អភិវឌ្ឍន៍សេវាកម្មភស្តុភារនៅតំបន់ដីសណ្តទន្លេ Cuu Long
(VOVWORLD) - តំបន់ដីសណ្តទន្លេ Cuu Long គឺជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ដោយបានរួមចំណែកដល់ការនាំចេញរបស់ប្រទេសជាតិទាំងមូល ពោលគឺស្រូបយកប្រមាណ ៩០% នៃបរិមាណអង្ករ ៦៥% នៃបរិមាណជលផល និង៧០% នៃបរិមាណផ្លែឈើ។
ទោះបីជាផ្លូវទឹកមានប្រវែងសរុប ១៥,០០០ គីឡូម៉ែត្រក៏ដោយ ក៏ប្រព័ន្ធស្តុក និងដឹកជញ្ជូនទំនិញ (ភស្តុភារ) នៅតំបន់ដីសណ្ដទន្ លេCuu Long គបច្ចុប្បន្ននៅតែមានបញ្ហាស្ទះជាច្រើន (រូបថត៖ VOV) |
ដោយមានប្រវែងផ្លូវទឹកសរុបរហូតដល់ប្រមាណ ១៥ ០០០ គីឡូម៉ែត្រ ប៉ុន្តែប្រព័ន្ធផ្ទុក និងដឹកជញ្ជូនទំនិញ (ភស្តុភារ) នៅក្នុងតំបន់នេះនៅតែមានបញ្ហាកក់ស្ទះជាច្រើន។ ការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងមធ្យោបាយដឹកជញ្ជូនកំពុង ជាទិសដៅសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ក៏ដូចជាជំនះពុះពារលើស្ថានការណ៍ដឹកជញ្ជូនទំនិញយឺតយ៉ាវ និងប្រាក់ចំណាយខ្ពស់។
យោងតាមតួរលេខស្ថិតិប្រចាំឆ្នាំបានឲ្យដឹងថា ទំនិញប្រមាណជាង ៧០% នៅតំបន់ដីសណ្ដទន្លេ Cuu Long ត្រូវបានដឹកជញ្ជូនតាមផ្លូវគោក ភាគច្រើនទៅកាន់កំពង់ផែទីក្រុងហូជីមិញ និងខេត្ត Ba Ria - Vung Tau សម្រាប់ការនាំចេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកត្រូវបានចាត់ទុកថាជាឧបសគ្គរារាំងដល់ការអភិវឌ្ឍន៍ក្នុងតំបន់ ហើយទទួលបានការយកចិត្តទុកដាក់វិនិយោគយ៉ាងសស្រាក់សស្រាំពីរដ្ឋាភិបាល។ ក្នុងពេលនោះ ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុកបានដើរតួនាទីស្នូល ប៉ុន្តែ ខ្វះខាតការវិនិយោគយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ ទោះបីជាតំបន់ដីសណ្ដទន្លេ Cuu Long មានគុណសម្បត្តិ និងសក្ដានុពលដ៏ធំធេង ដើម្បីអភិវឌ្ឍន៍ការធ្វើចរាចារណ៍តាមផ្លូវទឹកក៏ដោយ ក៏ប៉ុន្តែនាបច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុកដើរតួនាទីត្រឹមតែប្រមូល ទំនិញក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
សេដ្ឋកិច្ចវិទូជាច្រើនបានព្យាករណ៍ថា ល្បឿនកំណើននៃការដឹកជញ្ជូនទំនិញដល់ឆ្នាំ ២០៣០ នឹងសម្រេចបានពី ៥,៧% - ៧,៧% ក្នុងមួយឆ្នាំ ហើយ ល្បឿនកំណើននៃការដឹកជញ្ជូនអ្នកដំណើរនៅតំបន់ដីសណ្តទន្លេ Cuu Long នឹងកើនឡើងជាមធ្យមពី ៥,៧% ទៅ ៧% ក្នុងដំណាក់កាល ២០១៩-២០៣០។ ដូច្នេះ ដើម្បីអភិវឌ្ឍន៍ក្នុងរយៈពេលវែងគឺចាំបាច់ត្រូវមាន ដំណោះស្រាយសមកាលកម្ម ជាពិសេសគឺដំណោះស្រាយដែលមានលក្ខណៈទម្លុះទម្លាយភាបទល់ថ្មី។
លោក Nguyen Phuong Lam នាយកសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម សាខា ទីក្រុង Can Tho (VCCI Can Tho) បានឲ្យដឹងថា៖ “នាពេលអនាគត ដោយមានតម្រូវការអំពីស្បៀងអាហារកើនឡើង ហើយមានការពង្រីកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ តម្រូវការដឹកជញ្ជូនទំនិញនឹងកាន់តែកើនឡើង។ ប្រការនេះបានដាក់សម្ពាធលើការដឹកជញ្ជូន ភស្តុភារ និងកំពង់ផែសមុទ្រកាន់តែកើនឡើង។ ដោយសារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេ Cuu Long មានកំហិត ទើបសហគ្រាសជាច្រើនមិនទាន់យកចិត្តទុកដាក់លើភស្តុភារនោះឡើយ។ ដោយសារតែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតែខ្សោយ ទើបសហគ្រាសមិនទទួលបានប្រាក់ចំណេញខ្ពស់ឡើយ។ ប្រការនេះបានសរឲ្យឃើញថា បើទោះបីហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដីសណ្ដទន្លេ Cuu Long នៅតែខ្សោយក៏ដោយ ប៉ុន្តែនេះគឺជាឱកាសថ្មីសម្រាប់ផ្នែកភស្តុភារ”។
