Pac Bo - ដើមកំណើតរបស់បដិវត្តន៍វៀតណាម
(VOVWORLD) - ស្ថិតនៅចម្ងាយប្រមាណ៥២គីឡូម៉ែត្រតាមទិសខាងជើងទីក្រុង Cao Bang តំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ស្ថិតនៅឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang។ អញ្ជើញមកទស្សនាទីនេះ ភ្ញៀវទេសចរមិនត្រឹមតែមានឱកាសស្វែងយល់អំពីសញ្ញាសម្គាល់ប្រវត្តិ សាស្ត្ររបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបានសម្របខ្លួនចូលក្នុងបរិយាកាស ដ៏បរិសុទ្ធ នៃតំបន់ព្រៃភ្នំនេះទៀតផង។
ជ្រោះទឹក Lenin ស្ថិតនៅជើងភ្នំ Karl Max នៅក្នុងតំបន់កេរ្តិ៍ដំណែល Pac Bo។ (រូបថត៖ VOV) |
Pac Bo ក្នុងភាសាជនជាតិ Tay – Nung មានន័យថា “ប្រភពដើម” ពោលគឺជាទីកន្លែងដែលលោកប្រធានហូជីមិញបានដាក់ជំហានដំបូងវិលត្រឡប់មកប្រទេសវិញ ក្រោយរយៈពេល៣០ឆ្នាំធ្វើដំណើរនៅជុំវិញពិភពលោក ដើម្បីស្វែងរកមាគ៌ាសង្គ្រោះជាតិ កាលពីថ្ងៃទី២៨ មករា ឆ្នាំ១៩៤១។ អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែមានឱកាសស្វែងយល់អំពី ដំណាក់កាលដ៏សំខាន់មួយក្នុង ឆាកជីវិតរបស់លោកប្រធានហូជីមិញនិង បដិវត្តន៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានគយគន់ផ្ទាំងគំនូរទេសភាពធម្មជាតិដ៏ អស្ចារ្យទៀតផង។ រួមជាមួយកេរ្តិ៍ដំណែលខាងក្រៅនានា ភ្ញៀវទេសចរអាច មកអុជធូបទៀននៅវិហារសក្ការៈបូជាលោកប្រធានហូជីមិញ ទស្សនាផ្ទះ តាំងពិព័រណ៍ ដើម្បីយល់ឲ្យបានច្បាស់ថែមទៀតអំពីចលនាបដិវត្តន៍របស់ខេត្ត Cao Bang ក៏ដូចជាការដឹកនាំបដិវត្តន៍របស់លោកអ៊ុំបន្ទាប់ពីវិលត្រឡប់មក ប្រទេសវិញ តាមរយៈការណែនាំរបស់មគ្គុទេសទេសចរណ៍នៅតំបន់កេរ្តិ៍ដំណែលនេះ។ អ្នកស្រី Pham Thu Quynh ភ្ញៀវទេសចរម្នាក់មកពីរដ្ឋធានីហាណូយ បាន ចែក រំលែកថា៖ “ពេលមកដល់ទីនេះ យើងខ្ញុំគ្រាន់តែមានការចាប់អារម្មណ៍ចំពោះ ទេសភាពធម្មជាតិ និងតម្លៃប្រវត្តិសាស្ត្រប៉ុណ្ណោះ ប៉ុន្តែចំពោះសេវាកម្មភ្ជាប់ជាមួយ ផ្សេងៗនោះ គឺខ្ញុំគិតថា ចាំបាច់ត្រូវវិនិយោគបន្ថែមទៀត។ ឧទាហរណ៍ថា នៅទីនេះមានល្បែងកំសាន្តប្រជាប្រិយខ្លះៗ និងសេវាកម្មហូបចុកហើយ ប៉ុន្តែមិនទាន់មានសេវាកម្មគួរឲ្យទាក់ទាញដែលធ្វើឲ្យភ្ញៀវទេសចរចង់ស្នាក់នៅបន្ថែមទៀតនៅឡើយ”។
ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើការ អភិវឌ្ឍទេសចរណ៍នៅ Pac Bo ទទួលបានការវិនិយោគគួរឲ្យកត់សម្គាល់។ ខេត្ត Cao Bang បានបណ្ដាក់ទុន សម្រេចរួចរាល់ ហើយដាក់ឲ្យដំណើរការនូវ គម្រោងចំនួន៦នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Pac Bo។ លោក Dao Van Mui នាយកគណៈគ្រប់គ្រងកេរ្តិ៍ដំណែលជាតិពិសេសនៅ ខេត្ត Cao Bang បានឲ្យដឹងថា៖ “ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក យើងខ្ញុំបានអនុវត្តការងារជួសជុល កែលម្អ ការពារទេសភាពនិងសំណង់មូលដ្ឋាននានា។ ក្នុងនោះ ផ្ដោតសំខាន់ទៅលើការ ជួសជុល