បឹង Ba Be គោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍នៅតំបន់ព្រៃភ្នំ Viet Bac

(VOVWORLD) - ជាបឹងមួយក្នុងចំណោមបឹងទឹកសាបធម្មជាតិដ៏ធំបំផុតទាំង ២០ នៅលើ ពិភពលោកនោះ តាំងពីយូរណាស់មកហើយ បឹង Ba Be គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះរបស់វៀតណាម។ អញ្ជើញមកដល់បឹង Ba Be ភ្ញៀវទេសចរនឹងមានចំណាប់អារម្មណ៍ដោយសម្រស់ដ៏វិសេសវិសាលនៃទេសភាពភូគព្ភសាស្ដ្រ និងជីវចម្រុះ ហើយសម្របខ្លួនទៅក្នុងជីវភាពរស់នៅដ៏រស់រវើករបស់បងប្អូនជនជាតិ ដែលបានរស់នៅជំរុញបឹងនេះផងដែរ។

 

បឹង Ba Be គោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍នៅតំបន់ព្រៃភ្នំ Viet Bac - ảnh 1ទេសភាបនៅបឹង Ba Be

បឹង Ba Be ស្ថិតនៅឃុំ Nam Mau ស្រុក Ba Be ខេត្ត Bac Kan ហើយមានចំងាយ ២៥០ គីឡូម៉ែត្រតាមទិសខាងជើងពីរដ្ឋធានីហាណូយ។ បឹងនេះគឺជាចំណុចលេចធ្លោមួយស្ថិតនៅក្នុងឧទ្យានជាតិ Ba Be ដែលជាតំបន់ព្រៃភ្នំដោយមានរចនាសម្ពន្ធ័ភូគព្ភសាស្ដ្រដ៏វិសេសវិសាល ជាមួយភ្នំខ្ពស់ ៗ ល្អាងភ្នំ ទន្លេបឹងបួរ ដោយបង្កើតឡើងទេសភាពដ៏រហោស្ថាន គួរឲ្យទាក់ទាញ ហើយត្រូវបានទទួលស្គាល់ជា តំបន់ទេសចរណ៍ជាតិ។

ប្រជាជនក្នុងតំបន់តែងតែហៅបឹង Ba Be ជាបឹង Slam Pé ជាភាសាជនជាតិ Tay  ដែលមានន័យថាបឹងចំនួនបី។ ឈ្មោះនេះបានផ្ដើមចេញពីការដែល បឹងនេះ គឺជាទីកន្លែងប្រសពនៃបឹងចំនួន ៣ គឺ Pe Leng  Pe Lu  និង Pe Lam។ បឹង Ba Be មានប្រវែងជាង ៨ គីឡូម៉ែត្រ  ផ្ទៃទឹកមានទំហំ ៥០០ ហិកតា ស្ថិតនៅកម្ពស់ ១៥០ ម៉េត្រ បើប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ ។ កោះ Ba Goa ប្រៀបប្រដូចជាចំណុចដ៏គួរឱ្យទាក់ទាញ និងលេចធ្លោនៅលើផ្ទៃបឹង ហើយមានស្នាក់ស្មាមពីបុរមបុរាណ ដែលដំណាលអំពីការបង្កើតបឹង Ba Be។ ទីសក្ការៈ An Ma គឺជាគោលដៅខាងព្រលឹងវិញ្ញាណនៅលើកោះដ៏ធំបំផុតនៅកណ្ដាលបឹង។ ទន្ទឹមនឹងនេះ មានគោលដៅចំនួន ២០ ផ្សេងទៀត ដែលត្រូវបានដាក់ឱ្យដំណើរការបម្រើដំណើរទស្សនារបស់ប្រជាជន និងភ្ញៀវទេសចរ។ លោក Dang Tuan ភ្ញៀវទេសចរម្នាក់ មកពីទីក្រុងហាណូយបានសំណេះសំណាលថា៖ “ខ្ញុំមានអារម្មណ៍ថាបឹង Ba Be ត្រូវបានរៀបចំប្រកបដោយមានរបៀបរាបរយ។ ជាក់ស្ដែង ផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ ការធ្វើអាជីវកម្មផ្ទះសំណាក់ និងភោជនីយដ្ឋានមានសណ្តាប់ធ្នាប់ ហើយប្រជាជននៅទីនេះពិតជារស់រាយរាក់ទាក់ណាស់។ ប្រការដ៏សំខាន់បំផុតគឺ នៅទីនេះនៅតែរក្សាបានទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ ដូច្នេះហើយ កាន់តែទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរផងដែរ”។