ដើម្បីឆ្លើយតបទៅនឹងការពង្រីក និងអភិវឌ្ឍន៍ទីផ្សារនាំចូល-នាំចេញ តំបន់ដីសណ្ដទន្លេ Cuu Long មានតម្រូវការបន្ទាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មសេវាកម្មដឹកជញ្ជូន ដើម្បីបម្រើផលិតផលកសិកម្ម និងជលផលនៃតំបន់ទាំងមូល (រូបថត៖ VOV) |
ដើម្បីឆ្លើយតបទៅនឹងការពង្រីក និងអភិវឌ្ឍន៍ទីផ្សារនាំចេញ-នាំចូលនោះ តំបន់ដីសណ្ដទន្លេ Cuu Long មានតម្រូវការជាបន្ទាន់សម្រាប់ការអភិវឌ្ឍផ្នែកសេវាកម្មភស្តុភាសំដៅឆ្ពោះទៅបម្រើកសិផល និងជលផលនៃតំបន់ទាំងមូល ជាមួយនឹងសេវាកម្មភស្តុភារភាគច្រើនដូចជាការដឹកជញ្ជូន ឃ្លាំងទំនិញ ការថែរក្សាទំនិញ និងសេវាកម្មតម្លៃបំពេញបន្ថែម។ លោកស្រី Ho Thi Thu Hoa នាយិកាវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ភស្តុភារវៀតណាមបានចាត់ទុកថា បណ្ដាមូលដ្ឋាននៅតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសគឺទីក្រុង Can Tho គឺចាំបាច់ត្រូវមានការប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការបង្កើតមជ្ឈមណ្ឌលភស្តុភារក្នុងតំបន់។ ជាពិសេស ចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែម និងវាយតម្លៃលើតម្រូវការផ្នែកភស្តុភារក្នុងតំបន់នេះ។ ម៉្យាងវិញទៀត ដើម្បីធានាគុណភាពទំនិញនៅតំបន់ដីសណ្តទន្លេ Cuu Long បម្រើការនាំចេញនោះ ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ដឹកជញ្ជូននោះ គឺចាំបាច់ត្រូវផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលឃ្លាំង សេវាកម្ម និងប្រភពធនធានមនុស្សផ្នែកភស្តុភារ។ លោកស្រី Ho Thi Thu Hoa ក៏បានផ្តល់អនុសាសន៍ថា អង្គភាពនាំចេញកសិផល និងគ្រឿងសមុទ្រចាំបាច់ត្រូវយកចិត្តទុកដាក់លើជម្រើសសេវាកម្មភស្តុភា ដើម្បីកាត់បន្ថយការចំណាយ និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។ សម្រាប់អង្គភាពផ្គត់ផ្គង់សេវាកម្មភស្តុភារគឺចាំបាច់ត្រូវតភ្ជាប់ជាមួយអង្គភាពផ្សេងទៀត ដើម្បីបង្កើតខ្សែសង្វាក់សេវាកម្មនៅតំបន់ដីសណ្ដ Cuu Long៖ “ចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ គឺចាំបាច់ត្រូវផ្តោតសំខាន់លើការរៀបចំផែនការបណ្តាញហេដ្ឋារចនាសម្ព័ន្ធភស្តុភា រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់ (ICT និងធនធានមនុស្ស)។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍។ តាមនោះ យើង អាចនាំផលិតផលនៅតំបន់ដីសណ្តទន្លេ Cuu Long សម្រាប់ការនាំចេញដោយផ្ទាល់ ជំនួសឱ្យការដឹកជញ្ជូនទៅកាន់ទីក្រុងហូជីមិញវិញ។ ទន្ទឹមនឹងនោះ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូនទំនិញ ដើម្បីបម្រើដល់ការនាំចេញកសិផលនៅក្នុងតំបន់នេះ។ ជាពិសេសគឺបញ្ហាប្រភពធនធានមនុស្សក៏ដូចជាការតភ្ជាប់តំបន់ផងដែរ”។
ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ និងសេវាកម្មភស្តុភាររបស់តំបន់នេះនឹងក្លាយទៅជាកម្លាំងចលករ ដើម្បីជំរុញការនាំចេញទំនិញនិយាយដោយឡែក និងសេដ្ឋកិច្ចក្នុងតំបន់និយាយរួម។ បញ្ហាសម្រាប់តំបន់ទាំងមូលគឺចាំបាច់ ត្រូវមានដំណោះស្រាយទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សមត្ថភាពប្រព័ន្ធកំពង់ផែសមុទ្រ និងខ្សែសង្វាក់ភស្តុភា ហើយតាមនោះបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃដីសណ្ដទន្លេ Cuu Long ផងដែរ៕