Ba Ria-Vung Tau លើកកម្ពស់គុណភាពប្រភពធនធានពលករបំពេញតម្រូវការនៃឧស្សាហកម្ម ៤.០

(VOVWORLD) - ខេត្ត Ba Ria - Vung Tau ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង របស់វៀតណាម ដែលមានវិស័យសេដ្ឋកិច្ចមុខព្រួញសំខាន់ៗ មួយចំនួន ដូចជា គីមីឥន្ធនៈ ភស្តុភារ អគ្គិសនី គីមី និងកំពង់ផែសមុទ្រ។ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាទាក់ទាញអ្នកវិនិយោគ ការលើកកម្ពស់គុណភាពនៃធនធានពលករ ជាពិសេសកម្លាំងពលករដែលមានគុណភាពខ្ពស់ គឺជាភារកិច្ចសំខាន់របស់ខេត្ត។

Ba Ria-Vung Tau លើកកម្ពស់គុណភាពប្រភពធនធានពលករបំពេញតម្រូវការនៃឧស្សាហកម្ម ៤.០ - ảnh 1ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិសមុទ្រ Ba Ria-Vung Tau ត្រូវការប្រភពកម្លាំងពលកម្មដ៏រឹងមាំ និងមានសមត្ថភាព (រូបថត៖ Gia Khang)

ខេត្ត Ba Ria - Vung Tau បច្ចុប្បន្នមានពលករជាង ៥៧៥.០០០ នាក់ដែលកំពុងធ្វើការនៅក្នុងសហគ្រាស និងមណ្ឌលឧស្សាហកម្មនានា...។ ក្នុងនោះ ពលករបំពេញការងារក្នុងវិស័យឧស្សាហកម្មស្រូបយកជាង ៣៧%, កសិកម្ម ២០,៥%, សេវាកម្មជាង ៤២,៤%។ អត្រាពលករដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ៨០,៨%;  ពលករនិយោជិតដែលបានទទួលការបណ្តុះបណ្តាល មានសញ្ញាបត្រ និងវិញ្ញាបនបត្រ ភាគច្រើនគឺ បំពេញតម្រូវការជ្រើសរើសបុគ្គលិករបស់អាជីវកម្មក្នុងអំឡុងពេលបច្ចុប្បន្ន។ ផលិតភាពការងារនៅក្នុងខេត្តក៏ស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតលើទូទាំងប្រទេសផងដែរ។ លោក Tran Quoc Khanh ប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា៖ “គុណភាពប្រភពធនធានមនុស្សគឺខ្ពស់ដែលត្រូវគ្នា អត្រាពលករឆ្លងកាត់ការបណ្តុះបណ្តាលក៏ខ្ពស់ដែរ បើប្រៀបធៀបទៅនឹងប្រទេសទាំងមូល ដែលឆ្លើយតបនឹងតម្រូវការអាជីវកម្មនៅក្នុងតំបន់។ ដើម្បីសម្រេចបានលទ្ធផលនេះ ថ្នាក់ដឹកនាំខេត្តបានដាក់ចេញនូវគម្រោងមួយរហូតដល់ឆ្នាំ ២០២៥ អត្រាពលករនិយោជិតដែលមានសញ្ញាបត្រនឹងឡើងដល់ ៣៥%; ដល់ឆ្នាំ ២០៣០ គឺឡើងដល់ ៤៣%”។

