ផ្ទះតាំងបង្ហាញ Hoang Sa - គោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ
Vinh Thông; Lê Phương -  
(VOVWORLD) - ផ្ទះតាំងបង្ហាញ Hoang Sa ទីក្រុង Da Nang មានអត្ថន័យដ៏ពិសេសសម្រាប់ប្រជាជនទីក្រុងនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម។ កន្លែងនេះបានបង្ហាញឯកសារ វត្ថុតាង ផែនទី និងរូបភាពរស់រវើកជាង ៣០០ ដែលមានតម្លៃប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ហើយជាសក្ខីភាពអំពីដំណើរត្រួសត្រាយ កំណត់ និងការពារអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa តាំងពីសម័យដើម នៃបណ្ដាស្ដេចង្វៀនដល់បច្ចុប្បន្ន។ នេះគឺជាគោលដៅដែលត្រូវបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនអញ្ជើញទៅទស្សនាក្នុងដំណើរទេសចរណ៍ទីក្រុង Da Nang ។
ផ្ទះតាំងបង្ហាញ Hoang Sa - គោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ |
ផ្ទះតាំងបង្ហាញ Hoang Sa ស្ថិតនៅលើផ្លូវ Hoang Sa ដែលជាផ្លូវមាត់សមុទ្រដ៏ស្រស់ស្អាតបំផុតមួយនៅសង្កាត់ Tho Quang ខ័ណ្ឌ Son Tra ទីក្រុង Da Nang ។ ផ្នែកខាងមុខអគារបែរមុខទៅសមុទ្រខាងកើត ដោយមានទេសភាពរួមបញ្ចូលគ្នារវាងប្លុកការ៉េចំនួនពីរ បង្កើតជារូបរាង "ត្រាអធិបតេយ្យភាពទឹកដីវៀតណាម"។ ការរចនានេះត្រូវបានបំផុសគំនិតពីត្រាអធិបតេយ្យភាពរបស់ស្តេច Minh Mang នៅក្នុងឯកសាររាជវង្សង្វៀន។ ជាពិសេស ត្រារបស់ស្តេច Minh Mang ក្នុងឯកសារបង្កើតកងនាវាចរ Hoang Sa គឺជាសញ្ញាសម្គាល់មួយដ៏សំខាន់នៃដំណើរការកំណត់ និងអនុវត្តន៍អធិបតេយ្យភាពដែលមិនអាចប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa តាំងពីដើមរៀងមក។
អញ្ជើញមកដល់ផ្ទះតាំងបង្ហាញ Hoang Sa កញ្ញា Le Khanh Ly និស្សិតសាកលវិទ្យាល័យគរុគោសល្យ Da Nang មានអារម្មណ៍ថា៖ “នៅពេលមកទស្សនាផ្ទះតាំងបង្ហាញ Hoang Sa ជាថ្មីម្តងទៀត នាងខ្ញុំបានយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀតអំពីអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ ជាពិសេសចំពោះប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម។ យុវជនវ័យក្មេងដូចយើងខ្ញុំមានការយល់ដឹងយ៉ាងខ្ពស់ជាង ហើយផ្សព្វផ្សាយដល់អ្នកជុំវិញបន្តអះអាងពីអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។ Hoang Sa និង Truong Sa គឺជារបស់វៀតណាមផងដែរ”។
ខាងក្នុងផ្ទះតាំងបង្ហាញ ឯកសារ និងវត្ថុតាងត្រូវបានរៀបដាក់តាមប្រធានបទចំនួន ៥ រួមមាន៖ ទីតាំងភូមិសាស្ត្រ និងលក្ខខណ្ឌធម្មជាតិរបស់ប្រជុំកោះ Hoang Sa; Hoang Sa ក្នុងឯកសារបុរាណរបស់វៀតណាមមុនសម័យរាជវង្សង្វៀន; Hoang Sa ក្នុងឯកសារបុរាណសម័យរាជវង្ស ង្វៀន (១៨០២-១៩៤៥); ភស្តុតាងនៃអធិបតេយ្យភាពរបស់វៀតណាមលើ Hoang Sa ពីឆ្នាំ ១៩៤៥-១៩៧៤; ភស្តុតាងអធិបតេយ្យភាពរបស់វៀតណាមចំពោះ Hoang Sa ពីឆ្នាំ ១៩៧៤ ដល់បច្ចុប្បន្ន។ ផែនទីបុរាណ ឯកសារបុរាណ និងរូបភាពឯកសារជាច្រើន រហូតដល់គ្រាប់ខ្សាច់ សំបកខ្យង ដែលត្រូវបានតាងបង្ហាញនៅទីនេះបានរួមចំណែកអះអាងពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ក៏ដូចជាសរឲ្យឃើញពីតួនាទី ទីតាំង និងសារៈសំខាន់នៃកោះសមុទ្រក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ លោកអនុសេនីយ៍ទោ Le Xuan Thiem មកពីប៉ុស្តិ៍ការពារព្រំដែន Son Tra នៃបញ្ជាការដ្ឋាកងទ័ពការពារព្រំដែនទីក្រុង Da Nang បានឲ្យដឹងថា៖
