Hai Phong បង្កើនល្បឿនដើម្បីក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍនៃប្រទេសទាំងមូល
(VOVWORLD) - ដោយរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកក្រោយជំងឺរាតត្បាតកូវីដ-១៩ សភាពការណ៍សេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេសកំពុងជួបការលំបាកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Hai Phong នៅតែទទួលបានអត្រាកំណើន(GRDP)ខ្ពស់ កើនឡើង ៩,៦៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺជិត ៣ដងគិតជាមធ្យមសទូទាំងប្រទេស។ សេដ្ឋកិច្ចមានកំណើនខ្ពស់និងស្ថិរភាពគឺជាបុព្វបទដើម្បី Hai Phong បន្តបោះជំហានទៅមុខ ក្លាយជាកម្លាំងចលករសម្រាប់កំណើននៃតំបន់ដីសណ្តទន្លេក្រហមនិងប្រទេសទាំងមូល។
សហគ្រាសនៅទីក្រុង Hai Phong រួមចំណែកដល់ការបង្កើនតម្លៃផលិតកម្មឧស្សាហកម្ម (IIP) របស់ Hai Phong ក្នុងប៉ុន្មានខែដើមឆ្នាំ។ (រូបថត៖ VOV) |
ក្នុងប៉ុន្មានខែដើមឆ្នាំ គណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ច Hai Phong បានសហការជាបន្តបន្ទាប់ជាមួយបណ្តាមន្ទីរ ផ្នែកនិងមូលដ្ឋានដើម្បីរៀបចំកិច្ចសន្ទនានិងដោះស្រាយការលំបាកសម្រាប់សហគ្រាសនៅក្នុងមណ្ឌលឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចនានា។ គណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ច Hai Phong ក៏បានសហការជាមួយក្រសួងផែនការនិងវិនិយោគ រៀបចំសកម្មភាពជំរុញពាណិជ្ជកម្មជាមួយសហគ្រាសតៃវ៉ាន់(ចិន) និងសមាគមសហគ្រាសអឺរ៉ុបនៅវៀតណាមផងដែរ។ ដើម្បីឆ្លើយតបនឹងតម្រូវការពង្រីកផលិតកម្មរបស់បណ្តាក្រុមហ៊ុននិងសម្ព័ន្ធក្រុមហ៊ុននោះ ទីក្រុង Hai Phong ក៏ផ្តោតលើការកែលម្អ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្មផងដែរ។
អាស្រ័យហេតុនេះ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ Hai Phong បានទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ប្រមាណ ៥០០លានដុល្លារអាមេរិក ដោយមានគម្រោងថ្មីចំនួន ១៧ និងគម្រោងកែសម្រួលការបង្កើនដើមទុនចំនួន ៩ ហើយទុនវិនិយោគក្នុងស្រុក(DDI) សម្រេចបានជិត ៤៧ លានដុល្លារអាមេរិក។ ក្នុងជំនួបធ្វើការជាមួយគណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ច Hai Phong ដើម្បីស្វែងយល់និងពិនិត្យការវិនិយោគនៅទីក្រុង លោក Chen Hung Chin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Wieson សមាគមសហគ្រាសអេឡិចត្រូនិចតៃវ៉ាន់ (ចិន) បានឲ្យដឹងថា៖ “យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពល ឧត្តមភាព គោលនយោបាយទាក់ទាញការវិនិយោគ ហើយជាពិសេសគឺការរួមដំណើរ ការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំទីក្រុង Hai Phong ចំពោះវិនិយោគិន។ ពីលក្ខខណ្ឌអំណោយផលទាំងនេះ សហគ្រាសតៃវ៉ាន់បានកសាងផែនការវិនិយោគនៅមណ្ឌលឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចនៅលើភូមិសាស្ត្រទីក្រុង Hai Phong។
រាល់ជំពាក់ជំពិនត្រូវបានដោះស្រាយដោយទាន់ពេលវេលា សកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសមានស្ថេរភាពនិងអភិវឌ្ឍន៍ បានរួមចំណែកនាំតម្លៃផលិតកម្មឧស្សាហកម្ម (IIP) របស់ Hai Phong ក្នុងប៉ុន្មានខែដើមឆ្នាំកើនឡើងខ្ពស់ ទទួលបាន ១៣,៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ ឧស្សាហកម្មសំណង់ - សេវាកម្មរបស់ Hai Phong ក៏ត្រូវបានរក្សានិងអភិវឌ្ឍន៍ផងដែរ ដែលជួយឱ្យ Hai Phong ទទួលបានអត្រាកំណើន (GRDP) ៩,៦៥% ក្នុងត្រីមាសទី ១ ឆ្នាំនេះ ច្រើនជាងមធ្យមភាគទូទាំងប្រទេសជិត ៣ ដង