តំបន់ទេសចរណ៍ជាតិ Moc Chau ខេត្ត Son La
(VOVWORLD) - ដោយមានផ្ទៃដីសរុបចំនួន ២០៦,១៥០ ហិកតា ហើយមានទេសភាពធម្មជាតិដ៏វិសេសវិសាលជាច្រើន រួមជាមួយសហគមន៍ជនជាតិ ដែលពោរពេញទៅដោយអត្ថសញ្ញានវប្បធម៌ដ៏សម្បូរបែបនោះ តំបន់ទេសចរណ៍ជាតិ Moc Chau (ស្ថិតនៅស្រុក Moc Chau និង Van Ho នៃខេត្ត Son La) ត្រូវបានលើកទិសដៅឲ្យក្លាយទៅជាកម្លាំងចលករមួយ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ខ្ពង់រាបព្រៃភ្នំ Bac Bo ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងធានាសន្តិសុខការពារជាតិផងដែរ។
គោលដៅទេសចរណ៍ Pha Luong នៅតំបន់ទេសចរណ៍ជាតិ Moc Chau ខេត្ត Son La (រូបថត៖ nhandan.com.vn) |
ធនធានទេសចរណ៍ដ៏ធំបំផុតមួយ ក្នុងចំណោមធនធានទេសចរណ៍របស់ Moc Chau គឺអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបដោយមានជនជាតិជាភាតរៈជាច្រើន ដូចជា Thai Muong Mong Dao Xinh Mun Kho Mu រស់នៅក្នុងតំបន់តែមួយ ។ ជនជាតិនីមួយៗមានខឿនវប្បធម៌ ដែលមានលក្ខណៈវិសេសវិសាលដាច់ដោយឡែក របស់ខ្លួនបានបង្កើតឡើងតាំងពីយូរយារណាស់មកហើយ ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណី ដោយបានបង្កើតលក្ខណៈទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ដូចជា ទំនៀមទម្លាប់ប្រពៃណី ពិធីបុណ្យប្រពៃណី ឃ្លាំងវប្បធម៌ប្រជាប្រិយ; សិល្បៈសំដែង; របរសិប្បកម្មប្រពៃណី ផលិតផល ប្រចាំតំបន់ និងវប្បធម៌ម្ហូបអាហារជាដើម។ លោក Ngo Thanh Dao ប្រធាន ការិយាល័យផែនការនិងពន្លឿនទេសចរណ៍ នៃគណៈគ្រប់គ្រងតំបន់ ទេសចរណ៍ជាតិ Moc Chau បានឲ្យដឹងថា៖ “តំបន់ទេសចរណ៍ជាតិ Moc Chau មានផលិតផលទេសចរណ៍ជាច្រើន មានទឹកជ្រោះ រូងភ្នំ អាកាសធាតុស្រស់បរិសុទ្ធ ធនធានធម្មជាតិសម្បូរបែប។ លើលពីនេះទៅទៀត តំបន់ទេសចរណ៍ជាតិ Moc Chau ក៏មានកសិផលជាច្រើនមុខ ហើយនេះគឺជាធនធានដ៏ល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរ អញ្ជើញមកធ្វើទេសចរណ៍ដើម្បីទទួលពិសោធន៍ថ្មីៗ។ នាបច្ចុប្បន្ននេះ ភ្ញៀវទេសចរមានតម្រូវការទេសចរណ៍បៃតងប្រកបដោយចីរភាព។ ដូច្នេះ និន្នាការរបស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិគឺឆ្ពោះទៅរកធម្មជាតិ”។
យោងតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ តំបន់ទេសចរណ៍ជាតិ Moc Chau ត្រូវបានរៀបចំផែនការមេក្នុងការសាងសង់ជាមណ្ឌលទេសចរណ៍ចម្រុះដូចជា៖ មណ្ឌលទេសចរណ៍ព្រៃស្រល់ Ban Ang មណ្ឌលទេសចរណ៍ Dai Yem មជ្ឈមណ្ឌលពាណិជ្ជកម្មច្រកទ្វារព្រំដែន Long Sap មណ្ឌលទេសចរណ៍ Ban On មណ្ឌលទេសចរណ៍សហគមន៍ Chieng Yen ជាដើម។ ទន្ទឹមនឹងនេះគឺប្រព័ន្ធគោលដៅទេសចរណ៍រណបដូចជា៖ ភូមិវប្បធម៌ជនជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌ខាងព្រលឹងវិញ្ញាណ រមណីដ្ឋាន និងទឹកជ្រោះជាដើម។
