វៀតណាមបញ្ជាក់ពី“រសជាតិអង្កររបស់ខ្លួន” នៅតំបន់វាលសណ្ដទន្លេ Cuu Long
(VOVWORLD) - នាឆ្នាំ ២០២០ កសិករអង្គភាពនិងអាជីវកម្មនៅតំបន់វាលសណ្តទន្លេ Cuu Long មានឆ្នាំទទួលទិន្នផលនិងតម្លៃស្រូវអង្ករដ៏ផ្លែផ្កា។ ដោយមាន ការធ្វើ កំណែទម្រង់វិស័យកសិកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចូលជាធរមានគឺជាកត្តាដែលរួមចំណែកនាំមកនូវលទ្ធផល ដូចពោលខាងលើនេះ។
នៅឆ្នាំ ២០២០ តម្លៃស្រូវនៅតំបន់ដីសណ្តទន្លេមេគង្គនឹងមានកំរិតខ្ពស់ (រូបថត៖ baochinhphu.vn) |
នៅឆ្នាំ ២០២០ វាលសណ្ដទន្លេ Cuu Long បានដាំដុះស្រូវបានជាង ១,៥ លានហិកតាក្នុងមួយរដូវដំណាំ ទិន្នផលមធ្យមសម្រេចបាន ៦ តោន / ហិកតា ដែលក្នុងនោះ ទិន្នផលស្រូវប្រចាំឆ្នាំត្រូវបានប៉ាន់ប្រមាណថាមាន ជាង ២៤ លានតោន។ ជាពិសេសបើប្រៀបធៀបនឹងឆ្នាំមុនៗនោះ ពោលគឺ នៅឆ្នាំ ២០២០ តម្លៃស្រូវឡើងដល់កម្រិតខ្ពស់តែម្តង។ អាស្រ័យលើតំបន់ និមួយៗ កសិករមានប្រាក់ចំណេញពី ៣០% ទៅ ៤០% សូម្បីតែខ្ពស់ជាង នេះទៅទៀត។ លោក Vo Minh Luan ប្រធានផ្នែកកសិកម្មនិងអភិវឌ្ឍន៍ ជនបទស្រុក Chau Thanh ខេត្ត Soc Trang បានមានប្រសាសន៍ថា៖ «គុណប្រយោជន៍មួយសម្រាប់បងប្អូនកសិករគឺទទួលបានតម្លៃខ្ពស់ណាស់ ជាពិសេសពូជស្រូវប្រភេទ OM18, OM5451 និងស្រូវប្រភេទ ST ។ បើ ប្រៀបធៀបប្រាក់ ចំណេញក្នុងរដូវប្រាំងឆ្នាំ២០២០នេះ ផលចំណេញខ្ពស់ ជាង ផលដំណាំនៅរដូវប្រាំងឆ្នាំ ២០១៩។ ជាមធ្យមប្រជាកសិករទទួល បាន ប្រាក់ចំណេញពី ១៦ ទៅ ១៨ លានដុង/ហិកតា ពោលគឺខ្ពស់ជាង ១,២ លានដុង/ហិកតាបើប្រៀបធៀងទៅនឹងដំណាំរដូវប្រាំងកាលពីឆ្នាំ ២០១៩ ។ នេះគឺជាចំណុចគួរឱ្យត្រេតអរសប្បាយសម្រាប់ប្រជាកសិករនៅស្រុក Chau Thanh ផងដែរ »។
ទីផ្សារនាំចេញអង្ករនៅឆ្នាំ ២០២០ នៃសហគ្រាសវាលសណ្តទន្លេ Cuu Long និយាយដោយឡែក និងប្រទេសវៀតណាមនិយាយទូទៅ ក៏រីកចម្រើនផងដែរ។ គេរំពឹងថាការនាំចេញនឹងសម្រេចបាន ៦ លាន តោន។ បើគិតដល់ដំណាច់ខែវិច្ឆិកា វៀតណាមបាននាំចេញអង្ករចំនួន ៥,៧៤ លានតោន សម្រេចបានទឹកកប្រាក់ ២,៨៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ១០% បើប្រៀបធៀបទៅនឹង រយៈពេលដូច គ្នាកាល ពីឆ្នាំមុន។ ម៉្យាងវិញទៀត ចាប់ពីដើមខែសីហាឆ្នាំ ២០២០ នៅពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) បានចូលជាធរមាន ក៏ជួយបង្កកំលាំងចលករ ដ៏សែនសំខាន់ថែមទៀត សម្រាប់អង្គភាពអាជីវកម្មក្នុងការបង្កើនការផ្គត់ផ្គង់អង្ករដែលមានរសជាតិឆ្ងាញ់និងមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យឈានទៅកាន់ទីផ្សារអឺរ៉ុប ដែលកំពុងរីកចម្រើនផងដែរ។ លោក Nguyen Van Don នាយកក្រុមហ៊ុន Viet Hung នៅឃុំ Hau Thanh ស្រុក Cai Be ខេត្ត Kien Giang បានចែករំលែកថា៖ «នៅឆ្នាំនេះសហគ្រាសនាំចេញសម្រេចបានគោលដៅនិងផែនការដែលបានដាក់ចេញ ដោយមានតម្លៃកើនឡើងប្រមាណ ១០% ដែលភាគ ច្រើននាំចេញទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី ហ្វីលីពីន ចិនជាដើម។ នាដើមឆ្នាំនេះ គេក៏មានគម្រោងនាំចេញទីផ្សារទាំងនោះដែរ ដោយ ខិតខំ ប្រឹងប្រែងនាំចេញទៅទីផ្សារអឺរ៉ុបនៅពេលធានាអំពីប្រភពដើម នៃទំនិញ សុវត្ថិភាពម្ហូបអាហារ និងអនាម័យផងដែរ។ យើងចាំបាច់ត្រូវភ្ជាប់ ទំនាក់ទំនងជាមួយកត្តាចំនួន ៤ (រួមមានរដ្ឋ កសិករ អ្នកវិទ្យាសាស្រ្ត សហគ្រិន) ឲ្យបានជិតស្និទ្ធ ទើបអាចធ្វើទៅបានតែម្តង»។
កែច្នៃអង្ករសម្រាប់នាំចេញ (រូបថត៖ VNA) |
មានមូលហេតុ ៣ យ៉ាងដែលអង្ករវៀតណាមមាន ជំហានរីកលូតលាស់ យ៉ាងខ្ពស់ដូចសព្វថ្ងៃ។ ទីមួយ គឺគម្រោងការណ៍រៀបចំរចនាសម្ព័ន្ធកសិកម្ម របស់រដ្ឋាភិបាលដែលក្នុងនោះការធ្វើកំណែទម្រង់លើវិស័យស្រូវត្រូវបាន អនុវត្តយ៉ាងខ្លាំងក្លា ហើយក៏បានធ្វើឲ្យវិស័យនេះផ្លាស់ប្តូរដំណើរការធ្វើ ស្រែតាមទិសលើកកំពស់គុណភាព ជំនួសឱ្យការបង្កើនទិន្នផលវិញ។ ទីពីរគឺវៀតណាមសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយ បណ្តាប្រទេសមានទំនាក់ទំនងយុទ្ធសាស្ត្រជាច្រើនដូចជាកិច្ចព្រមព្រៀង CPTPP, EVFTA ដែលបានបង្កើតលក្ខខណៈអំណោយផលសម្រាប់ អង្ករវៀតណាម មានជំហានបោះទៅមុខគួរឲ្យកត់សំគាល់ផងដែរ។ ទីបីគឺនៅឆ្នាំ ២០២០ ជំងឺរាតត្បាតកូវីដ១៩ បានកាត់បន្ថយការរីកចម្រើន លើវិស័យជាច្រើន ប៉ុន្តែតម្រូវការផ្នែកស្បៀងអាហារមិនបានថយចុះ នោះទេ។លោក Vo Quoc Hung អនុប្រធានក្រុមហ៊ុន Phuoc Dat នៅឃុំ Phuoc Dat ស្រុក Chau Thanh ខេត្ត Tien Giang បានលើកឡើងថា៖ «ទោះបីវាលសណ្ដទន្លេ Cuu Long រងផលប៉ះពាល់ពីគ្រោះរាំងស្ងួតក៏ ដោយ ប៉ុន្តែអង្កនៅតែទទួលបានទិន្នផលនិងតម្លៃល្អដែរ។ នោះគឺជា ការត្រេតអរសប្បាយរបស់អង្គភាពអាជីវកម្មនិងប្រជាកសិករ។ តម្លៃស្រូវ ឡើងថ្លៃពីព្រោះតម្លៃពិភពលោកឡើងថ្លៃដែលនេះជាឱកាសសម្រាប់ អង្គភាពអាជីវកម្មនិងកសិករលក់ចេញក្នុងតម្លៃល្អ។ ឆ្នាំនេះការនាំចេញ មានកំរិតខ្ពស់ជាងឆ្នាំ ២០១៩ ប៉ុន្តែអង្កររបស់យើងបានឈានដល់លំដាប់ កំពូលនៅលើពិភពលោក ហេតុដូច្នេះគួរតែ អនុញ្ញាតឲ្យមានការនាំចេញ កាន់តែច្រើនថែមទៀត ប៉ុន្តែត្រូវស្ថិតក្រោមការគ្រប់គ្រង។ ប្រសិនបើ អ្នកណាដែលមានអង្ករ ដែលអតិថិជនទិញក្នុងតម្លៃខ្ពស់ គឺអាចលក់បាន »។
ឆ្នាំ ២០២០ ផលិតកម្មស្រូវទទួលបានទិន្នផលល្អ រួមទាំងមានការផ្គត់ផ្គង់ច្រើន និងគុណភាពស្រូវកាន់តែ កើនឡើង ដើម្បីបង្កើតឡើងការរីកសាយភាយយ៉ាងខ្លាំងក្លានៃ “រសជាតិអង្ករ” របស់វៀតណាម។ លទ្ធផល ឆ្នាំ ២០២០ បានបង្កើតសន្ទុះសម្រាប់ផលិតកម្មស្រូវរបស់វៀតណាម និយាយរួម និងសម្រាប់ វាលសណ្តទន្លេ Cuu Long និយាយដោយឡែក ទទួលបានលទ្ធផលកាន់តែធំឡើងនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ផងដែរ៕