Binh Duong៖ ចក្ខុវិស័យ និងឱកាសអភិវឌ្ឍន៍
(VOVWORLD) - ក្រឡេកមើលរយៈពេល ២៥ ឆ្នាំកន្លងទៅ ចាប់តាំងពីពេលត្រូវបានបំបែកចេញពីខេត្ត Song Be មក ខេត្ត Binh Duong បានក្លាយទៅជាគំរូអំពីការបើកចំហរ ទាក់ទាញការវិនិយោគ និងអនុវត្តន៍ឧស្សាហូបនីយកម្ម និងនគរូបនីយកម្ម។
ជ្រុងមួយនៃខេត្ត Binh Duong។ រូបថត៖ VOV |
ជាខេត្តមួយនៅភូមិភាគណាមបូខាងកើត ស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសភាគខាងត្បូងវៀតណាម នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Binh Duong ជានិច្ចកាលរក្សាសន្ទុះអភិវឌ្ឍន៍ដោយអះអាងពីតួនាទីជាប៉ុលកំណើនដ៏សំខាន់របស់ប្រទេសជាតិទាំងមូល។គោលដៅរយៈពេលវែងក្នុងការរៀបចំផែនការមេរបស់ខេត្តដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ គឺនាំ Binh Duong ក្លាយទៅជាខេត្តមួយ ដែលមានកម្លាំងប្រកួតប្រជែងសកលដែលដែលមានការទាក់ទាញ អភិវឌ្ឍន៍ និងរក្សាមនុស្សមានទេពកោសល្យវិទ្យាសាស្ត្រ បង្កើតមូលដ្ឋានគ្រឹះ អភិវឌ្ឍន៍សម្រាប់សម័យកាលបន្តបន្ទាប់ផងដែរ។
ក្រឡេកមើលរយៈពេល ២៥ ឆ្នាំកន្លងទៅ ចាប់តាំងពីពេលត្រូវបានបំបែកចេញពីខេត្ត Song Be មក ខេត្ត Binh Duong បានក្លាយទៅជាគំរូអំពីការបើកចំហរ ទាក់ទាញការវិនិយោគ និងអនុវត្តន៍ឧស្សាហូបនីយកម្ម និងនគរូបនីយកម្ម។ ពីខេត្តកសិកម្មសុទ្ធសាធ ក្លាយទៅជាខេត្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័សអំពីឧស្សាហកម្ម-នគរ-សេវាកម្ម។ បច្ចុប្បន្នខេត្ត Binh Duong ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ២ នៅទូទាំងប្រទេសអំពីការទាក់ទាញទុនវិនិយោគបរទេសបន្ទាប់ពីទីក្រុងហូជីមិញ ជាមួយនឹងគម្រោងវិនិយោគជាង ៤ ពាន់គម្រោង មកពីប្រទេស និងតំបន់ដែនដីចំនួន ៦៥ ក្នុងនោះទុនចុះបញ្ជីសរុបមានចំនួនជាង ៣៧ ពាន់លានដុល្លារអាមេរិក។
ដោយមានគោលការណ៍ “ទាក់ទាញវិនិយោគិន” រួមជាមួយនឹងការប្ដេជ្ញាចិត្ត និងការរួមដំណើរជាមួយសហគ្រាស ខេត្ត Binh Duong មានមណ្ឌលឧស្សាហកម្មចំនួន ២៩ ក្នុងនោះមណ្ឌលឧស្សាហកម្មចំនួន ២៧ និងបណ្ដុំឧស្សាហកម្មចំនួន ១២ បានប្រតិបត្តិការហើយ។ សហគមន៍ធុរកិច្ចនៅខេត្ត Binh Duong បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគំរូទាំងបីគឺ សហគ្រាសរដ្ឋ សហគ្រាសឯកជន និងសហគ្រាសមានទុនវិនិយោគពីបរទេស (FDI)។ សេដ្ឋកិច្ចវិទូលោក Tran Du Lich បានចែករំលែកថា៖ “ខេត្ត Binh Duong មានឧត្តមភាពក្នុងការតភ្ជាប់ ដោយទាញយក ឧត្តមភាពរបស់តំបន់ ដើម្បីក្លាយទៅជាកម្លាំង ចលករអភិវឌ្ឍន៍ នាពេល ខាងមុខផងដែរ”។
ចំណែកឯ លោក Hirata Shuji អគ្គនាយករង Becamex Tokyu បានសម្តែងថា៖ “យើងខ្ញុំបានឃើញពីសក្តានុពលរបស់ទីក្រុងថ្មី Binh Duong ដូច្នេះហើយ យើងខ្ញុំ សម្រេចចិត្តមកវិនិយោគនៅទីនេះ”។
