NEPCON ២០២២-ឆ្ពោះទៅទំនើបកម្ម 4.0 និងការអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - ក្រោយជំងឺរាតត្បាតកូវីដ ១៩ ផ្នែកអេឡិចត្រូនិកវៀតណាមបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងតម្រូវការកាន់តែខ្ពស់អំពីផលិតកម្ម និងដំណើរការទំនើបកម្ម ដើម្បីកាត់បន្ថយការចំណាយ សន្សំសំចៃថាមពល ថែមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការផលិតកម្ម។ ទន្ទឹមនឹងសមិទ្ធិផលនៃឧស្សាហកម្ម 4.0 សហគ្រាសវៀតណាមបានខិតខំប្រឹងប្រែងវិនិយោគ ស្វែងរកទិសដៅអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកទីផ្សារ និងទាញយកឱកាសអាជីវកម្មអន្តរជាតិ និងចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។
លោក Vu Trong Tai អគ្គនាយកក្រុមហ៊ុន RX Tradex |
ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ កញ្ញា នៅទីក្រុងហាណូយក្នុងក្របខ័ណ្ឌនៃពិព័រណ៍អេឡិចត្រូនិកអន្តរជាតិ - NEPCON វៀតណាមឆ្នាំ ២០២២ ក្រុមហ៊ុន RX Tradex រួមជាមួយសម្ព័ន្ធសមាគមធុរកិច្ចអេឡិចត្រូនិកវៀតណាម និងសម្ព័ន្ធសមាគមបច្ចេកវិទ្យា ព័ត៌មាន និងផ្សព្វផ្សាយសិង្ហបុរីបានរៀបចំវេទិកាអេឡិចត្រូនិកវៀតណាមឆ្នាំ ២០២២ ដោយប្រធានបទ "ផលិតកម្មទំនើប ៤.០ និងការអភិវឌ្ឍប្រកបដោយចីរភាព"។ នៅទីនេះ មានកម្មវិធីតភ្ជាប់អាជីវកម្ម និងសកម្មភាពជាក់ស្តែងជាច្រើន ជួយសម្រួលដល់សហគ្រាសអេឡិចត្រូនិកក្នុងការធ្វើផលិតកម្មឡើងវិញ ពង្រីកទីផ្សារ និងទាញយកឱកាសអាជីវកម្មអន្តរជាតិ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោក Vu Trong Tai អគ្គនាយកក្រុមហ៊ុន RX Tradex មានប្រសាសន៍ថា៖ “ពិពណ៌ Nepcon ឆ្នាំ ២០២២ គឺជាផ្នែកមួយនៃ ពិពណ៌ពិភពលោក ដែលទាក់ទងនឹងផ្នែកផលិតកម្មអេឡិចត្រូនិក ហើយផ្តល់ជូនសហគ្រាស ចូលរួម និងក្រុមហ៊ុនឧស្សាហកម្មលើផ្នែកផលិតកម្មអេឡិចត្រូនិក នូវទិដ្ឋភាពទូទៅអំពីបរិក្ខារបច្ចេកវិទ្យា និងបច្ចេកវិទ្យាថ្មីៗបំផុត ក៏ដូចជានិន្នាការថ្មីៗបំផុត។ ដូច្នេះហើយ នេះគឺជាវេទិកាមួយ ក៏ដូចជាទីកន្លែងដែលអ្នកលក់-អ្នកទិញជួបជុំគ្នា ក៏ដូចជាផ្លាស់ប្តូរព័ត៌មាន ធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា និន្នាការនៃទីផ្សារនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីធ្វើឱ្យប្រសើរឡើង គឺសហគ្រាសត្រូវតែត្រិះរិះដល់ការវិនិយោគរយៈពេលវែងលើបច្ចេកវិទ្យា និងឧបករណ៍ ដើម្បីបង្កើនផលិតភាព និងគុណភាព ហើយតាមនោះ ការប្រកួតប្រជែងប្រសើរឡើងនៅលើទីផ្សារពិភពលោក។ ក្រៅពីបច្ចេកវិទ្យា និងឧបករណ៍ ការគ្រប់គ្រងព័ត៌មានទីផ្សារ ក៏មានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះហើយ NEPCON ក៏មានបំណងផ្តល់ព័ត៌មានគ្រប់គ្រាន់ ហើយទីលានលេងសម្រាប់សហគ្រាសអាចតភ្ជាប់ និងបើកឱកាសអាជីវកម្មដ៏ល្អប្រសើជាងសម្រាប់ទាំងអ្នកលក់ និងអ្នកទិញផងដែរ”។
លោកស្រី Do Thi Thuy Huong សមាជិកគណៈប្រតិបត្តិសម្ព័ន្ធសមាគមធុរកិច្ចអេឡិចត្រូនិកវៀតណាម |
យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ក្រោយពីជំងឺរាតត្បាត ផ្នែកអេឡិចត្រូនិកវៀតណាមត្រូវមានការបោះជំហានទៅមុខ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងតម្រូវការកាន់តែកើនឡើងអំពីផលិតកម្ម និងប្រតិបត្តិការទីផ្សារសំដៅជួយសម្រួលដល់សហគ្រាស ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យមអាចកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពផលិតកម្ម។ សហគ្រាសធំៗជាបន្តបន្ទាប់បានបំលាស់ទីផលិតកម្មមកកាន់វៀតណាម ដូចជា៖ វិនិយោគិនតៃវ៉ាន់ (ចិន) ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បានមកស្វែងរកឱកាសតភ្ជាប់ជាមួយសហគ្រាសវៀតណាម។ កាលពីខែសីហា ក្រុមហ៊ុន Boeing បានប្រារព្ធសន្និសីទអាកាសចរណ៍ចក្រវាល Boeing ដោយមានបំណងចង់បង្កើតប្រព័ន្ធអេកូឡូស៊ីនៃក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ Boeing នៅវៀតណាម ដោយបើកទិសដៅថ្មីសម្រាប់វៀតណាមក្នុងការផលិតផលិតផលអេឡិចត្រូនិចបច្ចេកវិទ្យាខ្ពស់។ តាមរយៈលំហូរទុនបំលាស់ទីនេះ សហគ្រាសវៀតណាមមានឱកាសជាច្រើន ដើម្បីពង្រីកផលិតកម្ម ស្វែងរកដៃគូ និងអតិថិជនថ្មី។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសនឹងត្រូវខិតខំប្រឹងប្រែងជាច្រើន ព្រោះនៅតែមានបញ្ហាប្រឈមជាច្រើន ជាពិសេសគឺការប្រកួតប្រជែងជាមួយសហគ្រាសផ្គត់ផ្គង់ដែលកំពុងចូលមកទីផ្សារវៀតណាម។ លោកស្រី Do Thi Thuy Huong សមាជិកគណៈប្រតិបត្តិសម្ព័ន្ធសមាគមធុរកិច្ចអេឡិចត្រូនិកវៀតណាម បានចែករំលែកថា៖ “សហគ្រាសផលិតកម្មភាគច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសអេឡិចត្រូនិកវៀតណាម គឺជាសហគ្រាសធុនតូច និងមធ្យម។ លក្ខខ័ណ្ឌអំពីការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា ក៏ដូចជាហិរញ្ញវត្ថុនៅតែមានកម្រិត ហើយសហគ្រាសត្រូវការជំនួយពីស្ថាប័នរដ្ឋ របស់រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធនានាក្នុងការជួយឧបត្ថម្ភសហគ្រាសទទួលបានទុនកម្ចីឥណទានសមស្រប និងងាយស្រួល។ ទីពីរគឺ សហគ្រាសត្រូវការជំនួយពីរដ្ឋក្នុងការផ្លាស់ប្ដូរបច្ចេកវិទ្យា ក៏ដូចជាប្រភពឥណទានជួយសម្រួលដល់ការច្នៃប្រឌិតបច្ចេកវិទ្យា។ លើសពីនេះទៅទៀត ក៏ត្រូវការជំនួយពីរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យសមស្របតាមបដិវត្តន៍ឧស្សាហកម្ម 4.0 ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសផ្នែកអេឡិចត្រូនិកផងដែរ”។
ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ផ្នែកអេឡិចត្រូនិកវៀតណាមបានបោះជំហានទៅមុខ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងតម្រូវការកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អំពីផលិតកម្ម និងប្រតិបត្តិការទីផ្សារសំដៅជួយសម្រួលដល់សហគ្រាស ជាពិសេសគឺសហគ្រាសធុនតូច និងមធ្យមអាចកាត់បន្ថយការចំណាយ និងបង្កើនសកម្មភាពផលិតកម្មប្របដោយប្រសិទ្ធភាពផងដែរ៕