(VOVWORLD) - នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ ពិធីបង្ហូតទង់ជាតិនៅបង្គោលដងទង់ទីក្រុងហាណូយបានក្លាយទៅជាពេលវេលាដ៏ពិសិដ្ឋ ដែលបានកត់ត្រាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម៖ រដ្ឋធានីហាណូយត្រូវបានរំដោះ។ បង្គោលទង់ហាណូយ គឺជាសាក្សីសម្រាប់ពេលវេលាប្រវត្តិសាស្ត្រវីរភាពនោះរបស់រដ្ឋធានី ហើយក៏ជាសក្ខីភាពបញ្ជាក់នូវសញ្ញាសម្គាល់ដ៏រុងរឿងនៃទឹកដីថាំងឡុង-ហាណូយផងដែរ។
បង្គោលទង់ហាណូយ មានទីតាំងនៅក្នុងបរិវេណសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម លើផ្លូវ Dien Bien Phu (ខ័ណ្ឌ Ba Dinh)។ (រូបថត៖ Thanh Huyen/VOV2) |
បង្គោលទង់ហាណូយ មានទីតាំងនៅក្នុងបរិវេណសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម លើផ្លូវ Dien Bien Phu (ខ័ណ្ឌ Ba Dinh)។ នេះគឺជាកន្លែងដែលទង់ពណ៌ក្រហម ផ្កាយមាស ស្លាប ៥ បក់រវីកៗអស់រយៈពេល ៧០ ឆ្នាំកន្លងមក ហើយក្លាយជានិមិត្តរូបនៃភាពរុងរឿងនិងមោទនភាពរបស់ប្រជាជាតិវៀតណាម។ លោកស្រីអនុសេនីយ៍ឯក Nguyen Lan Huong ធ្វើការនៅការិយាល័យឃោសនានិងអប់រំ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម បានឲ្យដឹងថា៖
“បង្គោលទង់ហាណូយត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨០៥ ហើយសម្រេចរួចរាល់នៅឆ្នាំ ១៨១២ ក្នុងរជ្ជកាលស្តេច Gia Long នៃរាជវង្ស Nguyen។ នៅបង្គោលទង់ហាណូយ ការប្រយុទ្ធគ្នាចំនួនពីរលើកបានផ្ទុះឡើងរវាងទាហានរាជវង្ស Nguyen និងទាហានបារាំង។ លើកទីមួយនៅឆ្នាំ ១៨៧៣ លើកទីពីរនៅឆ្នាំ ១៨៨២ ហើយទាហានបារាំងបានទន្ទ្រានកាន់កាប់កន្លែងនេះធ្វើជាមូលដ្ឋានបោះទ័ព។ ពួកគេបានប្រើប្រាស់បង្គោលទង់ជាកន្លែងសង្កេតការណ៍ក្នុងអំឡុងការតស៊ូប្រឆាំងនឹងអាណានិគមបារាំងរបស់កងទ័ព និងប្រជាជនវៀតណាម។ រហូតដល់ឆ្នាំ ១៩៥៤ នៅពេលដែលរដ្ឋធានីហាណូយត្រូវបានរំដោះទាំងស្រុង ទើបយើងដណ្ដើមបានការគ្រប់គ្រងបង្គោលទង់ហាណូយវិញ”។
សំណង់បង្គោលដងទង់ស្ថិតនៅតំបន់ប៉ែកខាងត្បូងនៃព្រះបរមរាជវាំងថាំងឡុងបុរាណ។ បង្គោលទង់មានកម្ពស់សរុប ៣៣ ម៉ែត្រ បើរាប់បញ្ចូលដងទង់គឺ ៤៤ ម៉ែត្រ; រួមមានផែនគ្រឹះ ៣ ជាន់ និងតួបង្គោល ១។ ជាន់ទី ១ មានបណ្តោយ ៤២,៥ ម៉ែត្រ និងកំពស់ ៣,១ ម៉ែត្រ។ ជាន់ទី ២ មានបណ្ដោយ ២៧ ម៉ែត្រ កម្ពស់ ៣,៧ ម៉ែត្រ និង មានខ្លោងទ្វារចំនួន ៤។ ខ្លោងទ្វារបែរមុខទៅទិសខាងកើត ដោយមានពាក្យថា “Nghenh Huc” នៅពីលើ ដែលមានន័យថា ទទួលពន្លឺព្រះអរុណរះ។ ខ្លោងទ្វារខាងលិចដែលមានពាក្យ "Hoi