រាល់គោលការណ៍ និងដំណោះស្រាយលេចធ្លោរបស់ខេត្ត Binh Duong បានបង្កើតកម្លាំងរស់ និងការរីកចម្រើនយ៉ាងខ្លាំងក្លារបស់ខេត្តក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។ ក្នុងដំណាក់កាលខាងមុខ ថ្នាក់ដឹកនាំខេត្ត Binh Duong បានកំណត់ថា ត្រូវបង្កើតជំហានអភិវឌ្ឍន៍ថ្មីតាមរយៈចក្ខុវិស័យផែនការមេពីពេលនេះដល់ឆ្នាំ ២០៣០ និងដល់ឆ្នាំ ២០៥០។ តាមនោះ Binh Duong ត្រូវតែអភិវឌ្ឍន៍បៃតង អភិវឌ្ឍន៍ឆ្លាតវៃ និង អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខេត្ត Binh Duong ត្រូវប្រមូលផ្តុំប្រភពធនធាន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប។ លោក Vo Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា៖ “ខេត្តនឹងផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីតភ្ជាប់ជាមួយតំបន់នានាក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងដូចជា៖ ខ្សែផ្លូវក្រវ៉ាត់លេខ ៣ ក្រវ៉ាត់លេខ ៤ ផ្លូវហាយវេទីក្រុងហូជីមិញ - Thu Dau ១ - Chon Thanh ខ្សែរផ្លូវល្បឿនលឿននៃផ្លូវជាតិលេខ ១៣ ផ្លូវ My Phuoc Tan Van ខ្សែផ្លូវកំពង់ផែ និងខ្សែផ្លូវទឹក ក៏ដូចជាសិក្សាស្រាវជ្រាវសាងសង់គម្រោងផ្លូវដែកតភ្ជាប់ខេត្ត Binh Duong ជាមួយកំពង់ផែ Cai Mep Thi Vai និង ខ្សែផ្លូវរថយន្តក្រុងតភ្ជាប់ខ្សែផ្លូវ metro ទៅកាន់ទីក្រុងថ្មី Binh Duong” ។
មណ្ឌលឧស្សាហកម្ម VSIP I នៅ Binh Duong។ រូបថត៖ Becamex |
ខេត្ត Binh Duong ក៏កំពុងកសាង “ទីក្រុងឆ្លាតវៃ” ដោយមានគោលដៅទាក់ទាញវិស័យវិនិយោគបច្ចេកវិទ្យាខ្ពស់ នាំមកនូវតម្លៃបំពេញបន្ថែម និងផលប្រយោជន៍ជូនសហគ្រាស និងប្រជាជនឲ្យបានច្រើនថែមទៀត។ លោក Nguyen Hoang Thao លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Duong បានឲ្យដឹងថា៖ “ទីក្រុងឆ្លាតវៃ Binh Duong មាននិយមថាដូចជាប្រព័ន្ធអេកូឡូស៊ីប្រកបដោយភាពស្វាហាប់ ច្នៃប្រឌិត និងតភ្ជាប់ ក្នុងនោះ គ្រប់ធាតុទាំងអស់ត្រូវបានផ្លាស់ប្ដូរថ្មី និងធ្វើឱ្យប្រសើរឡើងដោយឥតឈប់ឈរ។ ទីក្រុងឆ្លាតវៃ ក៏ជាដំណោះស្រាយដ៏ល្អប្រសើរ សំដៅកែលម្អ និងលើកកម្ពស់គុណភាពជីវភាពរស់នៅជូនប្រជាជនផងដែរ”។
ផែនការកសាងទីក្រុងឆ្លាតវៃដំណាក់កាលឆ្នាំ ២០២១-២០៣០ នៅខេត្ត Binh Duong ទទួលលទ្ធផលជាជំហានដំបូង។ ខេត្តបានដាក់ឲ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទីក្រុងថ្មី Binh Duong ។ ទន្ទឹមនឹងនោះ ដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានភូមិសាស្ត្រ GIS ព្រមទាំង កំពុងអនុវត្តន៍គម្រោងមណ្ឌលឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅស្រុក Bau Bang។
ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរ អាជ្ញាធរ និងប្រជាជនខេត្ត Binh Duong កំពុងអនុវត្តន៍គោលដៅ ដែលត្រូវបានមហាសន្និបាតបក្សភាគខេត្ត Binh Duong អាណត្តិ ២០២០-២០២៥ កំណត់ថា “ខិតខំប្រឹងប្រែងកសាងខេត្ត Binh Duong អភិវឌ្ឍន៍ប្រកបដោយចីរភាពតាមទិសដៅនគរឆ្លាតវៃ អរិយធម៌ ទំនើប ;ដល់ឆ្នាំ ២០៣០ ខេត្ត Binh Duong ក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មទំនើប ហើយដល់ឆ្នាំ២០៤៥ គឺជាទីក្រុងឆ្លាតវៃរបស់តំបន់ និងប្រទេសជាតិទាំងមូលផងដែរ”៕