តាមគម្រោង នាពេលខាងមុខ   តម្រូវការជ្រើសរើសកម្លាំងពលកម្មរបស់អាជីវកម្មនៅ Ba Ria-Vung Tau នឹងកើនឡើង ជាពិសេសសម្រាប់អាជីវកម្មដែលប្រើប្រាស់កម្លាំងពលកម្មគុណភាពខ្ពស់ដូចជា៖ គីមីឥន្ធនៈ ការផលិត បច្ចេកវិទ្យាព័ត៌មាន ស្វ័យប្រវត្តិកម្ម...។ នៅពេលនោះ ប្រភពពលករបច្ចុប្បន្នពិតជាមិនអាចបំពេញតម្រូវការអាជីវកម្មបានទេ។ នៅដើមខែវិច្ឆិកា ក្រុមប្រឹក្សាប្រជាជនខេត្ត Ba Ria - Vung Tau បានអនុម័តសេចក្តីសម្រេចចិត្តកែសម្រួលផែនការខេត្តសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០៣០ ដោយតម្រង់ទិសដល់ឆ្នាំ ២០៥០។ ដូច្នោះហើយនៅឆ្នាំ ២០៣០ ខេត្តទាំងមូលនឹងមានមណ្ឌលឧស្សាហកម្ម និងមណ្ឌលឧស្សាហកម្ម - ទីក្រុង - តំបន់សេវាកម្មចំនួន ២៤ កន្លែង។ តាមនោះ មណ្ឌលឧស្សាហកម្មរបស់ខេត្ត Ba Ria - Vung Tau នឹងផ្តល់អាទិភាពទាក់ទាញគម្រោងធំៗ ឧស្សាហកម្មអនុវត្តបច្ចេក វិទ្យាទំនើប   ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មឧបត្ថម្ភ និងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូន។ ដូច្នេះ ខេត្តនឹងត្រូវការកម្លាំងពលកម្មច្រើន កម្មករដែលមានជំនាញខ្ពស់ និងត្រូវឆ្លងកាត់ការបណ្តុះបណ្តាល។

Ba Ria-Vung Tau លើកកម្ពស់គុណភាពប្រភពធនធានពលករបំពេញតម្រូវការនៃឧស្សាហកម្ម ៤.០ - ảnh 2កម្លាំងពលកម្មគុណភាពខ្ពស់នៅគម្រោងគីមីឥន្ធនៈ Long Son នៅ Ba Ria-Vung Tau (រូបថត៖ Gia Khang)

ដើម្បីត្រៀមរៀបចំប្រភពធនធានពលករប្រកបដោយគុណភាពខ្ពស់ សម្រាប់បម្រើសេចក្តីត្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត បានដឹកនាំស្ថាប័នអប់រំវិជ្ជាជីវៈ បង្កើតកម្មវិធីបណ្តុះបណ្តាលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការជ្រើសរើសបុគ្គលិករបស់អាជីវកម្ម; ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងជំនាញថ្មីៗ ស្របតាមការអភិវឌ្ឍបច្ចេកទេស និងបច្ចេកវិទ្យាទំនើប; បង្កើនពេលវេលាដើម្បីរៀនភាសាអង់គ្លេស និងព័ត៌មានវិទ្យា; រួមបញ្ចូលជំនាញទន់នៅក្នុងកម្មវិធីដើម្បីបណ្តុះបណ្តាលសិស្ស។ គ្រឹះស្ថានអប់រំវិជ្ជាជីវៈធ្វើការបណ្តុះបណ្តាលសិស្ស និងនិស្សិតជាង៤ពាន់នាក់ដែលមានមុខរបរនៅមហាវិទ្យាល័យ កម្រិតមធ្យម និងបឋមសិក្សា ដើម្បីផ្តល់ធនធានមនុស្សបម្រើការងារសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្ត។

លោកស្រី Nguyen Thi Hoai Phuong នាយិការសាកលវិទ្យាល័យ Ba Ria - Vung Tau បានចែករំលែកថា៖ “ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ   ជាពិសេសបន្ទាប់ពីជំងឺរាតត្បាត កូវីដ ១៩ សាលាបានឃើញថា នឹងអភិវឌ្ឍន៍ឆ្ពោះទៅរកការតំរង់ទិសកម្មវិធី ពោលគឺសាលានឹងបណ្តុះបណ្តាលនូវអ្វីដែលអាជីវកម្ម និងនិយោជកត្រូវការ។ ចាប់ផ្តើមពីឆ្នាំមុន សាលាបានអនុវត្តន៍នូវគម្រោងនេះ តាមរយៈការកែប្រែកម្មវិធីបណ្តុះបណ្តាល ចុះហត្ថលេខាលើកិច្ចសន្យាជាមួយធុរកិច្ច ដើម្បីឲ្យអាជីវកម្មអាចចូលរួមក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល និងចូលរួមក្នុងការបណ្តុះបណ្តាលចាប់ពីឆ្នាំសិក្សាដំបូង”។

