រួមដៃគ្នាដោះស្រាយការលំបាកដើម្បីសហគ្រាសស្តារផលិតកម្មនិងអាជីវកម្ម ឡើងវិញ
(VOVWORLD) - ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមនៅតែជួបប្រទះការលំបាកជាច្រើន ប៉ុន្តែផលិតផលក្នុងស្រុកសរុប(GDP) បានកើនឡើង ៣,៧២%។ បើទោះបីជាតួរលេខនេះនៅតែទាបបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែក៏មាននិន្នាការកើនឡើងពីមួយខែទៅមួយខែ ត្រីមាសទី ២ ខ្ពស់ជាងត្រីមាសទី ១ ដោយបង្កើតសន្ទុះសម្រាប់ប៉ុន្មានខែចុងឆ្នាំ។
ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុងឆ្នាំ និងពេញមួយឆ្នាំនេះ រដ្ឋាភិបាល ស្ថាប័ន សាខា និងមូលដ្ឋានចាំបាច់ត្រូវរួមដៃគ្នាដោះស្រាយការលំបាកដើម្បីសហគ្រាសស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ។
លោក Tran Van Le នាយកក្រុមហ៊ុនចំាត់ផលិតម៉ាស៊ីនអគ្គិសនីនិងពាណិជ្ជកម្ម Phuong Linh បានចាត់ទុកថា ដំណោះស្រាយដែលរដ្ឋាភិបាលអនុវត្តនាពេលកន្លងទៅបាននាំមកនូវទំនុកទុកចិត្តសម្រាប់សហគ្រាសក្នុងការខិតខំប្រឹងប្រែងដោះស្រាយការលំបាកនិងរួមដំណើរជាមួយសហគ្រាសដើម្បីជម្នះពុះពារលើស្ថានភាពលំបាក។ ក្នុងនោះ សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពី “ដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសស្ដារនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០២៥” បាននាំចេញដំណោះស្រាយជាច្រើនដើម្បីជួយកាត់បន្ថយការចំណាយរបស់សហគ្រាស បង្កើនលទ្ធភាពទទួលបានប្រភពទុនអនុគ្រោះក្នុងរយៈពេលដ៏ខ្លី។ សហគ្រាសរំពឹងទុកយ៉ាងខ្លាំងចំពោះសកម្មភាពជាក់លាក់ ដើម្បីឱ្យកញ្ចប់ជំនួយបានមកដល់អាជីវកម្មយ៉ាងឆាប់រហ័ស។ លោក Tran Van Le បានចាត់ទុកថា៖ “ការដោះស្រាយឧបសគ្គដើម្បីសម្រេចបានគោលដៅដល់ឆ្នាំ ២០២៥ មានសហគ្រាសចំនួន ១ លានអង្គភាព ពិតជាអស្ចារ្យណាស។ នេះគឺជាសារសំខាន់មួយ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនេះ។ សហគ្រាសរបស់យើងដូចជាទទួលបានពោងអណ្តែត។ គោលនយោបាយរបស់រដ្ឋសុទ្ធតែឆ្ពោះទៅរកភាពល្អប្រសើរ ប៉ុន្តែការអនុវត្តត្រូវមានភាពប្ដូរផ្ដាច់ជាង”។
ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ GDP របស់វៀតណាមបានកើនឡើង ៣,៧២%។ រូបថត៖ Minh Hiếu/Vietnam+ |
យោងតាមសេដ្ឋវិទូ លោកបណ្ឌិត Nguyen Minh Phong សហគ្រាសកំពុងប្រឈមមុខនឹងការលំបាកធំបំផុតចំនួន ៣ រួមមាន៖ ការលំបាកទាក់ទងនឹងលំហូរសាច់ប្រាក់ ការលំបាកទាក់ទងនឹងទីផ្សារ និងអត្រាការប្រាក់របស់ធនាគារ។ លើសពីនេះ មានសហគ្រាសជាង ៤០% នៅតែត្រូវចំណាយប្រាក់មិនផ្លូវការនៅពេលទៅបំពេញបែបបទរដ្ឋបាល។ ក្នុងបរិបទនោះ ទាមទារឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវអនុវត្តដំណោះស្រាយសមស្របដើម្បីជួយឧបត្ថម្ភសហគ្រាស។ បណ្ឌិត Nguyen Minh Phong បានចាត់ទុកថា៖ “បណ្ដាក្រសួង ស្ថាប័នមានសមត្ថកិច្ចត្រូវកែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងកសាងគោលនយោបាយជួយឧបត្ថម្ភសហគ្រាសឲ្យបានជាក់លាក់។ ទន្ទឹមនឹងនោះ គុណភាព សមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ក៏ត្រូវលើកកម្ពស់ តាមរយៈប្រព័ន្ធច្បាប់ ជួរកម្មាភិបាល យន្តការត្រួតពិនិត្យ និងការងារបង្ការប្រឆាំងអំពើពុករលួយ។ ការជូនដំណឹង ផ្សព្វផ្សាយ បង្កើតការស្រុះចិត្តគំនិតគ្នា និងការអនុវត្តវិធានការផ្សេងៗ រួមទាំងសុខុមាលភាពសង្គមក៏ចាំបាច់ដែរ”។
