រដ្ឋធានីហាណូយស្ដារការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញជាជំហានៗ
(VOVWORLD) - នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ រលកទី ៤ បានផ្ទុះឡើងនៅចុងខែមេសានោះ រដ្ឋធានីហាណូយគឺជាមូលដ្ឋានមួយ ក្នុងចំណោមខេត្ត ក្រុងដែលរងផលប៉ះពាល់ច្រើនអំពីសេដ្ឋកិច្ច សង្គម។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ qdnd.vn) |
ទោះជាយ៉ាងណាក៏ដោយ តាមរយៈការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់ ដោយឆ្លៀតយក“ ពេលវេលាមាស” ដើម្បីធ្វើតេស្តនិងចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នោះ រដ្ឋធានីហាណូយគ្រប់
គ្រងបានជំងឺរាតត្បាត ដើម្បីរក្សាស្ថិរភាព អភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។
ដោយមានចំនួនប្រជាជនសរុប ១០ លាននាក់ដង់ស៊ីតេប្រជាជនខ្ពស់ប៉ុន្តែក្នុងរយៈពេលជាង ១៥០ ថ្ងៃនៃរលកជំងឺលើកទី ៤ នោះ រដ្ឋធានីហាណូយបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ត្រឹមតែ ៤៣០០ នាក់ ស្រូបយក ០,៤% នៃចំនួនករណីឆ្លងជំងឺរបស់ប្រទេសទាំងមូលប៉ុណ្ណោះ។ ប្រការនេះបានសរឲ្យឃើញថា រដ្ឋធានីហាណូយទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្រៅពីការអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការរក្សាគម្លាតសង្គមតាមសារាចរលេខ ១៦ របស់លោកនាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី ២៤ ខែកក្កដា នោះ រដ្ឋធានីហាណូយបានឆ្លៀតយកពេលវេលាមាស ដើម្បីធ្វើតេស្តរហ័សដោយទូលំទូលាយ និងចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ។ លោក Tran Xuan Huy ពលរដ្ឋម្នាក់នៅឃុំ Gia Thuy ស្រុក Long Bien បានចែករំលែកថា៖ “រដ្ឋធានីហាណូយបានឆ្លើយតបនឹងជំងឺរាតត្បាតដោយទាន់ពេលវេលា។ កន្លែងផ្ទុះជំងឺជាច្រើននៅរដ្ឋធានីត្រូវបានគ្រប់គ្រង។ ការគ្រប់គ្រងបានជំងឺរាតត្បាតបានជួយរដ្ឋធានីបើកសកម្មភាពសេដ្ឋកិច្ច សង្គមជាច្រើនឡើងវិញ។ ប្រជាជនពិតជាមានក្ដីសប្បាយរីយរាយយ៉ាងក្រៃលែង”។
ក្នុងការងារចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ វិញ ប្រសិនបើកាលពីមុននោះ រដ្ឋធានីហាណូយត្រូវការពេលវេលាជាច្រើនខែ ដើម្បីធ្វើការចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ២,២ លាននាក់នោះ គឺក្នុងយុទ្ធនាការចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែកញ្ញា រដ្ឋធានីហាណូយបានចាក់វ៉ាក់សាំងចំនួន ៣ លានដូសជូនប្រជាជន។ នាបច្ចុប្បន្ននេះ រដ្ឋធានីបានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី ១ ជូនប្រជាជនចំនួន ៦ លាននាក់ជាស្ថាពរ ហើយកំពុងបន្តជំរុញខ្លាំងការចាក់វ៉ាក់សាំងដូសទី ២។ លោកស្រី Tran Thi Nhi Ha ប្រធានមន្ទីរសុខាភិបាលរដ្ឋធានីហាណូយបានឲ្យដឹងថា៖ “នេះគឺជាយុទ្ធនាការមួយ ដែលយើងខ្ញុំបានធ្វើការទាំងយប់ទាំងថ្ងៃ។ មានកន្លែងចាក់វ៉ាក់សាំងមួយចំនួននៅតែចាក់វ៉ាក់សាំងជូនប្រជាជនរហូតដល់ម៉ោង ២ ទៀបភ្លឺ។ កន្លែងចាក់វ៉ាក់សាំងទាំងអស់ត្រូវបានដាក់ឲ្យដំណើរការនៅគ្រប់ខ័ណ្ឌ ស្រុក ឃុំ និងសង្កាត់ផងដែរ”។
លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ |
អាទិភាពចម្បងគឺការធានាសុខភាព និងសុវត្ថិភាពជនប្រជាជន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ រដ្ឋធានីហាណូយនៅតែអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការរក្សាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធានាជីវភាពរស់នៅជូនប្រជាជន។ ជាពិសេសចាប់ពីថ្ងៃទី ១៦ ខែកញ្ញា មកនៅពេលដែលរដ្ឋធានីបានបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គម ដោយផ្លាស់ប្តូរពីយុទ្ធសាស្ត្រ “ សូន្យកូវីដ -១៩” ទៅជាការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនោះ សកម្មភាពសេដ្ឋកិច្ច សង្គមជាច្រើនកំពុងត្រូវបានពន្លឿនឡើងវិញ។ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយបានឲ្យដឹងថា៖ “រដ្ឋធានីក៏ដូចជា ខ័ណ្ឌ និងស្រុកនានាបានខិតខំប្រឹងប្រែងជាច្រើន មិនត្រឹមតែផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងលើដំណោះស្រាយសេដ្ឋកិច្ច សង្គមទៀតផង។ ការបើកថវិកាចំណាយ ឬការទាក់ទាញទុនវិនិយោគគឺទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្ត។ ប្រការនេះបានសរឲ្យឃើញជំនឿទុកចិត្ត ហើយយើងត្រូវខិតខំប្រឹងប្រែងថែមទៀត ក្នុងប៉ុន្មានខែចុងឆ្នាំនេះផងដែរ”។
ក្នុងកំឡុងពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមនោះ រដ្ឋធានីហាណូយបានបំពេញបន្ថែមទឹកប្រាក់ចំនួន ៥០០ ពាន់លានដុង ពីប្រភពថវិកាឆ្នាំ ២០២១ សម្រាប់ប្រភពប្រាក់កម្ចីជូនពលករ ដែលមានតម្រូវការ ដើម្បីស្ការ និងអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្មឡើងវិញ ព្រមទាំងកសាងសេណារីយ៉ូកំណើន។ ដើម្បីរក្សាយ៉ាងរឹងមាំនូវសមិទ្ធិផលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនោះ នាប៉ុន្មានខែចុងឆ្នាំ រដ្ឋធានីហាណូយបានផ្ដោតសំខាន់លើការអនុវត្តផែនការពន្លឿនការស្ដារការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ ដោយផ្ដោតសំខាន់លើភារៈកិច្ចសំខាន់ៗចំនួន ៣ គឺ៖ ខិតខំប្រឹងប្រែងសម្រេចឲ្យបានអត្រាបើកថវិកាចំណាយជាង ៩៥% នៃផែនការក្នុងឆ្នាំ ២០២១ ;សម្របសម្រួល ប្រមូលនិងចំណាយថវិកាប្រកបដោយប្រសិទ្ធភាព តាមទិសត្រឹមត្រូវ និងជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាល បង្កើនកិច្ចសន្ទនា ដោះស្រាយការលំបាកជូនសហគ្រាសផលិតកម្ម និងធ្វើអាជីវកម្មផងដែរ៕