ផ្កាជើងគោ - ផ្កានិមិត្តរូបនៃតំបន់ព្រៃភ្នំភាគពាយព្យ
(VOVWORLD) - តាំងពីយូរណាស់មកហើយ ផ្កាជើងគោ (Hoa Ban)បានចូលទៅក្នុងជីវភាពខាងវប្បធម៌និងស្មារតីរបស់ប្រជាជន ជនជាតិភាគតិច នៅភាគ ពាយព្យ (វៀតណាម) ជាពិសេសប្រជាជនជនជាតិ Thai និងជនជាតិ Tay តែម្តង។ អ្នកភូមិនៅតំបន់ព្រៃភ្នំ គេតែងតែចាត់ទុកផ្កាជើងគោ ជា “ស្តេចផ្កា” និងជាផលិតផលប្រចាំតំបន់ភាគពាយព្យ។ ផ្កាជើងគោគឺជាប្រភេទផ្កានិមិត្តរូបនៃតំបន់ព្រៃភ្នំពាយព្យនិងជានិមិត្តរូបនៃសេចក្តីស្នេហាររបស់គូរស្រករផងដែរ។
ផ្កាជើងគោ-ប្រភេទផ្កាប្រចាំតំបន់ព្រៃភ្នំភាគពាយព្យ |
យោងទៅតាមទស្សនទាន របស់ជន ជាតិភាគតិច Thai ថា ផ្កាជើងគោ គឺមានអត្ថន័យថា ផ្កាផ្អែម។ ដើមផ្កានេះ មានកំពស់ ២ - ៦ ម៉ែត្រ មាន ពណ៌ប្រផេះ មានមែកវែងៗជាច្រើន។ ផ្កាជើងគោមានក្លិនក្រអូប ស្រស់ ស្រាយ និងរីកស្គុះស្គាយជារៀងរាល់និទាឃរដូវ។
នៅខែមីនាជារៀងរាល់ឆ្នាំ ផ្កាជើងគោបានរីកដុះដាល គ្របដណ្តប់មក លើតំបន់ព្រៃភ្នំភាគពាយព្យ បង្កើតឡើងផ្ទាំងទស្សនីយភាពដ៏មនោរម្យនិងរ៉ូមែនទិច។ អ្នកទេសចរ ពេល មកទស្សនាតំបន់ភាគពាយព្យ អាចចាប់អារម្មណ៍ជាមួយផ្ការីក នៅគ្រប់ទីកន្លែងជាពុំខាន។ កញ្ចុំនៃផ្កាពណ៌សរីកស្រស់ឬពណ៌ស្វាយ បង្ហាញឱ្យឃើញភាពស្រស់ស្អាតឆើតឆាយក្លិនក្រអូបគួរឱ្យទាក់ទាញ។ ផ្កាជើងគោមានត្របកប្រាំ រីកទៅជារូបកង្ហារដែលមានច្រើនពណ៌ ដូចជាពណ៌ស្វាយ ពណ៌សពណ៌ក្រហម ប៉ុន្តែពណ៌និយមបំផុតគឺពណ៌ស។ ផ្កាជើងគោពណ៌ស ត្រូវបានកវីពិណនាថា ជាសម្រស់សុទ្ធសាធរបស់នារី នៅតំបន់ព្រៃភ្នំ។ លោកស្រី Nguyen Thi Lan អ្នកនៅទីក្រុង Lại Chau បានចែករំលែកនូវចំណាប់អារម្មណ៍របស់ខ្លួនអំពីផ្កាជើងគោថា៖ “ខ្ញុំបានរស់នៅតំបន់ភាគពាយព្យអស់រយៈពេលជាង ៤០ ឆ្នាំ មកហើយ គឺចាប់តាំងពីខ្ញុំនៅក្មេងម្លេះ។ កាលពីមុន ផ្កាជើងគោ រីកដុះដាលត្រឹមតែនៅលើភ្នំប៉ុណ្ណោះ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្កាជើងគោត្រូវបានដាំនៅតាមដងផ្លូវដ៏ស្រស់ស្អាត។ នៅក្នុងរដូវផ្កាជើងគោរីកស្គុះស្គាយ តំបន់ជាច្រើនបានបើកពិធីបុណ្យផ្កាជើងគោយ៉ាងសប្បាយរីករាយណាស់។ មិនត្រឹមតែប៉ុណ្ណោះ មុខម្ហូបជាច្រើនក៏ត្រូវបានធ្វើពីផ្កាជើងគោផង ដែរ”។
ផ្កាជើងគោបង្អួតសម្រស់តាមដងវិថី |