នាបច្ចុប្បន្ន លទ្ធភាពទទួលបានកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុរបស់សហគ្រាសនៅតែរងផលប៉ះពាល់ពីកត្តាមួយចំនួនដូចជា៖ នីតិវិធីច្បាប់ លក្ខខណ្ឌអំពីមុខសញ្ញាទទួលបានប្រាក់កម្ចី ការដែលសហគ្រាសជាច្រើនមិនទាន់ទទួលបានកញ្ចប់ជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលបានសរឲ្យឃើញថា បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវសហការគ្នាយ៉ាងជិតស្និទ្ធថែមទៀត និងមានយន្តការបើកចំហសម្រាប់សហគ្រាស។
សេដ្ឋវិទូ លោកបណ្ឌិត Nguyen Minh Phong។ រូបថត៖ Trung Hung |
នាថ្ងៃទី ៤ កក្កដា ក្នុងសន្និសីទតាមអ៊ីនធឺរណែតជាមួយមូលដ្ឋាននានា រដ្ឋាភិបាលបានណែនាំឲ្យផ្តោតលើការដោះស្រាយការលំបាក ជំនះភ្លាមៗលើស្ថានភាពផលិតកម្មអាជីវកម្មដែលជាប់គាំង ស្ដារឡើងវិញនិងស្វែងរកទីផ្សារ ថ្មី ការបញ្ជាទិញថ្មី; តម្រូវឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននីមួយៗត្រូវត្រួតពិនិត្យយ៉ាងសកម្ម ចាត់វិធានការនិងសកម្មភាពជាក់ស្ដែង ដើម្បីជួយឧបត្ថម្ភសហគ្រាស វិនិយោគិនឱ្យបានទាន់ពេលវេលា ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោក Nguyen Viet Long អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនពិគ្រោះយោបល់ EY វៀតណាមបានចាត់ទុកថា៖ “ ការអនុវត្តបច្ចេកវិទ្យាឌីជីថល អ្វីដែលជាស្តង់ដារ អ្វីមានប្រយោជន៍សម្រាប់សហគ្រាស គឺត្រូវការជំនួយ។ បញ្ហាទី២ ជាបញ្ហារបស់សហគ្រាសធុនតូចនិងមធ្យម គឺការទទួលបានប្រភពហិរញ្ញវត្ថុ។ ខ្ញុំមើលឃើញថាមានការលំបាកចំនួន ២ នេះ ប៉ុន្តែក៏មានដំណោះស្រាយជាច្រើនសម្រាប់សហគ្រាសដើម្បីដោះស្រាយបញ្ហាទាំងនោះផងដែរ។ សំខាន់បំផុតគឺត្រូវរកឃើញទិសដៅសម្រាប់ខ្លួនឯង”។
ទោះបីជាមានកំហិតជាក់លាក់ក៏ដោយ ប៉ុន្តែសហគមន៍ធុរកិច្ចបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងគោលនយោបាយគាំទ្រដែលបានចេញផ្សាយ។ តាមរយៈការធ្វើវិសោធនកម្ម និងបំពេញបន្ថែមជាច្រើនលើក គោលនយោបាយត្រូវបានធ្វើឱ្យល្អឥតខ្ចោះ សមស្រប និងទាន់ពេលវេលាក្នុងការគាំទ្រដល់អាជីវកម្មដើម្បីជំនះពុះពារលើការលំបាក។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកពោរពេញទៅដោយបម្រែបម្រួល អង្គការអន្តរជាតិជាច្រើននៅតែវាយតម្លៃខ្ពស់ចំពោះសមត្ថភាពស្ដារឡើងវិញនិងកំណើនរបស់វៀតណាម។ ដោយមានគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាស ខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិពិតជាស្ដារឡើងវិញ និងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលខាងមុខ៕