វៀតណាមឆ្ពោះទៅគោលដៅកំណើននាំចេញ ​៦%​ នៅក្នុងឆ្នាំ​២០២៣

(VOVWORLD) - តម្លៃប្រាក់នាំចេញ នាំចូលសុរបក្នុងឆ្នាំ ២០២២ របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៧៣២ ពាន់លានដុល្លារអាមេរិក។
វៀតណាមឆ្ពោះទៅគោលដៅកំណើននាំចេញ ​៦%​ នៅក្នុងឆ្នាំ​២០២៣ - ảnh 1លោកស្រី Phan Thi Thanh Xuan អគ្គលេខាធិការនៃសមាគមស្បែកជើង និងកាបូបវៀតណាម។ រូបថត៖ daibieunhandan.vn

នេះគឺជាលើកដំបូងហើយ ដែលតម្លៃប្រាក់នាំចេញ នាំចូលសរុបរបស់វៀតណាមទទួលបានហួសពីកម្រិត ៧០០ ពាន់លានដុល្លារអាមេរិក នាំវៀតណាមស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចជួរមុខអំពីពាណិជ្ជកម្មអន្តរជាតិ។ នេះគឺជាបុព្វបទសម្រាប់វៀតណាមដាក់ចេញគោលដៅទទួលកំណើននាំចេញ ៦ % ក្នុងឆ្នាំ ២០២៣ ផងដែរ។

ក្នុងឆ្នាំ ២០២២ តម្លៃប្រាក់នាំចេញ នាំចូលសរុបរបស់វៀតណាមសម្រេចបាន ៧៣២ ពាន់លានដុល្លារអាមេរិក កើន ១០% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះ តម្លៃប្រាក់នាំចេញសម្រេចបានប្រមាណ ៣៧១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,០៥% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ពោលគឺសម្រេចបានហួសពីគោលដៅដែលរដ្ឋសភា និងរដ្ឋាភិបាលប្រគល់ (តាមផែនការគឺ ៨%) ។ ក្នុងចំណោមមុខទំនិញនាំចេញ មានទំនិញចំនួន ៣៩ មុខសម្រេចបានតម្លៃប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិក និងទំនិញចំនួន ៩ មុខសម្រេចបានតម្លៃប្រាក់ជាង ១០ ពាន់លានដុល្លារអាមេរិក។ ក្រុមផលិតផលឧស្សាហកម្មកែច្នៃបន្តស្រូបយកសមាមាត្រភាគច្រើនក្នុងរចនាសម្ព័ន្ធនាំចេញ ជាមួយនឹងតម្លៃប្រាក់នាំចេញជាង ៨៦%។ លោកស្រី Phan Thi Thanh Xuan អគ្គលេខាធិការសម្ព័ន្ធសមាគមស្បែក ជើង និងកាបូបយួរវៀតណាមបានមានប្រសាសន៍ថា៖

“ក្នុងឆ្នាំ ២០២២ ផ្នែកស្បែកជើងវៀតណាមទទួលបានតម្លៃប្រាក់នាំចេញប្រមាណ ២៧ ពាន់លានដុល្លារអាមេរិក ជាមួយកំណើនជាង ៣០%។ នេះក៏ជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលលើសពីផែនការ ដែលបានដាក់ចេញរបស់ផ្នែកស្បែកជើងទាំងមូល ហើយក៏ជាការខិតខំប្រឹងប្រែងដ៏ធំធេងរបស់សហគ្រាសវៀតណាមផងដែរ”។

វៀតណាមឆ្ពោះទៅគោលដៅកំណើននាំចេញ ​៦%​ នៅក្នុងឆ្នាំ​២០២៣ - ảnh 2រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Nguyen Hong Dien។ រូបថត៖ កាសែតប្រជាជន

តម្លៃប្រាក់នាំចេញ នាំចូលបន្តមានកំណើនខ្ពស់ ជញ្ជីងពាណិជ្ជកម្មបន្តមានអតិរេកនាំចេញគឺជាចំណុចរំលេច "គួរឱ្យចាប់អារម្មណ៍" ក្នុងឆ្នាំ ២០២២ បើទោះបីស្ថិតក្នុងការវិវឌ្ឍមិនប្រក្រតីនៃស្ថានការណ៍ពិភពលោកក៏ដោយ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា ទន្ទឹមនឹងកំណើនពាណិជ្ជកម្មអន្តរជាតិ ពាណិជ្ជកម្មក្នុងស្រុកក៏សម្រេចបានអត្រាកំណើនខ្ពស់ ពោលគឺផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបានជាង ៨% ក្នុងឆ្នាំ ២០២២ ជួយរក្សាស្ថិរភាពខឿនសេដ្ឋកិច្ច ហើយជាមូលដ្ឋានដ៏រឹងមាំសម្រាប់កំណើនការនាំចេញ៖

