Quang Ninh - “ទីចំណត”សម្រាប់លំហូរទុន​ FDI ជំនាន់ថ្មី

(VOVWORLD) - ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលខេត្ត Quang Ninh ស្ទើរតែឈានដល់គោលដៅពេញមួយឆ្នាំហើយ។ ដោយបន្តជាទិសដៅនៃគម្រោង FDI ជាច្រើន ជាពិសេសគម្រោង FDI ជំនាន់ថ្មី (គម្រោងបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្នូល និងមានផលប៉ះពាល់រីកសាយភាយដល់សេដ្ឋកិច្ចសង្គម) ខេត្ត Quang Ninh បានសរឲ្យឃើញថា ខ្លួនដើរតាមទិសដៅត្រឹមត្រូវក្នុងដំណើរការជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្ម និងកែច្នៃឈានមុខគេនៅទូទាំងប្រទេស។

កាលពីចុងខែមិថុនាកន្លងទៅ ខេត្ត Quang Ninh បានប្រគល់វិញ្ញាបនបត្រវិនិយោគសម្រាប់គម្រោងថ្មីចំនួន២ របស់សម្ព័ន្ធក្រុមហ៊ុន Foxconn (តៃវ៉ាន់-ចិន) ជាមួយនឹងទុនវិនិយោគសរុបជាង ២៤៦លានដុល្លារអាមេរិក។ ដូច្នេះហើយ នាបច្ចុប្បន្នខេត្ត Quang Ninh មានគម្រោង Foxconn ចំនួន ៣ ដោយមានទុនវិនិយោគសរុបចំនួន ៣៨៣ លានដុល្លារអាមេរិក បន្ទាប់ពីជោគជ័យនៃគម្រោង S-Vietnam ដែលបានដំណើរការកាលពីចុងឆ្នាំ ២០២០។

Quang Ninh - “ទីចំណត”សម្រាប់លំហូរទុន​ FDI ជំនាន់ថ្មី - ảnh 1ខេត្ត Quang Ninh បានប្រគល់វិញ្ញាបនបត្រវិនិយោគសម្រាប់គម្រោងថ្មីចំនួន២ របស់សម្ព័ន្ធក្រុមហ៊ុន Foxconn ដែលមានតម្លៃសរុប ២៤៦លានដុល្លារអាមេរិក។ រូបថត៖ VOV

ការដែលវិនិយោគិនធំៗមកកាន់ខេត្ត Quang Ninh គឺមិនកម្រនោះទេ ទំហំនៃគម្រោងសំខាន់ៗក្នុងវិស័យឧស្សាហកម្មរថយន្ត ឧស្សាហកម្មអេឡិចត្រូនិក មេកានិច ត្រូវបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ នាពេលថ្មីៗនេះ មណ្ឌលឧស្សាហកម្ម Song Khoai (តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រ Quang Yen) ក៏បានទទួលគម្រោងចំនួនពីររបស់ជប៉ុន ដែលវិនិយោគលើវិស័យមេកានិច ក៏បានបង្ហាញសញ្ញាវិជ្ជមានពីទីផ្សារដ៏មានសក្តានុពលនេះដែរ។ លោក Komoto Tomoshi អគ្គនាយកក្រុមហ៊ុនចម្កាត់ Castem Vietnam ដែលទើបបានចុះកិច្ចសន្យាជួលដីសម្រាប់គម្រោងមានតម្លៃ ១៩ លានដុល្លារអាមេរិកបានឲ្យដឹងថា ៖ “យើងបានជ្រើសរើសខេត្ត Quang Ninh ដោយសារនៅជិតអាកាសយានដ្ឋាន និងកំពង់ផែ ដែលសមស្របសម្រាប់ផលិតកម្ម និងការនាំចេញ។ ជាងនេះទៅទៀត យើងបានសិក្សាស្រាវជ្រាវហើយបានដឹងថា ប្រជាជនវៀតណាមពិតជាឧស្សាហ៍ព្យាយាមនិងធ្វើការយ៉ាងយកចិត្តទុកដាក់ខ្ពស់។ បរិយាកាសវិនិយោគបើកចំហនៅទីនេះក៏ជាឧត្តមភាពដ៏អស្ចារ្យផងដែរ”។

