ផ្លាស់ប្តូរឌីជីថលក្នុងការកែច្នៃ និងចែកចាយម្ហូប​អាហារ៖ រឿងរ៉ាវជាក់ស្តែង

(VOVWORLD) - ក្នុងលំហូរនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ន ការផ្លាស់ប្តូរឌីជីថលនិងអនុវត្តន៍បច្ចេកវិទ្យាដើម្បីតភ្ជាប់និងចែកចាយផលិតផលពហុបណ្តាញគឺជាដំណោះស្រាយជាក់ស្តែង ដែលសហគ្រាសនិងវិស័យជាច្រើនបានអនុវត្តន៍។ នាបច្ចុប្បន្ន សហគ្រាសធុនតូចនិងមធ្យមជាច្រើនក្នុងវិស័យកែច្នៃនិងចែកចាយម្ហូបអាហារនៅវៀតណាមបាននិងកំពុងផ្លាស់ប្ដូរយ៉ាងបត់បែនដើម្បីសម្របខ្លួនទៅតាមនិន្នាការនេះ។
 
NIC Group គឺជាសហគ្រាសពហុផ្នែក ដែលផ្គត់ផ្គង់ផលិតផលនិងសេវាកម្មក្នុងវិស័យជាច្រើន ដោយមានប្រព័ន្ធរោងចក្រស្ថិតនៅតាមខេត្តក្រុងដូចជា៖ Bac Giang, Yen Bai, Quy Nhon, Binh Duong, Binh Phuoc, Gia Lai ។ សហគ្រាសនេះមានផ្ទៃដីប្រមាណ ១០.០០០ ហិកតា សម្រាប់ដាំដុះនិងកែច្នៃផលិតផលពីគ្រាប់ស្វាយចន្ទី ឈើអែម និងម្រេច។ ក្នុងបរិបទដែលទីផ្សារបានឆ្អែតជាបណ្តើរៗ NIC បានគិតគូរពីការពង្រីកផលិតផល ដោយមានផលិតផលផ្លែឈើដូចជាធូរេន ផាសិន និងស្វាយជាដើម។
ផ្លាស់ប្តូរឌីជីថលក្នុងការកែច្នៃ និងចែកចាយម្ហូប​អាហារ៖ រឿងរ៉ាវជាក់ស្តែង - ảnh 1នៅចុងឆ្នាំ ២០២២ NIC បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយបណ្ឌិត្យសភាកសិកម្មវៀតណាម ដើម្បីរួមគ្នាបង្កើតកម្មវិធី និងបង្កើនការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម។ រូបថត៖ NIC

ក្នុងដំណើរការនេះ NIC បានកំណត់ច្បាស់ថា ក្រៅពីការរក្សាបណ្តាញចែកចាយក្នុងស្រុក ត្រូវតែជំរុញការនាំចេញផងដែរ។ មិនមែនជាវិធីនាំចេញប្រពៃណីនោះទេ ប៉ុន្តែជាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន មានន័យថាបង្កើនការផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពនាំចេញ។ លោក Dang Manh Pho តំណាងសហគ្រាសបានចាត់ទុកថា៖ “យើងយកចិត្តទុកដាក់ពិសេស  ចំពោះប្រព័ន្ធកម្មវិធីបច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មនិងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់កសិផល។ បញ្ហានេះមានភាពបន្ទាន់ណាស់។ ជាមួយ NIC សកម្មភាពក្នុងវិស័យកសិកម្មមិនត្រឹមតែនៅទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការនាំចេញទៀតផង ដូច្នេះការអនុវត្តការផ្លាស់ប្តូរឌីជីថលពិតជាមានសារៈសំខាន់ណាស់”។

ស្រដៀងនឹង NIC Group ដែរ ក្រុមហ៊ុនភាគហ៊ុន IGV Group ក៏បានចាត់ទុកការផ្លាស់ប្តូរឌីជីថលនិងដំណោះស្រាយបច្ចេកវិទ្យាទំនើបគឺជាវិធីមួយដើម្បីឱ្យផលិតផលរបស់ក្រុមហ៊ុនត្រូវបានស្គាល់ដល់កាន់តែច្រើន។ ផលិតផលតែ Thach Co Tra របស់ក្រុមហ៊ុនគឺជាឧទាហរណ៍មួយ។ ជំនួសឱ្យការផ្សព្វផ្សាយនិងចែកចាយផលិតផលបែបប្រពៃណី ក្រុមហ៊ុនបានជំរុញការចែកចាយផលិតផលតាមអ៊ីនធឺរណែត និងស្វែងរកបណ្តាញគាំទ្រការផ្លាស់ប្តូរឌីជីថលសម្រាប់អាជីវកម្ម តាមនោះការលក់ផលិតផលរបស់ក្រុមហ៊ុនបានកើនឡើងយ៉ាងខ្លាំង។

