វៀតណាម បង្កើនការផ្សព្វផ្សាយ និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍
(VOVWORLD) - ឆ្នាំ ២០២៣ វស័យទេសចរណ៍វៀតណាមបានកំណត់គោលដៅទទួលភ្ញៀវទេសចរចំនួន ១១០ លាននាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៨ លាននាក់។ ដើម្បីសម្រេចបានគោលដៅនេះ ទេសចរណ៍វៀតណាមបានអនុវត្តន៍ដំណោះស្រាយជាច្រើនដូចជា៖ ជំរុញការផ្សព្វផ្សាយ លើកកម្ពស់គុណភាពផលិតផលទេសចរណ៍ សេវាកម្មស្នាក់នៅ ជាពិសេសគឺធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនថែមទៀត។
ទេសភាពឆ្នេរសមុទ្រ Bai Sau នៅ Vung Tau (រូបថត៖ vietnam.vnanet.vn) |
មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នេរសមុទ្រនៅភាគកណ្តាលវៀតណាមមានភ្ញៀវទេសចរចិន និងកូរ៉េខាងត្បូងយ៉ាងច្រើនកុះករ ដែលមានតួរទេសចរណ៍រហូតដល់ ៤០-៥០ នាក់។ ដូច្នេះ ផលិតផលទេសចរណ៍ ក៏មានគោលបំណងឆ្ពោះទៅប្រភពភ្ញៀវទេសចរនេះដែរ។ ទិន្នន័យស្ថិតិបានបង្ហាញថា ៧០% នៃចំនួនភ្ញៀវអន្តរជាតិទៅដល់វៀតណាម គឺមកពីតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរចិនស្រូបយក៣២%។ Nha Trang និង Vung Tau ក៏ជាគោលដៅគួរឱ្យចាប់អារម្មណ៍របស់ភ្ញៀវទេសចររុស្ស៊ីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលជំងឺកូវីដ-១៩បានផ្ទុះឡើង ប្រជាជននៃបណ្តាប្រទេសបានរឹតត្បិតការធ្វើដំណើរ ដោយប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍វៀតណាមនិងតំបន់ជាច្រើន។ ប៉ុន្តែ នេះក៏ជាឱកាសសម្រាប់ទេសចរណ៍វៀតណាមផ្លាស់ប្តូរទិសដៅអភិវឌ្ឍន៍ លើកកម្ពស់គុណភាពសេវាកម្ម ផលិតផលទេសចរណ៍ ក៏ដូចជាបង្កើនការផ្សព្វផ្សាយ និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ផងដែរ។ Michelle Dupont ភ្ញៀវទេសចរបារាំងម្នាក់បានចែករំលែកថា៖ វៀតណាមមានទេសភាពស្រស់ស្អាតនិងម្ហូបអាហារឈ្ងុយឆ្ងាញ់ជាច្រើន ប៉ុន្តែភ្ញៀវទេសចរបារាំងមិនមានព័ត៌មានច្រើនអំពីទេសចរណ៍វៀតណាមនោះទេ៖ “មកទីនេះខ្ញុំទើបដឹងថា វៀតណាមបានបើកទេសចរណ៍ឡើងវិញយ៉ាងពេញលេញក្រោយជំងឺកូវីដ-១៩។ មិនមានលក្ខខណ្ឌចាំបាច់ខាងសុខាភិបាលទៀតឡើយ ក៏មិនត្រូវការធ្វើតេស្តដែរ ខណៈដែលទីផ្សារអាស៊ីមួយចំនួននៅតែតម្រូវឱ្យធ្វើតេស្ត។ ប្រការនេះ គួរតែត្រូវបានសង្កត់ធ្ងន់ថែមទៀតដល់ភ្ញៀវទេសចរអន្តរជាតិ”។
ប្រឈមមុខនឹងស្ថានភាពនេះ វិស័យទេសចរណ៍វៀតណាមបានរៀបចំសកម្មភាពឧទ្ទេសនាមនិងផ្សព្វផ្សាយជាច្រើននៅប្រទេសនិងតំបនជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ការផ្សព្វផ្សាយនិងធ្វើពិពិពិធកម្មទីផ្សារដើម្បីទាក់ទាញភ្ញៀវទេសចរនៅតែត្រូវការអនុវត្តយ៉ាងខ្លាំងក្លាថែមទៀត។
បន្ទាប់ពីជំងឺកូវីដ-១៩ត្រូវបានគ្រប់គ្រងមក ក្រុមហ៊ុនអាកាសចរណ៍និងទេសចរណ៍វៀតណាមជាច្រើនបានស្វែងរកទីផ្សារដែលមានសក្តានុពលថ្មី ដូចជាឥណ្ឌា ម៉ាឡេស៊ី ដោយបង្កើនចំនួនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ រហូតមកដល់ពេលនេះ ផ្លូវហោះហើរបរទេសជាមួយទ្វីបនានា និងដំណើរទេសចរណ៍អន្តរជាតិផ្លូវសមុទ្រជាច្រើនស្ទើរតែបានបើកឡើងវិញ ដូចនៅមុនការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបាននិងកំពុងផ្តោតលើការលើកកម្ពស់វិស័យទេសចរណ៍អន្តរជាតិដោយវិធីសាស្ត្រជាច្រើន ដូចជាការចូលរួមតាំងពិព័រណ៍អន្តរជាតិ ការជួបប្រាស្រ័យនិងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយភាគីជាច្រើន ដើម្បីស្វែងយល់អំពីអតិថិជន និន្នាការអភិវឌ្ឍន៍ទីផ្សារ ពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើតផលិតផលសំខាន់ៗក្នុងឆ្នាំនៃការស្តារទេសចរណ៍ឡើងវិញនេះ។