ក្នុងរយៈពេល៦ខែដើមឆ្នាំ ចំនួនFDIសរុបចូលខេត្ត Quang Ninh បានឈានដល់ជាង ៨៣២លានដុល្លារអាមេរិក ស្មើនឹង ៦៩% នៃផែនការរបស់ខេត្ត Quang Ninh (១,២ ពាន់លានដុល្លារ) ក្នុងឆ្នាំនេះ។ ក្រៅពីគុណសម្បត្តិដែលមានស្រាប់ទាក់ទងនឹងទីតាំងភូមិសាស្ត្រនិងធនធានធម្មជាតិនោះ គុណសម្បត្តិដែលខេត្ត Quang Ninh បានខិតខំប្រឹងប្រែងកសាងដូចជា៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយសមកាលកម្ម ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងមណ្ឌលឧស្សាហកម្មមានភាពទម្លុះទម្លាយជាច្រើន។ លោក Nguyen Van Nhan អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Amata Ha Long ដែលជាវិនិយោគិនលើហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម Song Khoai បានចាត់ទុកថា ផ្ទៃដីរបស់មណ្ឌលឧស្សាហកម្មនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ និងការរំដោះដីធ្លី បង្កើតមូលនិធិដីធ្លីស្អាត ដែលជា“ចំណុចបូក”សម្រាប់វិនិយោគិនក្នុងការសម្រេចចិត្តមកវិនិយោគនិងធ្វើអាជីវកម្មនៅខេត្ត Quang Ninh៖ “យើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋបាលខេត្ត Quang Ninh និងមន្ទីរសាខានានា។ ជាពិសេស ទីរួមស្រុក Quang Yen បានជួយសម្រួលដល់ការរំដោះដីធ្លី និងបែងចែកដីធ្លីស្អាតសម្រាប់យើងខ្ញុំ។ នេះគឺជាជំនឿជាក់ដ៏អស្ចារ្យដែលជួយយើងខ្ញុំបញ្ចុះបញ្ចូលវិនិយោគិន ក្រៅពីនោះយើងបានខិតខំប្រឹងប្រែងក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ផ្សេងៗបម្រើពួកគេផងដែរ”។

នៅចុងឆ្នាំ ២០២០ សេចក្តីសម្រេចចិត្តដំបូងដែលខេត្ត Quang Ninh បានចេញផ្សាយក្នុងអាណត្តិ ២០២០-២០២៥ គឺស្តីពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៃឧស្សាហកម្មកែច្នៃ និងផលិត។ ក្រោយពាក់កណ្តាលអាណត្តិ ទុនវិនិយោគសរុបពីវិស័យនេះសម្រេចបានជាង ៤១.៣០០ ពាន់លានដុង (១,៧ ពាន់លានUSD) ដែលក្នុងនោះ ទុន FDI ឈានដល់ជាង ១,៣ពាន់លាន USD ដែលបង្ហាញថា ខេត្ត Quang Ninh កំពុងក្លាយជាគោលដៅទាក់ទាញ FDI ជាពិសេស FDI ជំនាន់ថ្មី។ អត្រាកំណើនជាមធ្យមនៃឧស្សាហកម្មកែច្នៃ និងផលិតមានចំនួនប្រហែល ២០% ក្នុងមួយឆ្នាំ រួមចំណែកជាង ១០% នៃរចនាសម្ព័ន្ធផលិតផលក្នុងខេត្តសរុប(GRDP) និងបន្តបង្កើតការងារធ្វើសម្រាប់កម្មករប្រមាណ ១៦.០០០ នាក់ទាំងក្នុងនិងក្រៅខេត្ត។

