អង្គភាពអាជីវកម្មវៀតណាមឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - សហភាពអឺរ៉ុប (EVFTA) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ រវាងវៀតណាមនិងប្រទេសជាសមា ជិកសហភាពអឺរ៉ុបចំនួន ២៨ ប្រទេស។ EVFTA រួមគ្នាជាមួយកិច្ចព្រមព្រៀងជឿនលឿននិងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គឺជាកិច្ចព្រមព្រៀង FTA ចំនួនពីរ ដែលមានវិសាលភាពនៃការប្តេជ្ញាចិត្តធំបំផុតនិងខ្ពស់បំផុតរបស់វៀតណាមតាំងពីមុនរហូតមកដល់ពេលនេះ។ 
អង្គភាពអាជីវកម្មវៀតណាមឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង EVFTA - ảnh 1EVFTA នាំមកនូវទស្សនវិស័យជាច្រើនសម្រាប់អង្គភាពអាជីវកម្មវៀតណាមនៅពេលលុបបំបាត់ពន្ធនាំចូលរហូតដល់ ៩៩% 

ប្រការនេះបាននាំមកជូនអង្គភាពអាជីវកម្មវៀតណាម នូវឱកាសអំណោយផលក្នុងការនាំចេញ ក៏ដូចជាការអភិវឌ្ឍអង្គភាពអាជីវកម្ម ប៉ុន្តែក៏បានដាក់ចេញអោយអង្គភាពអាជីវកម្មភាពចាំបាច់ក្នុងការបង្កើតយុទ្ធសាស្ត្រធ្វើអាជីវកម្ម អោយបានសមស្របដើម្បីឆ្លៀតយកឱកាសក្នុងបរិបទថ្មី។

EVFTA គឺជាឱកាសសម្រាប់អង្គភាពអាជីវកម្មវៀតណាម ដែលជំរុញខ្លាំងលើការនាំចេញទៅកាន់ទីផ្សារមានសក្កានុភាពនិងនាំចូលនូវឧបករណ៍ សម្ភារៈក្នុងតម្លៃសមរម្យហើយគុណភាពខ្ពស់។ យ៉ាងណាមិញ សហគ្រាសត្រូវតែបំពេញតាមបទបញ្ញត្តិនៃប្រភពដើម របាំងបច្ចេកទេសនិងការផ្លាស់ប្តូរគំរូ ក៏ដូចជាការលើកកម្ពស់សមត្ថភាពនៃការប្រកួតប្រជែងជាដើម។ EVFTA នឹងដាក់ចេញនូវបញ្ហាថ្មី ប្រសិនបើគ្មានដំណោះស្រាយត្រឹមត្រូវទេនោះ កិច្ចព្រមព្រៀងនេះនឹងក្លាយជាបញ្ហាប្រឈមមួយសម្រាប់សហគ្រាសវៀតណាមជាក់ជាពុំខាន។ លោក Vu Tien Loc ប្រធានសភាពា ណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានលើកឡើងថា: EVFTA គឺជាឱកាសមួយ សម្រាប់អង្គភាពអាជីវកម្ម ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារដែលពោរពេញទៅដោយសក្តានុពលនិងនាំចូលនូវគ្រឿងបរិក្ខារក៏ដូចជាវត្ថុធាតុដើមសម្រាប់អាជីវកម្មក្នុងតម្លៃសមរម្យនិងមានគុណភាពខ្ពស់។

