“ដំបូលភូមិរួម” របស់ជនរួមជាតិតំបន់ភ្នំនៅខេត្ត Thua Thien Hue

(VOVWORLD) - ស្រុក A Luoi ខេត្ត Thua Thien Hue ស្ថិតនៅលើជួរភ្នំ Truong Son ដ៏មហិមារ ជាទីកន្លែងរស់នៅរបស់ប្រជាជនបណ្ដាជនជាតិភាគតិចដូចជា៖ Pa Co, Ta Oi, Co Tu... ទីនេះមានភូមិវប្បធម៌ប្រពៃណីដ៏វិសេសវិសាលមួយ ដែលជាកន្លែងប្រជុំជីវភាព អភិរក្ស ថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិភាគតិចនៅស្រុក A Luoi។

“ដំបូលភូមិរួម” របស់ជនរួមជាតិតំបន់ភ្នំនៅខេត្ត Thua Thien Hue - ảnh 1ភូមិវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិនៅស្រុក A Luoi មើលពីខាងលើ។ រូបថត៖ VOV

ភូមិវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិ នៅស្រុក A Luoi ត្រូវបានសាងសង់ឡើងនៅតំបន់អភិរក្ស Sim ក្នុងឃុំ Hong Thuong ដែលមានផ្ទៃដី ៥ ហិកតា។ ភូមិនេះមានប្លុកផ្ទះប្រជុំជីវភាព
សហគមន៍ និងផ្ទះប្រពៃណីរបស់ជនជាតិភាគតិចចំនួន ៣ គឺ៖ ជនជាតិ Pa Co, Ta Oi, Co Tu... ការបង្កើតភូមិវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិ បានបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនជាជនជាតិភាគតិចនៅស្រុក A Luoi ដែលជាកន្លែងអភិរក្ស ថែរក្សា បង្កើតឡើងវិញ និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិភាគតិចក្នុងស្រុក។ លោក Le Quang Vinh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hong Thuong ស្រុក A Luoi បានអះអាងថា៖

“ភូមិវប្បធម៌របស់បណ្ដាជនជាតិភាគតិចនៅស្រុក A Luoi ត្រូវបានសាងសង់នៅឃុំ Hong Thuong ដែលជាកិត្តិយសដ៏ធំធេងសម្រាប់ឃុំ។ យើងខ្ញុំរួមជាមួយនឹងស្រុក A Luoi បានរក្សានូវតម្លៃវប្បធម៌ប្រពៃណីដែលពោរពេញទៅដោយអត្តសញ្ញាណជនជាតិភាគតិច ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍មូលដ្ឋានផងដែរ”។

“ដំបូលភូមិរួម” របស់ជនរួមជាតិតំបន់ភ្នំនៅខេត្ត Thua Thien Hue - ảnh 2ភូមិវប្បធម៌ប្រពៃណី ជាកន្លែងប្រជុំជីវភាពនិងអភិរក្សវប្បធម៌របស់បណ្ដាជនជាតិនៅស្រុក A Luoi។ រូបថត៖ VOV

នៅភូមិវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិភាគតិចនៅស្រុក A Luoi ពិធីបុណ្យវប្បធម៌ប្រពៃណីជាច្រើនតែងតែត្រូវបានរៀបចំឡើង ដោយបង្កើតឡើងវិញនូវភាពស្រស់ស្អាតនិងសកម្មភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិភាគតិច ... កញ្ញា Nguyen Le Thuy Tien ជនជាតិ Pa Co ម្នាក់ នៅឃុំ Hong Thuong មានសេចក្តីសោមនស្សរីករាយដោយបានចូលរួម និងប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិជនជាតិផ្សេងៗនៅឯភូមិវប្បធម៌ប្រពៃណីបណ្ដាជនជាតិស្រុក A Luoi៖