“តាមរយៈការឃោសនានៅផ្ទះតាំងបង្ហាញ យើងខ្ញុំបានធ្វើបច្ចុប្បន្នភាពចំណេះដឹង និងខ្លឹមសារទាក់ទងនឹងស្ថានភាពកោះសមុទ្ររបស់វៀតណាម។ យើងខ្ញុំបានរៀបចំកម្មវិធីសន្តិសុខសង្គមជាប្រចាំជូនប្រជានេសាទនៅភូមិសាស្ត្រហើយរួមចំណែករួមជាមួយបងប្អូនប្រជាជនចេញទូក ច្បាមសមុទ្រ ការពារយ៉ាងរឹងមាំអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិវៀតណាមផងដែរ”។
ផ្ទះតាំងបង្ហាញ Hoang Sa - គោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ |
ផ្ទះតាំងបង្ហាញ Hoang Sa ត្រូវបានដាក់ឲ្យដំណើរការនាខែមីនា ឆ្នាំ ២០១៨ ដោយបើកទ្វារបម្រើប្រជាជន និងភ្ញៀវទេសចរដោយឥតគិតថ្លៃ។ ជារៀងរាល់ឆ្នាំ គោលដៅនេះបានទទួលស្វាគមន៍ប្រជាជន និងភ្ញៀវទេសចររាប់ម៉ឺននាក់មកទស្សនា និងស្វែងយល់ប្រវត្តិសាស្ត្រ។ លោក Vo Ngoc Dong ប្រធានមន្ទីរកិច្ចការផ្ទៃក្នុង និងជាប្រធានគណៈកម្មាធិការប្រជាជនស្រុក Hoang Sa ទីក្រុង Da Nang បានមានប្រសាសន៍ថា៖“យើងខ្ញុំបានដឹកនាំផ្ទះតាំងបង្ហាញ Hoang Sa បង្កើតកម្មវិធី និងផែនការជំរុញខ្លាំងការងារឃោសនា បង្កើតការយល់ដឹងយ៉ាងស៊ីជម្រៅ និងបង្កើនការទទួលខុសត្រូវចំពោះប្រជាជនគ្រប់ស្រទាប់វណ្ណៈអំពីអធិបតេយ្យភាពកោះសមុទ្រ និងប្រជុំកោះ Hoang Sa ។ យើងខ្ញុំក៏បានរួមបញ្ចូលការងារឃោនាជាមួយកម្មវិធីទស្សនាកម្សាន្ត និងកម្មវិធីប្រម៉ែប្រមូលឯកសារជាមួយនឹងការអប់រំប្រវត្តិសាស្រ្តក្នុងតំបន់របស់សាលារៀននៅក្នុងភូមិសាស្ត្រ។ ទន្ទឹមនឹងនោះ សហការជាមួយសម្ព័ន្ធយុវជនទីក្រុង មន្ទីរអប់រំ និងបណ្តុះបណ្តាល និងមន្ទីរទេសចរណ៍ផ្សព្វផ្សាយឯកសារ Hoang Sa ដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ជាពិសេស រៀបចំការតាំងបង្ហាញចល័តតាមសាកលវិទ្យាល័យ និងសាលាចំណេះទៅទៅក្នុងភូមិសាស្ត្រទីក្រុង សម្រាប់សិស្ស និស្សិត និងយុវជនវ័យក្មេងអាចទទួលបានឯកសារ និងភស្តុតាងអំពីការពិតប្រវត្តិសាស្ត្រ មូលដ្ឋានគតិយុត្តិ ក៏ដូចជាការពិតអំពីអធិបតេយ្យភាព Hoang Sa របស់វៀតណាមផងដែរ”។
ដើម្បីបន្តបម្រើតម្រូវការរបស់ភ្ញៀវទស្សនា និងមនុស្សដែលចាប់អារម្មណ៍ចង់ស្វែងយល់អំពីប្រជុំកោះ Hoang Sa ឱ្យកាន់តែល្អប្រសើរឡើងនោះ ផ្ទះតាំងបង្ហាញ Hoang Sa កំពុងអនុវត្តន៍គម្រោង ឌីជីថលព័ត៌មានឯកសារ និងលំហតាំងបង្ហាញ ដើម្បីបង្ហោះនៅលើគេហទំព័ររបស់ ផ្ទះតាំងបង្ហាញ ។ តាមនោះ រួមចំណែកជួយសាធារណជនទាំងក្នុង និងក្រៅប្រទេសមានប្រភពព័ត៌មាន ឯកសារត្រឹមត្រូវ និងមានផលប្រយោជន៍បន្ថែមទៀតអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa៕
Vinh Thông; Lê Phương