ទទួលយកបទពិសោធន៍នៅ "ខ្ពង់រាបពណ៌ស Bac Ha"
(VOVWORLD) - ស្រុក Bac Ha ស្ថិតនៅភាគឦសាននៃខេត្ត Lao Cai។ កន្លែងនេះមានពពកគ្របដណ្តប់លើកំពូលភ្នំពេញមួយឆ្នាំ ទេសភាពធម្មជាតិដ៏អស្ចារ្យ រួមជាមួយនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ លក្ខណៈវប្បធម៌ ពិធីបុណ្យប្រពៃណីរបស់សហគមន៍ជនជាតិភាគតិច... Bac Ha បាននិងកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឱ្យមកទស្សនា ស្វែងយល់និងទទួលយកបទពិសោធន៍។
ពណ៌សសុទ្ធនៃរដូវផ្កាព្រូននៅ Bac Ha ខេត្ត Lao Cai។ (រូបថត៖ Quoc Hong) |
សម្រាប់ប្រជាជនបណ្ដាជនជាតិនៅ Bac Ha សេះគឺជាបសុសត្វមួយប្រភេទដែលមិនអាចខ្វះបានក្នុងគ្រួសារនីមួយៗ ដើម្បីដឹកជញ្ជូនស្រូវ ពោតពីស្រែចំការមកផ្ទះ និងដឹកកសិផលទៅលក់នៅផ្សារផងដែរ។ នៅពេលទៅផ្សារម្ដងៗ បុរសជនជាតិ Mong, Tay, Nung, Dao និង Phu La តែងតែនាំសេះទៅជាមួយខ្លួន។ លុះដល់ផ្សារជិតបិតហើយ ពួកគេបបួលគ្នាជិះសេះប្រណាំងគ្នា ហើយយូរៗទៅ រៀបចំទៅជាពិធីបុណ្យប្រណាំងសេះដ៏ធំដូចសព្វថ្ងៃនេះ។ លោក Bui Van Vinh ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Bac Ha បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៧ មក ពិធីបុណ្យប្រណាំងសេះ តែងតែជាសកម្មភាពមួយដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍ប្រចាំឆ្នាំរបស់ស្រុក៖
“ត្រូវតែបញ្ជាក់ថា ការប្រណាំងសេះរបស់ Bac Ha គឺជាលក្ខណៈពិសេសបំផុតមួយ។ ប្រហែលជាគ្មាននៅកន្លែងផ្សេងណាមួយទេ នោះគឺការប្រណាំងសេះដោយគ្មានឧបករណ៍ការពារ គ្មានកែបសេះនោះទេ។ ហើយសេះមិនមែនជាសេះប្រណាំងអាជីពដែរ ប៉ុន្តែជាសេះដឹកទំនិញ។ អ្នកប្រណាំងសេះ គឺជាកសិករ ដែលធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំង”។
ពិធីបុណ្យប្រណាំងសេះ Bac Ha សម្បូរទៅដោយតម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិ។ (រូបថត៖ TTXVN) |
ក្នុងឱកាសពិធីបុណ្យប្រណាំងសេះ ភ្ញៀវទេសចរគួរតែទៅទស្សនាភូមិនានាដើម្បីស្វែងយល់បន្ថែមអំពីលក្ខណៈវប្បធម៌ពិសេសរបស់បណ្ដាជនជាតិ។ ជាពិសេស ភ្ញៀវទេសចរអាចទៅផ្សារ Bac Ha ដែលជាកន្លែងប្រាស្រ័យវប្បធម៌ និងមុខម្ហូបរបស់បណ្ដាជនជាតិនៅតំបន់ខ្ពង់រាបពណ៌សនេះ។ នៅថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍ ប្រជាជនទៅផ្សារ មិនត្រឹមតែនាំយកតៅតាមទំនិញប៉ុណ្ណោះទេ ថែមទាំងនាំភាពស្រស់ស្អាតរបស់ជនជាតិខ្លួនទៀតផង ដែលធ្វើឲ្យផ្សារកាន់តែមានភាពចម្រុះពណ៌។ លោក Bui Van Vinh ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Bac Ha បានឲ្យដឹងថា៖
