សហគ្រិនខេត្ត Son La រួមដំណើរអភិវឌ្ឍន៍កសិផល

(VOVWORLD) - ក្នុងនាមជាតំបន់មួយ ដែលមានផ្ទៃដីអភិវឌ្ឍន៍ដើមឈើហូបផ្លែ និងកសិកផលដ៏ធំរបស់ប្រទេសជាតិទាំងមូល នាប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលកសិកម្មរបស់ ខេត្ត Son La មានកន្លែងឈរជើងនៅតាមទីផ្សារទាំងជាតិ និងអន្តរជាតិ។ លទ្ធផលនេះមានការរួមចំណែកដ៏ធំធេងរបស់សហគ្រិន សហគ្រាស និងសហករណ៍ក្នុងផលិតកម្ម កែច្នៃ បញ្ចេញលក់ និងនាំចេញ  ក៏ដូចជារួមចំណែកលើកកម្ពស់តម្លៃ និងពាណិជ្ជសញ្ញា ព្រមទាំងនាំកសិផលខេត្ត Son La ឆ្ពោះទៅកាន់ទីផ្សារនានាផងដែរ។
 
 
សហគ្រិនខេត្ត Son La រួមដំណើរអភិវឌ្ឍន៍កសិផល - ảnh 1ផលិតផលកសិកម្មរបស់ ខេត្ត Son La មានកន្លែងឈរជើងនៅតាមទីផ្សារទាំងជាតិ និងអន្តរជាតិ។ រូបថត៖ VOV

អស់រយៈពេលប្រមាណ ២០ ឆ្នាំកន្លងទៅ លោកស្រី Nguyen Bich Ngoc នាយិកាក្រុមហ៊ុនចំកាត់ពាណិជ្ជកម្ម និងសេវាកម្ម Truong Mai នៅស្រុក Mai Son បានរួមដំណើរជាមួយប្រជាកសិករ និងសហករណ៍ខេត្ត Son La នាំ កសិផលជាច្រើនមុខទៅបញ្ចេញលក់ក្នុងប្រទេសប្រកបដោយស្ថិរភាព និងនាំចេញទៅកាន់ទីផ្សារបរទេសនានាដូចជា ចិន អូស្ត្រាលី និងអាមេរិក។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានសហការជាមួយសហករណ៍ និងប្រជាកសិករនៅតាមស្រុក និងទីក្រុងចំនួន ១២ ក្នុងខេត្ត ដើម្បីប្រមូលទិញ និងបញ្ចេញលក់ពោត និងដំឡូងរាប់សែនតោន ព្រមទាំងផ្លែឈើរាប់ពាន់តោនទៀតផង។ ជាពិសេសក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ក្រុមហ៊ុននៅតែរួមដំណើរ និងជួយសម្រួលដល់ប្រជាកសិករបញ្ចេញលក់កសិផល។ លោកស្រី Nguyen Bich Ngoc នាយិកាក្រុមហ៊ុនបានចែករំលែកថា៖ “យើងខ្ញុំបានខិតខំប្រឹងប្រែង ដើម្បីពង្រីកជាអតិបរមាសមត្ថភាពដែលមានស្រាប់ ហើយត្រៀមរៀបចំទីផ្សារ ធនធានមនុស្ស ព្រមទាំងជួយឧបត្ថម្ភដល់ប្រជាកសិករដោយផ្ទាល់។ ឧទាហរណ៍ថា ក្នុងរដូវប្រមូលផលផ្លែមៀនឆ្នាំ ២០២១ ទីផ្សារក្នុងស្រុកស្ទើរតែជាប់គាំងប៉ុន្តែដោយមានគោលការណ៍ជួយឧបត្ថម្ភទាន់ពេលវេលារបស់ខេត្ត សហគ្រាសបានរួមជាមួយប្រជាកសិករកែច្នៃផលិតផលផ្លែមៀនទៅជាផលិតផលបង្អែមផ្លែមៀន នាំចេញផ្លែស្វាយជិត ៥០ តោនទៅកាន់ទីផ្សារអូស្ត្រាលី និងដាក់បញ្ជូលផលតិផលទាំងអស់ទៅក្នុងផ្សារពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ”។