ដើម្បីធានាគោលដៅដល់ឆ្នាំ ២០២៥ តំបន់ទេសចរណ៍ជាតិ Moc Chau ត្រូវបានទទួលស្គាល់ជាផ្លូវការនោះ គណៈគ្រប់គ្រង តំបន់ទេសចរណ៍ជាតិ Moc Chau កំពុងបង្ហើយបទដ្ឋានដែលបានដាក់ចេញយ៉ាងប្រញាប់ប្រញាល់ ព្រមទាំងធ្វើការឃោសនា ផ្សព្វផ្សាយ និងឧទ្ទេសនាម តំបន់ទេសចរណ៍ជាតិ Moc Chau ដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ លោក Ngo Thanh Dao បានបន្តអះអាងថា ៖ “គណៈគ្រប់គ្រងកំពុងឆ្ពោះទៅរកនិន្នាការរួមគឺ ការផ្លាស់ប្តូរឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងព័ត៌មានផ្សព្វផ្សាយ។ ដូច្នេះ យើងខ្ញុំបានផ្ដោតសំខាន់លើប្រការចំនួនពីរ។ ទីមួយគឺ រៀបចំកម្មវិធីដំណើរទេសចរណ៍តាមអនឡាញ ដែលមានឈ្មោះថា “Moc Chau 360” ដើម្បីបង្ហោះនៅលើវេបសាយ និងផ្សារណាត់ សំដៅផ្សព្វផ្សាយដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ទីពីរគឺតភ្ជាប់ជាមួយ KOL (Blogger) ដ៏ល្បីឈ្មោះ ដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយ Moc Chau តាមរយៈអត្ថបទ និងវីដេអូឃ្លីបផងដែរ” ។
គួរកត់សម្គាល់ថាក្នុងអំឡុងពេលអនុវត្តគម្រោងនេះ គណៈគ្រប់គ្រងបានផ្ដោតសំខាន់លើបញ្ហាការពារបរិស្ថាន ទេសភាពធម្មជាតិ ជាពិសេសគឺការអភិរក្សអត្តសញ្ញាណវប្បធម៌នៃបណ្ដាជនជាតិ សហគមន៍ ដែលកំពុងរស់នៅក្នុងតំបន់នេះ។ លោក Ngo Thanh Dao បានឲ្យដឹងថែមទៀតថា៖“ ការអភិរក្សវប្បធម៌ត្រូវបានអនុវត្តន៍ជាជំហានចំនួនពីរ។ ទីមួយគឺបង្កើតចលនាដល់បងប្អូនប្រជាជនឲ្យចេះរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ខ្លួន ហើយស្ដារសកម្មភាពដែលរងការសាបសូន្យឲ្យងើបដំណើរការឡើងវិញ។ ទីពីរគឺ ជួយឧបត្ថម្ភដល់ប្រជាជនក្នុងការរៀបចំផែនការមេ។ ឧទាហរណ៍នៅឆ្នាំ ២០២០ យើងខ្ញុំ បានរៀបចំផែនការមេសម្រាប់មណ្ឌលទេសចរណ៍សហគមន៍ Ban Ang។ ទន្ទឹមនឹងនេះ គណៈគ្រប់គ្រងក៏បានជួយផ្ដល់ប្រឹក្សាដល់ប្រជាជនក្នុងការផ្សព្វផ្សាយ និងផ្ដល់ព័ត៌មាន និងរូបភាពទេសចរណ៍ ក៏ដូចជាជួយកំណត់ទិសដៅផលិតផលប្រកដោយប្រសិទ្ធភាពផងដែរ”។
ដោយមានការខិតខំប្រឹងប្រែងទាំងនេះ នៅឆ្នាំ ២០២០ ក្នុងបរិបទដែល ផ្នែក ទេសចរណ៍ជាតិ និងអន្តរជាតិរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយ សារជំងឺ កូវីដ ១៩ នោះ តំបន់ទេសចរណ៍ជាតិ Moc Chau នៅតែទទួលស្វាគមន៍ ភ្ញៀវ ទេសចរជាង ៨៥០ ០០០ ហើយក្លាយ ទៅជាចំណុច ភ្លឺដ៏កម្រមួយអំពីការទាក់ទាញភ្ញៀវទេសចរ។ លទ្ធផលជាជំហានដំបូង គួរឲ្យលើកទឹកចិត្តនេះគឺជាកម្លាំងចលករផងសម្រាប់គណៈគ្រប់គ្រងតំបន់ទេសចរណ៍ជាតិ Moc Chau បន្តអនុវត្តផែនការដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាព ក៏ដូចជាអនុវត្តន៍ជាក់ស្ដែងនូវគោលដៅ តំបន់ទេសចរណ៍ជាតិ Moc Chau ត្រូវបានទទួលស្គាល់ជាផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខផងដែរ៕