លោក Vu Tien Loc បានគូសបញ្ជាក់ ថា៖ “ក្រៅពីកិច្ចខិតខំប្រឹងប្រែងមក  អង្គភាពអាជីវកម្មត្រូវកំណត់ឡើងវិញពីទីផ្សារនៅក្នុងបរិបទថ្មីមួយ ពោលគឺនៅលើផែនទីមួយ ស្តីពីសមាហរណកម្មដែលយើងបានកំណត់ ដោយតម្រង់ទិសទៅលើទីផ្សារដែលមានពន្ធងាយស្រួលបំផុត។  យ៉ាងណាមិញ អង្គភាពអាជីវកម្មត្រូវតែធានាអោយមានស្តង់ ដារសម្រាប់ចូលទីផ្សារនោះផងដែរ។ ម្យ៉ាងវិញទៀត អង្គភាពអាជីវកម្មត្រូវរកដៃគូនិងអតិថិជនភ្លាមៗ។ ឈរលើមូលដ្ឋាននៃការតម្រង់ទិសទីផ្សារឡើងវិញនោះ ដោយ ផ្តោតលើទីផ្សារសំខាន់ៗ និងធានានូវគោលការណ៍នៃការធ្វើពិពិធកម្មទីផ្សារ ដើម្បី ជៀសវាងហានិភ័យនានា។ ប្រការនេះបានបង្ហាញពីចក្ខុវិស័យនិងយុទ្ធសាស្ត្ររបស់អង្គភាពអាជីវកម្មផងដែរ”។

អង្គភាពអាជីវកម្មវៀតណាមឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង EVFTA - ảnh 2ឧស្សាហកម្មវាយនភ័ណ្ឌរបស់វៀតណាមសង្ឃឹមថា កំណើននាំចេញនឹងឈានដល់ ៤០ ពាន់លានដុល្លារអាមេរិកជាពុំខាន នៅពេលដែលមាន EVFTA 

EVFTA នាំមកនូវទស្សនវិស័យជាច្រើនសម្រាប់អង្គភាពអាជីវកម្មវៀតណាមនៅពេលលុបបំបាត់ពន្ធនាំចូលរហូតដល់ ៩៩%នោះ។ ជាពិសេស បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមានមក មុខទំនិញជាច្រើននឹងមានអត្រាពន្ធស្មើសូន្យ។ សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតទី ២ ដែលមានកំណើនទទួលបានប្រចាំឆ្នាំ ពី ៧% ដល់ ១០% ពោលគឺ ស្ថិតក្រោយតែអាមេរិកប៉ុណ្ណោះ។ ឆ្នាំ២០១៨ សម្លៀកបំពាក់របស់វៀតណាមបាននាំចេញទៅកាន់ទីផ្សារសហ ភាពអឺរ៉ុបក្នុងតម្លៃជាង ៤ពាន់លានដុល្លាអាមេរិក។ យោងតាមលោក Phi Ngoc Trinh អគ្គនាយកក្រុមហ៊ុនភាគហ៊ុននៃសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌ Ho Guom បានឱ្យដឹងថា ឧស្សាហកម្មវាយនភ័ណ្ឌរំពឹងថា កំណើននាំចេញនឹងចំគោលដៅទទួលបាន ៤០ ពាន់លានដុល្លាអាមេរិក នៅពេលដែលមាន EVFTA ផងដែរ។

លោក Phi Ngoc Trinh បានបន្ថែមថា៖ “ខណៈពេលដែលកិច្ចព្រមព្រៀង EVFTA ត្រូវបានអនុម័តនោះ គឺសហគ្រាសនិយាយរួមនិងឧស្សាហកម្មវាយនភ័ណ្ឌនិយាយដោយ ឡែក នឹងមានឱកាសនាំចេញផលិត ផលជាច្រើនទៅកាន់ទីផ្សារអ៊ឺរ៉ុប។ នៅពេលនោះ ទំនិញប្រភេទសម្លៀកបំពាក់នឹងមានពន្ធនាំចេញស្ទើរតែ ០% ឯណោះ។ យ៉ាងណាមិញ បច្ចុប្បន្នពន្ធជាមធ្យមគឺ ៩,៦%។ ខណៈពេលកំពុងរង់ចាំកិច្ចព្រមព្រៀងបានអនុម័តនោះ សហគ្រាសវាយនភ័ណ្ឌវៀតណាម គឺត្រូវបង្កើនភាពប្រកួតប្រជែង ទាក់ទាញកម្មករនិងបង្កើនស្តង់ដារដើម្បីបំពេញតាមបទដ្ឋានគុណភាពរបស់ទ្វីបអឺរ៉ុបផង ដែរ”។

