Xin Man - Ha Giang៖ សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិ
(VOVWORLD) - Xin Man ជាស្រុកមួយដែលស្ថិតនៅភាគពាយព្យនៃខេត្ត Ha Giang។ អាស្រ័យដោយមានធនធានធម្មជាតិដ៏សម្បូរបែប វប្បធម៌វិសេសវិសាល ទេសភាពស្រស់បំព្រងនិងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើន Xin Man គឺជាទីកន្លែងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
វាលស្មៅនៅភូមិ Suoi Thau ក្នុងទីរួមស្រុក Coc Pai ស្រុក Xi Man។ (រូបថត៖ VNA) |
ស្រុក Xin Man មានផ្ទៃដីជិត ៦ ម៉ឺនហិកតា និងមានប្រជាជនប្រមាណ ៧១ ពាន់នាក់ ក្នុងនោះមានជនជាតិភាគតិចចំនួន ១៦ រស់នៅជាមួយគ្នា។ ស្រុកនេះមានព្រំដែនប្រវែងជាង ៣០ គីឡូម៉ែត្រជាប់ជាមួយប្រទេសចិន និងមានច្រកទ្វារព្រំដែនជាតិ Xin Man ដោយតភ្ជាប់ជាមួយនឹងច្រកព្រំដែន Dulong (ប្រទេសចិន)។ ស្រុកកំពុងខិតខំប្រឹងប្រែងធ្វើអាជីវកម្មនូវសក្តានុពលទេសចរណ៍ តភ្ជាប់ការធ្វើដំណើរទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ លោក Pham Duy Hien លេខារងគណៈកម្មាធិការបក្សស្រុក និងជាប្រធានគណៈកម្មាធិការប្រជាជនស្រុក Xin Man បានឲ្យដឹងថា៖
“យើងខ្ញុំកសាងតំបន់នីមួយៗជាមួយនឹងផលិតផលទេសចរណ៍ពិសេសដោយឡែក។ ធ្វើយ៉ាងណាធ្វើអាជីវកម្មបានល្អពីសម្រស់វប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសពិធីបុណ្យរបស់ជនជាតិ Nung និង Mong។ ប្រើប្រាស់កសិកម្មដើម្បីទាក់ទាញភ្ញៀវទេសចរ។ យើងខ្ញុំបានកសាងខ្សែសង្វាក់តភ្ជាប់ ក្លាយជាតំបន់ផលិតកម្មកសិកម្មបែបប្រមូលផ្តុំ ដូច្នេះប្រជាជនអាចបង្កបង្កើនផលបាន ព្រមទាំងបង្កើតការឆ្លងកាត់បទពិសោធន៍សម្រាប់ភ្ញៀវទេសចរផងដែរ។ បច្ចុប្បន្ននេះ មានចម្ការដើមឈើហូបផ្លែ និងគំរូអភិវឌ្ឍការចិញ្ចឹមសត្វ ឬត្រីមួយចំនួន។ ពេលដែលភ្ញៀវមកទស្សនា គេនិយមចូលចិត្តណាស់។ អាទិភាពចម្បងរបស់ស្រុកគឺអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ រួមជាមួយនឹងការបង្កើតភូមិវប្បធម៌ទេសចរណ៍ ដើម្បីតភ្ជាប់ខេត្ត Ha Giang ជាមួយប្រទេសចិន និងទីផ្សារក្នុងស្រុក”។
Xin Man ក៏ត្រូវបានគេស្គាល់ថា ជាកន្លែងទស្សនាផ្កា buckwheat ដ៏អស្ចារ្យបំផុតនៅខេត្ត Ha Giang ផងដែរ។ (រូបថត៖ nld.com.vn) |
Xin Man មានកេរ្តិ៍ដំណែលជាតិជាតិចំនួន ៤ រួមមាន៖ វាលថ្មបុរាណ Nam Dan ល្បាក់ទឹក Tien ចំណោតជម្រាលភ្នំ Gio ល្បាក់ទឹក Luong និងល្បាក់ទឹក Tran។ ត្រូវបានគេស្គាល់ថា ជាវាលស្មៅស្វីសនៅ Ha Giang នោះ វាលស្មៅនៅភូមិ Suoi Thau ក្នុងទីរួមស្រុក Coc Pai ស្រុក Xi Man ស្ថិតនៅកម្ពស់ ១២០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលលាតសន្ធឹងរាប់រយហិកតា។ វាលស្មៅ Suoi Thau គឺជាវាលស្មៅមួយក្នុងចំណោមវាលស្មៅដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសវៀតណាម។ នៅជាប់ទឹកជ្រោះ Nam Ly គឺតំបន់ទេសចរណ៍ទឹកជ្រោះរ៉ែ Nam Choong ឃុំ Quang Nguyen។ រមណីយដ្ឋានផ្សេងៗទៀត ដូចជាល្អាងភ្នំ Thien Thuy ផ្សាររាត្រី Coc Pai កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Nan Ma... ក៏ទាក់ទាញភ្ញៀវទេសចរផងដែរ។ មកទស្សនាស្រុក Xin Man អ្នកស្រី Tran Thi Thanh Huong ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានសម្តែងថា៖