Quang" មានន័យថា ពន្លឺឆ្លុះបញ្ចាំង; ខ្លោងទ្វារខាងត្បូងមានពាក្យ “Huong Minh” មានន័យថា ឆ្ពោះទៅរកពន្លឺ; ដោយឡែកខ្លោងទ្វារខាងជើង គ្មានសរសេរពាក្យទេ។ ជាន់ទី ៣ មានបណ្ដោយ ១២,៨ ម៉ែត្រ និង កម្ពស់ ៥,១ ម៉ែត្រ ហើយមានខ្លោងទ្វារចូលជណ្តើរ បែរមុខទៅទិសខាងជើង។ នៅជាន់នេះ មានតួបង្គោលទង់កម្ពស់ ១៨,២ ម៉ែត្រ រាងស៊ីឡាំង ៨ ជ្រុង ចង្អៀតឡើងលើ។ នៅខាងក្នុងតួបង្គោល មានជណ្តើរចំនួន ៥៤ កាំ ដែលសាងសង់ជារាងរង្វង់មូលឡើងទៅកំពូល ទទួលពន្លឺនិងខ្យល់ចេញចូលដោយរន្ធរាងកង្ហាចំនួន ៣៩ នៅជុំវិញតួបង្គោល។ ក្នុងរាជកាលស្ដេច Nguyen ក្នុងអំឡុងពេលបុណ្យទាននានា ទង់ពណ៌មាសរបស់រាជវង្សតែងតែត្រូវបានព្យួរនៅលើកំពូលបង្គោល។ បង្គោលទង់ ក៏ជាកន្លែងដែលស្តេចនិងមន្ត្រីអញ្ជើញទស្សនាក្បួនដង្ហែទ័ព និងការប្រកួតក្បាច់គុនផងដែរ។ សព្វថ្ងៃនេះ ឈរនៅជាន់ខ្ពស់នៃបង្គោលទង់ ភ្ញៀវទេសចរអាចគយគន់ទេសភាពទីក្រុងហាណូយ ហើយរកឃើញស្លាកស្នាមនៃអតីតរាជធានីថាំងឡុងបុរាណ។ ក្រឡេកមើលទៅខាងជើងមានកេរ្តិ៍ដំណែលបុរាណជាច្រើនដូចជា៖ ខ្លោងទ្វារ Doan Mon ខ្លោងទ្វារ Cua Bac; ខាងកើតគឺ ប្រៃសណីយ៍ហាណូយ និងបឹង Hoan Kiem; នៅភាគខាងលិចមានទីលាន Ba Dinh ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ និងសារមន្ទីរហូជីមិញ; នៅភាគខាងត្បូងគឺជាតំបន់ដែលត្រូវបានពង្រីកជាមួយនឹងស្ថាបត្យកម្មលេចធ្លោជាច្រើន។
មិនត្រឹមតែមានស្ថាបត្យកម្មដ៏វិសេសវិសាលប៉ុណ្ណោះទេ បង្គោលទង់ហាណូយដោយមានអាយុកាលជាង ២០០ ឆ្នាំ ក៏ជាសក្ខីភាពនៃព្រឹត្តិការណ៍វីរភាពនិងរុងរឿងរបស់ថាំងឡុង - ហាណូយផងដែរ។ (រូបថត៖ Thanh Huyen/VOV2) |
យោងតាមលោកវរសេនីយ៍ឯក Le Vu Huy នាយកសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមឲ្យដឹងថា បង្គោលទង់ហាណូយ ជាសំណង់មួយក្នុងចំណោមសំណង់ដ៏តិចតួចបំផុតដែលនៅមានសភាពដដែល និងមានទំហំធំជ្រងោបំផុតនៅក្នុងបរិវេណព្រះបរមរាជវាំងថាំងឡុង។ បង្គោលទង់ហាណូយត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៨៩។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត កន្លែងនេះត្រូវបានចាត់ទុកថា ជានិមិត្តរូបដ៏ពិសិដ្ឋ និងបង្កប់នូវតម្លៃប្រវត្តិសាស្ត្រនៃរដ្ឋធានីវីរភាព។ នៅឆ្នាំ ១៩៤៥ បន្ទាប់ពីជោគជ័យនៃបដិវត្តន៍ខែសីហា ទង់ក្រហម ផ្កាយមាស ត្រូវបានបង្ហូតជាលើកដំបូងនៅលើបង្គោលទង់ហាណូយ។ តាំងពីពេលនោះមក បង្គោលទង់ហាណូយនៅតែគងវង្សស្ថិតស្ថេរជាមួយពេលវេលា។
“ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ ជាពិសេសក្នុងអំឡុងពេល ៣០ ឆ្នាំនៃការតស៊ូរំដោះជាតិ បង្គោលទង់នៅតែរក្សាដដែលនូវតម្លៃ ចាប់តាំងពីពេលដែលវាត្រូវបានសាងសង់ឡើងរហូតមកដល់បច្ចុប្បន្ន។ រូបភាពទង់ជាតិបក់រវីកៗនៅលើកំពូលបង្គោលទង់ បានបង្ហាញតម្លៃវប្បធម៌ បំផុសមោទនភាពរបស់ប្រជាជាតិវៀតណាម ព្រមទាំងក៏ជាមោទនភាពសម្រាប់មិត្តភក្តិអន្តរជាតិនៅពេលមកទស្សនាវៀតណាមនិងហាណូយម្ដងៗផងដែរ”។
ទង់ជាតិដែលត្រូវបានព្យួរលើកំពូលបង្គោលទង់ហាណូយមានរយៈទទឹង ៤ ម៉ែត្រ រយៈបណ្ដោយ ៦ ម៉ែត្រ ផ្ទៃក្រឡា ២៤ ម៉ែត្រការ៉េ។ នៅពេលណាដែលទង់ជាតិប្រែពណ៌ ឬរហែក វានឹងត្រូវបានជំនួសភ្លាមៗ ដើម្បីការពារនិមិត្តរូបដ៏ពិសិដ្ឋរបស់ប្រទេសជាតិ។
មិនត្រឹមតែមានស្ថាបត្យកម្មដ៏វិសេសវិសាលប៉ុណ្ណោះទេ បង្គោលទង់ហាណូយដោយមានអាយុកាលជាង ២០០ ឆ្នាំ ក៏ជាសក្ខីភាពនៃព្រឹត្តិការណ៍វីរភាពនិងរុងរឿងរបស់ថាំងឡុង - ហាណូយផងដែរ។ ពិសេសបំផុតគឺព្រឹត្តិការណ៍ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ ប្រជាជនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាជុំវិញបង្គោលទង់ហាណូយ រង់ចាំពេលវេលាជាប្រវត្តិសាស្ត្រនោះ គឺពិធីបង្ហូតទង់ជាតិនៅលើកំពូល
បង្គោលទង់ ដែលគូសសញ្ញានូវពេលវេលាដ៏ពិសិដ្ឋក្នុងប្រវត្តិសាស្ត្រវៀតណាម ដែលជាថ្ងៃរំដោះរដ្ឋធានីហាណូយទាំងស្រុង។ ការចងចាំអនុស្សាវរីយ៍ដ៏ស្រស់ស្អាតអំពីថ្ងៃប្រវត្តិសាស្ត្រកាលពី ៧០ ឆ្នាំមុន នៅតែដក់ជាប់ក្នុងចិត្តរបស់អ្នកដែលមានវត្តមាននៅគ្រានោះ។
“ពេលកងទ័ពរំដោះទទួលគ្រប់គ្រងរដ្ឋធានី នៅតាមផ្លូវចូលនានា ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ចេញមកស្វាគមន៍។ នៅថ្ងៃនោះ ទង់ជាតិត្រូវបានបង្ហូតលើកំពូលបង្គោលទង់ បក់រវីកៗតាមខ្យល់។ នេះគឺជាមោទនភាពចំពោះឯករាជ្យរបស់យើង”។
“ពេលនោះយើងខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង ហើយឱបគ្នាយំ។ នៅតាមផ្លូវត្រឡប់មកវិញ ទង់ជាតិ និងផ្កាពាសពេញទាំងសងខាង សំឡេងហ៊ោកញ្ជ្រៀវពីមហាជនស្វាគមន៍កងទ័ពត្រឡប់មកវិញ។ អារម្មណ៍ពិតគឺមិនអាចពិពណ៌នាបានទេ”។
ឆ្លងកាត់ពេលវេលា ដោយជំនះលើភាពសាហាវនៃធម្មជាតិ ការបំផ្លិចបំផ្លាញដោយសង្គ្រាម ហើយធ្វើជាសាក្សីនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនរបស់ប្រជាជាតិ បង្គោលទង់ ហាណូយនៅតែឈរយ៉ាងធំជ្រងោ ដែលជានិមិត្តរូបនៃឆន្ទៈឯករាជ្យរបស់ប្រជាជាតិវៀតណាម។ បង្គោលទង់ហាណូយគឺជាសាក្សីប្រវត្តិសាស្ត្រ ជានិមិត្តរូបដ៏រុងរឿង និងជាមោទនភាពរបស់រដ្ឋធានីហាណូយនិយាយដោយឡែក និងប្រជាជាតិវៀតណាមនិយាយរួម៕