កែលម្អកេរ្តិ៍ដំណែលដើម ដែលរងការខូចខាត រិចរិល។ យើងខ្ញុំក៏ បានអញ្ជើញអ្នកជំនាញមកជួយបង្កើតឡើងវិញឲ្យបានរស់រវើកបំផុត នូវ លំហជីវភាពរស់នៅរបស់លោកប្រធានហូជីមិញក្នុងដំណាក់កាលលោកប្រធានមករស់នៅនិងដឹកនាំបដិវត្តន៍នៅ Pac Bo ផងដែរ។ សំណង់ផ្សេងៗនៅជុំវិញ ដូចជាផ្ទះតាំងពិព័រណ៍ វិហារសក្ការៈបូជាលោកប្រធានហូជីមិញ និងបរិវេណ ទេសភាពក៏ត្រូវបានវិនិយោគដោយសមស្រប ដើម្បីឆ្ពោះទៅទេស ចរណ៍បៃតង-ស្អាត-ស្រស់បំព្រងនៅកេរ្តិ៍ដំណែល Pac Bo”។
វិហារសក្ការៈបូជាលោកប្រធានហូជីមិញនៅក្នុងតំបន់កេរ្តិ៍ដំណែល Pac Bo។ (រូបថត៖ VOV) |
នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍របស់ខេត្ត Cao Bang តំបន់ទេស ចរណ៍ Pac Bo ត្រូវបានតម្រង់ទិសដៅឲ្យក្លាយទៅជាគោលដៅទេសចរណ៍ មុខព្រួញ។នាពេលខាងមុខ ទេសចរណ៍សហគមន៍ និងទេសចរណ៍ទទួល យកបទពិសោធន៍ (Experiental travel) គួរតែត្រូវបានយកចិត្តទុកដាក់វិនិ យោគយ៉ាងច្រើនថែមទៀត ដើម្បីបង្កើតឡើងចំណុចលេចធ្លោ ដែលទាក់ ទាញ ភ្ញៀវទេសចរចង់មកដល់និងស្នាក់នៅ Pac Bo ថែមទៀត។ កម្មវិធីខ្លះៗ កំពុងត្រូវបានកសាងឡើងដូចជា ការណែនាំប្រជាជនប្រចាំតំបន់ដាំដំណាំ ឬរុក្ខជាតិដ៏ពិសេសដោយឡែកដើម្បីបម្រើនៅតំបន់កេរ្តិ៍ដំណែល ការបង្កើត ក្រុមវប្បធម៌ភូមិដើម្បីជួបប្រាស្រ័យសិល្បៈ ឬការបង្កើតផ្ទះសំណាក់ មូល ដ្ឋានទេសចរណ៍ដ៏ “ស្និទ្ធស្នាល” ជាដើម។ លោក Truong The Vinh នាយក រងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Cao Bang បានឲ្យដឹងថា៖ “ការបណ្ដុះបណ្ដាលប្រជាជនដើម្បីអភិវឌ្ឍទេសចរណ៍ដោយផ្អែកលើ សហគមន៍ គឺជាទិសដៅសំខាន់បំផុត។ នាពេលខាងមុខ Cao Bang នឹង ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលនៅហ្នឹងកន្លែងចំពោះប្រភពធនធានមនុស្ស ដូចជាបំណិនទទួលស្វាគមន៍និងបម្រើភ្ញៀវ ការបណ្ដុះបណ្ដាល មគ្គុទេសទេសចរណ៍នៅតាមទីកន្លែងទេសចរណ៍ ឬក៏ការកែច្នៃម្ហូបអាហារជន ជាតិឲ្យបានសមស្របនឹងភ្ញៀវទេសចរជាច្រើនប្រភេទ និងការអភិវឌ្ឍក្រុម សិល្បៈភូមិ ផងដែរ។ គោលដៅខ្ពស់បំផុតនោះគឺ ការអភិវឌ្ឍទេសចរណ៍ ដោយផ្អែកលើសហគមន៍ ដោយសារ វាមិនត្រឹមតែបង្កើនប្រាក់ចំណូល សម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សនិងពង្រីក តម្លៃវប្បធម៌ប្រចាំតំបន់ទៀតផង”។
ដោយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រងគួបផ្សំរួមជាមួយកេរ្តិ៍ដំណែល ជាច្រើនដែលពោរពេញទៅដោយសញ្ញាសម្គាល់ប្រវត្តិសាស្ត្រនោះ តំបន់ កេរ្តិ៍ដំណែលជាតិពិសេស Pac Bo គឺជាមោទនភាពរបស់ប្រជាជនជាច្រើន ជំនាន់នៅទីនេះនិយាយដោយឡែកនិងប្រជាជនទូទាំងប្រទេសនិយាយរួម។ អាជ្ញាធរនិងផ្នែកទេសចរណ៍មូលដ្ឋាន កំពុងអនុវត្តការងារជាក់ស្ដែងតាម ជាជំហានៗ ដើម្បីប្រែក្លាយ Pac Bo ទៅជាគោលដៅទេសចរណ៍គួរឲ្យ ទាក់ទាញយ៉ាងពិតប្រាកដចំពោះភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស៕