និងឈរលំដាប់ថ្នាក់កំពូលក្នុងចំណោមទីក្រុងចំណុះមជ្ឈិម។ លោក Le Gia Phong ប្រធាននាយកដ្ឋានស្ថិតិ Hai Phong បានវិភាគថា៖ “Hai Phong មានផលិតផលនិងគម្រោងថ្មីមួយចំនួនដែលត្រូវបានដាក់ឱ្យដំណើរការ ដូច្នេះបានរួមចំណែកដល់ការរក្សាល្បឿនកំណើន។ នៅក្នុងតំបន់សេដ្ឋកិច្ចនានា ការរួមចំណែកដ៏ធំធេងនៅតែជាឧស្សាហកម្មសំណង់និងសេវាកម្ម។ ចំពោះសេវាកម្ម ចាប់តាំងពីស្ថានភាពជំងឺតត្បាតមានស្ថិរភាព ក៏ដូចជាគោលនយោបាយមួយចំនួនរបស់ទីក្រុងស្ដីពីការអភិវឌ្ឍសេវាកម្មនិងទេសចរណ៍នោះ វិស័យទេសចរណ៍មានកំណើនខ្ពស់ ដូច្នេះការផ្គត់ផ្គង់ទំនិញលក់រាយ និងសេវាកម្មមួយចំនួនរបស់ Hai Phong ក៏មានកំណើនផងដែរ”។
ជាមួយនឹងសន្ទស្សន៍កំណើនសេដ្ឋកិច្ចខ្ពស់ កត្តាមួយទៀតដែលជួយឲ្យ Hai Phong រក្សាចំណាត់ថ្នាក់កំពូលគឺលទ្ធផលនៃការបើកចំណាយទុនវិនិយោគសាធារណៈ។ គិតត្រឹមចុងខែមេសាកន្លងទៅ Hai Phong បានបើកចំណាយថវិកាចំនួនជាង ៤.១០០ ពាន់លានដុង (១៧៤ លានដុល្លារអាមេរិក) ប្រមាណ ៣១% នៃផែនការដែលនាយករដ្ឋមន្រ្តីបានប្រគល់ជូន និងខ្ពស់ជាងជិតទ្វេដងបើប្រៀបធៀបនឹងមធ្យមភាគទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងសំខាន់ៗមួយចំនួននៅ Hai Phong ហើយបានលើកទឹកចិត្តវិនិយោគិន និងអាជីវកម្ម។ (រូបថត៖ VOV) |
នាចុងខែមីនាកន្លងទៅ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តលើការកែសម្រួលផែនការមេទីក្រុង Hai Phong ដល់ឆ្នាំ ២០៤០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងនោះកំណត់គោលដៅកសាងនិងអភិវឌ្ឍន៍ទីក្រុង Hai Phong ក្លាយជាទីក្រុងឈានមុខគេក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម និងជាកម្លាំងចលករអភិវឌ្ឍន៍សម្រាប់តំបន់ភាគខាងជើងនិងប្រទេសទាំងមូល។ ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុង Hai Phong នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ទីក្រុង Hai Phong ត្រូវអះអាងពីតួនាទីជាក្បាលរថភ្លើងនៃការអភិវឌ្ឍនិងជាកម្លាំងចលករកំណើននៃតំបន់និងប្រទេសទាំងមូល៖ “ទីក្រុង Hai Phong ស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ បើទោះបីបានអភិវឌ្ឍន៍ហើយក៏ដោយ ក៏ទីក្រុង Hai Phong ត្រូវមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងថែមទៀត។ Hai Phong មានទំនួលខុសត្រូវចំពោះប្រទេសជាតិ ហើយខ្ញុំជឿជាក់ថា Hai Phong អាចធ្វើបាន។ ខ្ញុំស្នើថា Hai Phong ត្រូវចងសម្ព័ន្ធយ៉ាងជិតស្និទ្ធថែមទៀតជាមួយបណ្តាខេត្ត ក្រុងនានាក្នុងតំបន់និងទូទាំងប្រទេស ទន្ទឹមនឹងនោះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប៉ុន្តែត្រូវតែមាននិរន្តរភាព និងធានាសន្តិសុខការពារជាតិក្នុងតំបន់ផងដែរ”។
ដើម្បីបន្តរក្សាការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងចីរភាព ដើម្បីក្លាយជា “កម្លាំងចលករអភិវឌ្ឍន៍នៃតំបន់ភាគខាងជើងនិងប្រទេសទាំងមូល” ទីក្រុង Hai Phong បន្តផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតាមទិសដៅអភិវឌ្ឍន៍សសរទ្រូងចំនួន ៣ រួមមាន៖ “ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ;កំពង់ផែសមុទ្រ - logistics; ទេសចរណ៍ - ពាណិជ្ជកម្ម”។ នាពេលអនាគត ទីក្រុងកំពុងជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល ផ្តោតលើការដោះស្រាយការលំបាកនិងឧបសគ្គ បង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពផលិតកម្មអាជីវកម្ម; បង្កើនល្បឿនផលិតកម្មនិងផលិតផលថ្មីសម្រាប់ខឿនសេដ្ឋកិច្ច ខំប្រឹងប្រែងទទួលបានល្បឿនកំណើនសេដ្ឋកិច្ច ១២,៧-១៣% ដូចផែនការដែលបានដាក់ចេញ៕