វៀតណាមបើកសកម្មភាពទេសចរណ៍ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ទាំងស្រុង
(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ វៀតណាមបាន ធ្វើការសាកពិសោធន៍បើកសកម្មភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិទាំងស្រុង ហើយដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ វៀតណាមបានបើកសកម្មភាពបម្រើភ្ញៀវទេសចរអន្តរជាតិទាំងស្រុង។ តាមគន្លងប្រក្រតីភាពថ្មី វៀតណាមបានលុបចោលបទប្បញ្ញត្តិជាច្រើនសម្រាប់ភ្ញៀវអន្តរជាតិ នៅពេលអញ្ជើញមកវៀតណាម។
វៀតណាមពង្រីកវិសាលភាពភ្ញៀវទេសចរអន្តរជាតិដែលមកវៀតណាម និងភ្ញៀវទេសចរទៅកាន់បរទេស (រូបថត៖ baochinhphu.vn) |
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានពិគ្រោះ និងសិក្សាស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសជាច្រើនអំពីការបើកសកម្មភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដើម្បីអនុវត្តន៍ឲ្យបានសមស្របតាមស្ថានភាពនៅវៀតណាម។ វៀតណាមបានពង្រីកវិសាលភាពចំពោះភ្ញៀវទេសចរអន្តរជាតិដែលចូលមកវៀតណាម (inbound) និងភ្ញៀវទេសចរទៅកាន់បរទេស (outbound)។ ភ្ញៀវទេសចរអន្តរជាតិអាចអញ្ជើញមកវៀតណាមតាមយន្តហោះ ផ្លូវគោក និងផ្លូវសមុទ្រ ពោលគឺមិនត្រឹមតែតាមផ្លូវអាកាសដូចពេលវេលាធ្វើសាកពិសោធន៍ឡើយ។ ដើម្បីធានាផែនការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ លោក Nguyen Trung Khanh បានឲ្យដឹងថា៖ “យើងខ្ញុំបានចេញផ្សាយសេចក្តីណែនាំស្តីពីបែបបទអន្តោប្រវេសន៍ ដោយធានាសុវត្ថិភាពសុខាភិបាលនៅតាមច្រកទ្វារព្រំដេនអន្តរជាតិ ហើយអនុវត្តន៍ព្រមៗគ្នានៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ យើងខ្ញុំបានស្ដារឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការអន្តោប្រវេសន៍ ដែលបានអនុវត្តន៍ចំពោះបណ្ដាទីផ្សារភ្ញៀវទេសចរអន្តរជាតិពីមុនឆ្នាំ ២០២០។ លើលពីនេះទៅទៀត បង្កើនការតភ្ជាប់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាប្រចាំ ដើម្បីបម្រើភ្ញៀវទេសចរផងដែរ”។
យោងតាមទិន្នន័យពីឧបករណ៍វិភាគនិន្នាការទេសចរណ៍ Google Destination Insights ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ចំនួននៃការស្វែងរកពីអន្តរជាតិ ចំពោះទេសចរណ៍វៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោក។ លោក Tran Doan The Duy អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Vietravel បានមានឲ្យដឹងថាថា៖ “បរិបទបើកសកម្មភាពទេសចរណ៍ឡើងវិញបានតម្រូវឲ្យផ្នែកទេសចរណ៍ជាពិសេសគឺទេសចរណ៍អន្តរជាតិគឺត្រូវចំណាយពេលវេលាធ្វើការងារទីផ្សារ និងពន្លឿនការផ្សព្វផ្សាយ។ ដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀតណាមប្រកបដោយចីរភាពនោះ គឺយើងត្រូវអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុកផង និងទេសចរណ៍អន្តរជាតិផងដែរ”។
អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ លោក Nguyen Trung Khanh (រូបថត៖ vnexpress) |
ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជិត ៩១ ០០០ នាក់ កើនប្រមាណ ៩០% បើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២១។ គោលដៅរបស់វៀតណាម ដែលត្រូវបានស្វែងរកច្រើនបំផុតគឺទីក្រុងហាណូយ Ha Long Hue Da Nang Hoi An Da Lat Vung Tau ទីក្រុងហូជីមិញ និង Phu Quoc។ ទីតាំងទាំងនេះសុទ្ធតែជាមជ្ឈមណ្ឌលទេសចរណ៍ និងគោលដៅដ៏ល្បីឈ្មោះរបស់វៀតណាម។ ភ្ញៀវទេសចរអន្តរជាតិក៏បានផ្តល់មតិវិជ្ជមាន នៅពេលធ្វើដំណើរមកកាន់ប្រទេសវៀតណាមផងដែរ។ លោក Damien Devillian ភ្ញៀវទេសចរម្នាក់មកពីសិង្ហបុរីបានសម្តែងថា៖ “ខ្ញុំបានមកទស្សនាវៀតណាមពីរបីដងហើយ។ ខ្ញុំតែងតែគិតថា វៀតណាមគឺជាប្រទេសដ៏អស្ចារ្យព្រោះថាតំបន់នីមួយៗនៅវៀតណាមតែងតែមានភាពខុសប្លែកពីគ្នា ដូច្នេះហើយ ភ្ញៀវទេសចរតែងតែទទួលបានបទពិសោធន៍ថ្មីថ្មោងនៅពេលមកទស្សនាម្ដងៗ។ នេះគឺជាមូលហេតុដែលខ្ញុំបានជ្រើសរើសវៀតណាម មកទស្សនាក្រោយពីពេលវៀតណាមបានបើកសកម្មភាពទេសចរណ៍ឡើងវិញផងដែរ”។
ក្នុងឆ្នាំ ២០២២ ផ្នែកទេសចរណ៍ខិតខំប្រឹងប្រែងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ៦៥ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥ លាននាក់។ ប្រាក់ចំណូលសរុបពីផ្នែកទេសចរណ៍សម្រេចបាន ១៧,៥ ពាន់លានដុល្លារអាមេរិក។ ការបើកសកម្មភាពទេសចរណ៍អន្តរជាតិឡើងវិញបានរួមចំណែកអនុវត្តន៍គោលដៅពីរទន្ទឹមគ្នារបស់រដ្ឋាភិបាល ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង និងស្ដារសេដ្ឋកិច្ចលើវិស័យទេសចរណ៍ឡើងវិញផងដែរ៕