“មកដល់ទីនេះខ្ញុំមានអារម្មណ៍ពេញចិត្ត និងចូលចិត្តខ្លាំងណាស់។ ព្រោះមនុស្សនៅទីនេះរួសរាយរាក់ទាក់ ហើយទេសភាពក៏ស្អាតដូចក្នុងគំនូរអញ្ចឹង។ ផ្ការីកគ្រប់ទិសទី ទេសភាពរ៉ូម៉ង់ទិកណាស់”។
Xin Man ក៏ត្រូវបានគេស្គាល់ថា ជាកន្លែងទស្សនាផ្កា buckwheat ដ៏អស្ចារ្យបំផុតនៅខេត្ត Ha Giang ផងដែរ។ នៅទីនេះមានវាលផ្កាកុលាបដែលរីកស្គុះស្គាយយ៉ាងស្រស់ស្អាតជារៀងរាល់រដូវស្លឹកឈើជ្រុះ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់មកទស្សនា និងថតរូប។ ភូមិទេសចរណ៍វប្បធម៌គំរូដូចជា Na Rang ឬ Quang Ha,... បាននិងកំពុងបើកឱកាសកសាងដំណើរទេសចរណ៍ និងផ្លូវទេសចរណ៍តាមទិសទេសចរណ៍សហគមន៍ និងទេសចរណ៍រុករក។ មូលដ្ឋានក៏មានផលិតផល OCOP (កម្មវិធីជាតិអំពីឃុំមួយផលិតផលឃុំ) ជាមួយនឹងម៉ាកយីហោ Xin Man ដូចជា៖ អង្ករដំណើប Quang Nguyen អង្ករ Gia dui តែ Che La និងតែភូមិ Ve (Na Chi) ជាដើម។
ទីរួមស្រុក Coc Pai គឺជាទីកន្លែងដែលប្រមូលផ្ដុំលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតនៃស្រុក Xin Man។ ភ្ញៀវដែលមកទីនេះអាចសម្របខ្លួនទៅក្នុងបរិយាកាសវប្បធម៌ចម្រុះពណ៌នៃផ្សាររាត្រី Coc Pai រីករាយនឹងការសំដែងសិល្បៈដ៏ពោរពេញទៅដោយប្រពៃណីរបស់បងប្អូនបណ្ដាជនជាតិ។ លោក Nguyen Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Coc Pai បានឲ្យដឹងថា៖
“បច្ចុប្បន្ន ភ្ញៀវទេសចរមកទស្សនានៅទីនេះមានចំនួនច្រើនណាស់ ទីរួមស្រុក Coc Pai បានអនុញ្ញាតឱ្យប្រជាជនរៀបចំសកម្មភាពដូចជា៖ ដាំផ្កា និងសកម្មភាពផ្សេងៗទៀតដើម្បីបម្រើភ្ញៀវទេសចរ។ ក្រៅពីនេះ ទីរួមស្រុកក៏រៀបចំសកម្មភាពលេងកំសាន្ត និងការដាំដើមឈើដើម្បីអភិវឌ្ឍទេសចរណ៍ទៀតផង”។
ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើភ្ញៀវទេសចរ ត្រូវបានមូលដ្ឋានយកចិត្តទុកដាក់វិនិយោគ កែលម្អ បំពេញជាស្ថាពរនូវតម្រូវការរបស់ភ្ញៀវទេសចរ។ ស្រុក Xin Man មានអាជីវកម្មទេសចរណ៍ជាង ៣០ ក្នុងនោះមានសណ្ឋាគារចំនួន ២ ផ្ទះសំណាក់ចំនួន ៨ និងផ្ទះហូមស្ទេផ្សេងៗទៀត។ លោក Hoang Duc Tho ម្ចាស់អាជីវកម្មហូមស្ទេមួយរូប បានឲ្យដឹងថា៖
“ពីមុន គ្រួសារខ្ញុំជាកសិករ ពេលដែលរដ្ឋយកចិត្តទុកដាក់លើវិស័យទេសចរណ៍សហគមន៍ ទើបខ្ញុំបើកផ្ទះហូមស្ទេ។ នៅទីនេះមិនមានមុខរបរណាដែលមានប្រាក់ចំណូលល្អដូចទេសចរណ៍ទេ”។
Xin Man គឺជាផ្ទាំងគំនូរចម្រុះពណ៌នៃធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីបដិវត្តន៍។ ជាមួយនឹងព្រៃភ្នំធំល្វឹងល្វើយ ទេសភាពរ៉ូម៉ង់ទិក វប្បធម៌វិសេសវិសាល និងផលិតផលសម្បូរបែប Xin Man ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរដែលចង់ស្វែងរកកន្លែងដ៏ស្ងប់ស្ងាត់។ បច្ចុប្បន្ននេះ ទីនេះមិនទាន់ត្រូវបានភ្ញៀវទេសចរច្រើនស្គាល់នោះទេ ប៉ុន្តែនាពេលខាងមុខ Xin Man នឹងក្លាយជាទីមកដល់របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ៕