សហគ្រាសវៀតណាម "បង្កើនល្បឿន" ក្នុងឆ្នាំ ២០២២

(VOVWORLD) -  ដោយបានកំណត់ថា ក្នុងឆ្នាំ ២០២២ នេះនៅតែរងផលប៉ះពាល់ដោយជំងឺរាតត្បាត កូវីដ ១៩  ប៉ុន្តែដោយមាននឹងគោលនយោបាយជាបន្តបន្ទាប់ ដែលត្រូវបានរដ្ឋសភានិងរដ្ឋាភិបាលអនុម័តនោះ បានបង្កើតកម្លាំងចលករសម្រាប់សហគ្រាសដែលកំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំការស្ដារឡើងវិញ ក៏ដូចជាដាក់ចេញផែនការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការផលិតកម្ម ធ្វើអាជីវកម្ម ដើម្បីស្ដារកំណើនឡើងវិញផងដែរ។

 

 

សហគ្រាសវៀតណាម លោក Tran Viet Anh អគ្គនាយកក្រុមហ៊ុនភាគហ៊ុននាំចេញ នាំចូល Nam Thai Son (រូបថត៖ NVCC)

នាឆ្នាំ ២០២២ខឿនសេដ្ឋកិច្ចពិភពលោកក៏ដូចជារបស់វៀតណាមកំពុងស្ដារឡើងវិញជាជំហានៗ ជាមួយនឹងសញ្ញាអំពីតម្រូវការទីផ្សារមានចំណុចភ្លឺជាច្រើន ហើយព្យាករណ៍ថាសហគ្រាសផលិតកម្មនឹងមានឱកាសស្ដារកំណើន។ យោងតាមលោក Tran Viet Anh អគ្គនាយកក្រុមហ៊ុនភាគហ៊ុននាំចេញ នាំចូល Nam Thai Son បានឱ្យដឹងថា ឆ្នាំ ២០២២ នេះនឹងក្លាយទៅជាឆ្នាំគន្លឹះសម្រាប់សហគ្រាសកសាងផែនការស្ដារ និងអភិវឌ្ឍន៍ឡើងវិញ។ គោលដៅរបស់សហគ្រាសដែលបានដាក់ចេញ គឺសម្រេចឲ្យបានកំណើនខ្ពស់ជាងទៀត ព្រោះថា សហគ្រាសតែងតែសម្រេចបានកំណើនប្រចាំឆ្នាំជាមធ្យមគឺ ១០% ប៉ុន្តែដោយសាររងផលប៉ពាល់ពីជំងឺរាតត្បាត បានជាតួរលេខនេះនៅត្រឹមតែ ៧-៨% ប៉ុណ្ណោះ។ “ក្នុងឆ្នាំ ២០២២ នេះ យើងខ្ញុំនឹងខិតខំប្រឹងប្រែងស្ដារសកម្មភាពឡើងវិញនូវអ្វី ដែលបាត់បង់ក្នុងឆ្នាំ ២០២១។ ដូច្នេះ យើងត្រូវដាក់ចេញគោលដៅកំណើន ៥០% ហើយនេះគឺជាការខិតខំប្រឹងប្រែងដ៏ធំធេងរបស់សហគ្រាស។ ប្រសិនបើមិនអាចធ្វើបានដូច្នេះ សហគ្រាសនឹងមិនអាចដំណើរការបានឡើយ ហើយ  ធនាគារនឹងដកហូតទុនឥណទានវិញ អ្នកផ្គត់ផ្គង់ក៏នឹងដកហូតទំនិញវិញផងដែរ”។

សហគ្រាសវៀតណាម លោកស្រី Luu Thi Thanh Mau អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងសំណង់ Phuc Khang (រូបថត៖ baodautu.vn)

ចំណែកឯលោកស្រី Luu Thi Thanh Mau អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងសំណង់ Phuc Khang បានសម្ដែងក្ដីសប្បាយរីករាយ ចំពោះការ ដែលរដ្ឋាភិបាល និងខេត្ត ក្រុងនានាបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ សហគ្រាសបានសម្រេចរួចរាល់ការរៀបចំរចនាសម្ព័ន្ធគំរូផលិតកម្មឡើងវិញ តាមទិសផ្លាស់ប្តូរឌីជីថលក្នុង វិស័យសំណង់គម្រោងអចលនទ្រព្យលំដាប់ខ្ពស់ ក្នុងនោះផ្ដោតសំខាន់លើការទទួលខុសត្រូវសង្គម៖ “ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនោះ គឺត្រូវធ្វើការផ្លាស់ប្តូរឌីជីថលឲ្យបានសមស្របទៅនឹងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះ ដាក់សុខភាពសហគមន៍ជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ ដោយនៅតែធានាផលិតកម្ម និងធ្វើអាជីវកម្មអភិវឌ្ឍន៍។ លើសពីនេះទៅទៀត បន្តបង្កើតផលិតផលថ្មី ដោយធានាតម្រូវការរបស់អតិថិជន។ ក្រោយមក ត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព នាំសហគ្រាសរបស់ខ្លួនឲ្យអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លើការទទួលខុសត្រូវសង្គម ដើម្បីការពារវិស័យសេដ្ឋកិច្ច និងវិស័យបរិស្ថាន សង្គមផងដែរ”។

ក្នុងឆ្នាំ ២០២២ សហគ្រាសជាច្រើនរំពឹងថា វិស័យទេសចរណ៍វៀតណាមនឹងស្ដារឡើងវិញស្មើនឹង ៥០% បើធៀបនឹងឆ្នាំ ២០១៩។ លោក Nguyen Van Bien ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន NBT Holding បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ បញ្ហាដ៏សំខាន់បំផុតដែលសហគ្រាសចាប់អារម្មណ៍គឺការគ្រប់គ្រងជំងឺរាតត្បាត ព្រោះថាបើជំងឺរាតត្បាតផ្ទុះឡើង គឺប្រជាជនប្រាកដជាមិនធ្វើដំណើរទេសចរណ៍ទៀតឡើយ។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឈឹមថា ថ្នាក់ដឹកនាំ នឹងស្ថាប័នមានសមត្ថកិច្ចនឹងដាក់ចេញគោលការណ៍ដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងជំងឺរាតត្បាត ហើយមានវិធានការជួយឧបត្ថម្ភដល់វិស័យទេសចរណ៍ធ្វើការអភិវឌ្ឍន៍ឡើងវិញ។ តាមនោះរួមចំណែកដល់ដំណើរការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឡើងវិញនារយៈពេលខាងមុខផងដែរ”។

ក្រុមសេដ្ឋកិច្ចវិទូបានព្យាករណ៍ថា ឆ្នាំ ២០២២ អាចបើកឱកាសជាច្រើនសម្រាប់សហគ្រាស ប្រសិនបើពួកគេមានភាពបត់បែន និងមានសមត្ថភាពឆ្លើយតបយ៉ាងល្អប្រសើរ។ ដូច្នេះ ចាំបាច់ត្រូវចាប់យកឱកាស និងធ្វើការព្យាករណ៍ អំពីការផ្គត់ផ្គង់ និងតម្រូវការនៃទីផ្សារ។ ប្រការនេះនឹងក្លាយជាបុព្វបទ ដើម្បីជួយសម្រួលសហគ្រាសស្ដារ និងអភិវឌ្ឍន៍ឡើងវិញ ក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