Lao Cai ខិតខំប្រឹងប្រែងដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មរបស់ប្រទេសទាំងមូល
(VOVWORLD) - នាំតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំរបស់ប្រទេសទាំងមូលគឺជាគោលដៅរបស់ខេត្ត Lao Cai ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេដ្ឋកិច្ច រវាងវៀតណាមនិងបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយតំបន់ភាគនិរតីនៃប្រទេសចិន។
ដើម្បីសកម្មភាពសេដ្ឋកិច្ចដ៏សែនសំខាន់នេះអភិវឌ្ឍន៍ឲ្យសមស្របនឹងសក្តានុពលនិងឱកាសដែលមានស្រាប់ ខេត្ត Lao Cai បាននិងកំពុងដាក់ចេញដំណោះស្រាយជាក់លាក់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងប្រភពធនធានមនុស្ស សំដៅសម្រេចបានគោលដៅខាងលើ។
បច្ចុប្បន្ន ខេត្ត Lao Cai មានឃ្លាំងស្តុកទំនិញចំនួន ៤៥ កន្លែង ក្នុងនោះមានមណ្ឌលភស្តុភារកម្មថ្នាក់ខេត្ត ចំនួន ៥ ។ រូបថត៖ VOV |
នាបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Lao Cai គឺជាតំបន់សេដ្ឋកិច្ចតែមួយគត់នៅភាគខាងជើងដែលមានច្រកទ្វារព្រំដែនអន្តរជាតិនៅក្នុងទីក្រុង ទើបមានហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធសេវាកម្មរីកចម្រើន ជួយសម្រួលដល់តម្រូវការពាណិជ្ជកម្មនាំចេញនាំចូល ទេសចរណ៍និងសេវាកម្មរវាងវៀតណាមនិងចិន។ នេះក៏ជាតំបន់សេដ្ឋកិច្ចព្រំដែនដែលមានគុណសម្បត្តិជាច្រើន ជាពិសេស ជាមួយច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai (វៀតណាម) – Hekou (ចិន) ដែលស្ថិតនៅលើច្រករបៀងសេដ្ឋកិច្ច Kun Ming – Lao Cai - ហាណូយ - Hai Phong – Quang Ninh ដែលជាច្រកទ្វារដ៏សំខាន់ឆ្លងកាត់ទំនិញរវាងបណ្តាប្រទេសអាស៊ាន តាមរយៈកំពង់ផែសមុទ្រវៀតណាម ទៅកាន់បណ្តាខេត្តភាគនិរតីរបស់ចិន។
បើតាមគម្រោង “កសាងខេត្ត Lao Cai ទៅជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មសេដ្ឋកិច្ចរវាងវៀតណាមនិងបណ្តាប្រទេសអាស៊ានជាមួយតំបន់ភាគនិរតីរបស់ចិន” ដែលកំពុងត្រូវបានក្រសួង ផ្នែក ខេត្ត Lao Cai និងសហគ្រាសប្រញាប់ប្រញាល់សុក្រិតដើម្បីដាក់ជូនរដ្ឋាភិបាលក្នុងឆ្នាំនេះ ខេត្ត Lao Cai នឹងក្លាយជាប៉ូលកំណើន និងជាស្នូលដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងជាមជ្ឈមណ្ឌលភស្តុភារកម្មរបស់បណ្តាប្រទេសអាស៊ានជាមួយតំបន់ភាគនិរតីរបស់ចិន។ លោក Doan Cong Khanh សេដ្ឋវិទូឯករាជ្យម្នាក់បានចាត់ទុកថា៖ “ការកសាងនិងរៀបចំប្រព័ន្ធភស្តុភារកម្មនៅខេត្ត Lao Cai គឺជាខ្លឹមសារដ៏សំខាន់ ដែលសម្រេចភាពជោគជ័យនៃមណ្ឌលពាណិជ្ជកម្មនេះ។ កិច្ចសហប្រតិបត្តិការរបស់មណ្ឌលសេដ្ឋកិច្ចនេះនៅក្នុងខេត្ត Lao Cai និងជាមួយតំបន់ដទៃទៀត មានអត្ថន័យខ្លាំងណាស់ ដើម្បីជំរុញតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Lao Cai និងជាពិសេសដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញភស្តុភារកម្ម”។