អញ្ជើញមកដល់បឹង Ba Be ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាទេសភាពប៉ុណ្ណោះទេ ថែមទាំងបានសម្របខ្លួនទៅក្នុងជីវភាពរស់នៅដ៏សាមញ្ញរបស់ប្រជាជននៅទីនេះទៀតផង។ ផលិតផលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះបានក្លាយទៅជាផលិតផលប្រចាំតំបន់ចំពោះភ្ញៀវទេសចរ។ ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរនោះ ប្រជាជនក្នុងតំបន់បានបើកសេវាកម្ម homestay ជូនភ្ញៀវទេសចរ។  លោកស្រី Nguyen Thi Hang ម្ចាស់ homestay នៅឃុំ Nam Mau  ស្រុក Ba Be បានរៀបរាបថា៖ “នេះគឺជាម្ហូបត្រីអាំង។ នាងខ្ញុំបានទៅចាប់ត្រីនៅបឹងដោយផ្ទាល់។ ហើយនេះគឺជាម្ហូបបន្លែត្រឡាច ដែលមានស្តង់ដាផលិតផល OCOP។ ហើយម្ហូបកម្ពឹសជូរនេះក៏ជាផលិតផលនៅបឹង Ba Be ផងដែរ”។

បឹង Ba Be គោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍នៅតំបន់ព្រៃភ្នំ Viet Bac - ảnh 2ទីសក្ការៈ An Ma (រូបថត៖ baophapluat.vn)

អញ្ជើញមកដល់ បឹង Ba Be ភ្ញៀវទេសចរមិនត្រឹមតែបានជិះសាឡាងទស្សនាគយគន់ទេសភាពព្រៃភ្នំដ៏ធំមហិមានៅទីនេះប៉ុណ្ណោះទេ ថែមទាំងអាចឆ្លងបទពិសោធន៍វប្បធម៌ដ៏វិសេសវិសាលនៅមូលដ្ឋានដូចជា ច្រៀង Then លេងចាប៉ី Tinh ទស្សនាលំហវប្បធម៌ ផ្សាររាយត្រី ឬទទួលទានម្ហូបអាហារប្រចាំតំបន់ទៀតផង។ លោក Hoang Ngoc Tham នាយកគណៈគ្រប់គ្រងបឹង Ba Be បានឲ្យដឹងថា៖ “យើងខ្ញុំបានបន្តស្ដារ និងបង្កើតផលិតផលទេសចរណ៍ ដែលផ្សារភ្ជាប់ជាមួយបឹង Ba Be។ ឧទាហរណ៍ថា យើងខ្ញុំបានរៀបចំក្រុមទូកចំនួន ១០ គ្រឿង ដើម្បីបម្រើភ្ញៀវទេសចរ ព្រមទាំងរៀបចំក្រុមសិល្បៈករ ចម្រៀងប្រជាប្រិយ របាំប្រជាជន និងផលិតផលម្ហូបអាហារ ដែលផ្សារភ្ជាប់ជាមួយបឹង Ba Be។ ក្រៅពីនេះយើងខ្ញុំបានសម្របសម្រួលរវាងបឹង Ba Be ជាមួយខេត្ត Tuyen Quang ខេត្ត Cao Bang ដើម្បីបង្កើតទួរទេសចរណ៍បម្រើភ្ញៀវទេសចរផងដែរ”។

ដើម្បីទាក់ទាញភ្ញៀវទេសចរ ខេត្ត Bac Kan កំពុងពន្លឿនការកសាងខ្សែផ្លូវតភ្ជាប់ទេសចរណ៍ Ba Be ចំនួន ៣ ដែលគ្រោងនឹងសម្រេចជាស្ថាពរមុនឆ្នាំ ២០២៥ ខាងមុខ។ ក្នុននោះ ចំណុចលេចធ្លោគឺបើកខ្សែផ្លូវថ្មីពីទីក្រុង Bac Kan ទៅកាន់បឹង Ba Be ដោយកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុង Bac Kan ទៅកាន់បឹង Ba Be នៅត្រឹម ១ ម៉ោង។ សហគ្រាស និងវិនិយោគិននានាបានលើកសំណើរកសាង និងដាក់ឲ្យដំណើរការ គម្រោងអេកូទេសចរណ៍ សម្រាកលំហែកាយលំដាប់ខ្ពស់ចំនួន ២០ និងគំរូទេសចរណ៍ឆ្លងបទពិសោធន៍ ដែលផ្សារភ្ជាប់ជាមួយផលិតផលកសិកម្ម រុក្ខកម្ម ល្បែងកម្សាន្តប្រថយប្រថាន ទួរទេសចរណ៍ទស្សនាឧទ្យានជាតិ និងសេវាកម្មកម្សាន្តជាច្រើនផ្សេងទៀត ដើម្បីបម្រើភ្ញៀវទេសចរណ៍អញ្ជើញមកទស្សនាបឹង Ba Be ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