វៀតណាមលើកកំពស់សមត្ថភាពអភិបាលកិច្ចនិងបង្កើនកំលាំងចលករ សម្រាប់សហគ្រាស
(VOVWORLD) - ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់សហគ្រាសធ្វើវិសោធនកម្ម ដែលក្រសួងផែនការនិងវិនិយោគ វៀតណាម កំពុងកសាងឡើងនិងគ្រោងនឹងដាក់ជូនរដ្ឋសភានៅឯសម័យប្រជុំនៅខែឧសភាខាងមុខនេះ គឺជាបញ្ហាលើកកំពស់ក្របខ័ណ្ឌគតិយុត្តិ ដើម្បីការពារវិនិយោគិន ជាពិសេសគឺផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន ភាគតិច។
អង្គភាពអាជីវកម្មចង់រីកចម្រើនត្រូវតែមានអភិបាលកិច្ចល្អ (រូបថត៖VOV) |
យោងតាមអ្នកជំនាញនានាបានឲ្យដឹងថា ការសុក្រិត្យនិងការអនុវត្តខ្លឹមសារនេះនឹងបង្កើនតម្លាភាព និងជួយឱ្យអង្គភាពអាជីវកម្មមានមូលដ្ឋានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាពផងដែរ។ យោងតាមតួរលេខស្ថិតិបានបង្ហាញថា នៅប្រទេសវៀតណាម ជាមធ្យមក្នុងមួយខែមានសហគ្រាសជាង ១៤.០០០ បានដកខ្លួនចេញពីទីផ្សារ ។ បើយោងតាមសេដ្ឋវិទូបានឲ្យដឹងថា ក្រៅពីឧបសគ្គមួយចំនួននៅក្នុងដំណើរការនៃការចាប់ផ្តើមអាជីវកម្ម បញ្ហាអភិបាលកិច្ចអាជីវកម្មត្រូវបានចាត់ទុកថាជាប្រៀបខ្សោយរបស់សហគ្រាសនៅពេលដែលទើបតែបង្កើត ជាពិសេសចំពោះទម្រង់ក្រុមហ៊ុនភាគហ៊ុនផងដែរ។ លោក Phan Duc Hieu អនុប្រធានវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម បានឲ្យដឹងថាគោលដៅរបស់ រដ្ឋាភិបាលដែលបង្ហាញក្នុងសេចក្តីសម្រេចចិត្ត គឺត្រូវអភិវឌ្ឍអង្គភាពអាជីវកម្មទាំងបរិមាណនិងគុណភាព។ ប៉ុន្តែភាពជាក់ស្តែងនៃការយល់ដឹងទូទៅអំពី អភិបាលកិច្ចនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ ខណៈពេលដែលបញ្ហានេះមានតួនាទីនិងសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់អង្គការអាជីវកម្ម។ លោក Phan Duc Hieu បានអះអាងថា៖
« អភិបាលកិច្ចល្អនឹងជួយឲ្យក្រុមហ៊ុននិមួយៗក្នុងការកៀរគរដើមទុនហេតុដូច្នេះម្ចាស់ភាគហ៊ុននិងវិនិយោគិនត្រៀមខ្លួនបោះទុនវិនិយោគដើម្បីទិញភាគហ៊ុន ហើយក្រុមហ៊ុននឹងមានភាពងាយស្រួលក្នុងការកៀរគរដើមទុនផងដែរ។ ចំណុចនេះក៏នឹងជួយឱ្យក្រុមហ៊ុនឲ្យបញ្ចៀសពីជម្លោះផ្ទៃក្នុងអាចជះឥទ្ធិពលដល់ប្រតិបត្តិការអាជីវកម្ម សូម្បីតែក្ស័យធននិងរំលាយសហគ្រាសក៏មានដែរ»។
គោលដៅរបស់រដ្ឋាភិបាលគឺត្រូវអភិវឌ្ឍអង្គភាពអាជីវកម្មទាំងបរិមាណនិងគុណភាព (រូបថត៖VOV) |