បច្ចុប្បន្ន Son La គឺជាខេត្តមួយដែលមានផ្ទៃដីដាំដើមឈើហូបផ្លែធំទី ២ របស់វៀតណាម ហើយមានកសិផលមួយចំនួន ដែលមានផ្ទៃដីដាំដុះ ទិន្នផល និងតម្លៃនាំចេញធំបំផុតក្នុងតំបន់ភាគពាយ័ព្យ និងតំបន់ព្រៃភ្នំ Bac Bo ព្រមទាំងមានផលិតផលកសិកម្មចំនួន ១៧ មុខ បាននាំចេញទៅកាន់ទីផ្សារបរទេស និងតំបន់ដែនដីចំនួន ២១ នៅលើពិភពលោក។ ក្នុងចំណោមលទ្ធផលវិជ្ជមានទាំងនេះ មានការរួមចំណែកដ៏ធំធេងរបស់សហគមន៍ធុរកិច្ច សហគ្រាស និងសហករណ៍ ដែលបានរួមដំណើរជាមួយខេត្ត Son La ក្នុងផលិតកម្ម កែច្នៃ បញ្ចេញលក់ កសាង និងលើកកម្ពស់ពាណិជ្ជសញ្ញាកសិផល។ លោក Nguyen Quoc Khanh ប្រធានសម្ព័ន្ធសមាគមធុរកិច្ចខេត្ត Son La បានឲ្យដឹងថា៖ “សម្ព័ន្ធសមាគម និងសហគមន៍ធុរកិច្ចក្នុងខេត្តបានប្រកាន់ខ្ជាប់គោលការណ៍របស់ខេត្ត ក្នុងនោះបានចូលរួមក្នុងគម្រោងវិនិយោគលើការកែច្នៃ និងរក្សាទុកកសិផល រួមចំណែកជាមួយផ្នែកកសិកម្ម និងក្រុមគ្រួសារកសិករជំរុញការអភិវឌ្ឍកសិកម្មរបស់ខេត្ត Son La ជាពិសេសគឺការអភិវឌ្ឍដើមឈើហូបផ្លែ។ នាពេលខាងមុខ យើងខ្ញុំមានផែនអនុវត្តន៍កម្មវិធីតភ្ជាប់កសិផលរួមជាមួយសហករណ៍ កសាងខ្សែសង្វាក់តភ្ជាប់រវាងគ្រួសារកសិករ-សហករណ៍-សហគ្រាសក្នុងការផលិត កែច្នៃ បញ្ចេញលក់ និងនាំចេញផងដែរ”។

សហគ្រិនខេត្ត Son La រួមដំណើរអភិវឌ្ឍន៍កសិផល - ảnh 2សហគ្រាសនៅ Son La វិនិយោគលើប្រព័ន្ធគ្រឿងយន្ត និងខ្សែសង្វាក់ផលិតកម្ម រួមចំណែកលើកកំពស់តម្លៃផលិតផលកសិកម្ម។ រូបថត៖ VOV

ដោយបានកត់សម្គាល់ពីតួនាទី និងការរួមចំណែករបស់សហគមន៍ធុរកិច្ច សហគ្រិនក្នុងការសកម្មភាពផលិតកម្ម កែច្នៃ និងបញ្ចេញលក់កសិផលរបស់ខេត្ត លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានចាត់ទុកថា៖ “ក្នុងខ្សែសង្វាក់ផលិតកម្មមួយ ប្រសិនបើមិនមានសហករណ៍ ឬសហគ្រាស គឺ អ្នកផលិតត្រឹមតែផលិតសម្រាប់ប្រើប្រាស់តាមទីផ្សារពាណិជ្ជកម្មធម្មតា។ សហករណ៍ និងសហគ្រាសបានក្លាយទៅជា "ក្បាលម៉ាស៊ីន" ដឹកនាំក្នុងផលិតកម្ម កែច្នៃ និងបញ្ចេញលក់កសិផល។ តាមរយៈសហគ្រាសទាំងនេះនឹងបង្កើតខ្សែសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព ប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ ដើម្បីបង្កើតផលិតផលល្អបំផុតផងដែរ”។

ដោយបានតម្រង់ទិសដៅឲ្យក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលកែច្នៃកសិផលនៅតំបន់ ភាគពាយ័ព្យនោះ ខេត្ត Son La កំពុងបន្តជំរុញខ្លាំងការទាក់ទាញវិនិយោគ បង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញបណ្ដាសម្ព័ន្ធក្រុមហ៊ុន សហគ្រាសកែច្នៃ និងនាំចេញកសិផល ព្រមទាំងរួមកម្លាំងកាយចិត្ត រួមដំណើរជាមួយតំបន់ក្នុងការកសាង អះអាងពីពាណិជ្ជសញ្ញា រូបភាពកសិផលខេត្ត Son La ក៏ដូចជាតំបន់ភាគពាយ័ព្យនៅលើផែនទីកសិផលវៀតណាម និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