កំពង់ផែ K15 – ទីកន្លែងចេញដំណើររបស់ “ក្រុមនាវាឥតលេខ“

(VOVWORLD) - រំលឹកដល់ស្រុក Do Son ទីក្រុង Hai Phong យើងនឹងនឹកឃើញភ្លាមដល់មណ្ឌលទេសចរណ៍ដ៏ល្បីឈ្មោះជាមួយឆ្នេរសមុទ្រ ជួរដើមដូង និងទួលដើមស្រល់ខឿវស្រងាត់ដ៏ធំល្វឹងល្វើយ រួមជាមួយនឹងទីកន្លែងល្បីឈ្មោះផ្សេងទៀត។ ក្នុងនោះត្រូវរំលឹកដល់គីឡូម៉ែត្រលេខ  0 ដែលជាទីកន្លែងចេញដំណើររបស់ក្រុមនាវាឥតលេខ ដែលបានបំពេញភារកិច្ចសម្ងាត់ ដឹកជញ្ជូនសព្វាវុធជួយគាំទ្រសមរភូមិភាគខាងត្បូងនាគ្រាប្រឆាំងនឹងពួកចក្រពត្តិអាមេរិក ដោយបានបង្កើតផ្លូវជារឿងព្រេងនិទាន ដែលមានឈ្មោះថា  “ផ្លូវហូជីមិញនៅលើសមុទ្រ”។
កំពង់ផែ K15 – ទីកន្លែងចេញដំណើររបស់ “ក្រុមនាវាឥតលេខ“ - ảnh 1កំពង់ផែ K15 (រូបថត៖ bienphong.vn)

ក្នុងអំឡុងពេលតស៊ូប្រឆាំងពួកចក្រពត្តិអាមេរិក ជួយសង្គ្រោះប្រទេសជាតិដ៏អង់អាចក្លាហានរបស់ប្រជាជនវៀតណាម រួមជាមួយនឹងផ្លូវ Truong Son នៅលើដីគោកនោះ កងកម្លាំងទ័ពជើងទឹកប្រជាជនវៀតណាមបានបំពេញភារកិច្ចដឹកជញ្ជូនយុទ្ធសាស្ត្រតាមផ្លូវសមុទ្រអស់រយៈពេលជាង ១៤ ឆ្នាំ ដោយមាន កិត្តិយសត្រូវបានដាក់ឈ្មោះថា “ផ្លូវហូជីមិញលើសមុទ្រ”។ កំពង់ផែឥតលេខ ឬមានឈ្មោះហៅថា កំពង់ផែ K15។ ក្នុងនោះ អក្សរ"K" គឺជា សញ្ញាសម្គាល់យោធាសម្រាប់កំពង់ផែ ហើយលេខ "15" គឺជាលេខសម្គាល់នៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីគោលមាគ៌ា និងវិធីសាស្រ្តបដិវត្តភាគខាងត្បូងនៅក្នុងសន្និបាតមជ្ឈឹមបក្សលើកទី ១៥។ដើម្បីដឹកជញ្ជូនទំនិញជូនភាគខាងត្បូង ក្នុងនោះភាគច្រើនជាអាវុធយុទ្ធភ័ណ្ឌ សំដៅអនុវត្តភាវូបនីយកម្មវិធីសាស្រ្តតស៊ូយោធា និងការតស៊ូប្រដាប់អាវុធ តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ 15 របស់បក្សកុម្មុយនិស្តវៀតណាមនោះ ការដាក់ឈ្មោះហៅថាកំពង់ផែ K15 គឺសំដៅទៅលើកំពង់ផែរបស់ "ក្រុមនាវាឥតលេខ" នៅជើងភ្នំ Nghinh Phong សង្កាត់ Van Huong ស្រុក Do Son ទីក្រុង Hai Phong ។

នៅកំពង់ផែ  K15 នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ១៩៦២ នាវាឈើមួយគ្រឿងបានដឹកជញ្ជូនជើងទំនិញដើមដំបូង ជាសព្វាវុធចំនួន ៣០ តោន ដែលបានធ្វើដំណើរតាមសមុទ្រទៅកាន់មូលដ្ឋាន Vam Lung (Rach Goc - Ca Mau) ប្រកបដោយសុវត្ថិភាពក្រោយរយៈពេល ៥ ថ្ងៃ។ ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សំខាន់ពិសេស ព្រោះថាវាបានគូសសញ្ញាសម្គាល់លទ្ធភាពបង្កើតផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រនៅលើសមុទ្រ ដើម្បី ភ្ជាប់ភូមិភាគខាងត្បូងជាមួយភាគខាងជើង។ ដូច្នេះ កំពង់ផែ K15 បានក្លាយទៅជាទីកន្លែងចេញដំណើរដើមដំបូង និងភាគច្រើនរបស់ "ក្រុមនាវាឥតលេខ" ។ ចាប់តាំងពីពេលនោះមក រួមជាមួយនឹងផ្លូវហូជីមិញនៅលើដីគោកនោះ  កងទ័ព និងប្រជាជនមាន “ផ្លូវលំហូជីមិញនៅលើសមុទ្រ” ដើម្បីបំពេញភារកិច្ច “អ្វីៗគ្រប់បែបយ៉ាង ដើម្បីសមរភូមិមុខ” “អ្វីៗគ្រប់បែបយ៉ាងដើម្បីភាគខាងត្បូងវាយឈ្នះលើពួកចក្រពត្តិអាមេរិកឈ្លានពាន" ។ អញ្ជើញវិលត្រឡប់មកទស្សនាកំពង់ផែ K15 ក្នុងឱកាសរំលឹកខួបលើកទី ៦០  ទិវាបើកផ្លូវហូជីមិញនៅលើសមុទ្រ (១៩៦១-២០២១) លោក Tran Van Huu ប្រធានសមាគមប្រពៃណីផ្លូវហូជីមិញលើសមុទ្រវៀតណាមបានចែករំលែកថា៖ “ក្នុងរយៈពេល ១៤ ឆ្នាំនៃការដឹកជញ្ជូនសព្វាវុធនោះ ក្រុមនាវាជាច្រើនគ្រឿងបានស្ថិតនៅក្នុងជម្រៅសមុទ្រជារៀងរហូត ខណៈដែលជួបប្រទះប្រយុទ្ធនឹងសត្រូវ ។ នៅពេលចេញដំណើរមួយជើងៗត្រូវបំពេញភារកិច្ចដឹកជញ្ជូនសព្វាវុធទៅកាន់ភាគខាងត្បូង ហើយវិលប្រឡប់មកវិញ ឬជួបសត្រូវហើយត្រូវប្រយុទ្ធ លះបង់ទាំងអាយុជីវិត នាវា ទំនិញ និងសព្វាវុធ។ ក្នុងរយៈពេល ១៤ ឆ្នាំនៃការប្រយុទ្ធ ការលះបង់អាយុជីវិត ការប្រឈម នឹងរលក និងខ្យល់បក់ខ្លាំងនោះយុទ្ធជនទាំងអស់តែងតែស៊ូទ្រាំការលំបាកផងដែរ”។