“នាងខ្ញុំជានិច្ចកាលគោរពនិងស្លៀកពាក់សំលៀកបំពាក់ជនជាតិរបស់ខ្ញុំ។ ទោះជាទៅណាមកណា ខ្ញុំក៏និយាយអំពីជនជាតិខ្លួន ហើយមានមោទនភាពខ្លាំងណាស់។ ខ្ញុំចង់ផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នា។ ខ្ញុំបានជួបមិត្តភក្តិជាច្រើនមកពីជនជាតិផ្សេងៗដូចជា Co Tu, Ta Oi, Pa Hy...យើងខ្ញុំទាំងអស់គ្នាបានឧទ្ទេសនាមដល់មិត្តភក្តិឲ្យបានដឹងថា វប្បធម៌ជនជាតិខ្លួនមានលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតយ៉ាងណា”។

នេះក៏ជាកន្លែងតាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈ បង្ហាញមុខរបរប្រពៃណី និងសកម្មភាពវប្បធម៌ប្រជាប្រិយផងដែរ។ អាស្រ័យហេតុនេះ បង្កើតចំណុចលេចធ្លោមួយ ដើម្បីតភ្ជាប់ភ្ញៀវទេសចរឱ្យចូលរួមសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើននៅស្រុក A Luoi។ លោកស្រី Le Thi Them ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក A Luoi បានឲ្យដឹងថា សិប្បករ និងប្រជាជនគ្រប់ជនជាតិ គឺជាកម្មវត្ថុ និងជាអ្នកទទួលផលពីសកម្មភាពវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន៖

“សកម្មភាពសិល្បៈនិងវប្បធម៌ប្រជាប្រិយត្រូវបានរៀបចំឡើងតាមប្រពៃណីរបស់បណ្ដាជនជាតិ។ សិប្បករគឺជាអ្នកដែលចូលរួមសម្ដែង និងអនុវត្តន៍ដោយផ្ទាល់នូវសកម្មភាពទាក់ទងនឹងពិធីបុណ្យ និងលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន”។

ត្រូវបានសាងសង់ឡើងពីប្រភពទុននៃកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំក្នុងដំណាក់កាល ២០២១ - ២០៣០ បច្ចុប្បន្ននេះ ដំណាក់កាលទី ១ នៃគម្រោងភូមិវប្បធម៌ប្រពៃណីបណ្ដាជនជាតិ នៅស្រុក A Luoi បានសម្រេចរួចរាល់ផ្លូវចូលទៅកាន់ភូមិ ហើយមានសំណង់ជំនួយ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងទាក់ទាញភ្ញៀវទេសចរមកទស្សនាផងដែរ។ លោក Nguyen Van Hai អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក A Luoi បានឲ្យដឹងថា៖

“ស្រុកនឹងសាងសង់ផ្ទះរួម ដើម្បីតាំងបង្ហាញផលិតផលវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិភាគតិច។ ទន្ទឹមនឹងនោះ នេះក៏ជាកន្លែងអប់រំយុវជនជំនាន់ក្រោយ ហើយព្រឹត្តិការណ៍សំខាន់ៗរបស់ស្រុក និងបណ្ដាជនជាតិ ក៏នឹងប្រារព្ធឡើងនៅទីនេះផងដែរ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍នៅមូលដ្ឋាន”។

ក្នុងដំណាក់កាលបន្ទាប់ ស្រុក A Luoi នឹងកសាងផែនការមេលម្អិតសម្រាប់ភូមិវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិភាគតិចនៅស្រុក A Luoi ដែលមានផ្ទៃដី ៣០ ហិចតា ដែលរួមមាន៖ ទីលានកណ្តាល តំបន់ភូមិរបរសិប្បកម្ម ចំណតទូក សារមន្ទីរជនជាតិ តំបន់ផ្នូរ វាលស្រែ និងតំបន់បង្កើតឡើងវិញនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងអតីតកាល... តាមនោះ រួមចំណែកអភិរក្ស និងផ្សព្វផ្សាយតម្លៃនៃសកម្មភាពវប្បធម៌ ដែលត្រូវបានក្រសួងវប្បធម៌ និងកីឡា និងទេសចរណ៍ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីជាតិ ដែលត្រូវអភិរក្ស និងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