ខេត្តក៏មានគោលបំណងសហប្រតិបត្តិការជាមួយបណ្តាប្រទេសដូចជាកូរ៉េខាងត្បូង ជប៉ុន... និងអង្គការក្រៅរដ្ឋាភិបាល។ ទន្ទឹមជាមួយគ្នានោះ តាមរយៈវិនិយោគិនបរទេសដែលមកបណ្តាក់ទុនក្នុងខេត្ត ដើម្បីជំរុញទំនាក់ទំនងបណ្តុះបណ្តាល និងបង្កើតកម្មវិធីបង្រៀនដល់ពលករដែលមានជំនាញខ្ពស់; អភិវឌ្ឍន៍និងធ្វើបច្ចុប្បន្នភាពស្តង់ដារការងារជាតិ ដើម្បីធានាលក្ខណៈសមស្របជាមួយស្តង់ដារការងារក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC); ជំរុញការវាយតម្លៃ និងការចេញវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈថ្នាក់ជាតិសម្រាប់ពលករ។ ប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Tran Quoc Khanh បានឲ្យដឹងថា៖ “ក្នុងបណ្តាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តសម្រាប់ដំណាក់កាលខាងមុខ ចាំបាច់ត្រូវដាក់ពង្រាយដំណោះស្រាយ ដើម្បីឧបត្ថម្ភដល់ការអភិវឌ្ឍទីផ្សារការងារក្នុងខេត្ត; បង្កើតគោលនយោបាយទាក់ទាញពលករឱ្យមកធ្វើការ គោលនយោបាយលើកកម្ពស់សមត្ថភាពការងារ និងគោលនយោបាយលើកកម្ពស់ការផ្លាស់ប្តូរការងារពីកសិកម្មទៅឧស្សាហកម្មសេវាកម្ម។ ពីកម្លាំងពលកម្មដោយដៃដល់ពលកម្មបញ្ញា គោលនយោបាយគាំទ្របច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ។ល។  ដើម្បីឲ្យស្របតាមគោលនយោបាយទូទៅរបស់ខេត្ត។ ខេត្តក៏នឹងផ្សព្វផ្សាយយ៉ាងសកម្មនូវគោលនយោបាយទាក់ទាញធនធានការងារដែលមានគុណភាពខ្ពស់ គាំទ្រការតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការកម្លាំងពលកម្មដែលមានគុណភាពខ្ពស់ ចាប់យកព័ត៌មានយ៉ាងម៉ឺងម៉ាត់អំពីតម្រូវការគម្រោងវិនិយោគថ្មីៗ និងស្វែងយល់ពីតម្រូវការអាជីវកម្មរយៈពេលខ្លី និងរយៈពេលវែង ក៏ដូចជាការធានានូវធនធានការងារ ដើម្បីបំពេញតាមវិស័យសេដ្ឋកិច្ចសំខាន់ៗ”។

ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រជាតិ តាមស្មារតីនៃសេចក្តីសម្រេចចិត្ត លេខ ២៤ របស់ការិយាល័យនយោបាយ ការធានា និងលើកកំពស់គុណភាពធនធានមនុស្ស គឺជាកិច្ចការសំខាន់បំផុតមួយរបស់ខេត្ត Ba Ria-Vung Tau។ អនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខេត្តនឹងមានភាពប្រសើរឡើងសន្ទស្សន៍ការប្រកួតប្រជែងខ្ពស់របស់ខេត្ត រក្សាភាពទាក់ទាញដល់អ្នកវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