កំពង់ផែ K15 – ទីកន្លែងចេញដំណើររបស់ “ក្រុមនាវាឥតលេខ“ - ảnh 2អតីតយុទ្ធជនមកទស្សនាសមរភូមិចាស់ (ប្រភព៖ VOV)

ដើម្បីរំលឹកដល់យុទ្ធជ័យរបស់ក្រុមនាវិកនៅលើនាវាឥតលេខនោះ ទីក្រុង Hai Phong បានសាងសង់វិមានអនុស្សាវរីយ៍ផ្លូវហូជីមិញនៅលើសមុទ្រ នៅក្បែរកេរ្កិ៍ដំណែលកំពង់ផែ K15 ។ នៅឆ្នាំ ២០០៨ កំពង់ផែ K15 ដែលជាទីកន្លែង ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមរៀបចំណាត់ថ្នាក់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិ។ លោកស្រី Luu Thi Thu Huyen នាយិកាមជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ និងគ្រប់គ្រងកេរ្កិ៍ដំណែលខ័ណ្ឌ Do Son ទីក្រុង Hai Phong បានឲ្យដឹងថា៖ ជាមធ្យមរៀងរាល់ឆ្នាំ វិមានអនុស្សាវរីយ៍ផ្លូវហូជីមិញនៅលើសមុទ្រ និងមណ្ឌលកេរ្កិ៍ដំណែលកំពង់ផែ K15Do Son បានទទួលភ្ញៀវទេសចរណ៍រាប់ពាន់នាក់អញ្ជើញមកទស្សនា។ កន្លែងនេះមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញប៉ុណ្ណោះទេ ថែមទាំងជាអាស័យដ្ឋានក្រហម ដើម្បីអប់រំប្រពៃណី ប្រវត្តិសាស្រ្តបដិវត្តន៍សម្រាប់យុវជនជំនាន់វ័យក្មេងបច្ចុប្បន្ននេះ  ដើម្បីចងចាំនូវស្នាដៃដ៏ត្រចះត្រចង់របស់កងទ័ព និងប្រជាជនវៀតណាមក្នុងគ្រាតស៊ូប្រឆាំងពួកចក្រពត្តិអាមេរិកយ៉ាងអង់អាចក្លាហានទៀតផង៖ “នៅពេលសិស្សានុសិស្សបានមកដល់កំពង់ផែ K15 នោះ ប្អូនៗមិនត្រឹមតែបានទស្សនាសិក្សាអំពីប្រវិត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានចូលរួមព្រឹត្តិការណ៍ដាក់បញ្ជូលសមាជិកក្រុមកុមារ និងសម្ព័ន្ធយុវជនទៀតផង។ ប្អនសិស្សានុសិស្សមានក្ដីសប្បាយរីយរាយយ៉ាងក្រៃលែងនៅពេលមកដល់កំពង់ផែ K15”។

នាបច្ចុប្បន្ន កំពង់ផែ K15 បានក្លាយទៅជាគោលដៅដ៏សំខាន់នៃខ្សែទេសចរណ៍អេកូឡូស៊ី វប្បធម៌ និងព្រលឹងវិញ្ញាណ៖ Ben Nghieng – Hon Dau។ នៅទីនេះ ធ្វើដំណើរតាមនាវាប្រមាណ ២០ នាទី ភ្ញៀវទេសចរនឹងមកដល់កោះ Hon Dau ដែលជាមណ្ឌលទេសចរណ៍ដ៏ល្បីឈ្មោះរបស់ទីក្រុង Hai Phong ជាមួយនឹងសម្រស់រហោស្ថាន ស្ងប់ស្ងាត់ រួមទាំងពពួករុក្ខជាតិដ៏វិសេសវិសាល អាថ៌កំបាំង និងពិសិទ្ធ។ នៅពេលដើរថ្មើរជើងក្នុងបរិយាកាសធម្មជាតិស្រស់បរិសុទ្ធ ហើយក្រឡេកមើលទៅប៉ែកខាងផ្ទៃសមុទ្រ នោះមនុស្សគ្រប់រូបសុទ្ធតែមានអារម្មណ៍រំជួលចិត្តនៅពេលចងចាំអំពីក្រុមនាវាឥតលេខ ជាមួយនឹងការលះបង់អាយុជីវិត ដោយរូមចំណែកបង្កើតជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