ជាក់ស្តែង ដោយបានយល់ដឹងពីតម្រូវការរបស់សហគ្រាសក្នុងការចាប់យកឱកាសផ្សព្វផ្សាយនិងចែកចាយផលិតផលតាមរយៈការអនុវត្តបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ទីភ្នាក់ងារគ្រប់គ្រងវៀតណាមបានខិតខំប្រឹងប្រែងសម្រាប់ដំណើរការនេះ។ ទិនានុលេខន៍ “ផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងការកែច្នៃនិងចែកចាយអាហារ" របស់ក្រសួងផែនការវិនិយោគសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដែលបានចេញផ្សាយកាលពីចុងខែមិថុនាគឺជាឧទាហរណ៍មួយ។ លោក Nguyen Duc Trung អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃក្រសួងផែនការនិងវិនិយោគបានអះអាងថា៖ “ទិនានុលេខន៍បានជួយឲ្យប្រជាកសិករយល់ដឹងពីសារៈសំខាន់នៃការធ្វើឌីជីថល តាមរយៈការតាមដានប្រភពដើម ការវិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យា លើកកម្ពស់តម្លៃផលិតផល ក៏ដូចជាបង្កើនឱកាសឈានចូលទីផ្សារនាំចេញ”។

ផ្លាស់ប្តូរឌីជីថលក្នុងការកែច្នៃ និងចែកចាយម្ហូប​អាហារ៖ រឿងរ៉ាវជាក់ស្តែង - ảnh 2ពិធីសម្ពោធទិនានុលេខន៍ផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកែច្នៃ និងចែកចាយម្ហូបអាហារ” របស់ក្រសួងផែនការនិងវិនិយោគ សហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ រូបថត៖ MPI

ទីផ្សារអាហារកែច្នៃសកលត្រូវបានប៉ាន់ប្រមាណថា មានអត្រាកំណើនប្រហែល ៣,៨% ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៨ ។ ទីផ្សារវៀតណាមមិនស្ថិតនៅក្រៅនិន្នាការនេះទេ។ រដ្ឋាភិបាលវៀតណាមក៏ចាត់ទុកថា នេះជាផ្នែកឧស្សាហកម្មមួយដែលត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍ ដោយមានដំណោះស្រាយជាច្រើនដែលត្រូវកត់សម្គាល់និងអនុវត្តន៍យ៉ាងបត់បែន ដូចជា៖ ការប្រមូលនិងវិភាគទិន្នន័យ ការតាមដានប្រភពដើម ការគ្រប់គ្រងការដឹកជញ្ជូន ការគ្រប់គ្រងឃ្លាំងស្ទុកទំនិញ ការគ្រប់គ្រងគុណភាពផលិតផល ការគ្រប់គ្រងការលក់ពហុបណ្តាញ។ ក្នុងនោះការលក់ពហុបណ្តាញ និងការតាមដានប្រភពដើមបាននិងកំពុងទទួលការយកចិត្តទុកដាក់ពិសេស សំដៅបង្កើនប្រាក់ចំណូល ពង្រីកការតភ្ជាប់ ជាពិសេសក្នុងបរិបទនាបច្ចុប្បន្ន។ លោក Nguyen Quoc Toan នាយកមជ្ឈមណ្ឌលផ្លាស់ប្តូរឌីជីថលនិងស្ថិតិកសិកម្ម នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានចាត់ទុកថា៖ “ពីសកម្មភាពផលិតកម្ម ការដាំដុះ ការចិញ្ចឹមសត្វ ជលផល ឬរុក្ខាប្រមាញ់ យើងសុទ្ធតែត្រូវផ្លាស់ប្តូរ ហើយនាំយកព័ត៌មានទៅបរិយាកាសឌីជីថល ដើម្បីផ្សាភ្ជាប់អង្គភាពអាជីវកម្មជាមួយទីភ្នាក់ងារគ្រប់គ្រងរដ្ឋ និងកាត់បន្ថយការចំណាយ។ យើងអាចរៀបរាប់រឿងរ៉ាវពីផលិតកម្ម រហូតដល់ការដាំដុះ និងការកែច្នៃ តាមរយៈការផ្លាស់ប្តូរឌីជីថល។ អ្នកប្រើប្រាស់ក៏ដឹងពីផលិតផលតាមរយៈកម្មវិធីឌីជីថលដែរ។ រឿងរ៉ាវទាំងនេះ បានបង្កើនតម្លៃរបស់ផលិតផល”។

រឿងរ៉ាវជាក់ស្តែងពី NIC និង IGV ឬកកិច្ចសហប្រតិបតិ្តការអន្តរផ្នែកដែលបានចេញផ្សាយសៀវភៅដៃ “ការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមក្នុងការកែច្នៃនិងចែកចាយម្ហូបអាហារ” បានបង្ហាញឲ្យឃើញថា ចាប់ពីសហគ្រាសដល់កម្រិតម៉ាក្រូ បាននិងកំពុងបោះជំហានជាក់លាក់ក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថល ដើម្បីផ្សព្វផ្សាយនិងចែកចាយម្ហូបអាហារនៅទីផ្សារក្នុងស្រុកផងនិងជំរុញការនាំចេញផង។ នេះជាជំហានដ៏ត្រឹមត្រូវ ដែលត្រូវការជំរុញខ្លាំងនិងមានប្រសិទ្ធភាពថែមទៀត ជាពិសេសក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការលំបាក និងបម្រែបម្រួលមិនអាចទាយទុកជាមុនបានដូចបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