(VOVWORLD) - ពិធីបុណ្យប្រណាំងគោនៅវត្ត រោទ៍ ក្នុងខេត្ត An Giang គឺជាពិធីបុណ្យប្រពៃណីមួយរបស់បងប្អូនជនជាតិខ្មែរណាមបូ។ នេះជាព្រឹត្តិការណ៍កីឡាប្រពៃណីដែលតភ្ជាប់សហគមន៍ ហើយបង្ហាញពីលក្ខណៈស្រស់ស្អាតក្នុងជីវភាពខាងស្មារតីរបស់បងប្អូនជនជាតិខ្មែរនៅតាមភូមិស្រុក។
សត្វក្របីត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃប្រកួត។ (រូបថត៖ VOV) |
ពិធីបុណ្យប្រណាំងគោវត្ត រោទ៍ នៅភូមិ Vinh Thuong ឃុំ An Cu ទីរួមខេត្ត Tinh Bien ខេត្ត An Giang មានប្រភព ពីតម្រូវការរបស់ជនរួមជាតិខ្មែរក្នុងការធ្វើស្រែវស្សា។ ព្រះតេជគុណ ចូវ សុខខុន នៅវត្តរោទ៍ មានពុទ្ធដីកាថា៖
“ទំនៀមទម្លាប់របស់ជនជាតិខ្មែរគឺនៅមុនបុណ្យសែនដូនតា ក្រោយពីសាបព្រួស ដំណាំស្រូវរួចរាល់ ប្រជាកសិករតែងតែជួបជុំគ្នាលេងប្រណាំងគោ។ ឈ្នះឬចាញ់មិនសំខាន់ទេ ការប្រណាំងគោនេះគឺដើម្បីឲ្យបងប្អូនសប្បាយរីករាយ”។
ពិធីបុណ្យនេះក៏ជាឱកាសមួយសម្រាប់បងប្អូនជនជាតិខ្មែររំលឹកគុណូបការៈដល់បុព្វការីជនផងដែរ។ លោកបណ្ឌិត Duong Duc Minh នាយករងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“ពិធីបុណ្យប្រណាំងគោមានជុំប្រកួតជាច្រើន។ ហើយគោលការណ៍រៀបចំការប្រកួតគឺតឹងរឹងនិងមានរបៀបរៀបរយណាស់។ ការប្រកួតប្រជែងបែបនេះដូចជាវីរកថាមួយអញ្ចឹង។ នេះគឺជាវីរកថាដែលលើកសរសើរទេសភាពធម្មជាតិដ៏សុខសាន្ត ហើយនៅពេលរស់នៅក្នុងធម្មជាតិបែបនេះ យើងតែងតែមានអារម្មណ៍ដឹងគុណចំពោះម៉ែធម្មជាតិ។ គេជ្រើសរើសវត្ថុដូចជាសត្វគោ ដើម្បីតំណាងឱ្យកម្លាំងនៃកសិកម្ម និងភាពស្ថិតស្ថេរគង់វង្ស និងការអភិវឌ្ឍនៃវិស័យកសិកម្ម”។
ឆ្នាំនេះ ពិធីបុណ្យប្រណាំងគោនៅវត្ត រោទ៍ បានទាក់ទាញគោចំនួន ២៤ គូមកពីទីរួមខេត្ត Tinh Bien និងស្រុក Tri Ton ក្នុងខេត្ត An Giang។ ក្នុងនាមជាសមាជិកនៃគណៈកម្មការរៀបចំពិធីបុណ្យប្រណាំងគោនៅវត្ត រោទ៍ សិល្បៈករថតរូប Huynh Phuc Hau បាននិយាយថា៖
“វត្តរោទ៍ មានទីលានប្រណាំងគោនៅក្នុងវត្តជាយូរមកហើយ។ តាមរយៈការរៀបចំការប្រណាំងគោជាច្រើនដង ទស្សនិកជនមកគាំទ្រយ៉ាងច្រើនកុះករ និងសប្បាយរីករាយណាស់ ហើយទស្សនិកជនក៏កើនឡើងជារៀងរាល់ឆ្នាំផងដែរ។ ឆ្នាំនេះជាឆ្នាំទី១០ហើយ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលមានទស្សនិកជនទូទាំងប្រទេសមកទស្សនាការប្រណាំងគោ”។
