ដំណើរកម្សាន្តលើផ្លូវរថភ្លើងដ៏ស្រស់ស្អាតបំផុតនៅប្រទេសវៀតណាម
(VOVWORLD) - រថភ្លើងទេសចរណ៍ដែលមានឈ្មោះថា “ដំណើរតភ្ជាប់បេតិកភណ្ឌភូមិភាគកណ្ដាល” ដែលតភ្ជាប់ខេត្ត Thua Thien Hue ជាមួយទីក្រុង Da Nang បានដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ២៦ ខែមីនា។ នេះជាដំណើរកម្សាន្តដោយរថភ្លើង ដែលបានឆ្លងកាត់ខ្សែផ្លូវរថភ្លើងដ៏ស្រស់ស្អាតបំផុតនៅប្រទេសវៀតណាម។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមរថភ្លើង អាចគយគន់ទេសភាពដ៏ស្រស់បំព្រងបំផុត ជាពិសេសគឺចំណោតជម្រាលភ្នំ Hai Van និងឈូងសមុទ្រ Lang Co។
ភ្ញៀវទេសចរគយគន់ទេសភាពដែលរថភ្លើងធ្វើដំណើរឆ្លងកាត់។ (រូបថត៖ VOV) |
ជារៀងរាល់ថ្ងៃ សម្ព័ន្ធក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម តែងតែរៀបចំរថភ្លើងពីរខ្សែ ដែលមានលេខ HD១/២ និង HD៣/៤ រវាងទីក្រុង Hue និង Da Nang។ ក្នុងអំឡុងពេលដំបូងបន្ទាប់ពីដាក់ឲ្យដំណើរការ រថភ្លើងទេសចរណ៍ "តភ្ជាប់បេតិកភណ្ឌភូមិភាគកណ្តាល" រួមមានទូររថផ្លើងចំនួន ៥ ដោយត្រូវបានបំពាក់កៅអីពូកនិងម៉ាស៊ីនត្រជាក់ និងទូររថភ្លើង ១ ទៀតសម្រាប់សកម្មភាពសហគមន៍ដែលបម្រើម្ហូបអាហារនិងតន្ត្រីនៃទឹកដី Hue និង Da Nang។ វិស័យផ្លូវរថភ្លើងវៀតណាមបានតុបតែងទូររថភ្លើងទេសចរណ៍តាមរចនាបថរាជវាំងបុរាណ ដែលបង្កើតអារម្មណ៍រំភើបសម្រាប់ភ្ញៀវទេសចរ។ នៅស្ថានីយ៍ Da Nang និងស្ថានីយ៍ Hue ក៏រៀបចំបន្ទប់រង់ចាំ VIP ដើម្បីបម្រើអ្នកដំណើរផងដែរ។ ពីលើរថភ្លើង ភ្ញៀវទេសចរអាចគយគន់ទេសភាពធម្មជាតិដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត ដោយម្ខាងជាជួរភ្នំ Truong Son ដ៏ធំសម្បើម ហើយម្ខាងទៀតជាសមុទ្រដ៏ធំល្វឹងល្វើយ។ រថភ្លើងនេះបន្ទាប់ពីដាក់ឱ្យដំណើរការ បាននាំមកជូនភ្ញៀវទេសចរនូវការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន ព្រោះថាក្រៅពីការគយគន់ទេសភាពទទួលទានមុខម្ហូបដ៏ពិសេសដោយឡែកនៃទឹកដី Hue និង Da Nang នោះ ភ្ញៀវទេសចរក៏អាចជួបប្រាស្រ័យទាក់ទងជាមួយបណ្ដាសិល្បករតាមរយៈការសម្តែងវប្បធម៌ និងសិល្បៈដ៏វិសេសវិសាលផងដែរ។ អ្នកស្រី Hoang Hoa Binh អ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរដំបូងគេលើរថភ្លើងទេសចរណ៍ “តភ្ជាប់បេតិកភណ្ឌភូមិភាគកណ្ដាល” នេះបានចែករំលែកដោយក្តីរីករាយថា៖
“នៅលើរថភ្លើង ខ្ញុំអាចសម្រាកលំហែកាយ ហើយអាចជួបប្រាស្រ័យទាក់ទង និងជជែកជាមួយមនុស្សគ្រប់រូប។ យើងខ្ញុំនិយាយអំពីវប្បធម៌ និងទេសចរណ៍ ទាក់ទាញខ្លាំងណាស់។ នៅពេលមកដល់ Lang Co ខ្ញុំនិងអ្នកដំណើរទាំងអស់ នាំគ្នាទៅថតរូប និងថតវីដេអូឃ្លីបច្រើនណាស់។ ពេលឆ្លងកាត់ចំណោតជម្រាលភ្នំ Hai Van ដ៏ល្បីល្បាញ ក៏ធ្វើឱ្យមនុស្សគ្រប់គ្នានិយមចូលចិត្តយ៉ាងខ្លាំងផងដែរ”។