យោងតាមការវាយតម្លៃរបស់អ្នកជំនាញជាច្រើនបានឲ្យដឹងថា នៅក្នុងក្រុមហ៊ុនភាគហ៊ុននានា សិទ្ធិរបស់ម្ចាស់ភាគហ៊ុនគឺមានសារៈសំខាន់ណាស់។ បទប្បញ្ញត្តិគតិយុត្តិរបស់សហគ្រាសកាន់តែមានភាពច្បាស់លាស់និងតម្លាភាព វិនិយោគិនកាន់តែមានកម្លាំងចលករយ៉ាងខ្លាំងក្លាថែមទៀតក្នុងការបោះទុនវិនិយោគចូលក្នុងសហគ្រាសផងដែរ។ ការពារសិទ្ធិរបស់ម្ចាស់ភាគហ៊ុនគឺជាបញ្ហាសំខាន់សម្រាប់សកម្មភាពអភិបាលកិច្ចរបស់សហគ្រាសនាបច្ចុប្បន្ននេះ។ ប៉ុន្តែជាការពិតបទប្បញ្ញត្តិមួយចំនួននៃច្បាប់សហគ្រាសស្តីពីអភិបាលកិច្ចអង្គភាពអាជីវកម្មមិនសូវបង្កលក្ខណៈអំណោយផលសម្រាប់ម្ចាស់ភាគហ៊ុននិងវិនិយោគិនក្នុងការអនុវត្តសិទ្ធិរបស់ខ្លួននោះឡើយ។
ហេតុដូច្នេះដំណោះស្រាយដើម្បីជួយឱ្យអង្គភាពអាជីវកម្មលើកស្ទួយសមត្ថភាពផ្នែកអភិបាលកិច្ចនិងការពារម្ចាស់ភាគហ៊ុន នឹងជួយបង្កលក្ខណៈងាសស្រួលបន្ថែមទៀតដល់ដំណើរការនៃការចាប់ផ្តើមអាជីវកម្មផងដែរ។ លោក Dau Anh Tuan ប្រធានផ្នែកនិតិកម្មនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានមានប្រសាសន៍ថា៖
«បេសកកម្មនៃច្បាប់ស្តីពីសហគ្រាសនាពេលអនាគត គឺលើកកម្ពស់គុណភាពអភិបាលកិច្ច និងត្រូវតែដាក់ជូនរដ្ឋមន្រ្តីនិងរដ្ឋាភិបាលដោយភ្ជាប់ជាមួយកម្មវិធី ដើម្បីបង្កើននិងលើកកម្ពស់គុណភាពអភិបាលកិច្ច ព្រមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីផងដែរ។ លើសពីនេះទៀត នៅប្រទេសដទែគេមានទម្រង់លក្ខ័ន្តិកៈ ដែលទាមទារឲ្យត្រូវតែមានវិទ្យាស្ថានស្តីពីអភិបាលកិច្ច និងសមាគមដើម្បីបង្កើនមុខងារអភិបាលកិច្ចសម្រាប់អង្គភាពអាជីវកម្ម រួមទាំងបង្កភាពងាយស្រួលសម្រាប់ម្ចាស់ភាគហ៊ុនភាគតិច ក្នុងការលើកសំណូមពរនិងធានាសិទ្ធិរបស់ខ្លួនផងដែរ»។
ក្នុងបរិបទដែលតម្លាភាពរបស់សហគ្រាសវៀតណាមមិនទាន់បានកែលម្អឲ្យបានសក្តិសមនោះ ហេតុដូច្នេះការធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃច្បាប់ ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន ជាពិសេសម្ចាស់ភាគហ៊ុនភាគតិច គឺជាដំណោះស្រាយចាំបាច់តែម្តង។ ម្យ៉ាងវិញទៀត ដំណោះស្រាយនេះមានគោលបំណងបង្កើនសុវត្ថិភាពសម្រាប់ម្ចាស់ភាគហ៊ុន និងបង្កើនសមត្ថភាពក្នុងការកៀរគរដើមទុនឲ្យបានល្អក្នុងសង្គម ព្រមទាំងជួយលើកកម្ពស់គុណភាពក្នុងការរៀបចំអភិបាលកិច្ចសហគ្រាសឲ្យស្របតាមច្បាប់អន្តរជាតិ និងកែលម្អនូវគុណភាពនៃបរិយាកាសអាជីវកម្មនៅវៀតណាមផងដែរ៕