យោងតាមលោក Nguyen Hai Minh អនុប្រធានសមាគមពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (Eurocham) ថា នៅពេលដែលកិច្ចព្រមព្រៀង EVFTA ត្រូវបានអនុ ម័តនោះ សហគ្រាសនិយាយរួមនិងសហគ្រាសវាយនភ័ណ្ឌនិយាយដោយឡែកនឹងមានឱកាសនាំចេញទំនិញចូលទីផ្សារអឺរ៉ុបច្រើន។ ហើយឧស្សាហកម្មវាយនភ័ណ្ឌរបស់វៀត ណាមសង្ឃឹមថា កំណើននាំចេញនឹងឈានដល់ ៤០ ពាន់លានដុល្លារអាមេរិកជាពុំខាន នៅពេលដែលមាន EVFTA។  ថ្វីត្បិតតែដូច្នេះក៏ដោយ កម្រិតនៃការប្រកួតប្រជែងនឹងកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ លោក Nguyen Hai Minh បានឲ្យដឹងថា៖ “ឧស្សាហកម្មពីរគឺ វាយនភ័ណ្ឌនិងស្បែកជើង គឺជាវិស័យដែលទទួលបានផលប្រយោជន៍ច្រើនបំផុតពី EVFTA។ យ៉ាងណាមិញ ដើម្បីទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពី EVFTA នោះ  សហគ្រាសត្រូវយកចិត្តទុកដាក់លើគោលការណ៍នៃប្រភពដើម ហើយគោលការណ៍ប្រភពដើមក៏មានលក្ខខ័ណ្ឌងាយស្រួលសម្រាប់សហគ្រាសវៀតណាម នោះគឺអនុញ្ញត្តឲ្យមានការប្រមូលផ្តុំ។  មានន័យថា ប្រសិនបើ សហគ្រាសវាយនភ័ណ្ឌ មានក្រណាត់ ដែលមានប្រភពមកពីវៀតណាមឬបានផលិតនៅក្នុងប្រទេសដែលមានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបដូចជា កូរ៉េខាងត្បូង ពោលគឺ យើងបានសម្រេចពីប្រភពដើមដើម្បីទទួលបានពន្ធអនុគ្រោះ។ ប្រការនេះ នឹងជួយឱ្យអង្គភាពអាជីវកម្មវៀតណាមផ្លាស់ប្តូររូបសណ្ឋានផលិតកម្មរបស់ខ្លួន និងម្ចាស់ការក្នុងការប្រមូលវត្ថុធាតុដើម”។

បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានដាក់ជូនរដ្ឋាភិបាលដើម្បីអនុញ្ញត្តិនូវដំណើរការអនុម័តលើ EVFTA។ ហេតុដូច្នេះ ចាប់ពីឥឡូវនេះ សហគ្រាសវៀតណាមត្រូវសិក្សាស្វែងយល់កិច្ចព្រមព្រៀងនេះអោយបានហ្មត់ចត់ ដើម្បីឆ្លៀតយកឱកាសនេះអោយបានកាន់តែលឿនកាន់តែល្អ។ ទន្ទឹមជាមួយគ្នានោះ សហគមន៍អាជីវកម្មវៀតណាមគួរតែធ្វើបច្ចុប្បន្នភាពយ៉ាងសកម្មនូវព័ត៌មានស្តីអំពីដំណើរការកាត់បន្ថយពន្ធរបស់សហភាពអឺរ៉ុបនិងរបស់វៀតណាម ដោយមានលក្ខខណ្ឌដូចជាអាត្រាប្រភពផលិតផល លក្ខខណ្ឌបច្ចេកទេស កម្លាំងពលកម្មនិងបរិស្ថានជាដើម។ ក្រៅពីនោះ អាជីវករត្រូវមានយុទ្ធសាស្រ្តរយៈពេលវែង និងលើកកម្ពស់គុណភាពរបស់ផលិតផលដើម្បីបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានសក្តានុពលដូចជាសហភាពអឺរ៉ុបនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