជាច្រើន។ លោក Nguyen Hoai Nam បានអះអាងថា៖ “ផ្នែកជលផលមានលក្ខណៈខុសប្លែកពីផ្នែកដទៃទៀត ពោលគឺផ្នែកនេះបានធ្វើសមាហរណកម្មចាប់តាំងពីឆ្នាំ ១៩៩៨ - ១៩៩៩។ នាគ្រានេះ ផ្នែកជលផលវៀតណាមទទួលបានការជួយឧបត្ថម្ភពីភាគីដាណឺម៉ាក ហើយសហគ្រាសរបស់យើងបានវិនិយោគតាមរបៀបត្រឹមត្រូវ។ ដូច្នេះហើយ យើងបានជាប់ក្នុង “ បញ្ជី ១” - ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទ្វីបអឺរ៉ុប តាំងពីឆ្នាំ ១៩៩៩។ ចាប់តាំងពីពេលនោះមក ចំនួនសហគ្រាសដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ទទួលបានលេខកូដ ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានកើនឡើងច្រើនដង ពោលគឺពីរោងចក្រចំនួនត្រឹមតែ ១៨ ប៉ុណ្ណោះ ប៉ន្តែនាបច្ចុប្បន្ន យើងមានរោងចក្រចំនួន ៦០០ ហើយ។ នេះគឺជាដំណើរការខិតខំប្រឹងប្រែងយ៉ាងយូរអង្វែង ហើយនៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាននោះ សហគមន៍ធុរកិច្ចវៀតណាមទទួលបានមូលដ្ឋានគ្រឹះដ៏ល្អប្រសើរផងដែរ” ។ ដោយមានមូលដ្ឋានគ្រឹះដ៏ល្អប្រសើរដែលត្រូវបានសហគមន៍ធុរកិច្ចនាំចេញ
ជលផលវៀតណាមបង្កើតឡើង និងលក្ខខ័ណអំណោយផលពីកិច្ចព្រមព្រៀង EVFTA នោះ ឱកាសសម្រាប់ការនាំចេញជលផលវៀតណាមទៅកាន់ទីផ្សារ EU នៅតែមានសក្តានុពលធំធេងណាស់។ ប្រការនេះមិនត្រឹមតែជួយបង្កើនតម្លៃសេដ្ឋកិច្ចផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជួយអះអាងពីកិត្យានុភាព ឋានៈ នៃមុខទំនិញជលផលវៀតណាមទៀតផង ដើម្បីមុខទំនិញទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត នាពេលអនាគតផងដែរ៕