Quang Ninh - “ទីចំណត”សម្រាប់លំហូរទុន​ FDI ជំនាន់ថ្មី - ảnh 2គម្រោង FDI ដែលផ្តោតលើការកែច្នៃនិងផលិតគឺជាកម្លាំងចលករមួយសម្រាប់ឧស្សាហកម្ម Quang Ninh។ រូបថត៖ VOV

មិនត្រឹមតែទាក់ទាញការវិនិយោគក្នុងទិសដៅស្នូលៗប៉ុណ្ណោះទេ ខេត្ត Quang Ninh ក៏ផ្តោតសំខាន់លើការអំពាវនាវដល់គម្រោង FDI ជំនាន់ថ្មីជាមួយនឹងគម្រោងឧស្សាហកម្មបៃតង - ស្អាត - បច្ចេកវិទ្យាខ្ពស់ ក្នុងតំបន់សេដ្ឋកិច្ច និងមណ្ឌលឧស្សាហកម្ម។ តាមនោះ ជួយខេត្ត Quang Ninh បង្កើតខ្សែគម្រោង បង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ធុរកិច្ចមូលដ្ឋានចូលរួមក្នុងការផ្គត់ផ្គង់ដូចជា៖ ខ្សែសង្វាក់ឧស្សាហកម្មវាយនភណ្ឌបច្ចេកវិទ្យាខ្ពស់នៅមណ្ឌលឧស្សាហកម្ម Texhong; ខ្សែសង្វាក់ឧស្សាហកម្មផលិតរថយន្តនៅមណ្ឌលឧស្សាហកម្ម  Viet Hung Song Khoai Dong Mai Bac Tien Phong (ជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗដូចជា៖ Autoliv SamsongVina Boltun...); ខ្សែសង្វាក់ឧស្សាហកម្មមេកានិកនិងដំឡើងឧបករណ៍អេឡិចត្រូនិចនៅក្នុងមណ្ឌលឧស្សាហកម្ម Dong Mai និង Song Khoai (ជាមួយ Foxconn, Jinko Solar...)។ លោក Cao Tuong Huy ប្រធានស្តីទីគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានអះអាងថា៖ “ ខេត្ត Quang Ninh នឹងឆ្លៀតយកឱកាសជាអតិបរមាដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនិងមណ្ឌលឧស្សាហកម្ម ដែលផ្តោតលើតំបន់ឧស្សាហកម្មឆ្នេរសមុទ្រ Quang Yen Van Don និងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Mong Cai។ ក្នុងនោះ ផ្តោតសំខាន់លើការទាក់ទាញទុនវិនិយោគដោយមានការជ្រើសរើស នូវប្រភពFDI ជំនាន់ថ្មី ជាមួយនឹងស្តង់ដារស្របតាមការណៃនាំរបស់រដ្ឋាភិបាល ដើម្បីពង្រីកប្រសិទ្ធភាពប្រើប្រាស់ដីធ្លី នាំមកនូវប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់វិនិយោគិន”។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ខេត្ត Quang Ninh មានផែនការដើម្បីទាក់ទាញគម្រោង FDI ជំនាន់ថ្មី បច្ចេកវិទ្យាខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថានចំនួនពី៩ដល់១១ គម្រោង ជាមួយនឹងទុនវិនិយោគខ្ពស់ រួមចំណែកដល់ថវិកាខេត្ត។ កម្លាំងចលករនាំមុខគេពីគម្រោងឧស្សាហកម្មផលិតនិងកែច្នៃ បច្ចេកវិទ្យាខ្ពស់ត្រូវបានរំពឹងថា នឹងរួមចំណែកជួយខេត្ត Quang Ninh រក្សាកំណើនទ្វេរដងក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា បន្តអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចបៃតង និងអភិវឌ្ឍន៍តាមទិសដៅនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