នៅក្នុងសហគមន៍ ក្រុមជនជាតិភាគតិចនៅតំបន់ពាយព្យ មានរឿងព្រេងចំនួន ៣ ទាក់ទងនឹងផ្កាជើងគោ នោះគឺរឿង Pi Khum-Noong Ban; រឿង Cam Doi-Hien Hom និងរឿង Bun Trai-Bun Nhinh។ ការរៀបរាប់ក៏ដូចជាឈ្មោះរបស់តួអង្គនៃរឿងគឺខុសគ្នាមែន ប៉ុន្តែមានលក្ខណៈដូចគ្នាគឺ យកផ្កាជើងគោ ធ្វើជានិមិត្តរូបនៃភាពស្មោះត្រង់របស់គូស្នេហ៍។ ហេតុដូច្នេះផ្កាជើង គោពណ៌សសុទ្ធសាធ តំណាងឲ្យនារីបរិសុទ្ធនៃតំបន់ព្រៃភ្នំ និងពណ៌ស្វាយស្មោះត្រង់តំណាងឲ្យគូស្នេហ៍។ ផ្កាជើងគោក៏ជានិមិត្ត រូបនៃទឹកចិត្តកត្តាញូទៀតផងដែរ។ លោក Dieu Chinh Cam ប្រធានក្លឹបអភិរក្សវប្បធម៌ជនជាតិ Thai បានសំណេះសំណាលថា៖ “ផ្កាជើងគោគឺតំណាងលក្ខណៈដោយឡែកនៃតំបន់ភាគពាយព្យ។ តាំងពីបុរាណកាល មានរឿងព្រេងជាច្រើន និទានអំពីផ្កាជើងគោ ដូចជារឿងមាណព Khum - នាង Ban និងរឿងរ៉ាវជាច្រើនទៀត។ ជាទូទៅ ផ្កាជើងគោគឺជាលក្ខណៈវប្បធម៌ជានិមិត្តរូបរបស់ប្រជាជនជនជាតិ Thai នៅតំបន់ពាយព្យ”។
ម្ហូបធ្វើពីផ្កាជើងគោ |
សម្រាប់ប្រជាជនជនជាតិ Thai ដើមផ្កាជើងគោ មានអត្ថប្រយោជន៍ជាច្រើន។ សំបកដើមផ្កា បានប្រើដើម្បីជ្រលក់ក្រណាត់ ដោយរក្សាពណ៌ស្រស់ស្អាត និងប្រើប្រាស់បានយូរ។ ផ្កានិងស្លឹករបស់ផ្កាជើងគោ នៅពេលលីងស្ងួត នឹងជាឱសថដ៏មានតម្លៃសម្រាប់អ្នកក្អក ឬឈឺបំពង់ក; គ្រាប់ស្ងោក៏ឆ្ងាញ់ផងដែរ ហើយបណ្តូលរបស់ផ្កាជើងគោ ក៏ជាម្ហូបពេញនិយមរបស់អ្នកភូមិផងដែរ ។ នៅក្នុងពេលបាយប្រចាំថ្ងៃនៃគ្រួសារជនជាតិ Thai ឬពិធីជប់លៀងទទួលភ្ញៀវ មុខម្ហូបពិសេស ធ្វើពីផ្កាជើងគោបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះអ្នកដែលធ្លាប់បានទទួលទាន។ លោក Ly Hien Hoa ជាជនវៀតណាមមួយរូបដែលធ្លាប់បានរស់នៅបរទេសបញ្ចេញចំណាប់អារម្មណ៍ថា៖ “ដំបូងឡើយខ្ញុំគិតថា ផ្កាជើងគោគឺសម្រាប់គយគន់តែប៉ុណ្ណោះ។ ប៉ុន្តែមិននឹកស្មានដល់ថា ផ្កាជើងគោជាមុខម្ហូបពិសេសរបស់ប្រជាជនជនជាតិ Thai អញ្ជឹងសោះ។ ម្ហូបធ្វើពីផ្កាជើងគោគឺមានរស់ជាតិឆ្ងាញ់ណាស់”។
រដូវផ្កាជើងគោរីកស្គុះស្គាយ ក៏ជាឱកាស សម្រាប់ជនជាតិ Thai បើកពិធីបុណ្យផ្សេងៗដូចជាៈ បុណ្យភូមិ, បុណ្យធីតា Ban, Then Kin Pang ឬ ពិធីបុណ្យផ្កាជើងគោជាដើម ។ អ្នកភូមិទាំងអស់គ្នា បានប្រើប្រាស់ផ្កាជើងគោដ៏ស្រស់ស្អាតដើម្បីតុបតែងនិងកែច្នៃអាហារ បន់ស្រន់សុំពរជ័យនិងផ្ញើសេចក្តីប្រាថ្នាដ៏ធំធេងសម្រាប់ជីវិតប្រកបដោយភាពសុខសាន្តត្រាននិងសុភមង្គល។ នេះជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកទស្សនាស្វែងយល់អំពីផ្កាជើងគោ រួមជាមួយលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិភាគតិចនៅតំបន់ភាគពាយព្យនៃប្រទេសវៀតណាម៕