ទម្រង់នៃការប្រណាំងគោគឺត្រូវចាប់ឆ្នោតដើម្បីជ្រើសរើសគូប្រកួតនីមួយៗ។ (រូបថត៖ VOV) |
ទម្រង់នៃការប្រណាំងគោគឺត្រូវចាប់ឆ្នោតដើម្បីជ្រើសរើសគូប្រកួតនីមួយៗ។ គូគោ ដែលឈ្នះជើងឯកត្រូវចូលរួមគ្រប់ជុំប្រកួតទាំងអស់ ហើយជម្រុះ "គូប្រជែង" នីមួយៗ ។ កំហុសបច្ចេកទេស ដូចជាការបាក់រនាស់ រំលោភលើផ្លូវប្រណាំង ឬអ្នកជិះគោធ្លាក់ចេញពីរនាស់ សុទ្ធតែត្រូវបានវិនិច្ឆ័យថា ជាអ្នកចាញ់។ លោក Ho Y អ្នកថតរូបនៅទីក្រុងហូជីមិញដែលចូលរួមក្នុងពិធីបុណ្យប្រណាំងគោនៅវត្តរោទ៍ បានចែករំលែកថា៖
“ខ្ញុំចូលរួមពិធីបុណ្យប្រណាំងគោវត្តរោទ៍បាន ៥ ឬ ៦ លើកហើយ ឆ្នាំណាក៏មកទស្សនាដែរ។ ខ្ញុំពិតជាចូលចិត្តថតរូបការប្រណាំងគោ។ ឆ្នាំនេះខ្ញុំឃើញថាវាមានភាពទាក់ទាញបំផុតបើធៀបនឹងលើកមុនៗ ដោយសារទស្សនិកជនច្រើន អ្នកថតរូបនិងអ្នកឧបត្ថម្ភក៏មានច្រើនជាងរាល់ឆ្នាំមុនផងដែរ”។
សត្វគោ បន្ទាប់ពីការថែទាំអស់រយៈពេលច្រើនខែ នឹងត្រូវបានតុបតែងយ៉ាងស្រស់ស្អាតទាក់ភ្នែក ជាមួយនឹងកណ្តឹងពណ៌លឿងភ្លឺ ស្នែងតូចៗរបស់ពួកវា ត្រូវបានរុំក្នុងថង់ក្រណាត់ចម្រុះពណ៌ ហើយចូលទៅក្នុងទីលានប្រណាំងដោយមោទនភាព។ ដើម្បីឱ្យគោមានសុខភាពល្អចូលរួមក្នុងការប្រកួតនេះ ម្ចាស់គោត្រូវថែទាំគោយ៉ាងយកចិត្តទុកដាក់ ហើយឲ្យគោហាត់រត់ប្រណាំងលើវាលស្រែជាប្រចាំ។ ម្ចាស់គោម្នាក់បានចែករំលែកថា៖
“ក្នុងថ្ងៃធម្មតា គោអាចស៊ីអ្វីក៏បានដែរ ប៉ុន្តែនៅពេលទៅប្រកួតយើងផ្ដល់ចំណីឲ្យវាស៊ីតាមពេលវេលាត្រឹមត្រូវ ក្នុងបរិមាណត្រឹមត្រូវដែរ គ្រាន់តែស៊ីល្មម មិនឆ្អែតពេកទេ។ ឲ្យវាស៊ី ចំណីដ៏សម្បូរអាហារូបត្ថម្ភ និងជីវជាតិ ដូចជា ស៊ុតមាន់ ដូងស្រស់ បបរ... ការហ្វឹកហាត់ក៏ទៀងទាត់ដែរ អ្នកខ្លះហ្វឹកហាត់ម្តងក្នុងមួយសប្តាហ៍ ចំណែកខ្ញុំឱ្យគោហាត់រត់ ៣ ដងក្នុងមួយសប្តាហ៍”។
សម្រាប់ជនរួមជាតិខ្មែរ ពិធីបុណ្យប្រណាំងគោ គឺជាពិធីបុណ្យប្រពៃណី និងវិសេសវិសាល។ ក្រៅពីអត្ថន័យខាងវប្បធម៌ និងស្មារតី ពិធីបុណ្យនេះក៏ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ បានជួយរួមចំណែកអភិវឌ្ឍន៍ ទេសចរណ៍ក្នុងស្រុកផងដែរ៕