សហគ្រាសជឿជាក់យ៉ាងមុតមាំលើកម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសជាតិ
(VOVWORLD) - ដើមឆ្នាំ ២០២២ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្តដ៏សំខាន់ចំនួន ២ ស្តីពីការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុងនោះ សេចក្ដីសម្រេចចិត្តលេខ ០២ បានចែងយ៉ាងច្បាស់លាស់អំពីគោលដៅទូទៅគឺ "ជួយសម្រួលប្រជាជន និងសហគ្រាសឲ្យបានទាន់ពេលវេលា ដើម្បីស្តារផលិតកម្ម និងធ្វើអាជីវកម្មឡើងវិញ និងសម្របខ្លួនប្រកបដោយភាពបត់បែន ប្រសិទ្ធភាពជាមួយជំងឺរាតត្បាត"។
បន្ទាប់មក រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដែលមានទឹកប្រាក់ប្រមាណ ៣៥ ម៉ឺនពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ សហគមន៍ធុរកិច្ចមានជំនឿជាក់ថា កម្មវិធីស្ដារសេដ្ឋកិច្ចនេះបានដើរត្រឹមត្រូវតាមទិសដៅ មុខសញ្ញា ពេលវេលាក៏ដូចជាពង្រីកប្រសិទ្ធភាពយ៉ាងល្អប្រសើរផងដែរ។
សហគមន៍ធុរកិច្ចបានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាល និងរដ្ឋសភាបានចេញផ្សាយបណ្ដាកម្មវិធីជួយសម្រួលដល់ការស្ដារឡើងវិញយ៉ាងខ្លាំងក្លា និងទាន់ពេលវេលា ជាពិសេសគឺគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុសម្រាប់សហគ្រាស។ សហគមន៍ធុរកិច្ចបានចាត់ទុកថា នេះគឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីស្ដារឡើងវិញនូវខ្សែសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ ការងារយ៉ាងឆាប់រហ័ស ជំរុញកំណើន រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាតុល្យភាពសំខាន់ៗក្នុងរយៈពេលមធ្យម និងវេង។ លោក Tran Viet Anh អនុប្រធានសម្ព័ន្ធសមាគមន៍ធរុកិច្ចទីក្រុងហូជីមិញ និងជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុននាំចេញ នាំចូល Nam Thai Son បានឲ្យដឹងថា៖ “រដ្ឋាភិបាលបានចេញគោលនយោបាយជួយឧបត្ថម្ភជាច្រើន និងទាន់ពេលវេលា។ ទោះយ៉ាងណាក៏ដោយ ចាំបាច់ត្រូវមានការឯកភាពគ្នាពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយគោលនយោបាយទាំងនេះត្រូវបានផ្ដល់ជូនដល់មុខសញ្ញា និងអាស័យដ្ឋានយ៉ាងត្រឹមត្រូវ។ ព្រោះថាសហគ្រាសមិនត្រូវការជំនួយថវិកាច្រើននោះឡើយ ពោលគឺសហគ្រាសត្រូវការជួយសម្រួលក្នុងប្រតិបត្តិការឲ្យបានរលូនជាងមុនផងដែរ”។
ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចនៅតែត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាសាកល្បងជាច្រើន ដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ នោះ សហគ្រាសជាច្រើនបានវាយតម្លៃថា បណ្ដាកម្មវិធី និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លោក Vuong Trong Tuan អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនដំណាប់ទីក្រុងហាណូយបានចាត់ទុកថា៖ “រដ្ឋាភិបាលនឹងដឹកនាំយ៉ាងតឹងរ៉ឹង និងដិតដល់ថែមទៀតចំពោះវិស័យនីមួយៗ និងមូលដ្ឋាននានា ដើម្បីអនុវត្តន៍កញ្ចប់ជំនួយប្រកបដោយប្រសិទ្ធភាពបំផុត ជំរុញខឿនសេដ្ឋកិច្ចជាតិឲ្យអភិវឌ្ឍន៍ថែមទៀត។ ខ្ញុំសង្ឃឹមថា សហគ្រាសនឹងទទួលបានកញ្ចប់ជំនួយនេះរបស់រដ្ឋាភិបាល ដើម្បីទទួលបានជំនួយផ្នែកទុន ក៏ដូចជាអត្រាការប្រាក់ សំដៅជួយសហគ្រាស និងសិប្បកម្មនានាអភិវឌ្ឍន៍។ នេះគឺជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនារយៈពេលខាងមុខផងដែរ”។
ក្រុមសេដ្ឋកិច្ចវិទូសុទ្ធតែបានវាយតម្លៃថា ដោយមានអត្រាគ្របដណ្ដប់វ៉ាក់សាំងបង្ការកូវីដ ១៩ ខ្ពស់ជាពិសេសគឺការកែសម្រួលយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់តាមទិសដៅសម្របខ្លួនប្រកបដោយភាពបត់បែន សុវត្ថិភាព និងប្រសិទ្ធភាពនោះ កម្មវិធីស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ បាននាំមកនូវលទ្ធផលល្អដ៏ប្រសើរយ៉ាងពិតប្រាកដ។ ជាពិសេស ប្រសិនបើសហគ្រាសអាចចាប់យក និងទាញយកបណ្ដាកម្មវិធីស្ដារឡើងវិញ ឱកាសដែលមានស្រាប់ និងលក្ខខណ្ឌអំណោយផល ដើម្បីអភិវឌ្ឍន៍នៅឆ្នាំ ២០២២។ ដូច្នេះ យថាទស្សន៍ស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញគឺភ្លឺស្វាងណាស់។ លោក Pham Tan Cong ប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖ “នៅពេលដែលចាប់យកបានឱកាស និងព្យាករណ៍បានការប្រែប្រួលនៃការផ្គត់ផ្គង់ និងតម្រូវការនៅលើពិភពលោក ព្រមទាំង កំណត់បានឋានៈរបស់វៀតណាម ក្នុងខ្សែសង្វាក់តម្លៃសកលយ៉ាងសមស្របនោះ សហគ្រាសអាចអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ខ្ញុំចាត់ទុកថា ក្នុងឆ្នាំ ២០២២ ប្រសិនបើយើងចាប់យកឱកាសឱ្យបានល្អនោះ ឱកាសនឹងមានច្រើនជាងការលំបាក ហើយសហគ្រាសនានាអាចចាក់មូលដ្ឋានគ្រឹះចំពោះគោលបំណងអភិវឌ្ឍន៍សម្រាប់ដំណាក់កាលបន្ត ដោយសម្រេចបានគោលដៅរយៈពេល ៥ ក៏ដូចជាជំនះពុះពារលើការលំបាក ហើយសម្រេចរួចរាល់រាល់គោលដៅក្នុងឆ្នាំ ២០២២ ផងដែរ”។
ជាមួយនឹងមូលដ្ឋានគ្រឹះ និងគោលនយោបាយដែលមានស្រាប់ រួមជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងជំនឿជាក់របស់សហគមន៍ធុរកិច្ច ជាពិសេសការស្រុះចិត្តគំនិតគ្នារបស់សមាសភាគសេដ្ឋកិច្ចទាំងអស់របស់ប្រទេសជាតិនោះ ខឿនសេដ្ឋកិច្ចវៀតណាមនឹងប្រតិបត្តិការយ៉ាងរលូន ស្ដារឡើងវិញយ៉ាងល្អប្រសើរ ក៏ដូចជាសម្រេចបានកម្រិតកំណើនខ្ពស់មិន ត្រឹមតែក្នុងឆ្នាំ ២០២២ ប៉ុណ្ណោះទេ ថែមទាំងច្រើនឆ្នាំជាបន្តបន្ទាប់ទៀតផង៕