(VOVWORLD) - ជីវមណ្ឌលបម្រុងភ្នំ Chua (ខេត្ត Ninh Thuan) និងខ្ពង់រាប Kon Ha Nung (ខេត្ត Gia Lai) របស់វៀតណាមត្រូវបានទទួលស្គាល់ជាជីវមណ្ឌលបម្រុងពិភព លោក។
នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៣៣ក្រុមប្រឹក្សា អន្តរជាតិសម្របសម្រួលកម្មវិធីមនុស្សនិងជីវមណ្ឌល UNESCO ដែលបានធ្វើឡើងនៅ នីហ្សេរីយ៉ានោះ ជីវមណ្ឌលបម្រុងភ្នំ Chua (ខេត្ត Ninh Thuan) និងខ្ពង់រាប Kon Ha Nung (ខេត្ត Gia Lai) របស់វៀតណាមត្រូវបានទទួលស្គាល់ជា ជីវមណ្ឌលបម្រុងពិភព លោក។ ដូច្នេះ ចាប់តាំងពីឆ្នាំ២០០០មក វៀតណាមត្រូវបាន UNESCO ទទួលស្គាល់ ជីវមណ្ឌលបម្រុងពិភពលោកសរុបចំនួន១១កន្លែង ឈរចំណាត់ថ្នាក់ទី២នៅ អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី ដោយមានជីវមណ្ឌលបម្រុងពិភពលោកចំនួន១៩កន្លែង។
ជីវមណ្ឌលបម្រុងភ្នំ Chua (ខេត្ត Ninh Thuan) មានទំហំផ្ទៃដីសរុបជាង១០ម៉ឺន ៦ពាន់ហិកតា ដែលជាគំរូតែមួយគត់នៃប្រព័ន្ធអេកូឡូស៊ីព្រៃស្ងួតដ៏ពិសេសដោយឡែក របស់វៀតណាមនិងអាស៊ីអាគ្នេយ៍។
ភ្ញៀវទេសចរសម្របខ្លួនចូលក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនៅជីវមណ្ឌលបម្រុងភ្នំ Chua។ (រូបថត៖ VNA)
ការដាំព្រៃលិចទឹកប្រៃសំដៅស្ដារប្រព័ន្ធអេកូឡូស៊ីនៅតំបន់អភិរក្សសមុទ្រចំណុះជីវមណ្ឌលបម្រុង ភ្នំ Chua។ (រូបថត៖ VNA)
វាលថ្ម Sao Hoa ដែលជាវាលផ្កាថ្មបុរាណ មានអាយុកាលឡើងដល់ទៅរាប់លានឆ្នាំ ស្ថិតនៅក្នុងជីវមណ្ឌលបម្រុង ភ្នំ Chua។ (រូបថត៖ VNA)
ផ្កាថ្មនៅក្នុងបាតសមុទ្រនៃជីវមណ្ឌលបម្រុង ភ្នំ Chua។ (រូបថត៖ VNA)
ទេសភាពរហោស្ថាននៃកន្លែងទេសចរណ៍រូងភ្នំ Rai ស្ថិតនៅក្នុងជីវមណ្ឌលបម្រុង ភ្នំ Chua។ (រូបថត៖ VNA)
ហ្វូងអណ្ដើកសមុទ្រត្រូវបានដោះលែងទៅក្នុងបរិស្ថានធម្មជាតិ។ (រូបថត៖ VNA)
ស្វាក្រិសជើងខ្មៅ ដែលជាប្រភេទសត្វកម្រ រស់នៅក្នុងជីវមណ្ឌលបម្រុងភ្នំ Chua។ (រូបថត៖ VNA)
ដោយមានតម្លៃជីវចម្រុះខ្ពស់ ជីវមណ្ឌលបម្រុង ភ្នំ Chua កំពុងជាទីកន្លែងដែលទាក់ទាញអ្នកវិទ្យាសាស្ត្រមកទស្សនានិងស្រាវជ្រាវ។ (រូបថត៖ VNA)
ជីវមណ្ឌលបម្រុងខ្ពង់រាប Kon Ha Nung (ខេត្ត Gia Lai) មានទំហំផ្ទៃដីសរុបជាង៤១ម៉ឺន៣ពាន់ហិកតា រួមមានតំបន់ស្នូលចំនួន២គឺឧទ្យានជាតិ Kon Ka Kinh និងតំបន់អភិរក្សធម្មជាតិ Kon Chu Rang ដោយមានលក្ខណៈជីវចម្រុះខ្ពស់ តំណាងឲ្យប្រព័ន្ធអេកូឡូស៊ីព្រៃ ប្រព័ន្ធរុក្ខជាតិព្រៃនិងប្រព័ន្ធសត្វព្រៃនៃតំបន់ Tay Nguyen។ ជីវមណ្ឌលបម្រុងនេះក៏មានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយរក្សាតុល្យភាពអេកូឡូស៊ីនៃតំបន់ Tay Nguyen តំបន់ Trung Bo ភាគកណ្ដាលនិងតំបន់ Nam Bo ខាងកើត។
ប្រព័ន្ធរុក្ខជាតិនៅទីនេះមានលក្ខណៈជីវចម្រុះខ្ពស់ ដែលត្រូវបានរៀបចំណាត់ថ្នាក់ A អំពីសារសំខាន់អន្តរជាតិ ដោយមានរុក្ខជាតិរាប់ពាន់ប្រភេទ។ ក្នុងនោះ មានប្រភេទរុក្ខជាតិកម្រជាច្រើន ដែលត្រូវបានកត់សម្គាល់ស្ថិតនៅក្នុងបញ្ជីក្រហមវៀតណាម និងពិភពលោក។ (រូបថត៖ VOV)។
ប្រព័ន្ធសត្វនៅទីនេះក៏មានរាប់ពាន់ប្រភេទផងដែរ។ ប្រភេទសត្វជាច្រើនស្ថិតនៅក្នុងបញ្ជីក្រហមរបស់ពិភពលោកដែលត្រូវបានអភិរក្សដូចជា ស្វាក្រិសជើងប្រផេះ ទោចខ្មៅ Trung Bo ជាដើម។ រូបថត៖ VOV
ក្រៅពីនោះ នៅទីនេះមានបណ្ដាញល្បាក់ទឹកដ៏ធំសម្បើម។ ដោយឡែកនៅក្នុងតំបន់អភិរក្សធម្មជាតិ Kon Chu Rang មានល្បាក់ទឹកចំនួន១២ ដោយមានកំពស់ជាង១៥ម៉ែត្រ ស្ថិតនៅកណ្ដាលព្រៃស្រោងរហោស្ថានដ៏ធំល្វឹងល្វើយ។ រូបថត៖VOV
ជីវមណ្ឌលបម្រុងខ្ពង់រាប Kon Ha Nung ក៏ជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់មនុស្សជាច្រើនផងដែរ។ (រូបថត៖ nld.com.vn)