ខេត្ត Lao Cai មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍អន្តរតំបន់ និងអន្តរជាតិ រួមមាន៖ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក ហើយនាពេលអនាគតក៏មានផ្លូវអាកាសផងដែរ។ តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Lao Cai មានផ្ទៃដី ប្រមាណ ១៦.០០០ ហិកតា ជាមួយនឹងរចនាសម្ព័ន្ធនិងសេវាកម្មគ្រប់គ្រាន់ និងជាតំបន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនសំខាន់ៗទាំង ៨ របស់វៀតណាម កំពុងឆ្ពោះទៅរកគោលដៅដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មអន្តរជាតិ។ យោងតាមលោក Nguyen Xuan Quynh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនភស្តុភារកម្ម Viet Trung បានឲ្យដឹងថា ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មអន្តរជាតិ ខេត្ត Lao Cai ត្រូវពង្រីកការទាក់ទាញការវិនិយោគ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ធនធានមនុស្ស ក៏ដូចជាគំរូបច្ចេកវិទ្យាទំនើបនៅលើពិភពលោក៖ “គំរូមជ្ឈមណ្ឌលភស្តុភារកម្មបិទជិតត្រូវធានាបាននូវការសុក្រិតយន្តការគោលនយោបាយតាមការកំណត់ រួមមានដំណើរការរាយការណ៍គយ សេវាកម្មវេចខ្ចប់ និងនាំចេញទំនិញ។ នាបច្ចុប្បន្ន បណ្តាមណ្ឌលភស្តុភារកម្មរបស់ Lao Cai និងក្រុមហ៊ុនអាជីវកម្មនៅច្រកទ្វារព្រំដែន Kim Thanh មិនទាន់មានគំរូបែបនេះទេ។ យើងចង់ឲ្យមានមជ្ឈមណ្ឌលដែលបំពេញបែបបទទាំងអស់ស្តីពីការនាំចេញនាំចូល វេចខ្ចប់ និងកែច្នៃសម្រាប់នាំចេញ”។
ដើម្បីអភិវឌ្ឍន៍ភស្តុភារកម្ម Lao Cai មានគម្រោងកសាងតំបន់ភស្តុភារកម្មលើផ្ទៃដីជាង ៣០០ ហិកតា។ រូបថត៖ VOV |
ប្រឈមមុខនឹងតថភាពខាងលើ បច្ចុប្បន្ននេះ ខេត្ត Lao Cai មានគម្រោងកសាងតំបន់ភស្តុភារកម្មដាច់ដោយឡែក១ លើផ្ទៃដីជាង ៣០០ ហិកតា ហើយកំពុងអំពាវនាវឱ្យសហគ្រាសវិនិយោគ។ ជាមួយគ្នានោះ ខេត្ត Lao Cai បានរៀបចំផែនការវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញការវិនិយោគ; ទន្ទឹមនឹងនោះលើកកម្ពស់សមត្ថភាព និងគុណភាពនៃការផ្គត់ផ្គង់សេវាកម្មភស្តុភារកម្មរួមបញ្ចូលនូវសេវាកម្មជាច្រើនតាមស្តង់ដាអន្តរជាតិ។ លោក Nguyen Van Hoi ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ គោលនយោបាយឧស្សាហកម្មនិងពាណិជ្ជកម្មបានចាត់ទុកថា៖ “ត្រូវលើកទឹកចិត្តសហគ្រាសធ្វើសង្គមភាវូបនីយកម្មការវិនិយោគ ក៏ដូចជាមានយន្តការសហប្រតិបត្តិការ។ រាល់គោលនយោបាយដីធ្លីនាបច្ចុប្បន្នសុទ្ធតែមានការអនុគ្រោះជាក់លាក់សម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស។ ត្រូវអនុវត្តជាអតិបរមារាល់យន្តការបែបនេះ ជាមួយនឹងកម្មវិធីលើកទឹកចិត្ត ជំរុញពាណិជ្ជកម្ម ក៏ដូចជាការជួយឧបត្ថម្ភការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ការឧបត្ថម្ភបច្ចេកវិទ្យានិងឧបករណ៍”។
ចាប់ផ្តើមសាងសង់កាលពីខែមីនាឆ្នាំមុន គម្រោងស្ពានព្រំដែនឆ្លងកាត់ទន្លេក្រហមនៅឃុំ Ban Vuoc និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺជាគម្រោងគមនាគមន៍ដ៏សំខាន់នៅតាមព្រំដែនវៀតណាម - ចិននៅតំបន់ Bat Xat (វៀតណាម) និង Posai (ចិន) នឹងបញ្ចប់ការសាងសងនិងដាក់ឱ្យដំណើរការនាពេលខាងមុខ។ គម្រោងនេះត្រូវបានខេត្ត Lao Cai យកចិត្តទុកដាក់វិនិយោគដើម្បីរួមចំណែកអនុវត្តន៍បំណងប្រាថ្នានៃការតភ្ជាប់តំបន់មុខងារ បង្កើតមូលដ្ឋានសម្រាប់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាម - ចិន។ នេះគឺជាគម្រោងសំខាន់មួយដែលត្រូវបានរំពឹងថានឹងជំរុញវិស័យភស្តុភារកម្មអភិវឌ្ឍន៍ និងសម្រេចបានគោលដៅនាំខេត្ត Lao Cai ក្លាយជាមជ្ឈមណ្ឌលភស្តុភារបស់ប្រទេសទាំងមូលក្នុងពេលឆាបៗនេះ៕