“ផ្សារ Bac Ha ត្រូវបានវាយតម្លៃថា ជាផ្សារមួយក្នុងចំណោមផ្សារពិសេសបំផុតទាំង១០នៅអាស៊ីអាគ្នេយ៍ និងជាផ្សារពិសេសបំផុតនៅវៀតណាម។ នៅផ្សារ Bac Ha តម្លៃអត្តសញ្ញាណវប្បធម៌ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុត។ ដូច្នេះ ភ្ញៀវទេសចរគ្រប់គ្នាដែលមកដល់ Bac Ha តែងតែចង់ទៅផ្សារនេះដើម្បីទទួលយកបទពិសោធន៍ និងសម្របខ្លួននៅក្នុងបរិយាកាសវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិចំនួន ១៤ រស់នៅជាមួយគ្នា”។
ផ្សារ Bac Ha ជាផ្ទាំងគំនូរចម្រុះពណ៌ដែលបានបង្ហាញពីជីវភាពរស់នៅរបស់អ្នកស្រុក។ នៅផ្សារដ៏មមាញឹកនេះ កន្លែងដែលមានមនុស្សច្រើនបំផុតនៅតែជាតំបន់លក់អាហារ ជាមួយនឹងមុខម្ហូបប្រពៃណីជាច្រើនរបស់ប្រជាជនតំបន់ខ្ពង់រាបដូចជា៖ thang co សេះ ហ្វើជូរ banh duc និងអង្ករដំណើម ៥ ពណ៌... ក្នុងនោះ ម្ហូបពិសេសជាងគេគឺ thang co (ថាំង កូ)។ មុននឹងចម្អិនម្ហូប សាច់ ពោះវៀន ថ្លើម និងសួតរបស់សេះ ត្រូវប្រឡាក់គ្រឿងទេសដូចជា ក្រវាញ ស្លឹកគ្រៃ ខ្ញី និងម្ទេស។ បន្ទាប់មក កូរសាច់រហូតដល់ឆ្អិន រួចដាក់ទឹក ស្លឹកជីអង្កាម និងស្លឹកខ្ទឹមចូល។ បន្ទាប់ពីចម្អិនចន្លោះ ១ ទៅ ២ ម៉ោង នឹងមានឆ្នាំង thang co ដ៏ឈ្ងុយឆ្ងាញ់។ លោកស្រី Lu Thi Tuoi ជនជាតិ Nung នៅឃុំ Na Hoi ម្ចាស់ហាង Thang Co A Dao នៅផ្សារ Bac Ha បានចែករំលែកថា៖
“គ្រួសារខ្ញុំធ្វើម្ហូប thang co នេះ តាំងពីយូរមកហើយ។ តាំងពីកុមារភាព ខ្ញុំបានដើរតាមឪពុកទៅផ្សារ ពោលគឺឪពុកខ្ញុំ និងលោកតាខ្ញុំក៏ធ្វើម្ហូបនេះដែរ ឥឡូវនេះឪពុកខ្ញុំមានអាយុច្រើនឆ្នាំហើយ ដូច្នេះផ្ទេរឲ្យខ្ញុំ បន្តប្រកបររបរប្រពៃណីនេះ។ ខ្ញុំក៏ខិតខំជ្រើសរើសសេះដែលល្អនិងឆ្ងាញ់បំផុត ដើម្បីឲ្យភ្ញៀវទាំងជិតនិងឆ្ងាយនៅពេលមកដល់ទីនេះ អាចទទួលទានមុខម្ហូប thang co ពិតប្រាកដ តាមអត្តសញ្ញាណ ទាំងអនាម័យ និងឆ្ងាញ់”។
Bac Ha មានភាពល្បីល្បាញដោយផ្សារសេះ និងការប្រណាំងសេះបែបប្រពៃណីប្លែកៗ ដូច្នេះហើយមុខម្ហូប thang co សេះ ក៏ជាលក្ខណៈវប្បធម៌ភោជនីហាដែលទាក់ទាញអ្នកទេសចរជាច្រើនមកផ្សារដើម្បីទទួលទាន។ អត្តសញ្ញាណជនជាតិ ភាពស្រស់ស្អាតនៃពិធីបុណ្យប្រពៃណី ភាពសម្បូរបែបនៃមុខទំនិញ និងផលិតផលប្រចាំតំបន់ខ្ពង់រាប និងភាពសម្បូរបែបនៃមុខម្ហូបនៅផ្សារ Bac Ha បានបង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកកាន់ទឹកដីនេះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