ភ្ញៀវអន្តរជាតិក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំថ្មី ឆ្នាំ២០២៣ នៅវៀតណាម។ (រូបថត៖ tuoitrethudo.com.vn) |
កិច្ចខិតខំប្រឹងប្រែងទាំងនេះ ទទួលបានលទ្ធផលជាជំហានដំបូងនៅក្នុងឱកាសបុណ្យណូអែលនិងឆ្នាំថ្មី ២០២៣ នៅពេលដែលមូលដ្ឋានជាច្រើនក៏ដូចជារដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ បានទទួលស្វាគមន៍ភ្ញៀវជាច្រើនពីទីផ្សារទាំងនេះ។ Ather Paswan ភ្ញៀវទេសចរ ឥណ្ឌា ម្នាក់បានសម្តែងថា៖ “វៀតណាមជាប្រទេសដ៏ស្រស់ស្អាតណាស់។ បើទោះបីជាលើកដំបូងមកដល់ទីនេះប៉ុន្តែខ្ញុំក៏បានទៅទស្សនាទេសភាពស្រស់ស្អាតរបស់ទីក្រុងហាណូយ Hoi An និងទីក្រុងហូជីមិញ។ រវាងឥណ្ឌានិងវៀតណាមមានភាពជិតស្និទ្ធ ហើយយើងខ្ញុំបានលឺរឿងល្អជាច្រើនអំពីប្រទេសវៀតណាម” ។
ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិគ្រោះយោបល់ទេសចរណ៍ លោក Hoang Nhan Chinh បានមានប្រសាសន៍ថា៖ វៀតណាមកំពុង "បើកចំហ" ផ្នែកទីផ្សារកម្រិតខ្ពស់ ពោលគឺភ្ញៀវទេសចរវ័យចំណាស់ដែលមានតម្រូវការសំរាក់បំប៉នយូរអង្វែងនិងមានសមត្ថភាពទូទាត់ខ្ពស់។ ដើម្បីទាក់ទាញផ្នែកនេះក្រៅពីការពន្យាពេលនៃការលើកលែងទិដ្ឋាការនោះ ចាំបាច់ត្រូវអភិវឌ្ឍសេវាកម្មតម្លៃបន្ថែមដូចជា៖ ការថែទាំសុខភាព ការទិញទំនិញ ម្ហូបអាហារ នៅក្នុងរមណីយដ្ឋានតែមួយ ដើម្បីឱ្យភ្ញៀវទេសចរទទួលបទពិសោធន៍ ក៏ដូចជាបង្កើនការតភ្ជាប់រវាងមូលដ្ឋាន និងគោលដៅទេសចរណ៍៖ “យើងត្រូវផ្លាស់ប្តូរការគិត។ ទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដូច្នេះចាំបាច់ត្រូវគិតអំពីប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលខ្ពស់ពីភ្ញៀវទេសចរ។ កាលពីមុន យើងខ្ញុំបានស្នើលើកទឹកចិត្តទីផ្សារដែលមានសមត្ថភាពធ្វើដំណើរកម្សាន្តរយៈពេលវែង ភ្ញៀវមានសមត្ថភាពទូទាត់ខ្ពស់ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធម្មជាតិ។
ក្រសួងវប្បធម៌កីឡានិងទេសចរណ៍និងទីភ្នាក់ងារទេសចរណ៍បានស្នើគោលនយោបាយជាក់លាក់ជាច្រើនដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ រួមទាំងសំណើអនុវត្តទិដ្ឋាការអេឡិចត្រូនិកសម្រាប់ភ្ញៀវបរទេស បន្តធ្វើឱ្យមានភាពងាយស្រួលនៃនីតិវិធីផ្គត់ផ្គង់និងពង្រឹងការអនុវត្តបច្ចេកវិទ្យា។ ការងារពន្លឿនផ្សព្វផ្សាយនឹងត្រូវបានអនុវត្តយ៉ាងសកម្មពេញមួយឆ្នាំ។ ជាក់ស្តែង ផ្នែកទេសចរណ៍នឹងចូលរួមព្រឹត្តិការណ៍អន្តរជាតិស្តីពីទេសចរណ៍អាស៊ីអាគ្នេយ៍ ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងឡុងដ៍ (អង់គ្លេស) ប៊ែកឡាំង (អាល្លឺម៉ង់) និងផ្សព្វផ្សាយ និងផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាមនៅលើបណ្តាញ CNN និងបណ្តាញផ្សព្វផ្សាយធំៗផ្សេងទៀត។ ដោយមានការខិតខំប្រឹងប្រែងទាំងអស់ពីរដ្ឋាភិបាល ផ្នែកទេសចរណ៍ និងមូលដ្ឋាន សហគ្រាស គោលដៅទទួលភ្ញៀវទេសចរចំនួន ១១០ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៨ លាននាក់ ដែលវៀតណាមបានដាក់ចេញក្នុងឆ្នាំ ២០២៣ គឺអាចធ្វើទៅបានទាំងស្រុង៕