“ជញ្ជីងពាណិជ្ជកម្មបានបន្តកត់សម្គាល់អតិរេកពាណិជ្ជកម្មរយៈពេល ៧ ឆ្នាំជាប់ៗគ្នាជាមួយនឹងអតិរេកជិត ១១ ពាន់លានដុល្លារអាមេរិក។ ទីផ្សារក្នុងស្រុកស្ដារឡើងវិញយ៉ាងខ្លាំងក្លាជាមួយកំណើនខ្ពស់ ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្មត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ២១% ( ច្រើនជាង ២,៦ ដងបើប្រៀបធៀបនឹងផែនការដាក់ចេញ) ឆ្លើយតបតម្លៃការទំនិញចាំបាច់ជូនប្រជាជន រួមចំណែកគ្រប់គ្រងអតិផរណាក្នុងបរិបទដែលតម្រូវការទំនិញបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា ក្រោយជំងឺរាតត្បាត ហើយទីផ្សារមានការវិវឌ្ឍដ៏ធំធេង ប្រទេសជាច្រើនត្រូវប្រឈមមុខនឹងអតិផរណាខ្ពស់”។

ក្នុងឆ្នាំ ២០២៣ ផ្នែកឧស្សាហពាណិជ្ជកម្មបានដាក់ចេញគោលដៅនាំតម្លៃប្រាក់នាំចេញ នាំចូលសរុបកើន ៦% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ហើយវៀតណាមបន្តរក្សាជញ្ជីងអតិរេកពាណិជ្ជកម្ម។ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Nguyen Hong Dien បានចាត់ទុកថា តាមការព្យាករណ៍ ក្នុងឆ្នាំ ២០២៣ ស្ថានការណ៍ពិភពលោកនៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ការនាំចេញរបស់វៀតណាមនឹងជួបការលំបាកជាច្រើន ដោយសារការបញ្ជាទិញ និងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិបានកើនឡើង។ ដូច្នេះហើយ សហគ្រាសវៀតណាមចាំបាច់ត្រូវអនុវត្តន៍ដោយព្រមៗគ្នា និងអនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារ ខ្សែរសង្វាក់ផ្គត់ផ្គង់ និងមុខទំនិញនាំចូល និងនាំចេញ។

“បង្កើនការធ្វើអាជីវកម្មលើទីផ្សារជិតខាង ដែលមានសក្ដានុពល ហើយផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅជាការនាំចេញជាផ្លូវការ ដោយភ្ជាប់ជាមួយនឹងការកសាងពាណិជ្ជសញ្ញា ជំរុញការនាំចេញប្រកបដោយចីរភាព។ ម្ចាស់ការត្រួតពិនិត្យ ធ្វើជាសេនាធិការជូនស្ថាប័នមានសមត្ថកិច្ច ធ្វើការចរចា និងចុះហត្ថលេខាលើយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគីថ្មី។ ទន្ទឹមនឹងនោះ បន្តពង្រីកជាអតិបរមានូវតួនាទីរបស់ប្រព័ន្ធស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅបរទេស រួមចំណែកជួយឧបត្ថម្ភដល់ខេត្ត ក្រុង និងសម្ព័ន្ធសមាគមន៍ធុរកិច្ចទាញយក

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាពដើម្បីពង្រីក និង ធ្វើពិពិធកម្មទីផ្សារខ្សែសង្វាក់ផ្គត់ផ្គង់ និងទំនិញនាំចេញនានាផងដែរ”។

ដើម្បីសម្រេចឲ្យបានគោលដៅកំណើន ផ្នែកឧស្សាហពាណិជ្ជកម្មមិនត្រឹមតែបានផ្ដោតសំខាន់លើការដោះស្រាយការលំបាក ឧបសគ្គ និងជួយឧបត្ថម្ភសហគ្រាសស្ដារផលិតកម្ម ធ្វើអាជីវកម្មឡើងវិញប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភសហគ្រាសក្នុងការស្វែងរកទីផ្សារនាំចេញ នាំចូលវត្ថុធាតុដើម និងគ្រឿងបន្លាស់បម្រើផលិតកម្ម ក៏ដូចជាចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ៕

 


ប្រតិកម្មទៅវិញ

ផ្សេងៗ