កម្មវិធីសម្ដែងតន្ត្រី Hue នៅលើរថភ្លើង។ (រូបថត៖ VOV) |
ដោយមានពេលវេលាធ្វើដំណើរប្រហែល ៣ ម៉ោង រថភ្លើងបានដឹកភ្ញៀវទេសចរឆ្លងកាត់ចំណោតជម្រាល Hai Van។ ភ្ញៀវទេសចរអាចទន្ទឹងរងចាំគយគន់ទេសភាពថ្ងៃរះនិងថ្ងៃអស្តង្គត់នៅលើ
ឈូងសមុទ្រ Lang Co ដែលជាឈូងសមុទ្រដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក។ អ្នកស្រី Ho Thi Cam Hien ភ្ញៀវទេសចរម្នាក់ដែលធ្វើដំណើរតាមរថភ្លើង មានអារម្មណ៍ថា៖
“ខ្ញុំមានអារម្មណ៍អន្ទះសារម៉ែនទែន។ ខ្សែផ្លូវនេះមិនចម្លែកពេកទេ ប៉ុន្តែនៅពេលអ្នកឡើងរថភ្លើង វាមានអារម្មណ៍ថ្មីថ្មោង ហើយនៅពេលអ្នកទស្សនាទេសភាពនៅឈូងសមុទ្រ Lang Co និងចំណោតជម្រាលភ្នំ Hai Van វាមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងណាស់។ បន្ទាប់ពីវិលត្រឡប់ពីដំណើរកម្សាន្តនេះ ខ្ញុំនឹងធ្វើវីដេអូឃ្លីបខ្លីមួយ ឬសរសេរអត្ថបទដើម្បីផ្សព្វផ្សាយតាមរយៈ Facebook ឬឆាណែល Tiktok របស់ខ្លួន ដើម្បីជួយមិត្តភក្តិក៏ដូចជាភ្ញៀវទេសចរនៅគ្រប់ទីកន្លែងបានស្គាល់ពីរថភ្លើងនេះ”។
បច្ចុប្បន្ននេះ សម្ព័ន្ធក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាមកំពុងសម្របសម្រួលជាមួយមូលដ្ឋាននានា ដើម្បីអភិវឌ្ឍន៍ផ្នែករថភ្លើងទេសចរណ៍ដ៏ប្រណីត ដោយតភ្ជាប់ជាមួយមូលដ្ឋាននិងតំបន់ច្រើនបន្ថែមទៀត។ ដោយការរួមបញ្ចូលគ្នារវាងអាជីវកម្មដឹកជញ្ជូនជាមួយនឹងសេវាកម្មទេសចរណ៍ វានឹងជួយឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ប្រវត្តិសាស្ត្រ និងវប្បធម៌តាមបណ្តោយខ្សែផ្លូវរថភ្លើងខាងជើង-ខាងត្បូង។ លោក Dang Si Manh ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាមបានមានប្រសាសន៍ថា៖
“យើងខ្ញុំចង់ឱ្យវាជាផ្នែកមួយដែលរួមបញ្ចូលគ្នារវាងការដឹកជញ្ជូន និងទេសចរណ៍ឆ្លងបទពិសោធន៍នៅក្នុងដំណើរកម្សាន្តមួយរបស់ភ្ញៀវទេសចរ។ ផ្លូវរថភ្លើងក៏មានសក្តានុពលទេសចរណ៍ច្រើនដែរ។ ស្ថានីយ៍រថភ្លើងគឺជាស្នាដៃស្ថាបត្យកម្ម និងបេតិកភណ្ឌ។ យើងខ្ញុំក៏ចង់ចែករំលែកតម្លៃទាំងនោះជាមួយសហគមន៍ផងដែរ។ តំបន់ស្ថានីយ៍គឺជាគោលដៅ ហើយការធ្វើដំណើរតាមរថភ្លើងក៏ជាបទពិសោធន៍ទេសចរណ៍មួយដែរ។ ជិះរថភ្លើងដើម្បីទទួលទានម្ហូបអាហារ គយគន់ទេសភាព ហើយរថភ្លើងក៏ជាឆាកសម្តែង កន្លែងរៀបចំកម្មវិធីផ្សេងៗ សូម្បីតែអាចរៀបចំពិធីមង្គលការផងដែរ”។
រថភ្លើងទេសចរណ៍ "តភ្ជាប់បេតិកភណ្ឌភូមិភាគកណ្តាល" គឺជាទម្រង់ទេសចរណ៍ថ្មីថ្មោងដែលតភ្ជាប់តំបន់នានាភូមិភាគកណ្តាល។ ដំណើរកម្សាន្តនេះក៏នាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅពេលមកដល់ Thua Thien Hue និង Da Nang ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញចំនួនពីរនៅប្រទេសវៀតណាមផងដែរ៕